Sunday, 29 October 2017
១៣ឆ្នាំនៃការគ្រងរាជ្យ៖ ហ្លួងសីហមុនី បំពេញព្រះរាជកិច្ចរស់រវើកក្នុងវិស័យសង្គមកិច្ច វប្បធម៌ និងសិល្បៈ
ដោយ អ៊ឹម រចនា 29/10/2017 29/10/2017
rfi
ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
រូបភាពឯកសារ
២៩តុលា២០០៤ - ២៩តុលា២០១៧។ ថ្ងៃទី២៩តុលានេះ គឺជាខួបគម្រប់១៣ឆ្នាំនៃការយាងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណាព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី។ ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ ហ្លួង សីហមុនី ត្រូវបានសាធារណៈមតិទូទៅទទួលស្គាល់ថា បានបំពេញព្រះរាជកិច្ចជាច្រើនសម្រាប់ជាតិនិងប្រជារាស្ត្រ ជាពិសេសក្នុងវិស័យសង្គមកិច្ច វប្បធម៌ និងសិល្បៈ។
អស់រយៈពេល១៣ឆ្នាំនៃការគ្រងរាជ្យបល្ល័ង្គ ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានប្រជារាស្ត្រកោតសរសើរថា ជាព្រះមហាក្សត្រដែលបានបំពេញព្រះរាជកិច្ចសម្រាប់ប្រជាជាតិ ប្រកបដោយភាពវិជ្ជមាន។ ព្រះរាជកិច្ចសំខាន់ៗរបស់ទ្រង់ ផ្ដោតលើវិស័យពិធីការ ការទូត សង្គមកិច្ច វប្បធម៌ និងសិល្បៈ ដែលព្រះរាជសកម្មភាពទាំងនេះ ដូចគ្នាទៅនឹងអ្វីដែលព្រះបិតារបស់ទ្រង់ គឺព្រះបរមរតនកោដ្ឋ ធ្លាប់បានបំពេញផងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ បណ្ឌិតបញ្ញវ័ន្ត អ្នកប្រវត្តិសាស្ត្រ និងក្រុមមន្ដ្រីមួយចំនួន កត់សម្គាល់ឃើញថា ព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្របច្ចុប្បន្ន នៅមិនទាន់អាចប្រៀបធៀបទៅនឹងព្រះរាជសកម្មភាពរបស់ព្រះបិតាទ្រង់បាននៅឡើយ ដោយចំពោះព្រះរាជសកម្មភាពទាក់ទងទៅនឹងការសម្របសម្រួលនយោបាយ។ ចំពោះពួកគេ ព្រះរាជសកម្មភាពព្រះមហាក្សត្រក្នុងការសម្របសម្រួលនយោបាយ មានសារៈសំខាន់ណាស់ ដើម្បីធានាឯកភាពនិងនិរន្ដរភាពជាតិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ប្រសូត្រ នៅថ្ងៃទី១៥ខែឧសភាឆ្នាំ១៩៥៣ ហ្លួងសីហមុនី បានសិក្សានៅសាលាព្រះនរោត្តម និងវិទ្យាល័យដេកាតក្រុងភ្នំពេញ មុនយាងទៅសិក្សានៅប្រទេសឆេកូស្លូវ៉ាគី។ នៅទីនោះ ព្រះអង្គ សិក្សាពីសិល្បៈរបាំ តន្ត្រី និងល្ខោន នៅបណ្ឌិតសភាមួយនាទីក្រុងប្រាគ ដោយទទួលបាននិទ្ទេសល្អគ្រប់មុខវិជ្ជា។
ជាបន្តបន្ទាប់ ព្រះមហាក្សត្រសីហមុនី បានបំពេញរាជកិច្ចសំខាន់ៗដូចជា ធ្វើជាព្រះលេខាផ្ទាល់ព្រះវររាជបិតាសម្តេចឪ, សាស្ត្រចារ្យផ្នែករបាំបុរាណនៅវិទ្យាស្ថានធំៗប្រទេសបារាំង, ប្រធានសមាគមរបាំខ្មែរ នៅប្រទេសបារាំង, ជាអគ្គនាយកនិងជានាយកសិល្បៈនៃក្រុមរបាំបាលេ «DEVA»។ លើសពីនេះ ព្រះករុណាព្រះបរមនាថសីហមុនី ត្រូវបានតែងតាំងជាតំណាងជាន់ខ្ពស់កម្ពុជានៅអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩២។
ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៣ ព្រះអង្គ ត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំអង្គការUNESCO នៅទីក្រុងប៉ារីស។ នៅឆ្នាំ២០០៤ ទ្រង់សីហមុនី បានក្លាយជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្ដាប្រទេសនិយាយភាសាបារាំង។ ហើយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវ បានក្រុមប្រឹក្សារាជបល្ល័ង្ក ជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា ជំនួសបិតា របស់ព្រះអង្គ ដែលបានដាក់រាជ្យនៅឆ្នាំ២០០៤។
នៅឆ្នាំ២០១៦ អង្គការពុទ្ធសាសនិកកំពូលបានផ្ដល់ព្រះគោរមងារ «ព្រះស្រីលោកធម្មិករាជ» ដល់ព្រះករុណាព្រះមហាក្សត្រ។ ជាគោរមងារថ្នាក់ខ្ពស់បំផុតក្នុងវិស័យព្រះពុទ្ធសាសនា។ ក្រៅពីព្រះកិត្តិយសនេះ ហ្លួងសីហមុនី ធ្លាប់បានទទួលគ្រឿងឥស្សរិយយសសំខាន់ៗមួយចំនួនទៀតដូចជា គ្រឿងឥស្សរិយយសមន្ដ្រីធំនៃកងពលកិត្តិយស ពីប្រទេសបារាំង និងមេដាយប្រាក់នៃក្រុងបារីស ពីប្រទេសបារាំង ព្រមទាំងគ្រឿងឥស្សរិយយសថ្នាក់ជាតិជាច្រើនទៀត៕
Subscribe to:
Post Comments (Atom)
1 comment:
Sihamoni's Kbal Leu and Kbal Krom are both dead !!
Post a Comment