Tuesday, 3 October 2017
លោក កឹម សុខា អំពាវនាវឱ្យសហគមន៍អន្តរជាតិជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
02 តុលា 2017
កាន់ វិច្ឆិកា
voa
អ្នកគាំទ្រលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានឈរកាន់បដារូបលោក កឹម សុខា នៅខាងក្រៅតុលាការឧទ្ធរណ៍ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
លោក កឹម សុខា បានសរសេរលិខិតពីក្នុងពន្ធនាគារ ដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងស្នើឲ្យពលរដ្ឋខ្មែរចូលរួមក្នុងឆាកនយោបាយដោយមិនត្រូវតក់ស្លុត។
ភ្នំពេញ —
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតមួយច្បាប់ចេញពីក្នុងពន្ធនាគារ ដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងស្នើឲ្យពលរដ្ឋខ្មែរចូលរួមក្នុងឆាកនយោបាយដោយមិនត្រូវតក់ស្លុត។
លិខិតនោះ ដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់របស់លោក កឹម សុខា ផ្ទាល់ និងលើបណ្តាញសង្គមរបស់មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រឆាំងមួយចំនួនទៀត នាល្ងាចថ្ងៃចន្ទនេះ បានផ្ញើជូនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស ហើយនឹងសហគមន៍អន្តរជាតិ សមត្ថកិច្ច និងស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា។
លោក កឹម សុខា សរសេរបន្ថែមក្នុងលិខិតនោះតាមន័យដើមថា៖
«ខ្ញុំ កឹម សុខា ពុំដែលបាន និងក៏មិនមានផែនការណាមួយធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ ឬធ្វើឲ្យបាត់បង់អធិបតេយ្យ បូរណភាពទឹកដី និងធនធានធម្មជាតិខ្មែរឡើយ។ ផ្ទុយទៅវិញ ខ្ញុំតែងតែទាមទារឲ្យមានការដោះស្រាយដោយអហិង្សា តាមរយៈការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។
លោក កឹម សុខា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងឆាកនយោបាយ ហើយមិនត្រូវមានភាពភ័យខ្លាច ដើម្បីធ្វើការផ្លាស់ប្តូរមួយដែលខ្មែរចង់បាន។ លោកក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិចាត់វិធានការ សកម្មភាពជាក់ស្តែងដើម្បីជួយសង្គ្រោះកម្ពុជាឲ្យទាន់ពេល ដោយលោកលើកឡើងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានធ្លាក់នៅដង្ហើមចុងក្រោយ។
ក្នុងលិខិតដដែលនោះ លោក កឹម សុខា ក៏បានអំពាវនាវឲ្យសមត្ថកិច្ច រាជរដ្ឋាភិបាល និងតុលាការ ពិចារណាឡើងវិញនូវការចោទប្រកាន់លើរូបលោក ដោយថា នេះមិនមែនជាយុទ្ធសាស្រ្តដែលធ្វើឲ្យខ្មែរណាម្នាក់បានទទួលប្រយោជន៍យូរអង្វែងឡើយ។
លោកបន្ថែមក្នុងន័យដើមថា៖
«សូមកុំសម្លាប់សេដ្ឋកិច្ចខ្មែរ ដោយការសម្លាប់លទ្ធិប្រជាធិបតេយ្យ។ បើជាតិយើងរស់ កូនចៅយើងមិនថា គណបក្សណា នឹងរស់ទាំងអស់គ្នា។ បើជាតិយើងស្លាប់ មិនថា អ្នកមានលុយ ឬអំណាចយ៉ាងណាឡើយ គឺនឹងអស់អ្វីៗគ្រប់បែបយ៉ាងទាំងអស់គ្នា»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរសម្រុកចូលចាប់ខ្លួនចេញពីក្នុងផ្ទះរបស់លោកនៅរាជធានីភ្នំពេញទាំងកណ្ដាលយប់រំលងអធ្រាត្រ ចូលថ្ងៃទី៣ ខែកញ្ញា ដោយចោទថា លោកបានរៀបចំផែនការសម្ងាត់ ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការចោទប្រកាន់ និងការចាប់ខ្លួនតំណាងរាស្ត្រមានអភ័យឯកសិទ្ធិដូច្នោះ បានរងការរិះគន់យ៉ាងខ្លាំងពីអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងសហគមន៍អន្តរជាតិ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment