Sunday, 8 October 2017

"ការ​ដំឡើង​តួនាទី​មន្ត្រី​ធំៗ​ច្រើន​នឹង​ធ្វើ​ឲ្យ​សង្គម​វ៉ល់​មិន​ដឹង​អ្នក​ណា​ធំ​ជាង​អ្នក​ណា"


ដោយ អាស៊ីសេរី
2017-10-08

អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ម៉ក់ ជីតូ (កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​បង្ហាញ​គ្រឿងញៀន នា​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ នៅ​ក​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Yang Chandara
អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ម៉ក់ ជីតូ (កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​បង្ហាញ​គ្រឿងញៀន នា​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ នៅ​ក​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Yang Chandara
 RFA/Yang Chandara



ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​អង្គ​ត្រាស់​បង្គាប់​តែងតាំង​មន្ត្រី​ក្នុង​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ចំនួន ១៥នាក់ នៅ​ថ្ងៃ​ទី៦ ខែតុលា ចាប់​ពី​ថ្នាក់​វរសេនីយ៍ រហូត​ដល់​នាយឧត្ដមសេនីយ៍។ អ្នក​វិភាគ​បញ្ហា​សង្គម យល់​ឃើញ​ថា ការ​ដំឡើង​តួនាទី​ច្រើន​បែប​នេះ នឹង​ធ្វើ​ឲ្យ​សង្គម​វ៉ល់​ទៅ​វិញ មិន​ដឹង​អ្នក​ណា​ធំ​ជាង​អ្នក​ណា។



ការ​ដំឡើង​តួនាទី​បន្ថែម​ទៀត​ក្នុង​ជួរ​នគរបាល​នេះ ស្រប​ពេល​កម្ពុជា​​​មាន​វិបត្តិ​នយោបាយ ដែល​សហគមន៍​អន្តរជាតិ កំពុង​ព្រួយបារម្ភ​ពី​ជោគវាសនា​ប្រទេស​កម្ពុជា និង​អំពាវនាវ ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​វិល​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​ឡើង​វិញ។

ព្រះរាជក្រឹត្យ​ដែល​ចេញ​ក្នុង​ថ្ងៃ​តែ​មួយ កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា គឺ​បាន​ដំឡើង​ឋានន្តរសក្ដិ"នាយ​ឧត្ដមសេនីយ៍" ផ្កាយ​បួន​ចំនួន ៤នាក់ ក្នុង​នោះ​មាន​លោក ទូច ណារ៉ុថ លោក ម៉ក់ ជីតូ លោក ហ៊ឹម យ៉ាន និង​លោក ឃុន សំបូរ ដែល​មុខ​ងារ​បច្ចុប្បន្ន​របស់​មន្ត្រី​នគរបាល​ទាំង​បួន​រូប​នេះ​ជា ឧត្ដមសេនីយ៍​ឯក​ផ្កាយ​បី។

ក្រៅ​ពី​នេះ នៅ​មាន​ព្រះរាជក្រឹត្យ​របស់​ព្រះ​មហាក្សត្រ ដាច់​ឡែក​មួយ​ផ្សេង​ទៀត ដែល​ចេញ​ក្នុង​ថ្ងៃ​តែ​មួយ ព្រះ​អង្គ​ក៏​សព្វព្រះរាជហឫទ័យ ត្រាស់​បង្គាប់​តែងតាំង​មន្ត្រី​នគរបាល​ចំនួន ១១រូប​ផ្សេង​ទៀត ចាប់​ពី​វរសេនីយ៍ រហូត​ដល់​ថ្នាក់ ឧត្ដមសេនីយ៍​ដែរ។

អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា ការ​ព្យាយាម​ដំឡើង​មុខងារ ឬ តួនាទី​ដ៏​ច្រើន​បែប​នេះ មិន​មែន​ជា​សញ្ញា​ល្អ​ប៉ុន្មាន​នោះ​ឡើយ។ លោក​បណ្ឌិត មាស នី ចាត់​ទុក​ថា ការ​បន្ត​ឡើង​ឋានៈ​ដល់​មន្ត្រី​គ្រាក់​ៗ​ទាំង​នេះ ពុំ​មាន​អ្វី​ក្រៅ​ពី​ដើម្បី​ព្យាយាម​ការពារ និង​រក្សា​អំណាច​របស់​រដ្ឋាភិបាល​ទេ។ លោក​បន្ត​ថា ក្នុង​ស្ថានភាព​នយោបាយ កាន់​តែ​អាប់អួ​បែប​នេះ ការ​ព្យាយាម​ដំឡើង​តួនាទី​ដល់​កងកម្លាំង​ប្រដាប់​អាវុធ គឺ​ជា​ជម្រើស​តែ​មួយ​គត់ របស់​រដ្ឋាភិបាល ធ្វើ​បែប​ណា​អាច​រក្សា​អំណាច ឲ្យ​កាន់​តែ​រឹងមាំ។

ការ​ព្យាយាម​ដំឡើង​តួនាទី​គ្រាក់​ៗ ដល់​មន្ត្រី​នគរបាល​នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ព្រះរាជក្រឹត្យ​ដូច​គ្នា​នេះ​ដែរ ដែល​​ចុះ​ហត្ថលេខា​ដោយ​លោក សាយ ឈុំ ប្រមុខ​រដ្ឋ​ស្ដីពី កាល​ពី​ចុង​ខែ​កញ្ញា និង ដើម​ខែ​តុលា បាន​តែងតាំង​ក្រុម​សមាជិក​លេខា​របស់​លោក ហ៊ុន សែន ចំនួន ៥០នាក់ និង មនុស្ស​ចំនួន ៩នាក់​ផ្សេង​ទៀត ត្រូវ​ដំឡើង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។ ការ​តែងតាំង​ដ៏​ច្រើន​រាប់​ភ្លេច​នេះ គឺ​នៅ​មិន​ទាន់​គិត​ដល់​ទីប្រឹក្សា ដែល​មាន​ស្រាប់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឡើយ​ទេ​។ ការ​ដំឡើង​តួនាទី ដល់​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​ដទៃ​ទៀត ជា​បន្តបន្ទាប់​នេះ ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ជួប​វិបត្តិ​នយោបាយ គឺ​ស្រប​ពេល​បក្ស​ប្រឆាំង កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ព្យាយាម​កម្ចាត់​ចេញ​ពី​ឆាក​នយោបាយ សំឡេង​សង្គម​ស៊ីវិល​ត្រូវ​បាន​បង្ក្រាប និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រិះគន់​រដ្ឋាភិបាល ត្រូវ​បិទទ្វារ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​រង​ការ​រិះគន់​ថា កំពុង​ធ្វើ​យុទ្ធនាការ​កម្ចាត់​សំឡេង​ប្រឆាំង​នៅ​មុន​កា​រ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ២០១៨។

ទាក់ទិន​រឿង​នេះ លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ការ​ព្យាយាម​ដំឡើង​ឋានៈ យ៉ាង​ច្រើន​ស្អេកស្កះ​នេះ នឹង​នាំ​ឲ្យ​ខាត​ថវិកា​រដ្ឋ មាន​វិបត្តិ​ការងារ​និង​តួនាទី​របស់​មន្ត្រី​ទាំង​នោះ​ទៅ​វិញ​ទេ។ ម្យ៉ាង​ទៀត ការ​ដំឡើង​មុខងារ​នេះ អាច​នឹង​កើត​ការ​ច្រណែន រវាង​មន្ត្រី​ដែល​បំពេញ​កិច្ចការ​ច្រើន​ឆ្នាំ តែ​ពុំ​មាន​បក្សពួក ឬ​សែស្រឡាយ ជំរុញ​ឲ្យ​កើត​ការ​គុំកួន និង​ចង់​កំហឹង។

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ប្រទេស​មួយ​ដែល​អាច​កំណត់​​បាន​ថា ដឹកនាំ​ប្រទេស​​ទៅ​រក​របប​ផ្ដាច់ការ ឬ​តាម​បែប​យោធា​​និយម​នោះ គឺ​​មេដឹកនាំ​ប្រទេស​ព្យាយាម​ប្រមូល​កងកម្លាំង​ដាក់​ក្បែរ​ខ្លួន ដើម្បី​ការពារ​អំណាច ហើយ​ព្យាយាម​ដំឡើង​តួនាទី​ដល់​មន្ត្រី​ទាំង​នោះ​ដើម្បី​លួងលោម​យកចិត្ត​ពួកគេ។

នៅ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ២០១៣ មន្ត្រី​យោធា​​ចាប់​ពី​ថ្នាក់​នាយ​ឧត្ដមសេនីយ៍​ជាដើម បាន​ប្រកាស​ការពារ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ហើយ​ព្រមាន​ចាត់វិធានការ ប្រឆាំង​ក្រុម​ណា​ដែល​ចង់​បំផ្លាញ​រដ្ឋាភិបាល និង​លោក ហ៊ុន សែន៕

1 comment:

Anonymous said...

Lmorm Ngorp Heuy Ah Chor Prey Hun Sen Euy !!