ដោយ ទីន ហ្សាការីយ៉ា
2017-10-27
rfa
ពលរដ្ឋនាំគ្នាទៅចុះឈ្មោះបោះឆ្នោតនៅសង្កាត់មួយ នារាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
អ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា វិបត្តិនយោបាយនិងការចាប់ចងមេបក្សប្រឆាំង ធ្វើឲ្យប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទោះបីជាគ.ជ.ប ខិតខំជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះឲ្យបានច្រើន មុនការបិទបញ្ចប់ នៅដើមខែវិច្ឆិកានេះក្ដី ក៏ចំនួនពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតបានចំនួនតិចនៅឡើយ។
អ្នកឃ្លាំមើលការបោះឆ្នោត និងមន្ត្រីបក្សប្រឆាំងថ្លែងឲ្យដឹងនៅថ្ងៃទី២៦ តុលា ថា ពលរដ្ឋជាច្រើនលាននាក់នឹងបាត់បង់សិទ្ធិបោះឆ្នោតសម្រាប់អាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខ ដោយសារតែមិនបានចុះឈ្មោះបោះឆ្នោត។
ការសម្ដែងក្ដីបារម្ភបែបនេះ ដោយសារតែ របាយការណ៍គ.ជ.ប បង្ហាញថា លទ្ធផលចុះឈ្មោះបោះឆ្នោត គិតចាប់ពីការចុះឈ្មោះដំបូងគឺថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី ២៥ តុលានេះ មានពលរដ្ឋចុះឈ្មោះបោះឆ្នោតជិត ៤៥ម៉ឺននាក់ ក្នុងចំណោមគ.ជ.ប ធ្វើការប៉ាន់ប្រមាណថា ពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតមានចំនួនជាង ១លាន ៦សែននាក់។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស លើកហេតុផល ពីការចុះឈ្មោះបោះឆ្នោតនៅមានចំនួនតិចនៅឡើយនេះ ដោយមានហេតុផលមួយចំនួន រួមមាន ទី១ ស្ថានភាពនយោបាយច្របូកច្របល់ដូចជាការធ្វើច្បាប់រំលាយបក្សប្រឆាំង ការចាប់ចង លោក កឹម សុខា ដែលធ្វើឲ្យពលរដ្ឋនឿយណាយ អ្នកខ្លះក៏អស់ជំនឿលើការបោះឆ្នោត ទី២ ពលរដ្ឋចំណាកស្រុកធ្វើការនៅក្រៅប្រទេស មិនបានវិលត្រលប់មកចុះឈ្មោះ គួបផ្សំនិងនីតិវិធីបំពេញឯកសារចុះឈ្មោះរបស់ក្រសួងមហាផ្ទៃបង្កការលំបាក ទី៣ ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងស្ថានីយផ្សាយបន្តជាង៣០ ដែលស្ថានីយវិទ្យុទាំងនោះ កាលពីឆ្នាំ២០១៦ បានជួយផ្សព្វផ្សាយជាច្រើនដល់ពលរដ្ឋ និងទី៤ ការបិទអង្គការអន្តរជាតិ NDI ដែលជាប្រភពជំនួយដ៏សំខាន់សម្រាប់អង្គការសង្គមស៊ីវិលក្នុងស្រុកទាក់ទងនិងការកិច្ចការបោះឆ្នោតជាដើម។
នៅក្នុងរបាយការណ៍របស់ គ.ជ.ប ចេញផ្សាយនៅថ្ងៃទី២៦ តុលា នេះ ក៏បង្ហាញថា គ.ជ.ប បានលុបឈ្មោះពលរដ្ឋចេញពីបញ្ជីឈ្មោះបោះឆ្នោត មាន ៩.៦៤១នាក់ និងកែតម្រូវឈ្មោះខុសក្នុងបញ្ជីជាង ៤.៦៧៧នាក់។
អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា ដើម្បីសួរអំពីបញ្ហានេះ បន្ថែមបាននៅឡើយទេ នៅថ្ងៃទី២៦ តុលា។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន រីដា មានប្រសាសន៍ថា រដ្ឋាភិបាលធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំងឥតឈប់ឈរនេះ ក៏ជាកត្តាទប់ស្កាត់ពលរដ្ឋមិនបានទៅចុះឈ្មោះឲ្យបានច្រើនដែរ គួបផ្សំនិងមន្ត្រីគណបក្សសង្គ្រោះជាតិ ពីថ្នាក់មូលដ្ឋានដល់ថ្នាក់លើ ពុំមានឱកាសចុះផ្សព្វផ្សាយ និងជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានទូលំទូលាយដូចមុន។ លោកបញ្ជាក់ថា ករណីទាំងអស់នេះ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋ ដែលត្រូវបានធានានៅក្នុងរដ្ឋធម្មនុញ្ញ។
ជាថ្មីម្ដងទៀត លោក សួន រីដា អំពាវនាវឲ្យពលរដ្ឋទាំងអស់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ទោះបីជាគណបក្សសង្គ្រោះជាតិ កំពុងជាប់បណ្ដឹងនៅតុលាការ ដើម្បីរំលាយក្ដី។
មាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត។
មាត្រា៥១ថ្មីវិញ ចែងថា ព្រះរាជាណាចក្រកម្ពុជា អនុវត្តគោលនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់ជារបស់ពលរដ្ឋ។
ទោះបីជារដ្ឋធម្មនុញ្ញ ចែងអំពីសិទ្ធិរបស់ពលរដ្ឋយ៉ាងនេះក្ដី ប៉ុន្តែអ្នកច្បាប់ពន្យល់ថា សកម្មភាពរបស់រដ្ឋាភិបាលបច្ចុប្បន្ន គឺជាការបំភ័យឲ្យពលរដ្ឋភ័យខ្លាច ដូចជាលោក ហ៊ុន សែន ប្រកាសថា បើបក្សកាន់អំណាចរបស់លោកចាញ់ឆ្នោត នឹងមានសង្គ្រាម ការប៉ុនប៉ងរំលាយគណបក្សប្រឆាំងជាដើម ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ។
គ.ជ.បបានបើកយុទ្ធនាការចុះឈ្មោះបោះឆ្នោត កាលពីថ្ងៃទី១ កញ្ញា និងបិទបញ្ចប់នៅថ្ងៃទី ៩ វិច្ឆិកាឆ្នាំ២០១៧ខាងមុខ៕
No comments:
Post a Comment