Tuesday, 10 October 2017
មន្ត្រីបក្សប្រឆាំងខែត្រស្វាយរៀងរងការគំរាមពីអាជ្ញាធរក្រោយលាតត្រដាងរឿងព្រំដែន
ដោយ អាស៊ីសេរី
2017-10-09
រូបភាពបង្គោលព្រំដែនលេខ១៩៨ នៅស្រុកចន្ទ្រា ខែត្រស្វាយរៀង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។
Photo Provided
មន្ត្រីបក្សសង្គ្រោះជាតិ ខែត្រស្វាយរៀង បារម្ភពីសុវត្ថិភាពក្រោយពី អាជ្ញាធរបក្សកាន់អំណាចគំរាមកំហែងជំទប់ទី ២ ឃុំចន្ទ្រា កូតាមកពីគណបក្សសង្គ្រោះជាតិ។ ការគំរាមកំហែងនេះ ក្រោយពីជំទប់ទី២ មកពីបក្សសង្គ្រោះជាតិ លោក ឃុត ថៃហេង បានលាតត្រដាងទៅប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ រឿងអាជ្ញាធរខ្មែរ និងវៀតណាម បានបោះតម្រុយព្រំដែនចូលដីស្រែពលរដ្ឋច្រើនហិកតារកាលពីពេលថ្មីៗនេះ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ លោក ម៉ៅ វិបុល ឲ្យដឹងនៅថ្ងៃទី៨ តុលា ថា ក្រោយពីពលរដ្ឋ និងជំទប់ទី២ ឃុំចន្ទ្រាមកពីគណបក្សសង្គ្រោះជាតិ កើតទុកមិនសុខចិត្តពីភាពមិនប្រក្រតីនៃការបោះតម្រុយព្រំដែនលេខ ១៩៨ និង១៩៩ កាលពីចុងខែកញ្ញាកន្លងទៅ អភិបាលរងស្រុកចន្ទ្រា លោក រាជ្យ សាបុណ្យ បានកោះហៅ លោក ឃិត ថៃហេង មកសួរនាំ និងគំរាមកំហែងផ្នែកនយោបាយ បណ្ដាលឲ្យមន្ត្រីរបស់លោកបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ។ លោកចាត់ទុកការគំរាមកំហែងនេះ ជាការបំបិទសិទ្ធិសេរីភាពផ្ទុយពីក្របខ័ណ្ឌច្បាប់៖ «បើយើងនៅតែខ្លាច យើងនៅតែមិនហ៊ានផ្ដល់ព័ត៌មានពិតជូនខ្មែរក្នុង និងក្រៅស្រុក មានការលំបាកហើយ។ ខ្មែរនៅពេលនេះមានការលំបាកហើយ ទោះបីយ៉ាងណាក៏ដោយ ឲ្យស្រឡាញ់ជាតិដូចគ្នាទៅ មិនថាបក្សណានោះទេ ប៉ុន្តែសុំឲ្យយុត្តិធម៌ទាំងអស់គ្នាទៅ។ ព្រោះការបោះបង្គោលព្រំដែនវាបាត់បង់ដីខ្មែរហើយ ប៉ុន្តែខ្មែរមិនដឹងប្រាប់ព័ត៌មានទៅពីណា បើប្រាប់ទៅរដ្ឋាភិបាល គឺរដ្ឋាភិបាលធ្វើមិនដឹងមិនឮ»។
កាលពីថ្ងៃទី២៧ កញ្ញា ជំទប់ទី២ មកពីបក្សសង្គ្រោះជាតិ លោក ឃុត ថៃហេង បានចោទអាជ្ញាធរ ថា រារាំងលោក និងពលរដ្ឋមួយចំនួនមិនឲ្យពិនិត្យការបោះតម្រុយព្រំដែនលេខ ១៩៨ និង១៩៩ បន្ទាប់ពីពលរដ្ឋមួយចំនួនអះអាងថា អ្នកភូមិបាត់បង់ដីស្រែច្រើនហិកតារដោយសារអាជ្ញាធរវៀតណាម និងខ្មែរបោះតម្រុយព្រំដែនចូលដោយមិនមានការចូលរួមពីពលរដ្ឋនៅមូលដ្ឋាន៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment