Tuesday, 10 October 2017
សហគមន៍អឺរ៉ុបសុំកុំឱ្យរដ្ឋាភិបាលរំលាយបក្សសង្គ្រោះជាតិ
09 តុលា 2017
ម៉ែន គឹមសេង
voa
រូបឯកសារ៖ រូបសញ្ញានៃគណបក្សសង្គ្រោះជាតិ នៅក្នុងក្បួនដើរហែរបក្សក្នុងអំឡុងពេលឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។
វ៉ាស៊ីនតោន —
សហគមន៍អឺរ៉ុបបានស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាឡើងវិញនូវចំណាត់ការរបស់ខ្លួនក្នុងការព្យាយាមរំលាយគណបក្សសង្គ្រោះជាតិ ដោយចាត់ទុកថាការណ៍នេះនឹងអាចប៉ះពាល់ដល់ការបោះឆ្នោតជាតិខាងមុខ។
នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃច័ន្ទនេះ សហគមន៍អឺរ៉ុបចាត់ទុកថាការវិវត្តន៍ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ គឺជា«ការព្រួយបារម្ភយ៉ាងខ្លាំង»។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា៖
«ការបំបាត់ដោយបង្ខំនូវគណបក្សនយោបាយមួយ ដែលទទួលបានសំឡេងគាំទ្ររបស់ពលរដ្ឋជាង៤០ភាគរយ ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលថ្មីៗនេះគឺជាការវាយប្រហារដ៏ខ្លាំងមួយដល់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា និងធ្វើឱ្យខូចដល់ការជឿទុកចិត្តបាននៃដំណើរការបោះឆ្នោតនាពេលបច្ចុប្បន្ននេះ។ យើងទទូចឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាបញ្ហានេះឡើងវិញ»។
ក្រសួងមហាផ្ទៃកម្ពុជាបានដាក់ពាក្យបណ្តឹងកាលពីសប្តាហ៍មុនទៅតុលាការកំពូលទាមទារឱ្យរំលាយគណបក្សសង្គ្រោះជាតិ តាមបណ្តឹងរបស់គណបក្សហ៊្វុនស៊ីនប៉ិចនិងគណបក្សយុវជនកម្ពុជា។
ពាក្យបណ្តឹងទាំងនេះកើតមានឡើង បន្ទាប់ពីរដ្ឋាភិបាលបានចាប់ខ្លួនលោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិកាលពីដើមខែកញ្ញា ដោយចោទប្រកាន់ពីបទក្បត់ជាតិដោយសារបានឃុបឃិតជាមួយនឹងបរទេស។
សេចក្តីថ្លែងការណ៍របស់សហគមន៍អឺរ៉ុប កាលពីថ្ងៃចន្ទ ទី៩ ខែតុលានេះ បានចាត់ទុកថាការវិវត្តន៍នៃស្ថានភាពនយោបាយនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ គឺជា«ការព្រួយបារម្ភយ៉ាងខ្លាំង»។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិចាត់ទុកថាការប៉ុនប៉ងរំលាយគណបក្សប្រឆាំង គឺជាសកម្មភាពចុងក្រោយដែលធ្វើឡើងដោយក្រុមអ្នកដឹកនាំពុករលួយមួយក្ដាប់តូច ដើម្បីក្រាញអំណាច និងទ្រព្យសម្បត្តិ ដោយធ្វើឲ្យប្រយោជន៍ជាតិទាំងមូលត្រូវខាតបង់។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិទេ ជាដៃគូប្រកួតដ៏ខ្លាំងក្លា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment