Tuesday, 24 October 2017

អង្គការ​អន្តរជាតិ​នានា​ស្នើ​ឲ្យ​មាន​ការ​ពិភាក្សា​កិច្ច​ព្រមព្រៀង​សន្តិភាព​កម្ពុជា​ឡើង​វិញ

23 តុលា 2017
ភី សុភាដា
voa

រូប​ឯកសារ៖ ព្រះ​អម្ចាស់​ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ជាមួយ​ភាគី​ជម្លោះ​នៅ​កម្ពុជា នៅ​ក្នុង​​សន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

លិខិត​ដែល​សរសេរ​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ចុះ​ថ្ងៃ​ទី ២៣ ខែ​តុលា​នេះ បាន​ស្នើ​ឲ្យ​មាន​ការ​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ធានា​ថា «ទស្សនវិស័យ​នៃ​ប្រទេស​កម្ពុជា​បែប​ប្រជាធិបតេយ្យ​មួយ​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង [សន្តិភាព] ទីក្រុង​ប៉ារីស​មិន​ត្រូវ​បាន​គេ​បំភ្លេច​ចោល​នោះ​ទេ‍»។

វ៉ាស៊ីនតោន —

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch និង​អង្គការ​អន្តរជាតិ​ចំនួន ៥៤ ផ្សេង​ទៀត រួម​គ្នា​អំពាវនាវ​ឲ្យ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ឥណ្ឌូនេស៊ី​និង​បារាំង​ដែល​ជា​សហ​ប្រធាន​នៃ​សន្និសីទ​ទីក្រុង​ប៉ារីស​ស្ដី​ពី​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ ១៩៩១ ឲ្យ​ជួប​ប្រជុំ​គ្នា​ឡើង​វិញ​ដើម្បី​ពិភាក្សា​អំពី​កិច្ច​ព្រមព្រៀង​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា​នេះ។ នេះ​បើ​យោង​តាម​លិខិត​រួម​គ្នា​មួយ​របស់​អង្គការ​ទាំង ៥៥ ដែល VOA ទទួល​បាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លិខិត​រួម​គ្នា​នេះ​បាន​ធ្វើ​ឡើង​ចំ​ខួប​លើក​ទី ២៦ នៃ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ចំ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឈម​នឹង​ការ​ត្រូវ​រំលាយ​ចោល​ក្រោយ​ពី​លោក កឹម សុខា ដែល​ជា​មេដឹកនាំ​គណបក្ស​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ។

លិខិត​ដែល​សរសេរ​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ចុះ​ថ្ងៃ​ទី ២៣ ខែ​តុលា​នេះ បាន​ស្នើ​ឲ្យ​មាន​ការ​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ធានា​ថា «ទស្សនវិស័យ​នៃ​ប្រទេស​កម្ពុជា​បែប​ប្រជាធិបតេយ្យ​មួយ​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង [សន្តិភាព] ទីក្រុង​ប៉ារីស​មិន​ត្រូវ​បាន​គេ​បំភ្លេច​ចោល​នោះ​ទេ‍»។

លោក Phil Robertson នាយក​រង​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​នៃ​អង្គការ Human Rights Watch បាន​ថ្លែង​ថា៖ «លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បំផ្លាញ​កាតព្វកិច្ច​ផ្នែក​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ពហុ​បក្ស​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដោយ​ការ​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បំផ្លាញ​សារព័ត៌មាន​ឯករាជ្យ និង​គំរាមកំហែង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ដែល​ហ៊ាន​តវ៉ា​ដើម្បី​សិទ្ធិ​មនុស្ស»។

លិខិត​ដដែល​នោះ​បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​កក្កដា ឆ្នាំ ២០១៨ ខាង​មុខ​នេះ នឹង​មិន​ស្រប​ច្បាប់​នោះ​ទេ ប្រសិនបើ​ស្ថានការណ៍​បច្ចុប្បន្ន​នៅតែ​បន្ត ហើយ​ជំហាន​ដោះស្រាយ​ដ៏​សំខាន់​គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​នេះ​មាន​លក្ខណៈ​ត្រឹមត្រូវ និង​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់‍»៕

No comments: