Thursday, 5 October 2017
អ្នករស់នៅខ្សែទឹកខាងក្រោមនៃទំនប់សេសានក្រោម២បារម្ភបាត់បង់របរនេសាទ
ដោយ អាស៊ីសេរី
2017-10-04
ទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។ រូបថតថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៧។ RFA/Rann Samnang
RFA/Rann Samnang
ពលរដ្ឋរស់នៅខ្សែទឹកខាងក្រោមនៃទន្លេស្រែពក នៃស្រុកសេសាន ខែត្រស្ទឹងត្រែង បារម្ភពីការធ្លាក់ចុះទិន្នផលត្រី និងការបាត់បង់តំបន់ទេសចរសំខាន់ៗ នៅតាមដងទន្លេសេសាន ក្រោយពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ប្រកាសបិទទ្វារទឹកជាស្ថាពរកាលពីចុងខែកញ្ញា ឆ្នាំ ២០១៧ ។ ការធ្លាក់ចុះទិន្នផលត្រី និងការបាត់បង់តំបន់ទេសចរសំខាន់ៗនេះ នាំឲ្យប៉ះពាល់របរចិញ្ចឹមជីវិតរបស់អ្នកភូមិ។
ពលរដ្ឋរស់នៅខ្សែទឹកខាងក្រោមនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៃឃុំភ្លុក ស្រុកសេសាន អង្កេតឃើញថា ក្រោយពីក្រុមហ៊ុនប្រកាសបិទទ្វារទឹកជាស្ថាពររយៈពេលប្រហែល ២សប្ដាហ៍កន្លងទៅនេះ ស្ថានភាពទឹកផ្ដើមប្រែប្រួលខុសប្រក្រតី ហើយរបរនេសាទលក្ខណៈគ្រួសាររបស់អ្នកភូមិកាន់តែធ្លាក់ចុះបណ្ដើរៗ។ រីឯតំបន់ទេសចរធម្មជាតិជិត ១០កន្លែងនៅតាមដងទន្លេ ដែលសហគមន៍ទាញប្រយោជន៍ទេសភាពមកបម្រើវិស័យទេសចរក្នុងតំបន់ ក៏កំពុងប្រឈមហានិភ័យដែរ និងអាចបាត់បង់ទាំងស្រុងនៅពេលឆាប់ៗនេះ ព្រោះទឹកទន្លេតំបន់នោះអាចនឹងរីងនៅរដូវប្រាំង។
ពលរដ្ឋរស់នៅខ្សែទឹកខាងក្រោមនៃឃុំភ្លុកស្រុកសេសាន លោក ម៉ៃ វាសនា ឲ្យដឹងនៅថ្ងៃទី៤ តុលាថា ក្រោយពីក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរបិទទ្វារទឹក ស្ថានភាពទឹកប្រែប្រួលខុសប្រក្រតី ដែលជាមូលហេតុនាំឲ្យអ្នកនេសាទមិនអាចចាប់ត្រីបរិភោគបាន ហើយពលរដ្ឋមានទម្លាប់នេសាទលក្ខណៈគ្រួសារផ្គត់ផ្គង់ការហូបចុងប្រចាំថ្ងៃ ក៏កំពុងប្រឈមដែរ ព្រោះពួកគាត់ពុំសូវចាប់ត្រីបានសោះ ហើយបើចាប់ត្រីបានគឺបានតែត្រីល្អិតតួចៗ។
លោកចំណាំថា មុនពេលក្រុមហ៊ុនមិនទាន់បិទទ្វារទឹក ស្ថានភាពទឹកឡើងចុះលក្ខណៈធម្មជាតិប្រែប្រួលតាមចំនួនទឹកភ្លៀង ក៏ប៉ុន្តែបច្ចុប្បន្នស្ថានភាពទឹកឡើងចុះគឺអាស្រ័យលើក្រុមហ៊ុនបិទនិងបើកទ្វារទឹកទៅវិញ។ បញ្ហានេះគឺជាមូលហេតុនាំឲ្យបាត់បង់ជម្រកត្រីពងកូន បង្កប៉ះពាល់ធ្ងន់ធ្ងរដល់លក្ខខណ្ឌជីវសាស្ត្ររបស់ត្រីកម្រក្នុងតំបន់៖ «ទឹកវាឡើងកាលណាអត់ភ្លៀងទឹកស្រកតាមធម្មជាតិវា តែឥឡូវទឹកឡើងចុះអត់ទៀត ជូនកាលយើងដាក់មងតាមអូរតាមអីចឹង ពេលមានភ្លៀងឡើងតាមធម្មតា តែពេលនេះឡើងចុះៗអ៊ីចឹងត្រីវា អ្នកនេសាទក៏ពិបាកក្នុងការរកត្រីដែរ»។
លោក ម៉ៃ វាសនា បន្ថែមថា តំបន់ទេសចរធម្មជាតិតាមដងទន្លេសេសាន ឋិតនៅខាងក្រោមទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានរមណីយដ្ឋានទេសចរធម្មជាតិជិត ១០កន្លែង ដែលទាក់ទាញភ្ញៀវទេសចរនៅរដូវប្រប្រាំងច្រើនឆ្នាំមកហើយ។ តំបន់នោះមានទេសចរភាពស្រស់ស្អាត លម្អដោយទឹកទន្លេរាក់បង្កប់ផ្ទាំងថ្ម និងកោះធម្មជាតិ មានភ្ញៀវទេសចរមកទស្សនាច្រើនទៅកម្សាន្ត។ ក៏ប៉ុន្តែនៅគ្រាដែលក្រុមហ៊ុនបិទទន្លេ ដើម្បីផលិតថាមពលអគ្គិសនី ទឹកទន្លេឋិតក្នុងតំបន់ទេសចរធម្មជាតិទាំងនោះនឹងរីង នៅរដូវប្រាំង នាំឲ្យប៉ះពាល់បាត់បង់វិស័យទេសចរ។ លើសពីនេះទំនប់វារីអគ្គិសនីនេះ បង្កឲ្យរាំងខ្ទប់ដំណើររបស់ត្រី និងប៉ះពាល់ជម្រកត្រីពងកូន ហេតុនេះពួកគេចង់ឲ្យរាជរដ្ឋាភិបាល បញ្ចុះតម្លៃអគ្គិសនីជូនអ្នកភូមិដែលរងគ្រោះ ដើម្បីបង់រំលោះផ្លូវចិត្តពលរដ្ឋ៖ «កន្លែងទេសចរក្នុងស្រុកសេសាន ដូចជាឃុំភ្លុកអីជាដើមវា ធម្មតារាល់ឆ្នាំ ទឹកវាអត់រីងស្ងួត តែឆ្នាំនេះមានការព្រួយបារម្ភពេកគេបិទវារីអគ្គិសនីទៅធ្វើឲ្យទឹកស្រកខ្លាំង ព្រោះអីរាល់ឆ្នាំនៅពេលដែលអត់មានវារីអគ្គិសនីអីទឹកស្រកខ្លាំង ទម្រាំតែមានវារីអគ្គិសនីទៀតទឹកកាន់តែស្រកខ្លាំងជាងមុន»។
កាលពីថ្ងៃទី២៥ កញ្ញា ឆ្នាំ ២០១៧ លោក ហ៊ុន សែន បានសម្ពោធចុចកុងតាក់ បិទទ្វារទឹកជាស្ថាពរនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខែត្រស្ទឹងត្រែង។ លោក ហ៊ុន សែន ចាត់ទុកវត្តមានទំនប់នេះថា បង្កើនសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជាផង។
ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២ បញ្ជាក់ថា នៅគ្រាដែលក្រុមហ៊ុនបិទទ្វារទឹកទាំងស្រុង កម្រិតទឹកនឹងឡើងដល់ ៧២ម៉ែត្រ បណ្ដាលឲ្យលិចលង់ភូមិក្បាលរមាស និងភូមិស្រែគរចាស់។ ចំណែកមន្ត្រីសង្គមស៊ីវិលវាយតម្លៃថា ស្ថានភាពទឹកទន្លេស្រែពកផ្នែកខាងក្រោមទំនប់ កន្លែងខ្លះនឹងរីងរាក់ខុសប្រក្រតី បង្កឲ្យប៉ះពាល់ជម្រកជីវចម្រុះ ហេតុនេះទាមទារឲ្យក្រុមហ៊ុនរកមធ្យោបាយស្ថាបនាប្រឡាយពង្វាងទឹក ដែលធានាថា អនុញ្ញាតឲ្យត្រីធ្វើចរាចរចុះឡើងបាន ក្នុងបំណងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
មេឃុំភ្លុក ស្រុកសេសាន លោក ទូន ថាំង ធ្លាប់បញ្ជាក់ថា ពលរដ្ឋរស់នៅឃុំភ្លុក ៧០ភាគរយ មានមុខរបរនេសាទចិញ្ចឹមជីវិត ក្នុងនោះ ១០ភាគរយ នេសាទលក្ខណៈគ្រួសារ។ លោកបារម្ភដែរថា ក្រុមហ៊ុនបិទទ្វារទឹកទាំងស្រុង បង្កឲ្យពលរដ្ឋរស់នៅខ្សែទឹកខាងក្រោមនឹងប្រឈមការខ្វះខាតត្រីចិញ្ចឹមជីវិតប្រចាំថ្ងៃ និងបាត់បង់មុខរបរ។ ហេតុនេះអាជ្ញាធរឃុំមានគម្រោង ប្រើកញ្ចប់ថវិកាមូលនិធិឃុំ ឲ្យអ្នកភូមិធ្វើកសិកម្មចិញ្ចឹមជីវិតជំនួសដោយការនេសាទ ក៏ប៉ុន្តែបញ្ហានេះលោកចង់ឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដោយសារកញ្ចប់ថវិកាមូលនិធិឃុំនៅមានកម្រិត៖ «ខ្ញុំមានគម្រោងឆ្នាំក្រោយ ខ្ញុំនឹងយកលុយអភិវឌ្ឍជីកស្រះឲ្យពលរដ្ឋ ដើម្បីប្ដូរមកជាកសិកម្មវិញ ហើយមុខរបរនេសាទគាត់ប្រហែលជាអាចបាត់បង់ខ្លះ»។
របាយការណ៍ស្រាវជ្រាវរបស់អង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល កាលពីឆ្នាំ២០១៣ បង្ហាញថា បើទំនប់វារីអគ្គិសនីសេសានក្រោម២ បើកឲ្យដំណើរការ នឹងបង្កឲ្យបរិមាណត្រីក្នុងអាងទន្លេមេគង្គ និងទន្លេសាបធ្លាក់ចុះប្រមាណ ១០% (៩,៣%) និងកាត់បន្ថយលំហូរដីល្បាប់ប្រហែល ៦% ទៅ ៨% ហើយពលរដ្ឋរាប់ម៉ឺននាក់ រស់នៅតាមដងទន្លេមេគង្គ ប្រឈមការប៉ះពាល់ជីវភាព និងសន្តិសុខស្បៀង។
អ្នកសិក្សាស្រាវជ្រាវផ្នែកបរិស្ថាន លោក ភូ ប៊ុនថាន់ រកឃើញថា តំបន់ទន្លេស្រែពក ជាជម្រកត្រីកម្រក្នុងតំបន់រស់នៅ និងពងកូន ហេតុនេះការបិទទន្លេទាំងស្រុងបង្កការរាំងខ្ទប់ដំណើរឡើងចុះរបស់ត្រីគ្រប់ប្រភេទ និងប្រព័ន្ធជីវចម្រុះក្នុងទន្លេ នឹងនាំឲ្យត្រីកម្រក្នុងតំបន់មួយចំនួនផុតពូជ ហេតុនេះលោកទាមទារឲ្យក្រុមហ៊ុនកសាងប្រឡាយពង្វាងទឹក ដែលធានាថា ត្រីអាចធ្វើដំណើរឡើងចុះបាន។ លោកពន្យល់ថា ការធ្លាក់ចុះបរិមាណត្រីដោយសារទំនប់នេះ ពុំមែនធ្លាក់ចុះតែមច្ឆជាតិនៅតាមដងទន្លេនៅខែត្រស្ទឹងត្រែងទេ គឺធ្លាក់ចុះទិន្នផលត្រីនៅដងទន្លេមេគង្គទាំងមូល និងដងទន្លេសាបជាដើម ជាហេតុផល នាំឲ្យប៉ះពាល់ជីវភាពរស់នៅរបស់ពលរដ្ឋ។ លោកអះអាងថា បើពុំមានច្រកណាមួយឲ្យត្រីធ្វើដំណើរឡើងចុះពង្វាងទំនប់នោះទេ បរិមាណត្រី និងជីវចម្រុះនឹងប្រឈមគ្រោះថ្នាក់ខ្លាំង ហើយគោលនយោបាយកាត់បន្ថយផលប៉ះពាល់របស់រដ្ឋាភិបាល និងក្រុមហ៊ុនអាចនឹងបរាជ័យ៖ «ត្រីនឹងអាចថយចុះ ពីព្រោះយើងមើលថា ទន្លេសេសាន និងស្រែពក គឺជាជម្រកត្រីពងកូនគឺទៅដល់ទន្លេសាប ហើយអំណោយផលត្រីទាំងអស់ហ្នឹងអំណោយផលត្រីទូទាំងប្រទេស។ ទាំងរដ្ឋាភិបាល និងក្រុមហ៊ុនគួរតែយកចិត្តទុកដាក់ខ្លាំងបំផុតធ្វើចរាចរត្រី ត្រូវធ្វើយ៉ាងណាមានសក្ដានុពលសម្រាប់ត្រីអាចចរាចរឡើងចុះបាន»។
លោក ភួ ប៊ុនថាន់ កត់ចំណាំថា ពលរដ្ឋរស់នៅខ្សែទឹកខាងក្រោមនៃទំនប់វារីអគ្គិសនី ប្រមាណ ៧០ភាគរយ មានមុខរបរនេសាទលក្ខណៈគ្រួសារចិញ្ចឹមជីវិត ហើយពលរដ្ឋប្រមាណ ៣០ភាគរយមានជីវភាពពឹងផ្អែកលើផលនេសាទ។ ហេតុនេះការទិន្នផលត្រីធ្លាក់ចុះ អ្នកភូមិនឹងបាត់បង់ប្រាក់ចំណូល។ លោកកត់សម្គាល់ថា រដ្ឋាភិបាលធ្លាប់សន្យានឹងអនុគ្រោះតម្លៃអគ្គិសនីជូនពលរដ្ឋដែលរងគ្រោះដោយសារទំនប់វារីអគ្គិសនីសេសានក្រោមពីរ ជាពិសេសពលរដ្ឋរស់នៅតំបន់រងផលប៉ះពាល់៖ «យើងមើលឃើញថា ប្រជាជននៅតំបន់នោះពិសេសជាងគេនៅតំបន់ភ្លុក និងផ្នែកខាងលើ គាត់ពឹងផ្អែកលើផលនេសាទ ហើយប្រសិនជាទិន្នផលត្រីថយចុះវានឹងប៉ះពាល់បន្តៗគ្នា»។
តំបន់ទន្លេបី រួមមានទន្លេសេសាន ទន្លេស្រែពក និងទន្លេសេកុង គឺជាប្រភពនៃជម្រកត្រីក្នុងតំបន់ រួមមានត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ាមុខពីរ ឬត្រីប៉ាកក និងត្រីក្អែកជាដើម ហើយត្រីទាំងនោះច្រើនរស់នៅចំណុចប្រសព្វគ្នារវាងទន្លេសេសាន និងទន្លេស្រែពក ជាតំបន់សម្បូរថ្ម និងដង្ហើមទឹកហូរធម្មជាតិ មានអុកស៊ីហ្សែនខ្ពស់ ក៏ប៉ុន្តែបើទន្លេសេសាន និងទន្លេស្រែពក ត្រូវបានបិទទាំងស្រុង នឹងប៉ះពាល់ដល់លក្ខខណ្ឌជីវសាស្ត្ររបស់ត្រី និងប្រព័ន្ធជីវចម្រុះក្នុងទន្លេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment