Sunday 29 October 2017

អ្នកច្បាប់​ថា​ការ​ឃុំ​ខ្លួន​ក្រុមប្រឹក្សា​ឃុំ​បក្ស​ប្រឆាំង​ខេត្ត​ប៉ៃលិន​​ជា​ការ​រំលោភច្បាប់​ធ្ងន់ធ្ងរ


ដោយ អាស៊ីសេរី
2017-10-28
rfa
សមាជិក​ក្រុមប្រឹក្សាឃុំ​ស្ទឹងកាច់ ខេត្ត​ប៉ៃលិន  នៃ​គណបក្ស​សង្គ្រោះជាតិ លោក ឈុន សិទ្ធី។
សមាជិក​ក្រុមប្រឹក្សាឃុំ​ស្ទឹងកាច់ ខេត្ត​ប៉ៃលិន នៃ​គណបក្ស​សង្គ្រោះជាតិ លោក ឈុន សិទ្ធី។
Photo provided



អ្នកច្បាប់​លើក​ឡើង​ថា ចំណាត់​ការ​របស់​តុលាការ​ខេត្ត​ប៉ៃលិន ចាប់​ឃុំ​ខ្លួន​ក្រុម​ប្រឹក្សាឃុំ​ស្ទឹងកាច់ មកពី​កូតា​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ ជា​ការ​រំលោភច្បាប់​យ៉ាង​ធ្ងន់ធ្ងរ និង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។



លោក​មេធាវី ហែម សុជាតិ លើក​ឡើង​ថា ការ​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​ក្រុម​ប្រឹក្សា​ឃុំ​ស្ទឹងកាច់ មកពី​កូតា​គណបក្សប្រឆាំង​លោក ឈុន សិទ្ធី ពុំ​មាន​ខុសឆ្គង​អ្វី​ឡើយ ព្រោះ​ការ​បញ្ចេញមតិ​នេះ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ។ លោក ហែម សុជាតិ បាន​ឱ្យ​អាស៊ីសេរី ដឹង​កាលពី​ថ្ងៃ​ទី​២៧ ខែ​តុលា ថា ការ​ចោទ​ប្រកាន់ ការ​ចាប់​ឃុំខ្លួន​លោក ឈុន សិទ្ធី ជា​ការ​រំលោភបំពាន​ច្បាប់។

ក្រុមប្រឹក្សា​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន លោក ឈុន សិទ្ធី ត្រូវ​បាន​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​តុលា ហើយ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​ប៉ៃលិន ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៧ ក្រោម​បទចោទប្រកាន់ ពី​បទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ប្រមាថ​អ្នក​រាជការ​សាធារណៈ។

លោក​មេធាវី ហែម សុជាតិ ថា ក្នុង​ករណី​នេះ​លោក ឈុន សិទ្ធី មិនបាន​ប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ឡើយ។ លោក ហែម សុជាតិ ថា ការ​បញ្ចេញមតិ អាច​បញ្ចេញ​តាមរយៈ​បណ្ដាញ​សង្គម ប៉ុន្តែ​មិន​ត្រូវ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​បុគ្គល​ណាមួយ​ឡើយ។ លោក​មេធាវី​បញ្ជាក់​ថា ក្នុង​ករណី​នេះ​លោក ឈុន សិទ្ធី មិនបាន​ប្រមាថ​មន្ត្រីរាជការ​សាធារណៈ​ណាមួយ​ឡើយ៖ «ពាក្យ​ប្រមាថ​បាន​សេចក្ដី​ថា គឺជា​ការ​ម៉ាក​ងាយ​មន្ត្រីរាជការ ដូចជា​សត្វ​ដូចជា​ធាតុ ថោកទាប​អ៊ីចឹង​បានជា​ការប្រមាថ​អ៊ីចឹង​ណាស់»។

មាត្រា ៤១ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ សេរីភាព​ខាង​ការប្រជុំ។

ទាក់ទង​នឹង​ការ​ចាប់​ឃុំខ្លួន​លោក ឈុន សិទ្ធី នេះ​ដែរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ប៉ៃលិន លោក ឃឹម ប៉ុន បាន​ឱ្យ​អាស៊ីសេរី​ដឹង​ដែរ​ថា ក្រុម​ប្រឹក្សា​ឃុំ​រូប​នេះ​គ្មាន​កំហុស​នោះ​ទេ៖ «អត់​មាន​កំហុស​ផង​ហើយ​មក​ចាប់​មក​អ៊ីចឹង ដូចជា​ការ​បង្ក​ធ្វើ​ឲ្យ​ការ​បំពេញ​ការងារ​រវាង​គណបក្ស​ទាំងពីរ​នៅ​ក្នុង​រដ្ឋាភិបាល នៅ​ក្នុង​ឃុំ​សង្កាត់​មួយ​គ្នា​នឹង​ធ្វើ​ឱ្យ​មាន​អរិយ​ភាព​នឹង​គ្នា ឬក៏​ស្អប់​គ្នា​ខ្ពើម​គ្នា​កាន់​តែ​ខ្លាំង ប្រសិនបើ​ណា​យើង​ធ្វើ​អញ្ចឹង អ៊ីចឹង​ទេ​បានជា​យើង​សុំ​ឱ្យ​គាត់​យោគយល់​អា​បញ្ហា​នឹង​សុំ​ឱ្យ​ធ្វើការ​ដោះលែង»។

លោក ឃឹម ប៉ុន បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​ចាប់​លោក ឈុន សិទ្ធី គ្មាន​ដីកា​ពី​តុលាការ និង​ពុំបាន​បញ្ជាក់​ពី​អំពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​នេះ​ទេ។

ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក យឿង សុធារ៉ា មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​ជន​ណា​ម្នាក់ ត្រូវ​មាន​ដីកា​ពី​តុលាការ លើកលែងតែ​បទល្មើស​ជាក់ស្ដែង ដែល​គេ​កំពុង​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង ទើប​សមត្ថកិច្ច​ចាប់​ជន​នោះ​ដោយ​ពុំ​ចាំបាច់​មាន​ដីកា៖ «ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏​ត្រូវ​តែ​មាន​កាតព្វកិច្ច និង​តួនាទី​ត្រូវ​បង្ហាញ​ពី​មូលហេតុ និង​បង្ហាញ​អំពី​ដីកា​ដែល​ត្រូវ​ចាប់ខ្លួន​នេះ ព្រោះ​មូលហេតុ​គេ​ចែង​ក្នុង​ដីកា​នោះ​ហើយ មូលហេតុ​ដែល​ចាប់ខ្លួន​បណ្ដាលមកពី​រឿង​អ្វី? ហើយ​មិនមែន​គ្រប់​បទល្មើស​ចេះតែ​ចាប់ខ្លួន​បានទេ ដូច្នេះ​បើសិនជា​ខុស​ពី​អ្វី​ដែល​មាន​ចែង​ក្នុង​ក្រម​នីតិវិធី​បែប​នឹង វា​ជា​ការ​បំពានច្បាប់ និង​ការរំលោភ​សិទ្ធជន​ជាប់ចោទ ឬ​ថា​រំលោភច្បាប់​ទាំងស្រុង បាន​ន័យ​ថា រំលោភ​សិទ្ធិ​បុគ្គល​ហើយ»។

លោក ឈុន សិទ្ធី ត្រូវ​ចាប់ខ្លួន បន្ទាប់ពី​លោក​បាន​បង្ហោះ​សារ​ជា​វីដេអូ​ថា លោក​មិន​ចង់បាន​ប្រាក់ខែ​៥៧ ម៉ឺន​រៀល (៥៧០,០០០) នោះ​ទេ ហើយ​បើទោះបីជា​ប្រាក់ខែ​រាប់​លាន​ដុល្លារ​ក៏​លោក​មិន​លក់​ឧត្ដមគតិ​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ អ្នកវិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ថ្លែងប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​សុក្រ ទី​២៧ ខែ​តុលា ឱ្យដឹង​ដែរ​ថា ចំណាក់​ការ​របស់​តុលាការ​ចោទប្រកាន់​ឃុំខ្លួន​លោក ឈុន សិទ្ធី នៅ​ពេល​នេះ គឺជា​ការអនុវត្ត​ច្បាប់​ផង នឹង​ជា​គំរាមកំហែង​ទៅ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ណា​ដែល​ហ៊ាន​បញ្ចេញមតិ​តវ៉ា​នៅ​លើ​បណ្តាញ​សង្គម​ដែល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច៖ «អានេះ​ចង់​និយាយ​ថា​អនុវត្ត​ច្បាប់​ផង រៀបចំ​ធ្វើ​ម៉េច បាន​ថា អង្រួន​ដើម​ឈឺ​ឱ្យ​អង្ក្រង​ឱ្យ​ស្វា​ផ្អើល​ផង អា​នឹង​គឺអ៊ីចឹង​ដើម្បី​ឱ្យ​ចេញ ដល់​អ៊ីចឹង​ហើយ ជា​យន្តការ​របស់​អ្នកនយោបាយ​គេ​ធ្វើ​ហើយ​អានេះ ខ្ញុំ ខ្ញុំ​គិត​ថា​ទាំង​ការ​អនុវត្ត​ច្បាប់ ទាំង​ការ​បំភ័យ​ហើយ បើ​មិន​អីចឹង​គេ​ចាប់»។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ មន្ត្រី​ជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ថ្លែង​ប្រាក់​អាស៊ីសេរី កាលពី​ថ្ងៃ​សុក្រ ទី​២៧ ខែ​តុលា ដែរ​ថា ការ​អំពាវនាវ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​អាច​ចាត់ទុកជា​ការ​គំរាមកំហែង​ទេ ពោល​ជា​ការ​អនុវត្ត​គោលនយោបាយ​ឈ្នះ​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ៕

No comments: