Saturday, 7 October 2017
អ្នកលក់វត្ថុបុរាណវៀតណាមស្ម័គ្រចិត្តផ្តល់ប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ការប្រឆាំងនឹងចិន
07 តុលា 2017
voa
រូបឯកសារ៖ គ្រឿងសង្ហារឹមបុរាណដាក់តាំងក្នុងពិពរណ៌មួយនៅក្រុង ការ៉ាជី។
«ខ្ញុំមិនចូលចិត្តជនជាតិចិនទេ។ ប៉ុន្តែនៅពេលដែលខ្ញុំដាក់របស់របរលក់ ខ្ញុំត្រូវការលុយ។ ខ្ញុំមិនខ្វល់ថា អ្នកទិញនោះជាជនជាតិចិន ជនជាតិអាមេរិកាំង ឬនរណាទេ។ ឲ្យតែមានលុយ ខ្ញុំដឹងតែលក់ឲ្យ។ ប៉ុន្តែការពិតគឺថា រវាងខ្ញុំ និងប្រទេសចិន ខ្ញុំមិនចូលចិត្តប្រជាពលរដ្ឋចិនទេ»។
ហូជីមិញ —
ស្របពេលដែលវៀតណាមព្យាយាមរក្សាសន្តិភាពជាមួយនឹងចិន ដែលជាប្រទេសជិតខាងខ្លួន ប្រជាពលរដ្ឋវៀតណាមមួយរូបជឿថា រូបលោកអាចជួយរួមចំណែកទៅដល់រដ្ឋាភិបាលក្រុងហាណូយ តាមរយៈការលក់វត្ថុបុរាណរបស់លោក។
លោក Hoang Van Cuong និយាយថា លោកអាចរៃអង្គាសប្រាក់បានរាប់លានដុល្លារតាមរយៈការលក់វត្ថុបុរាណ ដែលមានចាប់ពីគ្រែស្តេច រហូតដល់ស្គរសំរិទ្ធ ចំណាស់ ២.៥០០ឆ្នាំ។ លោកបានសន្យានឹងបរិច្ចាគប្រាក់ពីការលក់វត្ថុបុរាណទាំងនេះ ទៅឲ្យរដ្ឋ ដើម្បីផ្តល់ជំនួយដល់ក្រុមអ្នកនេសាទនៅតំបន់សមុទ្រចិនខាងត្បូង ដែលនៅទីនោះវៀតណាម និងចិនកំពុងទាមទារសិទ្ធិក្តោបក្តាប់បណ្តាកោះមួយចំនួន។ លោក Cuong រំពឹងថា រដ្ឋាភិបាលក្រុងហាណូយនឹងប្រើថវិកាមួយចំនួនរបស់លោក ដើម្បីពង្រឹងយោធា ប្រសិនបើការប៉ះទង្គិចគ្នាកើតឡើងរវាងប្រទេសទាំងពីរ។
ថវិកាមួយចំនួនពីការលក់នោះនឹងមកពីប្រទេសចិន ពីព្រោះវត្ថុបុរាណរបស់លោក ដែលរួមមាន ចានពរ្សឺឡែនពីរជ្ជកាល Qing និងវត្ថុបុរាណចិនដទៃទៀត បានទាក់ទាញឈ្មួញមួយចំនួនពីប្រទេសចិន។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ការយកប្រាក់រកបានពីជនជាតិចិន ទៅទិញអាវុធប្រឆាំងនឹងចិនវិញ មិនមែនជារឿងដែលលោក Cuong មិនដឹងនោះទេ។
លោក Cuong បាននិយាយនៅក្នុងបទសម្ភាសន៍មួយពីផ្ទះរបស់លោកនៅទីប្រជុំជនក្រុងហូជីមិញ ដែលមានពោរពេញទៅដោយរូបសំណាកពុទ្ធរូប និងតុសម្រាប់អង្គុយទទួលទានតែថា៖
«ខ្ញុំមិនចូលចិត្តជនជាតិចិនទេ។ ប៉ុន្តែនៅពេលដែលខ្ញុំដាក់របស់របរលក់ ខ្ញុំត្រូវការលុយ។ ខ្ញុំមិនខ្វល់ថា អ្នកទិញនោះជាជនជាតិចិន ជនជាតិអាមេរិកាំង ឬនរណាទេ។ ឲ្យតែមានលុយ ខ្ញុំដឹងតែលក់ឲ្យ។ ប៉ុន្តែការពិតគឺថា រវាងខ្ញុំ និងប្រទេសចិន ខ្ញុំមិនចូលចិត្តប្រជាពលរដ្ឋចិនទេ»។
នៅប្រទេសវៀតណាម ភាពខឹងសម្បារនឹងប្រទេសចិនមិនសូវលេចធ្លោប៉ុន្មានទេ ប៉ុន្តែរឿងរ៉ាវនេះបានផ្ទុះឡើងនៅលើឆាកអន្តរជាតិក្នុងឆ្នាំ ២០១៤ បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានសង់ការដ្ឋានបូមប្រេងនៅក្នុងផ្នែកមួយនៃតំបន់សមុទ្រចិនខាងត្បូង ដែលទាំងប្រទេសវៀតណាម និងចិនបានទាមទារ។ ការណ៍នេះបានបង្កឲ្យមានបាតុកម្មដ៏កម្រ និងនាំឲ្យមានការស្លាប់នៅវៀតណាម។ ក្រុមអាជ្ញាធរវៀតណាមបានចុះបង្រ្កាបអំពើហិង្សានោះ ប៉ុន្តែជនជាតិវៀតណាមមួយចំនួននៅតែស្វែងរកមធ្យោបាយដើម្បីបង្ហាញការប្រឆាំងរបស់ពួកគេទៅនឹងប្រទេសចិន។
ការរៃអង្គាសប្រាក់គឺជា មធ្យោបាយទូទៅមួយសម្រាប់ប្រជាពលរដ្ឋវៀតណាមក្នុងការបង្ហាញក្តីស្រឡាញ់របស់ពួកគេទៅកាន់ប្រទេសខ្លួន និងបង្ហាញក្តីមិនពេញចិត្តទៅនឹងប្រទេសចិន ដែលមានចាប់ពីការដាក់ប្រអប់មូលនិធិរៃអង្គាសប្រាក់តាមការប្រគុំតន្រ្តីនានា រហូតដល់យុទ្ធនាការឃោសនាសុំការបរិច្ចាគប្រាក់តាមរយៈសារព័ត៌មានល្បីល្បាញ Tuoi Tre។ មូលនិធិទទួលបាននឹងត្រូវផ្តល់ឲ្យក្រុមអ្នកនេសាទវៀតណាម ដែលត្រូវបានគេយល់ឃើញថា ជាវីរបុរសជាតិដ៏អង់អាចនៅសមរភូមិជួរមុខ ដែលប្រឈមនឹងការយាយីពីប្រទេសចិន។
ទោះបីជាការដ្ឋានបូមប្រេងនោះនៅទីបំផុតត្រូវបានដកចេញក៏ដោយ ក៏ប្រជាពលរដ្ឋវៀតណាមបានបង្ហាញកំហឹងរបស់ពួកគេតាមរយៈការឈប់ទិញទំនិញចិន។ ការឈប់ទិញទំនិញនេះក៏សមហេតុផលផងដែរសម្រាប់អ្នកទិញទំនិញ ដែលមានមន្ទិលសង្ស័យលើទំនិញនាំចូលពីប្រទេសចិន ចាប់ពីផ្លែប៉ោម ដែលហាក់ដូចជាមិនរលួយទាល់តែសោះ រហូតដល់របស់ក្មេងលេងដែលធ្វើឡើងពីផ្លាស្ទិច ដែលអាចបង្កជាជំងឺមហារីក។ យ៉ាងណាក្តី នេះជាសក្ខីកម្មមួយបង្ហាញពីឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលថា ទំនិញនាំចេញពីប្រទេសចិននៅតែមានប្រជាប្រិយភាពនៅវៀតណាម។
ទំនាក់ទំនង «ស្អប់ផង-ស្រឡាញ់ផង » នេះឈានទៅដល់រដ្ឋាភិបាលកុម្មុយនិស្តនៅក្រុងហាណូយ ដែលត្រូវថ្លឹងថ្លែងរវាងការការពារដែនដីវៀតណាមពីប្រទេសចិន និងការពង្រឹងចំណងទាក់ទងសេដ្ឋកិច្ច និងនយោបាយជាមួយប្រទេសចិន។ ថ្នាក់ដឹកនាំវៀតណាមទទួលស្គាល់ថា ពួកគេត្រូវប្រុងប្រយ័ត្ន។
បន្ទាប់ពីភាពតានតឹងនាំឲ្យមានបាតុកម្មហិង្សានៅឆ្នាំ ២០១៤ តំណាងរាស្រ្តពីប្រចាំក្រុងហូជីមិញ លោក Truong Trong Nghia បានប្រាប់ទៅសភាជាតិថា វៀតណាមនឹងមិនដកខ្លួនពីការពឹងផ្អែកលើប្រទេសចិនឡើយ។ លោក Nghia បានមានប្រសាសន៍ថា៖
«ការពឹងផ្អែកនៅក្នុងបរិបទនេះមានន័យថា យើងចង់ដកខ្លួនចេញ តែយើងមិនអាច។ យើងដឹងថា វាមិនល្អ ប៉ុន្តែយើងត្រូវបង្ខំចិត្តបន្តការពឹងអាស្រ័យនេះ»។
សាធារណជនវៀតណាមមិនចង់សារភាពថា ខ្លួនពឹងផ្អែកលើប្រទេសចិនឡើយ។ ប្រជាពលរដ្ឋដូចលោក Cuong ដែលជាអ្នកលក់គ្រឿងបុរាណ ចង់ឲ្យថ្នាក់ដឹកនាំវៀតណាមប្រកាន់ជំហរមុតមាំ ប៉ុន្តែស្របពេលដូចគ្នានេះដែរ ពួកគេសង្ឃឹមថា នឹងមានសន្តិភាព។
លោក Cuong ដែលធ្លាប់បានជួបប្រទះហេតុការណ៍សង្រ្គាមធំៗ ពេលធ្វើជាអ្នកថតរូបឲ្យទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ UPI អំឡុងពេលសង្រ្គាមវៀតណាមនិយាយថា៖ «ខ្ញុំមិនចង់ឲ្យមានសង្រ្គាមណាមួយទៀតទេនៅទីនេះ»។
ដោយចង្អុលទៅកាន់វត្ថុបុរាណជុំវិញគាត់ លោក Cuong បានបន្ថែមថា លោកប្រហែលជាលក់ទ្រព្យសម្បត្តិទាំងនេះរបស់លោកផងដែរ ពីព្រោះលោកគិតថា ប្រសិនបើសង្រ្គាមកើតមានឡើង អ្វីៗទាំងអស់នៅទីនេះនឹងលែងមានតម្លៃ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា
Subscribe to:
Post Comments (Atom)
No comments:
Post a Comment