Tuesday, 10 October 2017
អាមេរិក និងអឺរ៉ុបជំរុញអោយកម្ពុជាធានាសិទ្ធិកម្មករដើម្បីរក្សាទីផ្សារទិញទំនិញពីកម្ពុជា
ដោយ អាស៊ីសេរី
2017-10-09
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ច្សច អេដហ្គា (George EDGAR) [រូបពីស្ដាំទីពីរ] ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា លោក ហ៊ិដិហ៊ិសា ហូរីណូអ៊ុជិ (Hidehisa HORINOUCHI) [រូបពីស្ដាំទីមួយ] និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) [ឆ្វេង] ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតក្រោយជំនួបជាមួយ គ.ជ.ប នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។
RFA/Van Vanndeth
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាជំរុញអោយរដ្ឋាភិបាលកម្ពុជាធ្វើអោយមានភាពប្រសើរឡើងនូវការគោរពសិទ្ធិកម្មករ ដើម្បីរក្សាបានទំនុកចិត្តពីទីផ្សារទិញផលិតផលពីរោងចក្រនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានជួបពិភាក្សាគ្នា ជាមួយសហរដ្ឋអាមេរិក និងសភាពអឺរ៉ុបប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៦ ខែតុលា ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារសិទ្ធិកម្មករក្នុងផ្នែកផលិតសំលៀកបំពាក់។ ការជួបប្រជុំនេះគឺស្របពេលមានការអំពាវនាវពីសំណាក់មន្ត្រីបក្សប្រឆាំង និងអង្គការអន្តរជាតិដែលចង់អោយមានការដាក់ទណ្ឌកម្មណាមួយពីសហរដ្ឋអាមេរិក និងពីសហភាពអឺរ៉ុប ឆ្លើយតបនឹងការធ្វើទុក្ខបុកម្នេញពីបក្សកាន់អំណាចទៅលើបក្សនេះ។
សេចក្ដីថ្លែងការណ៍ដែលផ្សព្វផ្សាយនៅលើហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកនៅថ្ងៃទី៩ ខែតុលា បានអោយដឹងថាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ហៃដ្ដ ( William A. Heidt ) បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការងារកម្ពុជា ថា ការបន្តធ្វើអោយមានភាពប្រសើរឡើងនូវស្ថានភាពសិទ្ធិកម្មករ គឺជាបញ្ហាចម្បងដែលអាចធានាបាននូវការទទួលបានទីផ្សារ ដូចក្នុងពេលបច្ចុប្បន្នទៅកាន់សហរដ្ឋអាមេរិក ក៏ដូចជាទំនុកចិត្តពីពលរដ្ឋអាមេរិក ដែលជាអ្នកទិញ។
សេចក្ដីថ្លែងការណ៍បន្តថា តំណាងសហរដ្ឋអាមេរិក លោក វីល្លៀម ហៃដ្ដ( William A. Heidt )និងប្រតិភូសហភាពអឺរ៉ុបលោក ហ្ស៊ច អេដហ្គារ (George Edgar)បានលើកឡើងថា បញ្ហាសិទ្ធិកម្មករថា ជាចំណុចសំខាន់សម្រាប់ក្រុមហ៊ុនម៉ាកល្បីៗ និងរដ្ឋាភិបាលនានានៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ ក្នុងនោះអ្នកទាំង២ក៏បានបង្ហាញជាថ្មីទៀតពីសារសំខាន់នៃការអនុវត្តអោយបានត្រឹមត្រូវទៅតាមអនុសាសន៍របស់អង្គការអន្តរជាតិ ខាងការងារហៅកាត់ថាអាយឡូ (ILO) ទាក់ទិននឹងសិទ្ធិកម្មករក្នុងការជ្រើសរើសសហជីព ធានាដំណើរការការចុះបញ្ជិកាសហជីពដោយយុត្តិធម៌ និងមានតម្លាភាព និងដោះស្រាយវិវាទរួមដោយមានតម្លាភាព ទាន់ពេលវេលា។ ពួកគេក៏បានលើកទឹកចិត្តអោយរដ្ឋាភិបាលពិភាក្សាជាមួយអង្គការ ILO និងដៃគូនានាក្នុងការតាក់តែងច្បាប់ក្នុងផ្នែកពាក់ព័ន្ធនឹងវិស័យផលិតសំលៀកបំពាក់ ដើម្បីធានាថាបានអនុលោមតាមបទដ្ឋានអន្តរជាតិ។
អគ្គរដ្ឋទូតសហរដ្ឋអាមេរិកកត់សម្គាល់ថា ជាច្រើនឆ្នាំមកហើយ កិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយដៃគូអន្តរជាតិគឺបាបបង្កើនទំនុកចិត្តពីបណ្ដាក្រុមហ៊ុនម៉ាកធំៗនៅសហរដ្ឋអាមេរិក និងពីសហភាពអឺរ៉ុបចំពោះទំនិញមានប្រភពពីកម្ពុជា។
ចំណែកក្រសួងការងារ និងបណ្ដុះបណ្ដាលបណ្ដាលវិជ្ជាជីវៈអះអាងថា ពុំមានអ្វីផ្លាស់ទេចំពោះកិច្ចសហការផ្នែកពាណិជ្ជកម្មវាងសហរដ្ឋអាមេរិក និងសភាពអឺរ៉ុបជាមួយនឹងកម្ពុជា ពោលគឺភាគីទាំងនេះនៅតែបន្តទិញទំនិញពីកម្ពុជា។
នៅលើទំព័រហ្វេសប៊ុក (Facebook) របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្ហោះព័ត៌មានថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ហៃដ្ដ( William A. Heidt )និងប្រតិភូសហភាពអឺរ៉ុបលោក ហ្ស៊ច អេដហ្គារ(George Edgar) ថ្លែងថា សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប នឹងបន្តបើកទីផ្សាររបស់ខ្លួនដល់កម្ពុជា រួមនិងបង្កើនការបញ្ជាទិញទំនិញពីកម្ពុជា។ លើសពីនេះគឺអ្នកតំណាងទាំង២ប្រកាសថា នឹងមិនភ្ជាប់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគោរពលក្ខខ័ណ្ឌការងារទៅនឹងភាពតានតឹងផ្នែកផ្សេងៗទៀតនោះឡើយ។
ចំណែកទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) បានស្រង់សម្ដី លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មកចុះផ្សាយថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានចាត់ទុកបញ្ហាបច្ចេកទេស និងបញ្ហានយោបាយជារឿងដាច់ដោយឡែកពីគ្នាគឺមិនពាក់ព័ន្ធគ្នាទេ។ ឯកអគ្គរដ្ឋទូតទាំងពីរក៏បានសាទរដល់ការសម្រេចបានប្រាក់ ឈ្នួលអប្បបរមា១៧០ក្នុង១ខែ សម្រាប់ឆ្នាំ២០១៨ ដោយមានការព្រមព្រៀងពីគ្រប់ភាគីពាក់ព័ន្ធ។ លោកថា អ្នកទាំង២ទាំងពីរក៏បានលើកទឹកចិត្តឱ្យកម្ពុជា បន្តដោះស្រាយបញ្ហាទំនាក់ទំនងវិជ្ជាជីវៈ។
នៅក្រោយពេលដែលអាជ្ញាធររដ្ឋាភិបាលបានចាប់ឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីដើមខែកញ្ញាមក មន្ត្រីគណបក្សប្រឆាំងជាពិសេសកូនស្រីរបស់ប្រធានគណបក្សនេះ គឺកញ្ញា កឹម មនោវិទ្យា បានព្យាយាមស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកអោយពិចារណាដាក់សម្ពាធតាមគ្រប់មធ្យោបាយទៅលើរដ្ឋាភិបាលក្រុងភ្នំពេញ រួមទាំងទណ្ឌកម្មសេដ្ឋកិច្ចផង ដើម្បីរុញច្រានស្ថានការណ៍នយោបាយអោយវិលមករកភាពប្រក្រតីវិញ៖ «អ្វីដែលខ្ញុំបានស្នើទៅសហគមន៍អន្តរជាតិ ក៏ដូចជាខាងសហភាពអឺរ៉ុប ខាងរដ្ឋាភិបាល គឺធ្វើយ៉ាងណាបន្តឃ្លាំមើលដំណើរការនេះតទៅមុខទៀត ដើម្បីជំរុញអោយរដ្ឋាភិបាលកម្ពុជាផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួន ហើយសុំផ្លាស់ប្ដូរឥរិយាបថអោយទាន់ពេលវេលា ពីព្រោះថាការបោះឆ្នោតគឺតែ១០ ឬ១១ខែចាប់ពីពេលនេះទៅ។ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំជាពិសេសលោកស្រី ដែលជាមនុស្សទី២នៅក្នុងសហគមន៍អឺរ៉ុបដែលជាអ្នកទទួលបន្ទុកខាងកិច្ចការអន្តរជាតិ លោកស្រីបានធ្វើសន្ទរកថាយ៉ាងវែងថា សហគមន៍អឺរ៉ុបដែលបានជួយទៅប្រទេសកម្ពុជា គឺក្នុងគោលបំណងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយប្រសិនបើស្ថានការណ៍នេះបន្តទៀត វាប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស សហភាពអឺរ៉ុបនឹងត្រូវពិចារណាឡើងវិញ ទៅលើទំនាក់ទំនង និងការជួយសហប្រតិបត្តិការទាំងឡាយក្នុងនោះយើងដឹងហើយមានការអនុគ្រោះពន្ធជាដើមមកលើប្រទេសកម្ពុជា»។
ចំណែកអង្គការធំៗពីរគឺអង្គការឃ្លាំមើលពិភពលោក គ្លូបល វីនេស (Global Witness) និង អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កំពុងរួមគ្នាថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន និង ស្នើឲ្យពិភពលោកដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងកាច់ផ្ដាច់ជំនួយផ្នែកហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសផ្សេង ដើម្បីបង្ខំឲ្យរដ្ឋាភិបាល បញ្ឈប់ការប៉ុនប៉ងរំលាយគណបក្សប្រឆាំង។
ទាក់ទិននឹងការជួបប្រជុំរវាងតំណាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកាលពីថ្ងៃទី២ តុលា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអរគុណដល់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ដែលរួមចំណែកក្នុងការលើកកម្ពស់លក្ខខ័ណ្ឌ ការងារនៅកម្ពុជា។ លោកធានាថា កម្ពុជានឹងបន្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខ័ណ្ឌការងារដោយសហការជាមួយអង្គការដៃគូ។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍ លោក ង៉ែត ជូ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា កម្ពុជានាំចេញផលិតផលកាត់ដេរទៅអាមេរិក និងអឺរ៉ុបប្រមាណជិត៧ពាន់ លានដុល្លារអាមេរិក (៦,៨ពាន់លាន) ស្មើនឹងប្រមាណ ១ភាគ៣នៃកំណើនផលិតផលក្នុងស្រុកសរុប ឬGDPរបស់ខ្លួន។ លោកថា កម្ពុជាមិនមានទីផ្សារណាផ្សេងទៀត ជាដុំកំភួននោះទេ ស្របពេលដែលប្រទេសចិន និងវៀតណាមក៏ជាប្រទេសប្រកួតប្រជែងដ៏ធំក្នុងការនាំផលិតផលកាត់ដេរទៅអាមេរិក និងអឺរ៉ុបដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment