20 តុលា 2017
VOA News

លោកស្រី Barbara Lochbihler សមាជិកសភាសហភាពអឺរ៉ុប។ តំណាងសហភាពអឺរ៉ុបនិងប្រទេសស៊ុយអែតនិយាយថា ការរំលាយគណបក្សប្រឆាំងនឹងនាំមកនូវផលវិបាក។
អនុប្រធាននៃគណៈកម្មាធិការសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុបនិយាយថា សហគមន៍អឺរ៉ុបចាំបាច់ត្រូវតែធ្វើប្រតិកម្មតប«ក្នុងពេលឆាប់ៗនេះ»ដោយចាត់វិធានការជាក់លាក់ឆ្លើយតបនឹងអ្វីដែលលោកស្រីហៅថា ចំណាត់ការរបស់រដ្ឋាភិបាលក្នុងការរំលាយគណបក្សប្រឆាំងដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។
អត្ថាធិប្បាយរបស់លោកស្រី Barbara Lochbihler សមាជិកសភាសហភាពអឺរ៉ុបបានធ្វើឡើងបន្ទាប់ពីប្រទេសស៊ុយអែតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស៊ុយអែតនឹងពិចារណានូវទំនាក់ទំនងរបស់ខ្លួនជាមួយនឹងប្រទេសកម្ពុជា ប្រសិនបើរដ្ឋាភិបាលបន្តប្រើប្រាស់វិធានការរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា។
លោកស្រី Lochbihler បានប្រាប់វីអូអេថា សហភាពអឺរ៉ុបកំពុងពិចារណាដាក់ទណ្ឌកម្មដោយចំពោះ ឬ អាចឈានដល់ការលើកលែងការអនុគ្រោះសម្រាប់ការនាំទំនិញកម្ពុជាចូលទីផ្សារដ៏ធំរបស់សហភាពអឺរ៉ុប។
លោកស្រីបន្ថែមថា៖ «នៅប្រទេសកម្ពុជាពួកគេអាចនិយាយបានថា ពួកគេមានការគាំទ្រពីប្រទេសចិន ហើយថាតើយើងមានអ្វីត្រូវខ្វល់ពីសហភាពអឺរ៉ុប? ប៉ុន្តែប្រសិនបើអ្នកមើលឱ្យច្បាស់អ្នកអាចមើលឃើញថា សហគមន៍អឺរ៉ុបគឺជាទីផ្សារនាំទំនិញចេញដ៏ធំសម្រាប់ប្រទេសកម្ពុជា។ ដូច្នេះខ្ញុំគិតថា ពួកគេត្រូវយកចំណុចនេះមកពិចារណា ហើយសម្រាប់ផ្ទាល់ខ្លួនខ្ញុំគិតថា ប្រសិនបើសហភាពអឺរ៉ុបអាចចាត់ការមួយជំហានទៀតហើយដាក់ឱ្យចំគោលដៅចំពោះមន្ត្រីរដ្ឋាភិបាលមួយចំនួន គឺមន្ត្រីរដ្ឋាភិបាលនិងអ្នកតំណាងរបស់កម្ពុជានឹងឆាប់ទទួលយកបាន»។
ប្រទេសកម្ពុជានាំទំនិញចូលទៅសហភាពអឺរ៉ុបក្នុងទំហំ៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៦ដោយទទួលបានការអនុគ្រោះចូលទីផ្សារដ៏ធំនេះក្រោមកម្មវិធីអ្វីៗគ្រប់យ៉ាង លើកលែងតែអាវុធ។
មន្ត្រីរដ្ឋាភិបាលជាច្រើននាក់ធ្វើដំណើរទៅបណ្តាប្រទេសនៅសហភាពអឺរ៉ុបជាញឹកញាប់ដូចជាប្រទេសបារាំង ដើម្បីទៅសួរសុខទុក្ខក្រុមគ្រួសារ។
លោកស្រី Lochbihler បាននិយាយថា លោកស្រីនឹងទទូចឱ្យសមាជិកសភាដទៃទៀត«ពិនិត្យមើលជម្រើសក្នុងការស៊ើបអង្កេតកម្មវិធីអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធនិងផលិតផលដទៃខ្លះទៀតសម្រាប់ការព្យួរសិទ្ធិដែលអាចប្រើប្រាស់បានក្រោមមាត្រា១៥នៃប្រព័ន្ធអនុគ្រោះទូទៅ»៕
No comments:
Post a Comment