Wednesday, 25 October 2017
មន្ត្រីបក្សប្រឆាំងខែត្រស្ទឹងត្រែងប្រតិកម្មនឹងព័ត៌មានថាពួកគេចុះចូលបក្សកាន់អំណាច
ដោយ អាស៊ីសេរី
2017-10-25
សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងត្រែង ៤រូប ដែលជនអនាមិកបង្ហោះក្នុងហ្វេសប៊ុក (Facebook) កាល ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។
Photo Provided
ចៅសង្កាត់រងទី២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ពីគណបក្សសង្គ្រោះជាតិ ប្រតិកម្មចំពោះការលួចគណនេយ្យហ្វេសប៊ុក (Facebook) ដោយជន អនាមិក មកផ្សព្វផ្សាយថា លោក និងសមាជិកក្រុមប្រឹក្សាប្រឹក្សាសង្កាត់៣ រួបទៀត ចុះចូលជាមួយបក្សប្រជាជនកម្ពុជា ខណៈដែលលោកហ៊ុន សែន ទូងស្គរឲ្យមេឃុំ-ចៅសង្កាត់គណបក្សសង្គ្រោះជាតិចុះចូលនឹងខ្លួន បើចង់រក្សាដំណែងក្រោយគណបក្សប្រឆាំងត្រូវរំលាយ។
ចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង មកពីប្រឆាំងប្រកាសមិនទទួលខុសត្រូវ ការលួចហ្វេសប៊ុករបសលោកឈ្មោះភាសាអង់គ្លេសថា តុ ស៊ីសាបុត្រ (To SySaboth) ដែលបានបង្ហោះថា ចៅសង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សាសង្កាត់នៃគណបក្សសង្គ្រោះជាតិ នឹងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
ចៅសង្កាត់រងទី ២ នៃសង្កាត់ស្ទឹងត្រែង លោក តុ ស៊ីសាបុត្រ ឲ្យដឹងនៅថ្ងៃទី២៤ ថា គណនេយ្យហ្វេសប៊ុករបស់លោក ត្រូវជនមិនស្គាល់អត្តសញ្ញាបង្ហោះ ជាសាធារណៈកាលពីល្ងាចថ្ងៃទី២៣ តុលា ហើយលោក បានរាយការណ៍រឿងនេះទៅសមត្ថកិច្ចរួចហើយ ដើម្បីបញ្ជាក់ថា លោកនឹងមិនទទួលខុសត្រូវរាល់ការបង្ហោះសារហ្វេសហ៊ុកនោះទេ។ លោកចាត់ទុកបញ្ហានេះថា ជាចេតនាចង់បំបែកសំឡេងឆ្នោតរបស់បក្សសង្គ្រោះជាតិ ក្នុងបំណងដើម្បីឲ្យពលរដ្ឋ ជាម្ចាស់ឆ្នោតដកសេចក្តីទុកចិត្តពីលោក ស្របពេលដែលលោកហ៊ុន សែន ទូងស្គរឲ្យមេឃុំ-ចៅសង្កាត់គណបក្សសង្គ្រោះជាតិចុះចូលនឹងខ្លួន បើចង់រក្សាដំណែងក្រោយគណបក្សប្រឆាំងត្រូវរំលាយ៖ «ដោយសារតែជនអនាមិកលួចរបស់ខ្ញុំ ប្រើគេប្លុករបស់ខ្ញុំចោល។ ខ្ញុំនៅតែបន្តការងារខ្ញុំដដែរ ខ្ញុំមិនអាចចុះចូលបានទេ ទោះបីជាខ្ញុំអស់តួនាទី តំណែងពីបក្សសង្គ្រោះជាតិក៏ដោយ ខ្ញុំនៅតែគាំទ្របក្សសង្គ្រោះជាតិជានិច្ច ដើម្បីនាំការផ្លាស់ប្ដូរដោយឆន្ទៈពលរដ្ឋ»។
កាលពីរសៀលថ្ងៃទី២៣ តុលា ហ្វេសប៊ុកឈ្មោះ តុ ស៊ីសាបុត្រ (To SySaboth) បានបង្ហោះសារតាមបណ្ដាញសង្គមសរសេរថា ខ្ញុំបាទ តុ ស៊ីសាបុត្រ ជាចៅសង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សាសង្កាត់ នៃគណបក្សសង្គ្រោះជាតិ សង្កាត់ស្ទឹងត្រែង សុំលាឈប់ពីគណបក្សសង្គ្រោះជាតិ និងសូមរួមរស់ជាមួយគណបក្សប្រជាជនចាប់ពីពេលនេះតទៅ។ សារបង្ហោះនោះអមដោយរូបថតមួយសន្លឹកមានរូបចៅ សង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងត្រែងពាក់ឯកសណ្ឋានមន្ត្រីរាជការ។
កាលពីថ្ងៃទី២២ តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការទទួលយកមន្ត្រីបក្សប្រឆាំងនៅគ្រប់ឃុំ-សង្កាត់ទាំងអស់នេះ ជាការអនុវត្តនយោបាយឈ្នះឈ្នះ ដែលលោកធ្លាប់ធ្វើជាមួយខ្មែរក្រហម។ ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ទទូចឲ្យសមាជិកគណបក្សលោកកុំអន់ចិត្តឡើយ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខែត្រស្ទឹងត្រែង លោក ហូ សំអុល ពន្យល់ថា ការលួចគណនេយ្យហ្វេសប៊ុករបស់គេ រួចបង្ហោះសារសាធារណៈដើម្បីមូលបង្កាច់បុគ្គលណាម្នាក់ គឺជាទង្វើខុសច្បាប់ ហេតុនេះសាមីខ្លួនមានសិទ្ធិប្ដឹងរឿងនេះទៅសមត្ថកិច្ច ឲ្យមកទទួលខុសត្រូវ។ តែយ៉ាងណាលោក ហាក់ពុំមានជំនឿលើសំណុំរឿងនេះថា សមត្ថកិច្ចនឹងស្វែងរកជនមិនស្គាល់អត្តសញ្ញាណឲ្យមកទទួលខុសត្រូវ ដោយសារពាក្យបណ្ដឹងរបស់មន្ត្រីបក្សជំទាស់កន្លងមកសមត្ថកិច្ចហាក់មានការរើសអើង៖ «សរសេរអីផ្ដេសផ្ដាសលើ អាខោន (គណនី) យើងឃើញអាជ្ញាធរ ដួចជាតុលាការចាត់ចែងបានរហ័សមែនទែន ពាក់ព័ន្ធទៅហ្នឹង កិត្តិយសរបស់សម្ដេច ឬបុគ្គលធំៗ ដែលមានអំណាចមួយចំនួនហ្នឹង។ យើងចង់ឲ្យករណីនេះដែរពលរដ្ឋមិនសិទ្ធិឲ្យអាជ្ញាធរ ឬព្រះរាជអាជ្ញារកយុត្តិធម៌ដូចគ្នា»។
សង្កាត់ស្ទឹងត្រែង មាន ១១អាសនៈ និងមានគណបក្សនយោបាយចំនួន ៣ ចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៤ គឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និង គណបក្សហ៊្វុនស៊ិនប៉ិច។ លទ្ធផលផ្លូវការ គណបក្សប្រជាជនកម្ពុជាទទួលបាន ៧ អាសនៈ និងគណបក្សសង្គ្រោះជាតិទទួល ៤អាសនៈ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment