Sunday, 22 October 2017
បក្សកាន់អំណាចនឹងយកអាសនៈឃុំ-សង្កាត់និងក្រុមប្រឹក្សារបស់បក្សជំទាស់ក្រោយរំលាយ
21 តុលា 2017
កាន់ វិច្ឆិកា
រូបឯកសារ៖ សមាជិកគណបក្សប្រជាជនកម្ពុជា ចូលរួមការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
ការអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ទាំងបួនយ៉ាងប្រញាប់ប្រញាល់នេះ ធ្វើឡើងស្របពេលដែលតុលាការកំពូលកំពុងចាត់ការបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលបានប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល។
ភ្នំពេញ —
គណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ទូទាំងប្រទេស នៅពេលដែលវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីកំណត់ឲ្យមានការបែងចែកអាសនៈរបស់គណបក្ស ដែលត្រូវរំលាយ ទៅឲ្យគណបក្សផ្សេងទៀតចូលជាធរមាន។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ថា នៅពេលដែលសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួនបួន ពាក់ព័ន្ធនឹងការបោះឆ្នោតដែលកំពុងត្រូវបានស្ថាប័ននីតិប្បញ្ញត្តិអនុម័តជាបន្តបន្ទាប់ ចូលជាធរមាន នោះគណបក្សកាន់អំណាចនឹងទទួលបានអាសនៈខ្ពស់ជាងគណបក្សផ្សេងៗទៀតនៅគ្រប់ឃុំ-សង្កាត់។
លោកពន្យល់ថា ក្នុងករណីដែលឃុំ-សង្កាត់ណាមានសំឡេងគណបក្សកាន់អំណាចច្រើនស្រាប់ នោះគណបក្សកាន់អំណាចនឹងមិនទទួលយកអាសនៈ ដែលយកមកពីគណបក្សដែលត្រូវរំលាយនោះទេ។ ក្នុងករណីដែលគណបក្សកាន់អំណាចទទួលបានសំឡេងក្នុងឃុំសង្កាត់តិច នោះគណបក្សកាន់អំណាចនឹងទទួលយកការបែងចែកអាសនៈរបស់បក្សដែលត្រូវរំលាយនោះ ដើម្បីធ្វើឲ្យសំឡេងរបស់គណបក្សកាន់អំណាចខ្ពស់ជាងសំឡេងរបស់គណបក្សផ្សេងៗទៀត។ អ្នកនាំពាក្យរូបនេះបន្ថែមថា ការទទួលបានអាសនៈខ្ពស់នេះ នឹងធ្វើឲ្យគណបក្សកាន់អំណាចក្លាយជាគណបក្សដឹកនាំគ្រប់ឃុំសង្កាត់ទាំងអស់។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ប្រាប់ VOA ថា៖
«ក្នុងករណីបើសិនគណបក្សហ្នឹងទទួលប៉ុណ្ណឹង គណបក្សហ្នឹងបានសំឡេងលើស CPP អាហ្នឹង CPP ត្រូវតែបង្ខំចិត្តយក ព្រោះមិនអាចឲ្យគណបក្សមានសំឡេងភាគតិចដឹកនាំបានទេ។ ត្រូវតែដឹកនាំឃុំសង្កាត់ទាំងអស់ មិនអាចឲ្យអ្នកបានសំឡេងតិចជាង CPP ឡើងធ្វើមេឃុំទេ»។
ទោះជាយ៉ាងណា នាយឧត្តមសេនីយ៍ ខៀវ សុភ័គ លើកឡើងថា នីតិវិធីលម្អិតក្នុងការរៀបចំបែងចែកអាសនៈឃុំសង្កាត់ គឺជាសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទេរហូតដល់ល្ងាចថ្ងៃសុក្រនេះ។ ចំណែកអ្នកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតនិងនីតិកម្មរបស់គណបក្សសង្គ្រោះជាតិ មិនទទួលទូរស័ព្ទ។
កាលពីសប្តាហ៍មុន ក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាច បានស្នើទៅរដ្ឋសភាសុំធ្វើវិសោធនកម្មច្បាប់ចំនួនបួនពាក់ព័ន្ធនឹងការបោះឆ្នោត ដែលកំណត់ឲ្យមានការបែងចែកអាសនៈសភា និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ក្រុង ស្រុក ខណ្ឌរបស់គណបក្សដែលត្រូវរំលាយទៅឲ្យគណបក្សផ្សេង។
នៅព្រឹកថ្ងៃសុក្រនេះ សេចក្តីស្នើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតទាំង៤នោះ ត្រូវបានព្រឹទ្ធសភាដែលមានតែក្រុមសមាជិកគណបក្សកាន់អំណាចអនុម័តដោយគ្មានការពិភាក្សា បន្ទាប់ពីក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាចក្នុងរដ្ឋសភាអនុម័តកាលពីថ្ងៃច័ន្ទទាំងប្រញាប់ប្រញាល់ ដោយអវត្តមានក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ។
រូបឯកសារ៖ ក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាចលើកដៃអនុម័តសេចក្តីស្នើធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធ នឹងការបោះឆ្នោត ក្នុងសំឡេង៦៧ លើ៦៧ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
ការអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ទាំងបួនយ៉ាងប្រញាប់ប្រញាល់នេះ ធ្វើឡើងស្របពេលដែលតុលាការកំពូលកំពុងចាត់ការបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលបានប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល។
លោក កង សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថាខុមហ្វ្រែលលើកឡើងថា ចាប់តាំងពីក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រឆាំងជាច្រើនបានកាន់តួនាទីដឹកនាំឃុំសង្កាត់ គេឃើញទាំងក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សកាន់អំណាច និងបក្សប្រឆាំង មានភាពសកម្មយ៉ាងខ្លាំងក្នុងការបំពេញការងារជូនប្រជាពលរដ្ឋ។ លោកបន្ថែមថា ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវរំលាយ នោះគណបក្សកាន់អំណាចនឹងឡើងកាន់តំណែង ហើយដឹកនាំឃុំសង្កាត់ដោយគ្មានការប្រកួតប្រជែងដូចមុន។
លោក កង សាវាង្ស បញ្ជាក់ថា៖
«ក្នុងករណីដែលគណបក្សមួយត្រូវរំលាយ ហើយមានតែគណបក្សមួយក្នុងការគ្រប់គ្រងក្នុងក្រុមប្រឹក្សាឃុំសង្កាត់ ហាក់ដូចជិះសេះលែងដៃអញ្ចឹង គឺថាអត់មានអីដែលធ្វើការប្រកួតប្រជែងគ្នា ការដណ្តើមប្រជាប្រិយភាពគ្នាទេ។ យើងដឹងហើយថា រាប់សិបឆ្នាំមកហើយ ក្នុងការគ្រប់គ្រងហ្នឹងមានតែគណបក្សមួយហ្នឹង គឺហៃអើកន្លែងហ្នឹង យើងអត់សូវឃើញការអភិវឌ្ឍអីទេ។ ទាំងការអភិវឌ្ឍ ទាំងការទំនាក់ទំនងខាងរដ្ឋបាលអីផ្សេងៗ»។
លោក កង សាវាង្ស បន្ថែមថា ប្រសិនបើក្រុមប្រឹក្សា និងមេឃុំចៅសង្កាត់របស់គណបក្សសង្គ្រោះជាតិដែលបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋជិតពាក់កណ្តាលត្រូវរំលាយ នោះនឹងបង្ហាញពីការរឹតត្បិត និងរំលោភលើការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖
«គណបក្សផ្សេងៗ ទោះបីថាចែកកៅអីឲ្យក៏ដោយ ប៉ុន្តែមិនមែនជាអ្វីដែលគាត់បោះឆ្នោតឲ្យទេ មិនមែនអ្វីដែលគាត់ពេញចិត្តទេ។ អញ្ចឹងមនុស្ស ឬក៏តំណាងដែលគាត់ពេញចិត្តហ្នឹង គឺគាត់បានបោះហើយៗ ហើយបើត្រូវរំលាយគាត់ទៀត គាត់មិនសប្បាយចិត្តទេ។ ហើយយើងមិនអាចព្យាករណ៍ទុកទេ ថាតើខាងមុខហ្នឹងវានឹងមានអីកើតឡើង គ្រាន់តែថាសំឡេងរបស់គាត់ត្រូវបានគេបំបិទ ត្រូវបានគេបោះបង់ចោល ដោយគេលែងគិតពីសំឡេងរបស់គាត់។ អញ្ចឹងវាជារឿងមួយដែលអយុត្តិធម៌ណាស់សម្រាប់គាត់»។
កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ខែមិថុនា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា ទទួលបានតំណែងមេឃុំចៅសង្កាត់ចំនួន១,១៥៦ ដែលមានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេស សរុបចំនួន៦,៥០៣អាសនៈ។ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន៤៨៩ឃុំសង្កាត់ ដែលមានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់សរុបចំនួន៥,០០៧អាសនៈ។
អង្គការសង្គមស៊ីវិល ស្ថាប័នជាតិ អន្តរជាតិ ព្រមទាំងអ្នកឃ្លាំមើលស្ថានការណ៍សង្គម និងនយោបាយជាច្រើនបានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ជុំវិញការត្រៀមរំលាយគណបក្សប្រឆាំងថា នឹងធ្វើឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឈានទៅរកភាពខ្ទេចខ្ទី ហើយថា ការរំលាយគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសនេះ នឹងជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតក្នុងឆ្នាំ២០១៨ខាងមុខ។
ចំណែកឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ប្រកាសថា រដ្ឋាភិបាលប្រទេសស៊ុយអែត នឹងពិចារណាឡើងវិញពីទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជា ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវរំលាយ៕
Subscribe to:
Post Comments (Atom)
1 comment:
Looking at those folks holding Hen Samrin and Hun Sen are Yuon/Vietnamese off-springs, aren't they?
Post a Comment