Sunday, 29 October 2017
អ្នកបរិស្ថានថារបាយការណ៍ស្ដីពីព្រៃឡង់របស់និស្សិតប្រទេសដាណឺម៉ាកពុំត្រូវទាំងស្រុង
ដោយ អាស៊ីសេរី
2017-10-29
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦។
Photo: RFA
អ្នកឃ្លាំមើលបរិស្ថានចាត់ទុករបាយការណ៍ស្រាវជ្រាវថ្មីមួយ របស់ក្រុមស្សិតនៅសកលវិទ្យាល័យ ខូភែន ហែងហ្គែន (Copenhagen) នៅប្រទេសដាណឺម៉ាក ដែលថាបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ ក្នុងខែត្រទាំង ៤ បានថយចុះនោះថា ពុំមានលក្ខណៈពិតប្រាកដនោះទេ។
ការស្រាវជ្រាវរបស់ក្រុមនិស្សិតនៃសកលវិទ្យាល័យ ខូភែន ហែងហ្គែន រកឃើញថា ចាប់តាំងពីខែកក្កដាឆ្នាំ ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ ២០១៧ បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ ធ្លាក់ចុះចំនួន ៦៥ ភាគរយ ក៏ប៉ុន្តែការដឹកជញ្ជូនឈើ និងរោងសិប្បកម្មបានកើនឡើងនៅតំបន់ជុំវិញព្រៃឡង់។
អ្នកស្រាវជ្រាវផ្នែកបរិស្ថានរកឃើញថា របាយការណ៍របស់ក្រុមនិស្សិតនៅសកលវិទ្យាល័យ ខូភែន ហែងហ្គែន នៅប្រទេសដាណឺម៉ាក គឺផ្ដោតសំខាន់ទៅលើសហគមន៍ចុះល្បាតព្រៃ ដែលគេប្រើបច្ចេកវិទ្យាទូរស័ព្ទស្មានហ្វូតដើម្បីប្រមូលទិន្នន័យពីបទល្មើសព្រៃឈើ ដែលសហគមន៍ប្រមូលបាន រួចចងក្រងជារបាយការណ៍។ របាយការណ៍ដែលមាន២២ទំព័រ ដែលផ្សាយកាលពីសប្ដាហ៍មុន របស់ក្រុមនិស្សិតនៃសកលវិទ្យាល័យ ខូភែន ហែងហ្គែន រកឃើញថា បទល្មើសព្រៃឈើនៅព្រៃឡង់ក្នុងខែត្រទាំង៤ គឺខែត្រស្ទឹងត្រែង ក្រចេះ ព្រះវិហារ និងខែត្រកំពង់ធំ បានថយចុះចំនួន ៦៥ភាគរយ ហើយការកាប់ឈើខុសច្បាប់ កើតមានគិតជាមធ្យម ៧២ ករណីក្នុងមួយខែ។
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ចាត់ទុករបាយការណ៍នេះ ពុំមានលក្ខណៈត្រឹមត្រូវទាំងស្រុងនោះទេ ព្រោះបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់បានកើតឡើងគ្រប់រួបភាព រួមទាំងការអនុវត្តច្បាប់ធូរលុង អំពើពុករលួយ និង ការបណ្តោយឲ្យកើតមានរោងសិប្បកម្ម នៅជុំវិញតំបន់ព្រៃឡង់ជាដើម។ លោកបញ្ជាក់ថា ការប្រមូលព័ត៌មានតាមរយៈស្មាតហ្វូន (Smartphone) របស់សហគមន៍ដែលចុះល្បាតពុំមានលក្ខណៈគ្រប់ជ្រុងជ្រោយទេ គឺគ្រាន់តែផ្នែកមួយនៃបទល្មើសតិចតួចប៉ុណ្ណោះ ដែលមិនបានរាប់បញ្ចូលរោងចក្រអារឈើ និងសិប្បកម្មឈើដែលបានរីកដូចផ្សិតនៅតំបន់ព្រៃឡង់ និងខែត្រនានានៅតំបន់នោះដែរ។ លោករកឃើញថា រោងចក្រអារឈើ និង សិប្បកម្មកែច្នៃឈើប្រណិតជាច្រើន គឺជាប្រភពនៃឧក្រិដ្ឋកម្មព្រៃឈើនៅតំបន់ព្រៃឡង់ និងនៅតំបន់ផ្សេងទៀត៖ «យើងឃើញថា របាយការណ៍ហ្នឹងខុសទាំងស្រុងហើយ យើងបាក់ជើងដោយសារតាមដាននៅតំបន់ព្រៃឡង់ហ្នឹង មានការកាប់ឈើច្រើនជាងមុន ព្រោះអីពីមុនអ្នកកាប់ឈើ និងដឹកជញ្ជូនឈើដូចជា ខ្លាចអ្នកបង្ក្រាប ខ្លាចសហគមន៍ខ្លះ តែបន្ទាប់ពីមានកិច្ចសហការផ្នែកបរិស្ថានក្រោយមកគឺ គេដឹកនៅមុខផ្ទះប្រធានសហគមន៍ គេដឹកនៅការិយាល័យបរិស្ថានតែម្ដង»។
លោក អ៊ូច ឡេង បន្ថែមថា ប្រសិនបើមន្ត្រីឧទ្យានព្រឹក្សមិនបិទសិប្បកម្មឈើ និងរោងចក្រអារឈើទេ បទល្មើសព្រៃឈើពុំ ថយចុះនោះទេ រីឯកិច្ចខំប្រឹងប្រែងអភិរក្សព្រៃឈើរបស់ក្រសួងបរិស្ថាន នឹងបរាជ័យហើយមន្ត្រីពាក់ព័ន្ធទាំងនោះនឹងរងការចោទថា បណ្ដោយឲ្យឈ្មួញបើកសិប្បកម្មឈើ និងរោងចក្រអារឈើបែបអនាធិបតេយ្យ ដែលជាមូលហេតុជំរុញមានការលូចកាប់ឈើនៅតំបន់ព្រៃឡង់។ លោករកឃើញថា អ្នកដឹកឈើមួយចំនួនដែលសហគមន៍ឃាត់បាន បានសារភាពថា ខ្លួនបានបង់ប្រាក់ឲ្យមន្ត្រីឧទ្យានុរក្ស និងសមត្ថកិច្ចពាក់ព័ន្ធ ទើបអាចជញ្ជូនឈើចេញពីតំបន់ព្រៃឡង់បាន។ បញ្ហានេះលោកបារម្ភថា ជោគវាសនាព្រៃឡង់នៅតែប្រឈមរងគ្រោះថ្នាក់នៅឡើយ៖ «ខ្ញុំលើកទឹកចិត្តគាត់ដែលសកម្មការពារព្រៃឈើចុះល្បាត តែយើងត្រូវរកឫសគល់នៃបញ្ហា តើមូលហេតុអីបានធ្វើឲ្យវិនាសកម្មព្រៃឈើ។ យើងត្រូវតែបិទអ្នកទិញ អ្នកទិញពីណាគេ គឺក្រុមហ៊ុនចិន និងវៀតណាម និងឈ្មូញធំៗ គឺថៅកែសិប្បកម្មឈើ និងរោងចក្រអារឈើ»។
អ្នកសម្របសម្រួលសហគមន៍ព្រៃឡង់ ខែត្រក្រចេះ លោក ឯក វណ្ណា អង្កេតឃើញថា រូបភាពនៃបទល្មើសព្រៃឡង់នៅពេលបច្ចុប្បន្នគឺពុំថយចុះទេ ហើយអ្នកកាប់ឈើខ្លះជាពលរដ្ឋនៅមូលដ្ឋាន និងអ្នកចំណូលស្រុកដែលភាគច្រើនសុទ្ធសឹងជាអ្នកក្រីក្រ ខ្លះជំពាក់ប្រាក់មីក្រូហិរញ្ញវត្ថុ និងធនាគារ ហើយបង្ខំចិត្តលួចកាប់ឈើលក់ ដើម្បីបង្វិលសងម្ចាស់បំណុលវិញ។ លោកកត់សម្គាល់ថា បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់កើតមានច្រើនជាងគេ គឺខែត្រកំពង់ធំ និងខែត្រព្រះវិហារ មិនត្រឹមតែលួចកាប់យកឈើមានតម្លៃទេ ការទន្ទ្រានយកដីមកធ្វើជាកម្មសិទ្ធិនៅតែជាក្តីបារម្ភ៖ «ករណីហ្នឹងគឺទាំងស្រុកតែម្ដង គឺសមត្ថកិច្ចមិនទាន់រឹតបន្តឹង មិនទាន់គោរពតាមគោលការណ៍ហ្នឹងឲ្យតឹងរ៉ឹង ទាក់ទងប្រជាពលរដ្ឋគាត់នៅតែ មានការខ្វះខាតជាច្រើនអ៊ីចឹងទៅ បានមានការឃុបឃិតខ្លះៗដើម្បីរួចបំណុល អ្នកខ្លះចំពាក់គេច្រើន»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព មានប្រសាសន៍ថា លោកពុំទាន់ឃើញរបាយការណ៍នេះនៅឡើយទេ។ ប៉ុន្តែលោកថា រដ្ឋាភិបាលបានយកចិត្តទុកដាក់កំណែទម្រង់ច្រើន លើកិច្ចគាំពារព្រៃឈើ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ លោកបញ្ជាក់ថា នៅគ្រាដែលរដ្ឋាភិបាលបញ្ចូលព្រៃឡង់ជាតំបន់ការពារធម្មជាតិ ក្រសួងបានបង្កើតមន្ត្រីឧទ្យានុរក្ស ដើម្បីឃ្លាំមើលនិងបង្ក្រាបបទល្មើស៖ «ពាក់ព័ន្ធទៅហ្នឹង ការធ្លាក់ចុះបទល្មើសធនធានធម្មជាតិ ជាពិសេសព្រៃឈើ។ ជាពិសេសជាងនេះទៀត ក្នុងតំបន់ការពារធម្មជាតិមិនមានអីចម្លែកទេ ព្រោះរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ច្រើន»។
ព្រៃឡង់ឋិតក្នុងចន្លោះខែត្រចំនួនបួន គឺខែត្រក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខែត្រកំពង់ធំ ត្រូវរដ្ឋាភិបាលប្រកាសបង្កើតជាដែនជម្រកសត្វព្រៃកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីជាង ៤៣ម៉ឺនហិកតារ (៤៣១.៦៨៣ហិកតារ) ឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដែលមានកាតព្វកិច្ចធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងកិច្ចការពារធម្មជាតិក្នុងតំបន់ព្រៃឡង់ និងត្រូវសហការជាមួយក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធ។
ទាក់ទងបញ្ហានេះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងថា ការកាប់បំផ្លាញព្រៃឈើណាមួយ គឺមិនខុសពីកាប់ក្បាលលោកនោះឡើយ ហើយលោកស្អប់បំផុតអ្នកដែលកាប់បំផ្លាញព្រៃឈើទាំងនោះទៀតផង។ លោកអះអាងថា រាល់កិច្ចប្រជុំគណបក្សម្ដងៗ លោកតែងរំលឹកដល់មន្ត្រីរបស់ខ្លួន មិនត្រូវអត់ឱនចំពោះជនដែលប្រព្រឹត្តអំពើអនាធិបតេយ្យជុំវិញការកាប់បំផ្លាញព្រៃឈើ បើទោះបីជាអ្នកនោះមានឋានៈអ្វីក៏ដោយ។
សហគមន៍ព្រៃឡង់រកឃើញថា ផ្នែកខ្លះនៃព្រៃឡង់បានជំនួសមកវិញនូវដំណាំដំឡូង ស្វាយចន្ទី និងកៅស៊ូ ដែលគ្រប់គ្រងដោយក្រុមហ៊ុនឯកជន និងបុគ្គលឯកជន។ បញ្ហានេះ សហគមន៍ចង់ឲ្យស្ថាប័នពាក់ព័ន្ធ ចាត់វិធានការបន្ទាន់ និងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បីសង្គ្រោះព្រៃឈើដែលនៅសេសសល់នៅតំបន់នោះឲ្យគង់វង្ស៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment