Tuesday 10 October 2017
កម្ពុជាស្ថិតក្នុងចំណោមប្រទេសបញ្ជូនពលករចំណាកស្រុកច្រើនជាងគេនៅក្នុងតំបន់
ដោយ សរ ពិសី 09/10/2017 09/10/2017
រូបភាពចាស់៖ ចំណាកស្រុកទៅប្រទេសថៃ
ធនាគារពិភពលោក នៅថ្ងៃនេះ បានចេញផ្សាយរបាយការណ៍មួយដែលមានចំណងជើង «ចំណាកស្រុកដើម្បីស្វែងរកឱកាស ជំនះរបាំងដើម្បីបម្លាស់ទីពលកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ» បានរកឃើញថា កម្ពុជា គឺជាប្រទេសមួយនៅក្នុងចំណោមប្រទេស បញ្ជូនពលករចំណាកស្រុកទៅក្រៅប្រទេស។ ចំណាកស្រុកទាំងនោះភាគច្រើន ស្ថិតក្រោមរូបភាព ជនចំណាកស្រុកដែលមានជំនាញទាប និងច្រើនតែគ្មានឯកសារត្រឹមត្រូវ ស្វែងរកការងារដែលមានប្រាក់ខែខ្ពស់ នៅក្នុងវិស័យសំណង់ ដាំដុះ និងការបម្រើតាមផ្ទះ។
របាយការណ៍កម្រាស់ជិត ៣០ ទំព័រចេញផ្សាយដោយធនាគារពិភពលោក បានកត់សម្គាល់ថា ការបម្លាស់ទីរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាបញ្ហាមួយដែលកាន់តែសំខាន់ឡើង។ នៅក្នុងនោះ ប្រទេសនៅអាស៊ាន ដែលរួមមានកម្ពុជាផង ផ្គត់ផ្គង់បាន៨ភាគរយនៃពលករចំណាកស្រុកទាំងអស់របស់ពិភពលោក។
បើតាមធនាគារពិភពលោក កម្ពុជាជាប្រទេសដែលស្ថិតក្នុងចំណោមប្រទេសបញ្ជូនពលករច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះក៏មានផងដែរ ប្រទេសឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាមានិតឡាវ ម៉ាឡេស៊ី និងភូមា។ ចំណែកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួនបី គឺ ម៉ាឡេស៊ី សឹង្ហបុរី និងថៃ បានក្លាយទៅជាទីកន្លែងសម្រាប់ពលករចំណាកស្រុកនៅក្នុងតំបន់ចំនួន ៦ លាន ៥ សែននាក់ ឬស្មើនឹង ៩៦ភាគរយនៃចំនួនសរុប។ ។
សម្រាប់ធនាគារពិភពលោក ទេសន្តរប្រវេសន៍ ឬចំណាកស្រុកនៅក្នុងតំបន់នេះ ត្រូវបានគេរំពឹងថា នឹងមានការកើនឡើង ដោយសារតែសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានប្រកាសចាប់អនុវត្តនៅឆ្នាំ២០២៥ ដើម្បីបង្កើនការធ្វើចំណាកស្រុកដោយសេរី សម្រាប់និយោជិកអាជីព និងកម្មករជំនាញនៅក្នុងតំបន់។ ស្ថាប័នអន្តរជាតិមួយនេះ អះអាងថា សូម្បីតែសមាជិករបស់គ្រួសារដែលមិនបានធ្វើដំណើរចំណាកស្រុក ក៏ទទួលបានអត្ថប្រយោជន៍ពីប្រាក់ដែលពួកគេផ្ញើមកផ្ទះដែរ ដែលបានជួយបង្កើនថវិកា និងកាត់បន្ថយភាពក្រីក្រ។ សម្រាប់កម្ពុជា ប្រាក់ផ្ញើត្រឡប់ទៅផ្ទះសរុប មានចំនួនស្មើនឹង៣ភាគរយ នៃផលិតផលសរុបក្នុងស្រុក។
ប៉ុន្តែទន្ទឹមនឹងផលជាវិជ្ជមានក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច ធនាគារពិភព លោក មិនភ្លេចទេ លើកឡើងពីការព្រួយបារម្ភអំពីការបាត់បង់ធនធានមនុស្សតាមរយៈលំហូរចេញនូវប្រាជ្ញា និងការប្រព្រឹត្តិលើពលករចំណាកស្រុករបស់ខ្លួន ខណៈដែលពួកគេរស់នៅក្រៅប្រទេស រួមទាំងប្រឈមនឹងការចំណាយខ្ពស់ដើម្បីធ្វើចំណាកស្រុក។
ជាដំណោះស្រាយ ធនាគារពិភពលោក បានឲ្យជាយោបល់ថា បណ្តាប្រទេសបញ្ជូនពលករចំណាកស្រុក រួមមានកម្ពុជាផងនោះ គួរធ្វើយ៉ាងណា ឲ្យមានតុល្យភាពនៃការការពារសម្រាប់ពលករចំណាកស្រុក ជាមួយនឹងតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច។ និយាយដោយឡែក សម្រាប់ប្រទេសកម្ពុជា ដែលត្រូវបានធនាគារពិភពលោក ចាត់ចូលជាប្រទេសដែលមានសមត្ថភាពទាប គួរបន្តពិចារណា ថាតើការចំណាកស្រុកអាចស៊ីគ្នានឹងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងណា គួរសំរិតសំរាំងកម្មវិធីបែបណា ដើម្បីធ្វើឲ្យការចំណាយសម្រាប់ចេញទៅធ្វើការនៅក្រៅប្រទេសអស់កម្រៃតិច និងផ្លូវការជាង ហើយគួរបង្កើតទំនាក់ទំនងជាមួយនឹងពលករនៅទីនោះ ដើម្បីសម្របសម្រួលការផ្ទេរចំណេះដឹងនិងទុនដែលមាន៕
Subscribe to:
Post Comments (Atom)
1 comment:
កម្ពុជាជាប់លេខអាម៉ាស់ជាងគេ នៅគ្រប់វិស័យទាំងអស់។
Post a Comment