Tuesday, 24 October 2017

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ព្រមាន​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា​ បើ​មិន​ដោះលែង​លោក កឹម សុខា


ដោយ មួង ណារ៉េត
2017-10-24 

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផ្ដល់​បទសម្ភាសន៍​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផ្ដល់​បទសម្ភាសន៍​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA/Brach Chev



សមាជិក​ព្រឹទ្ធសភា​អាមេរិក និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី មួយ​រូប បាន​ដាក់​ឱសានវាទ​ឲ្យ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ឲ្យ​បាន​ជា​ប្រញាប់ បើ​មិន​ដូច្នេះ​ទេ សហរដ្ឋអាមេរិក នឹង​ដាក់​ទណ្ឌកម្ម លើ​មន្ត្រី​រដ្ឋាភិបាល​មិន​ឲ្យ​ចូល​អាមេរិក។ ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​មិន​ព្រួយបារម្ភ​រឿង​ដាក់​ទណ្ឌកម្ម​នេះ​ទេ ព្រោះ​មិនមែន​ជា​អ្វី ដែល​ជា​អាទិភាព​របស់​រដ្ឋាភិបាល ស្រប​ពេល​ដែល​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង មិន​ចង់​ឃើញ​ការ​ដាក់​ទណ្ឌកម្ម​ណាមួយ ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​ពលរដ្ឋ​ទូទៅ​នោះ​ទេ។



ការ​ព្រមាន​ដាក់​ឱសានវាទ​នេះ ធ្វើឡើង​តាមរយៈ​សារលិខិត​មួយ​ច្បាប់ របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មកពី​គណបក្ស​សាធារណៈ​លោក ថិត គ្រូស (Ted Cruz) ដែល​ផ្ញើ​ជូន​ទៅ​អគ្គរាជទូត​ខ្មែរ​ប្រចាំ​សហរដ្ឋអាមេរិក​លោក ជុំ ប៊ុនរ៉ុង។ នៅ​ក្នុង​សារលិខិត​ចុះ​ថ្ងៃ​ទី២៣ ខែ​តុលា លោក ថិត គ្រូស ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន រហូតដល់​ត្រឹម​ថ្ងៃទី៩ ខែ​វិច្ឆិកា ដើម្បី​ដោះលែង​លោក កឹម សុខា។ លោក ថិត គ្រូស ដែល​មាន​ដើមកំណើត​កាណាដា ព្រមាន​បន្ថែម​ថា ទំនាក់ទំនង​របស់​សហរដ្ឋអាមេរិក និង​កម្ពុជា​នា​ពេល​កន្លងមក​ប្រព្រឹត្ត​ទៅ​បាន ក៏ដោយ​សារ​ឈរ​លើ​ស្មារតី នៃ​លទ្ធិ​ប្រជាធិបេតយ្យ សេរី និង​ការបោះឆ្នោត​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​មួយ​បាន។ ប៉ុន្តែ ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា បិទ​ក្រុម​ឯករាជ្យ ដែល​ឃ្លាំមើល​ស្ថានការណ៍​បោះឆ្នោត បិទ​អង្គការ​សិទ្ធិមនុស្ស បិទ​ស្ថានីយ​វិទ្យុ​ជាច្រើន និង​ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ​ដូច្នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹមតែ កំពុងតែ​បំផ្លាញ​ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ លោក ហ៊ុន សែន កំពុងតែ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​ផង​ដែរ។

លោក ថិត គ្រូស បញ្ជាក់​បន្ថែម​ថា ប្រសិនបើ​លោក ហ៊ុន សែន មិន​ដោះលែង​លោក កឹម សុខា ត្រឹម​ថ្ងៃទី៩ ខែ​វិច្ឆិកា​ខាងមុខ​នេះ លោក​នឹង​សមាជិកសភា​អាមេរិក​ដទៃ​ទៀត នៅ​ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នឹង​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​មន្ត្រី​មួយ​ចំនួន ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក​បុក​ម្នេញ​សំឡេង​ប្រឆាំង​នេះ ដោយ​ហាមឃាត់ មិន​ឲ្យ​ធ្វើដំណើរ​មកកាន់​ទឹកដី​សហរដ្ឋអាមេរិក​បាន។

ឆ្លើយតប​ទៅ​នឹង​លិខិត​ព្រមាន​នេះ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា មិន​ចាប់អារម្មណ៍​នោះ​ឡើយ ដោយ​អះអាង​ថា ប្រជាជន​កម្ពុជា​មាន​សិទ្ធិ​សម្រេច​ជោគវាសនា​ប្រទេស​ខ្លួន​ដោយ​ខ្លួនឯង ដោយ​មិន​ត្រូវ​ឲ្យ​បរទេស​មក​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​បាន​នោះ​ទេ។ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា​នេះ ថា រដ្ឋាភិបាល​កម្ពុជា មិន​ចាត់​ទុក​ការ​គំរាម​ដាក់ទណ្ឌកម្ម​នេះ ថា​ជា​ចំណុច​អាទិភាព​នោះ​ឡើយ។ លោក​បញ្ជាក់​ថា ករណី​លោក កឹម សុខា ទុក​ឲ្យ​តុលាការ​ជា​អ្នកចាត់ការ​តាម​ផ្លូវ​ច្បាប់ ព្រោះ​លោក​សម្អាង​ថា មាន​ភស្តុតាង​គ្រប់គ្រាន់ ដែល​បញ្ជាក់​ថា លោក កឹម សុខា ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ដោយ​ឃុបឃិត​ជាមួយ​បរទេស ដូចជា​សហរដ្ឋអាមេរិក​នេះឯង។ នៅ​ពេល​ដែល​អាស៊ីសេរី​សួរ​ថា បើ​រដ្ឋាភិបាល​គោរព​សមត្ថកិច្ច និង ឯករាជ្យភាព​របស់​ប្រព័ន្ធ​តុលាការ ហេតុអ្វី​បានជា​ប្រមុខ​រដ្ឋាភិបាល ហ៊ាន​អាកាត់ និង​សម្រេច​ទោស​លោក កឹម សុខា ជាមុន​នឹង​ច្បាស់ ៩៩% ភាគរយ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​រំលាយ​ឲ្យ​ខាង​តែ​បាន លោក ផៃ ស៊ីផាន ឆ្លើយ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​សមាជិកសភា​មួយ​រូប​នឹង​គេ​ដែរ ដូច្នេះ​គាត់​មាន​សិទ្ធិ​និយាយ។

ទោះបី​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ចាត់ទុកថា ការ​ដាក់ទណ្ឌកម្ម​ណាមួយ ពី​រដ្ឋាភិបាល​បរទេស គ្មាន​ប្រសិទ្ធភាព ព្រោះ​វា​ជា​ការ​លូកលាន់​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ដែល​ជា​រដ្ឋ​អធិបតេយ្យ យ៉ាង​ណា​ក្តី លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ផ្ទុយ​ពី​នេះ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា​ចំណាត់​ការ​ដាក់ទណ្ឌកម្ម​នេះ មាន​ឥទ្ធិពល​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ងាក​មក​ពិចារណា​ការប្រព្រឹត្តិ​របស់​ខ្លួន​ឯង​វិញ៖ «ទណ្ឌកម្ម​នេះ នឹង​មាន​ប្រសិទ្ធភាព ព្រោះ​ការ​បិទ​ទិដ្ឋាការ​មន្ត្រី​រដ្ឋាភិបាល​កន្លង​មក អាមេរិក​ធ្លាប់​ធ្វើ​រួចហើយ»។

ប៉ុន្តែ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ឯណោះ​វិញ បើ​ទោះ​បី​ជា​ចង់​រក​ដំណោះស្រាយ ឲ្យ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​វិលត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ​ឆាប់ៗ​យ៉ាង​ណា​ក្ដី ក៏​លោក​ចង់​ឲ្យ​រដ្ឋាភិបាល​ភ្ញាក់ខ្លួន និង​កែខ្លួន​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​មានការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ​ទេ។ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក អេង ឆៃអ៊ាង ដែល​កំពុង​មាន​វត្តមាន​នៅ​ក្រៅ​ប្រទេស​នៅ​ឡើយ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី២៤ ខែ តុលា នេះ ថា បើ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ម្ល៉េះ​សម​នឹង​គ្មាន​សម្ពាធ​នៃ​ការ​ដាក់​ទណ្ឌកម្ម​ដូច្នេះ​នោះ​ទេ៖ «គណបក្ស​សង្គ្រោះជាតិ មិន​ចង់​ឲ្យ​ប្រទេស​កម្ពុជា និង​ជនជាតិ​ខ្មែរ​នៅ​ក្នុង​គណបក្ស​ណាមួយ រង​ទណ្ឌកម្ម​ពី​បណ្ដា​ប្រទេស​នានា​នោះ​ទេ។ យើង​ចង់​ឲ្យ​ខ្មែរ​ដោះស្រាយ​បញ្ហា​តាម​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស»។

លោក ថិត គ្រូស ជា​សមាជិក​ព្រឹទ្ធសភា​ទី​បី​ហើយ ដែល​បាន​ព្រមាន​ចាត់វិធានការ ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា ដោយសារតែ​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង។ កាលពីដើម​ខែ​តុលា សមាជិក​សភា​ពីរ​រូប​ទៀត គឺ​លោក ចន ម៉ាកខេន (John McCain) និង​លោក ឌិក ឌើប៊ិន (Dick Durbin) បាន​ស្នើ​សេចក្ដី​សម្រេច ដើម្បី​រក​ដំណោះស្រាយ​ជុំវិញ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នោះ ដោយ​ស្នើ​ឲ្យ​សភា​អាមេរិក សម្រេច​ថ្កោលទោស រាល់​ទម្រង់​នៃ​ការ​រំលោភបំពាន​ផ្នែក​នយោបាយ និង​ទាមទារ​ឲ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ជាបន្ទាន់។ សេចក្ដី​សម្រេច​ដែល​មាន​កម្រាស់ ៨​ទំព័រ ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​ទាំង​ពីរ​រូប ដាក់​ជូន​ក្នុង​កិច្ចប្រជុំ​សភា​ពេញ​អង្គ​លើក​ទី១១៥ កាលពី​ថ្ងៃ​ទី​៣ ខែ តុលា ដោយ​ផ្ដោត​សំខាន់​លើ ៨ ចំណុច ដោយ​ទាមទារ​ឲ្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក សហការ​គ្នា​ជាមួយ​ការិយាល័យ​ត្រួតពិនិត្យ​ទ្រព្យសម្បត្តិ​បរទេស នៃ​នាយកដ្ឋាន​រតនាគារ ពិចារណា​ដាក់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទាំងឡាយ​ណា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ខាងលើ ឲ្យ​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ជន​ដែល​គ្រោះថ្នាក់ ត្រូវ​បង្កក​ទ្រព្យសម្បត្តិ និង​ហាមឃាត់​​ចូល​ទឹកដី​អាមេរិក​នេះ​ដែរ។

ចំណែក​ឯ​សមាជិកសភា​អឺរ៉ុប និង​ជា​អនុប្រធាន អនុ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​សហភាព​អឺរ៉ុប អ្នកស្រី បាបារ៉ា ឡុចប៊ីល័រ (Barbara Lochbihler) កាលពី​ថ្ងៃទី​២០ តុលា កន្លង​ទៅ​នេះ លើក​ឡើង​ថា​សហភាព​អឺរ៉ុប កំពុង​ពិចារណា​ដាក់ទណ្ឌកម្ម​ដោយ​ផ្ទាល់ ឬ​អាច​ឈាន​ដល់​ការ​ឈប់​លើកលែង​ការ​អនុគ្រោះ សម្រាប់​ការ​នាំ​ទំនិញ​កម្ពុជា ចូល​ទីផ្សារ​ដ៏​ធំ​របស់​សហភាព​អឺរ៉ុប​ទៀត​ផង។

ជា​ចុងក្រោយ លោក ថិត គ្រូស ក៏​ព្រមាន​រដ្ឋាភិបាល អំពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដូច​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​សំលៀកបំពាក់​ទៅ​ក្រៅ​ប្រទេស ដែល​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ជួយ​យ៉ាង​ច្រើន​ដល់​កម្ពុជា ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច មនុស្សធម៌ និង​ការ​បោះឆ្នោត​ដែល​អាច​ទុក​ចិត្ត​បាន​នៅ​កម្ពុជា៕

No comments: