Wednesday, 11 October 2017
តំណាងរាស្ត្រគណបក្សកាន់អំណាចស្នើបង្កើតមាត្រាថ្មីដើម្បីបែងចែកអាសនៈសភារបស់គណបក្សដែលត្រូវរំលាយចោល
11 តុលា 2017
កាន់ វិច្ឆិកា
voa
រូបឯកសារ៖ លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ អង្គុយជាមួយលោក ងួន ញិល អនុប្រធានរដ្ឋសភាជាតិ នៅក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី៦និតិកាលទី៥ ដែលគ្មានតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិណាមួយចូលរូម នៅវិមានរដ្ឋសភា កាលពីថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
តំណាងរាស្ត្រគណបក្សកាន់អំណាចស្នើបង្កើតមាត្រាថ្មីដើម្បីបែងចែកអាសនៈសភារបស់គណបក្សដែលត្រូវរំលាយចោល ប៉ុន្តែក្រុមអ្នកឃ្លាំមើលនយោបាយយល់ថា សំណើនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។
ភ្នំពេញ —
ក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានបញ្ជូនសេចក្តីស្នើសេចក្តីព្រាងច្បាប់មួយចំនួនទៅកាន់រដ្ឋសភាជាតិ ដោយបង្កើតឱ្យមានមាត្រាថ្មីបន្ថែមទៀតក្នុងការបែងចែកអាសនៈរបស់គណបក្សមានសំឡេងក្នុងរដ្ឋសភា ទៅឲ្យគណបក្សផ្សេងៗទៀតនៅពេលគណបក្សនោះត្រូវបានរំលាយចោល។ ក្រុមអ្នកឃ្លាំមើលស្ថានការណ៍សង្គម និងនយោបាយយល់ថា សំណើវិសោធនកម្មច្បាប់របស់គណបក្សកាន់អំណាចនេះនឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ជាពិសេសនឹងធ្វើឲ្យស្ថានភាពសង្គមកម្ពុជាឈានទៅរកការបែកបាក់។
ស្របពេលដែលតុលាការកំពូលកំពុងធ្វើការលើបណ្តឹងសុំរំលាយគណបក្សជំទាស់ ក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាចបានដាក់សេចក្តីស្នើសេចក្តីព្រាងវិសោធនកម្មច្បាប់ចំនួនបួនទៅកាន់រដ្ឋសភា ដោយស្នើឲ្យមានការបែងចែកអាសនៈសភារបស់គណបក្សនយោបាយទៅឲ្យគណបក្សផ្សេងៗទៀត បើគណបក្សនោះត្រូវរំលាយ ឬរលាយ។ នេះបើយោងតាមការឱ្យដឹងរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងអ្នកនាំពាក្យរដ្ឋសភានៅថ្ងៃអង្គារ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សប្រឆាំង ដែលកំពុងស្នាក់នៅសហរដ្ឋអារិក បានបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដោយបង្ហាញនូវសេចក្តីស្នើសេចក្តីព្រាងច្បាប់មួយចំនួនដែលមានហត្ថលេខារបស់លោក ប៉ែន បញ្ញា និងលោក ជាម យៀប ជាតំណាងក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា។ លោកបានសរសេរភ្ជាប់ជាមួយសេចក្តីស្នើសេចក្តីព្រាងនោះថា សេចក្តីស្នើសុំវិសោធនកម្មច្បាប់ចំនួនបួនរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានទៅដល់រដ្ឋសភាហើយ ហើយថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រជុំសម្រេចចាត់នីតិវិធីនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ដែលជាថ្ងៃសភាបើកបវេសមកាលរបស់ខ្លួន។
រូបឯកសារ៖ លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ស្ថានការណ៍នយោបាយបច្ចុប្បន្ននៅកម្ពុជា នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិក្នុងទីក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
អនុប្រធានគណបក្សជំទាស់រូបនេះក៏បានបញ្ជាក់ក្នុងសារដែលបង្ហោះនៅថ្ងៃអង្គារនេះថា ច្បាប់ចំនួនបួនដែលក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាចស្នើទៅរដ្ឋសភាដើម្បីធ្វើវិសោធនកម្មនោះមានដូចជា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ។
លោក អេង ឆៃអ៊ាង បានសរសេរបន្ថែមក្នុងន័យដើមថា៖
«ខ្លឹមសារនៃការសុំធ្វើវិសោធនកម្មច្បាប់ទាំងបួននេះគឺយកអាសនៈរបស់គណបក្សដែលត្រូវរំលាយដោយតុលាការ ទៅចែកឲ្យគណបក្សផ្សេងៗតាមរូបមន្តសមាមាត្រដែលចែងក្នុងច្បាប់ទាំងបួនខាងលើ»។
សេចក្តីស្នើសេចក្តីព្រាងធ្វើវិសោធនកម្មនេះ ធ្វើឡើងខណៈដែលក្រសួងមហាផ្ទៃបានដាក់ពាក្យបណ្តឹងទៅតុលាការកំពូល សុំឲ្យរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សមានសំឡេង៥៥ លើ១២៣ក្នុងរដ្ឋសភា ដោយចោទថា គណបក្សនេះឃុបឃិតជាមួយបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ ការប៉ុនប៉ងរំលាយគណបក្សជំទាស់ដ៏ធំនៅកម្ពុជានេះត្រូវបានគេមើលឃើញថា ជាការទាញឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ក្នុងភាពងងឹត។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា រដ្ឋសភាបានទទួលសេចក្តីស្នើច្បាប់ទាំងនោះពីក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃចន្ទ និងកំពុងពិភាក្សាដើម្បីដាក់ចូលទៅក្នុងការប្រជុំរដ្ឋសភានាថ្ងៃទី១២ ខែតុលាខាងមុខ។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់លម្អិតពីសំណេរនៃសេចក្តីស្នើច្បាប់ទាំងនោះទេ ដោយលោកបានបង្វែរឲ្យ VOA សួរលោក ប៉ែន បញ្ញា និងលោក ជាម យៀប ដែលជាអ្នកដាក់សេចក្តីស្នើនោះវិញ។
លោក ឡេង ប៉េងឡុង មានប្រសាសន៍យ៉ាងដូច្នេះ៖
«យើងទទួលបានសេចក្តីស្នើច្បាប់ទាំងបួនហ្នឹងហើយ ហើយរៀបចំដាក់ប្រជុំអចិន្រ្តៃយ៍ក្នុងពេលឆាប់ៗហ្នឹងដែរ។ ខ្ញុំគ្រាន់តែធ្វើការងាររដ្ឋបាល ឥឡូវសូមសួរលោក ជាម យៀប ដែលជាអ្នកនយោបាយ និងជាអ្នកតំណាងសេចក្តីស្នើសេចក្តីព្រាងច្បាប់ហ្នឹង។ គាត់និយាយច្បាស់ជាង»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក ប៉ែន បញ្ញា និងលោក ជាម យៀប តំណាងរាស្ត្រគណបក្សកាន់អំណាចបានទេ រហូតដល់ល្ងាចថ្ងៃអង្គារនេះ។
ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យ និងជាតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានច្រានចោលព័ត៌មានពាក់ព័ន្ធនឹងសេចក្តីស្នើសេចក្តីព្រាងច្បាប់នេះ ដោយលោកអះអាងថា ជារឿងមិនពិត។
លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តត្បូងឃ្មុំ មិនធ្វើអត្ថាធិប្បាយលម្អិតអំពីការយល់ឃើញលើសេចក្តីស្នើសេចក្តីព្រាងនេះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា៖
«បើសិនជាយើងវិភាគផ្លូវច្បាប់ ធម្មតាច្បាប់ធ្វើថ្ងៃហ្នឹងគេសម្រាប់អនុវត្តពីថ្ងៃហ្នឹងទៅថ្ងៃមុខ វាអត់ធាក់ថយក្រោយទេ។ ប៉ុន្តែធម្មតាក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ធ្វើអីក៏អាចធ្វើបានដែរ ព្រោះវាជាអាណាចក្រអច្ឆរិយៈ ធ្វើអីក៏អច្ឆរិយៈដែរ»។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍សង្គម និងនយោបាយយល់ថា សំណើវិសោធនកម្មច្បាប់ដែលធ្វើឡើងដោយគណបក្សកាន់អំណាច ដើម្បីបែងចែកអាសនៈរបស់គណបក្សដែលត្រូវរំលាយចោល ហើយយកទៅឲ្យគណបក្សផ្សេងៗទៀតនោះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ជាពិសេសនឹងធ្វើឲ្យស្ថានភាពសង្គមកម្ពុជាឈានទៅរកការបែកបាក់។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និងជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា លើកឡើងថា សំឡេងរបស់គណបក្សប្រឆាំងទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ៤៥ភាគរយ ដូច្នេះលោកថា ប្រសិនបើដំណើរការនៃការធ្វើសេចក្តីព្រាងច្បាប់នេះសម្រេចទៅមុខ នោះកម្ពុជានឹងរងវិបត្តិផ្នែកសេដ្ឋកិច្ច និងនយោបាយយ៉ាងធ្ងន់ធ្ងរនាពេលខាងមុខ។
លោក ឯម សុវណ្ណារ៉ា បញ្ជាក់ថា៖
«ការព្រាងនេះទៀតសោត វាមិនឆ្លើយតបទៅនឹងការចង់បានរបស់មតិពលរដ្ឋដែលគាំទ្រគណបក្សប្រឆាំង និងមតិអន្តរជាតិដែលគាំទ្រគណបក្សក្រៅរដ្ឋាភិបាលហ្នឹងទេ។ ខ្ញុំគិតថា នេះជាចំណុចមួយដែលធ្វើឲ្យបញ្ហាប្រឈមទៅថ្ងៃខាងមុខ កម្ពុជាអាចប្រឈមនឹងភាពមិនបានទទួលការគាំទ្រពីសហគមន៍អន្តរជាតិទេ ហើយអីចឹង បញ្ហានេះកម្ពុជានឹងរងផលប៉ះពាល់លើវិស័យសេដ្ឋកិច្ច និងស្ថិរនយោបាយហើយ ហើយវាអាចជួបនឹងវិបត្តិនៅថ្ងៃអនាគត»។
លោក ឯម សុវណ្ណារ៉ា បន្ថែមថា រដ្ឋាភិបាលគួរតែធ្វើការស្នើកែប្រែច្បាប់ណាមួយដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសពីតំណាងគណបក្សនយោបាយ និងសង្គមស៊ីវិល ដើម្បីធានាថា ច្បាប់នោះបង្កើតឡើងដោយមានតម្លាភាព និងផ្តល់ប្រយោជន៍ឲ្យសង្គមជារួម។
រូបឯកសារ៖ តំណាងរាស្ត្រចូលរួមកិច្ចប្រជុំនៅវិមានសភាជាតិកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។
ចំណែកលោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច យល់ថា ការបែងចែងអាសនៈរបស់គណបក្សណាមួយទៅគណបក្សផ្សេង គឺជាការបែងចែកដែលខុសពីគោលការណ៍ច្បាប់ និងខុសពីឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
លោក សំ គន្ធាមី បញ្ជាក់ថា៖
«យើងយកអាសនៈគេទៅបែងចែកឲ្យគណបក្សផ្សេង សម្លឹងមើលថា វាខុសពីឆន្ទៈអ្នកបោះឆ្នោត អ្នកគាំទ្រហើយ ព្រោះអីធម្មតាអ្នកបោះឆ្នោតគាត់ពេញចិត្តគណបក្សហ្នឹងបានគាត់បោះឆ្នោតឲ្យ ហើយដល់អីចឹងយើងយកសន្លឹកឆ្នោតឲ្យគណបក្សផ្សេងទៀត វាខុសឆន្ទៈអ្នកបោះឆ្នោត»។
ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧មក ក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាចបានស្នើធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយចំនួនពីរលើក ទៅតាមការបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយលើកទីមួយ កាលពីខែកុម្ភៈកន្លងទៅ បានកំណត់ថា មេដឹកនាំគណបក្សនយោបាយត្រូវតែជាជនគ្មានទោសពៃរ៍។ វិសោធនកម្មនាពេលនោះធ្វើឲ្យមានការផ្លាស់ប្ដូររចនាសម្ព័ន្ធដឹកនាំរបស់គណបក្សប្រឆាំង និងបង្ខំឲ្យលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លាលែងពីតំណែងជាប្រធានគណបក្សមួយនេះ។
វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយលើកទី២ ដែលបានស្នើកាលពីដើមខែកក្កដាកន្លងទៅនេះ បានកំណត់ថា គ្រប់គណបក្សនយោបាយទាំងអស់នឹងត្រូវរំលាយចោល ប្រសិនបើមានទំនាក់ទំនងជាមួយបុគ្គលដែលជាប់ពាក់ព័ន្ធនឹងបទល្មើសមជ្ឈិម ឬបទឧក្រិដ្ឋណាមួយ។ វិសោធនកម្មលើកទីពីរនេះកំពុងធ្វើឲ្យគណបក្សសង្គ្រោះជាតិត្រូវប្រឈមនឹងការរំលាយ បន្ទាប់ពីប្រធានគណបក្សប្រឆាំងគឺលោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារ ពាក់ព័ន្ធនឹងការចោទពីបទក្បត់ជាតិ។
នារសៀលថ្ងៃអង្គារនេះ ក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិក៏បានចេញសេចក្តីថ្លែងការណ៍មួយប្រកាសថា តំណាងរាស្រ្តចំនួន២៤រូបដែលកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា នឹងមិនចូលរួមប្រជុំក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នោះទេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment