Saturday, 7 October 2017
អ្នកច្បាប់ថា គ្មានមូលដ្ឋានរំលាយបក្សប្រឆាំងហើយថានេះជារឿងនយោបាយ
ដោយ ទីន ហ្សាការីយ៉ា
2017-10-06
លោកមេធាវី ហុង គឹមសួន ជាសមាជិកនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាមេធាវីខាងដើមបណ្ដឹងរដ្ឋប្បវេណីនៃសាលាក្ដីខ្មែរក្រហម ថ្លែងក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២ មីនា ឆ្នាំ២០១៦។
Photo: RFA
ក្រសួងមហាផ្ទៃបានដាក់ពាក្យប្ដឹងទៅតុលាការកំពូលភ្លាមៗ ក្រោយពីទទួលពាក្យបណ្ដឹងពីគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា ដើម្បីសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ។ ក៏ប៉ុន្តែក្រុមអ្នកច្បាប់លើកឡើងថា ក្រសួងមហាផ្ទៃគួរតែពិចារណានិងស៊ើបអង្កេតឲ្យបានល្អិតល្អន់សិន មុននឹងទទួលយកបណ្ដឹងរបស់គណបក្សពីរដែលគ្មានអាសនៈនៅក្នុងសភា ដែលប្ដឹងសុំរំលាយគណបក្សប្រឆាំងដូច្នេះ។
ក្រុមអ្នកច្បាប់ពន្យល់ថា បណ្ដឹងរបស់ក្រសួងមហាផ្ទៃ មិនត្រូវតាមច្បាប់ និងគ្មានមូលដ្ឋានច្បាស់លាស់។ ហើយថាបើគណបក្សសង្គ្រោះជាតិត្រូវរំលាយមែននោះ ស្ថាប័នសភានិងរដ្ឋាភិបាលខ្លួនឯងក៏រលាយដែរ បើយោងតាមរដ្ឋធម្មនុញ្ញ។
មេធាវី ហុង គីមសួន ពន្យល់ថា ការដាក់ពាក្យប្ដឹងរបស់ក្រសួងមហាផ្ទៃទៅតុលាការកំពូល ដោយយោងលើបណ្ដឹងរបស់គណបក្សគ្មានសំឡេងនៅក្នុងសភា សុំរំលាយគណបក្សសង្គ្រោះ ហើយក្រសួងមហាផ្ទៃ ប្ដឹងទៅតុលាការកំពូលនេះ បើតុលាការរំលាយគណបក្សនេះចោលគឺ សមាជិកគណបក្សនិងអ្នកគាំទ្រត្រូវជាប់ទោសទាំងអស់។
ការលើកឡើងរបស់ក្រុមមេធាវីដូច្នេះ ធ្វើឡើងក្រោយពេលមេធាវីមួយក្រុមរបស់ក្រសួងមហាផ្ទៃចំនួន៥នាក់ បានដាក់ពាក្យប្ដឹងទៅតុលាការកំពូលកាលពីថ្ងៃទី៦ តុលា សុំរំលាយគណបក្សសង្គ្រោះជាតិ ពីបទឃុបឃិតនឹងបរទេស ដើម្បីរំលាយរដ្ឋាភិបាលកម្ពុជាជាដើម។
មេធាវីរបស់ក្រសួងមហាផ្ទៃមួយរូបក្នុងចំណោម៥រូប គឺ លោក គី តិច មានប្រសាសន៍ថា ការដាក់ពាក្យប្ដឹងនេះ ដោយផ្អែកលើការស្នើសុំរបស់គណបក្សនយោបាយចំនួនពីរ និងយោងលើមាត្រា៦ថ្មី មាត្រា៧ មាត្រា៣៨ និងមាត្រា៤៤ថ្មី នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលទើបធ្វើវិសោធនកម្ម។ លោក គី តិច អះអាងថា ការប្ដឹងរំលាយ គណបក្សប្រឆាំងនេះ មិនមែនជាប់ពាក់ព័ន្ធនឹងលោក កឹម សុខា ទេ គឺក្រសួងមហាផ្ទៃមានភស្តុតាង ដែលលោកបង្ហាញប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតថា ភស្តុតាងដែលរកឃើញនោះ មានឯកសារពីលេខរៀងទី១ ដល់លេខរៀងទី២១ ដែលរកឃើញពីចេតនាគណបក្សសង្គ្រោះជាតិ ត្រូវរ៉ូវជាមួយបរទេសមានបំណងផ្ដួលរំលំរដ្ឋាភិបាល។
មាត្រា៤៤ថ្មី (ពីរ) ចែងថា ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត គណបក្សនយោបាយដែលបានប្រព្រឹត្តិល្មើសនឹងមាត្រា៦ថ្មី(ពីរ) នៃច្បាប់នេះ និងមាត្រា៧នៃច្បាប់ស្ដីពីគណបក្សនយោបាយ តុលាការអាចសម្រេច ផ្អាកសកម្មភាពគណបក្សនយោបាយនោះមិនលើសពី ៥ឆ្នាំ ឬរំលាយគណបក្សនយោបាយនោះចោល។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុន្នីវណ្ណ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិគ្មានគម្រោងចង់ផ្ដួលរំលំរដ្ឋាភិបាលអ្វីទេ សូម្បីតែគិតក៏មិនដែលផង។ លោកបញ្ជាក់ថា គោលការណ៍គណបក្សសង្គ្រោះជាតិផ្លាស់ប្ដូររដ្ឋាភិបាលតាមរយៈការបោះឆ្នោតបែបប្រជាធិបតេយ្យ។ ចំពោះការចោទប្រកាន់របស់រដ្ឋាភិបាលវិញ លោកបញ្ជាក់ថា ស្ថានទូកសហរដ្ឋអាមេរិក ក៏បានចេញសេចក្ដីបំភ្លឺហើយដែរ ថាគ្មានពាក់ព័ន្ធ នឹងគណបក្សប្រឆាំងថា ចង់ផ្ដួលរំលំរដ្ឋាភិបាលនោះ។
អង្គការអន្តរជាតិចំនួនពីរអង្គការឃ្លាំមើលពិភពលោក Global Witness និង អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចេញសេចក្ដីថ្លែងការណ៍ថ្កោលរដ្ឋាភិបាលកម្ពុជាភ្លាមៗ ដែរនៅថ្ងៃទី៦ តុលា ក្រោយពីក្រសួងមហាផ្ទៃដាក់ពាក្យប្ដឹងរំលាយគណបក្សសង្គ្រោះជាតិនេះ។
អង្គការឃ្លាំមើលពិភពលោក Global Witness ប្រាប់ឲ្យអន្តរជាតិ ដាក់ទណ្ឌកម្មកម្ពុជា ដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន កំពុងប៉ុនប៉ងរំលាយគណបក្សប្រឆាំង។ មន្ត្រីផ្នែកយុទ្ធនាការ របស់អង្គការឃ្លាំមើលពិភពលោក អ្នកស្រី អែមម៉ា ប៊ើណែត (Emma Burnett) មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ ថា “ក្រុមអ្នកមានអំណាច និងមានទ្រព្យ ដែលជាជនពុករលួយ មួយក្ដាប់តូច រយៈពេលចុងក្រោយនេះ កំពុងប៉ុនប៉ងរំលាយគណបក្សប្រឆាំងនៅកម្ពុជា ដើម្បីបន្តក្រាញអំណាច និង រក្សាទ្រព្យសម្បត្តិ ដែលធ្វើឲ្យពលរដ្ឋរងទុក្ខទូទាំងប្រទេស។ សហគមន៍អន្តរជាតិ មិនអាចព្រងើយកន្តើយ និងឈរឱបដៃមើល ប្រទេសកម្ពុជា ដែលរអិលធ្លាក់ទៅក្នុងជ្រោះ នៃរបបផ្ដាច់ការបែបនេះបានទេ។ ដូច្នេះ ប្រទេសម្ចាស់ជំនួយ និងដៃគូពាណិជ្ជកម្មរបស់កម្ពុជា ត្រូវបង្ហាញឥទ្ធិពល ដើម្បីជួយអន្តរាគមន៍ក្នុងរឿងនេះ។
ចំពោះអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ក៏បានចេញសេចក្ដីថ្លែងការណ៍ អំពាវនាវឲ្យអន្តរជាតិ កាត់ផ្ដាច់ជំនួយ ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ដែរ។ នាយករងប្រចាំតំបន់អាស៊ីសេរី នៃអង្គការអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ហ្វីល រ៉ប៊ឺតសុន (Phil Robertson) ចាត់ទុកចំណាត់ការរបស់ក្រសួងមហាផ្ទៃ ដែលប៉ុនប៉ងរំលាយគណបក្សប្រឆាំង ថា ជាការធ្វើរដ្ឋប្រហាររបស់បុរសខ្លាំងលោក ហ៊ុន សែន ដែលកំពុងប្រែក្លាយខ្លួនទៅជាជនផ្ដាច់ការ ទាំងឥតអៀនខ្មាស។ លោក Phil Robertson បន្តទៀតថា ការប៉ុនប៉ងរំលាយគណបក្សប្រឆាំងដូច្នេះ គឺលោក ហ៊ុន សែន និងគណបក្សកាន់អំណាច កំពុងសម្លាប់ប្រជាធិបតេយ្យ ដោយការប្រែក្លាយការបោះឆ្នោតជាតិឆ្នាំ ២០១៨ ខាងមុខ ទៅជាឆាកកំប្លែងមួយ។
លោកបញ្ជាក់ថា ការចោទគណបក្សប្រឆាំង ថាដឹកនាំឲ្យមានចលនាបដិវត្តពណ៌ គឺជាការឃោសនា ផ្សព្វផ្សាយបោកបញ្ឆោតដើម្បីចំណេញនយោបាយ ធ្វើយ៉ាងណាដើម្បីបំពេញលេសរបស់ខ្លួន ក្នុងការបង្ក្រាបអ្នកដែលហ៊ានរិះគន់រដ្ឋាភិបាលតែប៉ុណ្ណោះ។ លោកថា ការប្រើប្រាស់តុលាការកំពូល ដើម្បីរំលាយគណបក្សប្រឆាំង គឺជាផែនការគិតទុកជាមុនរបស់គណបក្សកាន់អំណាច ព្រោះចៅក្រមតុលាការកំពូល នឹងសម្រេចអ្វីទៅតាមតែការចង់បានរបស់លោក ហ៊ុន សែន បញ្ជាប៉ុណ្ណោះ។
លោកមេធាវី សេក សុភណ្ឌ ឲ្យដឹងថា ការចោទប្រកាន់ណាមួយត្រូវមានអំណះអំណាង តាមផ្លូវច្បាប់ឲ្យបានច្បាស់។ លោកបញ្ជាក់ថា ក្រសួងមហាផ្ទៃត្រូវធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ជាងនេះ ព្រោះថា បើសិនជាការចោទប្រកាន់នោះជាប់ពាក់ព័ន្ធនឹងគណបក្សប្រឆាំងមែន។ក្រុមអ្នកច្បាប់អះអាងថា គណបក្សគ្មានសំឡេងក្នុងរដ្ឋសភា ប្ដឹងលោកចង់រំលាយគណបក្សសង្គ្រោះជាតិនេះ មិនអាចទៅរួចឡើយ ព្រោះថា បើតុលាការរំលាយគណបក្សប្រឆាំងមែនតាមបណ្ដឹងនោះមែន មានន័យថា ស្ថាប័នសភា ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ក៏រលាយដែរ ដោយហេតុថា រដ្ឋធម្មនុញ្ញបានចែងអំពីការមិនអាចរំលាយសភាបាន។ បើសិនជារំលាយគណបក្សសង្គ្រោះជាតិ ស្ថាប័នសភាដែលកើតចេញពីគណបក្សទាំងពីរគឺត្រូវរលាយដូចគ្នា។
លោក មេធាវី ហុង គីមសួន ពន្យល់ថា បើសិនជាតុលាការកំពូលរំលាយគណបក្សប្រឆាំងមែន មិនមែនមានន័យថា គណបក្សប្រឆាំងតែ១ ត្រូវបាត់បង់អាសនៈនៅក្នុងសភា និងក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ ក្រុង រាជធានី ខេត្ត នៅទូទាំងប្រទេសប៉ុណ្ណោះទេ សម្រាប់គណបក្សប្រជាជនកម្ពុជា ឬរដ្ឋាភិបាលវិញក៏ត្រូវរលាយដែរ ដោយយោងតាមរដ្ឋធម្មនុញ្ញនោះ។
រដ្ឋធម្មនុញ្ញមាត្រា៧៨ ចែងថា នីតិរបស់រដ្ឋសភាមានកំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីស្បថចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល១២ខែ។
អ្នកវិភាគនយោបាយលើកឡើងថា ក្រសួងមហាផ្ទៃប្រញាប់ប្រញាល់ដាក់ពាក្យប្ដឹងទៅតុលាការកំពូល ដើម្បីឲ្យរំលាយគណបក្សសង្គ្រោះជាតិនៅពេលនេះ មិនមែនហេតុផលគណបក្សសង្គ្រោះជាតិមានបំណងចង់ផ្ដួលរំលំរដ្ឋាភិបាលអ្វីទេ។ បញ្ហាសំខាន់គឺរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា មានការភ័យខ្លាចអំពីការចាញ់ការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខ ដូច្នេះគណបក្សកាន់អំណាចត្រូវតែផ្ដួលដៃគូនៅមុនពេលថ្ងៃប្រកួតមកដល់។
ទាក់ទងនិងបញ្ហានេះ តំណាងរាស្ត្រស និងសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក បញ្ជាក់ ថា បើសិនជារដ្ឋាភិបាល ឬតុលាការ នៅតែចាត់ការបណ្ដឹងនេះទាំងបំពានច្បាប់នោះ កម្ពុជានឹងមិនអាច ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ឆ្នាំ២០១៨ខាងមុខ តែឯកឯងបានទេ ព្រោះប្រទេសក្រីក្រមួយនេះ នៅតែត្រូវការកិច្ចគាំទ្រ ពីសហគមន៍អន្តរជាតិ។ ម្យ៉ាងទៀត ប្រសិនបើលោក ហ៊ុន សែន ចង់ឲ្យរដ្ឋាភិបាលរបស់ខ្លួនមានភាពស្របច្បាប់នោះ លោក ហ៊ុន សែន ត្រូវតែអនុវត្តគោលការណ៍ ប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានការចូលរួមប្រកួត ប្រជែងគ្រប់គណបក្សនយោបាយ។
អង្គការឃ្លាំមើលពិភពលោក Global Witness និង អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លើកឡើងប្រហាក់ប្រហែលគ្នាថា មធ្យោបាយល្អបំផុត គឺមានតែស្នើឲ្យប្រទេសជប៉ុន និងសហគមន៍អឺរ៉ុប កាត់ផ្ដាច់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសជាបន្ទាន់ ទៅដល់ការបោះឆ្នោត ដែលគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ម្យ៉ាងវិញទៀត មានតែការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះ ទើបអាចមានប្រសិទ្ធភាពខ្ពស់។ ប្រជាពលរដ្ឋជប៉ុន និងអឺរ៉ុប ត្រូវទាមទារឲ្យការចំណាយរបស់ខ្លួន មិនត្រូវបានផល ដល់ការជួយឲ្យជនផ្ដាច់ការ បន្តកាន់អំណាចនៅកម្ពុជានោះឡើយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment