Thursday, 5 October 2017
ការចរចាដំឡើងប្រាក់ឈ្នួលត្រូវបានបិទបញ្ចប់ទោះភាគីពាក់ព័ន្ធមិនឯកភាពទាំងស្រុង
ដោយ អាស៊ីសេរី
2017-10-03
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយកម្មកររោងចក្រនៅសួនឧស្សាហកម្មវឌ្ឍនៈ២ នារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ សីហា ឆ្នាំ២០១៧។
Photo courtesy of PM Hun Sen's Facebook page
ការចរចាដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៨ ដល់កម្មករនិយោជិក ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែងជើង រវាងក្រុមការងារបច្ចេកទេសត្រីភាគី បានបិទបញ្ចប់ហើយ កាលពីថ្ងៃទី៣ ខែតុលា បើទោះបើជាគូភាគីពាក់ព័ន្ធ មិនទាន់បានឯកភាពគ្នាទាំងស្រុងទៅលើតួលេខប្រាក់ខែគោលយ៉ាងណាក៏ដោយ។
លិខិតរបស់ក្រុមការងារបច្ចេកទេសត្រីភាគីកាលពីថ្ងៃទី៣ តុលា ឱ្យដឹងថា ការចរចាលើកចុងក្រោយនេះ ភាគីសហជីពបានព្រមទម្លាក់តួលេខមកនៅត្រឹម ១៧០ដុល្លារ ចំណែកភាគីខាងនិយោជកបានដំឡើងដល់ ១៦២ដុល្លារ ខណៈភាគីរាជរដ្ឋាភិបាលសម្របសម្រួលយក១៦៥ដុល្លារ។ ដោយសារមិនទាន់មានភាពត្រូវរ៉ូវគ្នាបែបនេះ ភាគីយោជកស្នើសុំរដ្ឋាភិបាលព្យួរទុកការបង់ពន្ធលើប្រាក់ចំណេញសម្រាប់រយៈពេល០៥ឆ្នាំ កាត់បន្ថយកម្រៃគ្រប់គ្រង់ការនាំចេញEMF ចំនួនពាក់កណ្ដាល កាត់បន្ថយកម្រៃត្រួតពិនិត្យកាំកុងត្រូល និងពង្រឹងការអនុវត្តច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព នោះមួយឡែកសិន។
ទន្ទឹមនឹងគ្នានេះ ភាគីខាងសហជីព សន្យាថា នឹងធ្វើសំណើជាឯកតោភាគីទៅកាន់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្ដាប្រទេសដទៃផ្សេងទៀត ព្រមទាំងផ្ញើទៅកាន់ម្ចាស់ម៉ាកឲ្យបង្កើនការបញ្ជាទិញពីកម្ពុជា។
បើទោះជាយ៉ាងណា កាលពីពេលថ្មីៗ នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសធានាអះអាងថា នៅឆ្នាំ២០១៨ ខាងមុខនេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិក ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែងជើង នឹងចាប់ផ្ដើមពី១៦៨ ដុល្លារ ឡើងទៅ ខណៈដែលឆ្នាំ២០១៧នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ មានចំនួនទាបបំផុត ១៥៣ដុល្លារ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment