Thursday, 26 October 2017
អ.ស.បកំពុងសិក្សាលើខ្លឹមសារលិខិតស្នើកោះប្រជុំប្រទេសហត្ថលេខី២៣តុលា
ដោយ មាន ឫទ្ធិ
2017-10-25
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ថ្លែងក្នុងកិច្ចប្រជុំ កាលពីខែតុលា ឆ្នាំ២០១៦។
Photo courtesy of UN.ORG
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅបូរីញ៉ូវយ៉ក (New York) បញ្ជាក់ឲ្យអាស៊ីសេរី ដឹងតាមសារអេឡិចត្រូនិក កាលពីថ្ងៃទី២៥ ខែតុលា ថា ការិយាល័យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) បានទទួលលិខិតចំហរបស់អង្គការមិនមែនរដ្ឋាភិបាលចំនួន ៥៥រួចហើយ។ អង្គការទាំងនេះ បានរួមគ្នាស្នើឲ្យមានការកោះប្រជុំបន្ទាន់មួយជាលក្ខណៈអន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរនៅកម្ពុជាបច្ចុប្បន្ន។
មន្ត្រីនាំពាក្យរងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក ហ្វារហាន អាហ្ស៊ីស ហាក (Farhan Aziz Haq) បញ្ជាក់ថា បច្ចុប្បន្ន ការិយាល័យរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ កំពុងសិក្សាលើខ្លឹមសារនៃលិខិតចំហមួយនេះ មុននឹងឈានទៅសម្រេចថា នឹងត្រូវចាត់វិធានការបន្ទាប់យ៉ាងណានោះ។ លោកបដិសេធមិនផ្ដល់អត្ថាធិប្បាយលម្អិតជុំវិញបញ្ហានេះឡើយ។
អាស៊ីសេរី បានផ្ញើសារអេឡិចត្រូនិក សួរប្រទេសដែលជាសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី២៤ តុលា ប៉ុន្តែមកទល់ថ្ងៃទី២៥ តុលា ប្រទេសទាំងពីរនៅមិនទាន់ឆ្លើយតបការស្នើសុំរបស់អង្គការទាំង ៥៥នេះនៅឡើយទេ។
អង្គការអន្តរជាតិធំៗចំនួន ៥៥ កាលពីថ្ងៃទី២៣ ខែតុលា បានរួមគ្នាសរសេរលិខិតចំហចំទិវាខួបលើកទី២៦ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ស្នើអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស ព្រមទាំងប្រធានាធិបតីប្រទេសដែលជាសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺប្រទេសឥណ្ឌូនេស៊ី និងប្រទេសបារាំង ឲ្យកោះប្រជុំជាបន្ទាន់មួយ ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនយោបាយនៅកម្ពុជាបច្ចុប្បន្ន។
ក្នុងលិខិតចំហនោះ អង្គការអន្តរជាតិទាំង ៥៥ នេះ បានទទូចឲ្យសហប្រធាន និងប្រទេសម្ចាស់ហត្ថលេខីទាំងអស់នៃកិច្ចព្រមព្រៀងនេះ បំពេញកាតព្វកិច្ចដ៏សមស្របមួយរបស់ខ្លួន គឺកោះប្រជុំប្រទេសហត្ថលេខីទាំងអស់ជាបន្ទាន់ ដើម្បីដោះស្រាយស្ថានការណ៍រំលោភសិទ្ធិមនុស្ស រំលោភនីតិរដ្ឋ និងរំលោភប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ និងយ៉ាងគំហុកនៅកម្ពុជា។
គោលបំណងនៃការកោះប្រជុំឲ្យមានសន្និសីទអន្តរជាតិឡើងវិញនេះ គឺដើម្បីចាត់វិធានការរួមគ្នា ធ្វើយ៉ាងណាដាក់សម្ពាធឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ពិចារណាឡើងវិញ ចំពោះចំណាត់ការមកលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលផ្ទុយទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លិខិតបានដកស្រង់ជាពិសេស នូវខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះ ដោយសម្អាងលើមាត្រា២៩ ដែលចែងថា៖ «ដោយមិនធ្វើឲ្យប៉ះពាល់ដល់បុព្វសិទ្ធិរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយយោងតាមសំណើរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ សហប្រធានទាំងពីរ នៃសន្និសីទប៉ារីសស្ដីពីកម្ពុជា ក្នុងករណីដែលមានការរំលោភ ឬគំរាមកំហែងនឹងមានការរំលោភដល់កិច្ចព្រមព្រៀងនេះ នឹងត្រូវធ្វើការពិគ្រោះគ្នាដ៏សមស្របជាបន្ទាន់ រាប់ទាំងជាមួយបណ្ដាសមាជិកសន្និសីទក្រុងប៉ារីសស្ដីពីកម្ពុជា ដើម្បីចាត់វិធានការសមស្របធានាដល់ការគោរពការសន្យាទាំងនេះ»។
លិខិតដដែលក៏បានគូសបញ្ជាក់ថា ការបោះឆ្នោតជាតិគ្រោងនឹងធ្វើនាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នឹងមិនមានឱកាសទទួលបាននូវភាពស្របច្បាប់ឡើយ ប្រសិនណាបើស្ថានភាពដូចបច្ចុប្បន្ននេះ នៅតែបន្តកើតមានឡើងជាដដែលនោះ។ លិខិតសង្កត់ធ្ងន់ៗថា ការណ៍នេះ តម្រូវឲ្យមាននូវជំហានជាដំណោះស្រាយឆ្លើយតបប្រកបដោយឥទ្ធិពល ក្នុងការកែលម្អស្ថានការណ៍នេះ ដើម្បីឲ្យការបោះឆ្នោតនាពេលខាងមុខនេះ អាចចាត់ទុកថា បានធ្វើឡើងប្រកបដោយភាពត្រឹមត្រូវ មានការចូលរួម និងរាប់បញ្ចូលគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment