Thursday, 5 October 2017

អនុប្រធាន​បក្ស​ប្រឆាំង​ចោទ​រដ្ឋាភិបាល​ថា​កំពុង​ប្លន់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ជាង​៣​លាន​នាក់


ដោយ អាស៊ីសេរី
2017-10-03

អ្នកស្រី មូរ សុខហួរ (ឆ្វេង​កាន់​មេក្រូ) អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ និងតំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រឆាំង ជួបជុំ​នៅ​ជិត​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ​២០១៧។
អ្នកស្រី មូរ សុខហួរ (ឆ្វេង​កាន់​មេក្រូ) អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ និងតំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រឆាំង ជួបជុំ​នៅ​ជិត​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ​២០១៧។
RFA/Saut Sokprathna



អនុប្រធាន​បក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខ​ហួរ ចោទ​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​កំពុងតែ​រៀបចំ​សេណារីយ៉ូ ដើម្បី​ជាន់​ឈ្លី​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ជាង ៣​លាន​នាក់ ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៣ និង​ការបោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​២០១៧ នេះ។ អ្នកស្រី​ថ្លែង​ដូច្នេះ ខណៈ​ដែល​អ្នកស្រី និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់ រួម​នឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លេចធ្លោ​មួយ​ចំនួន​ទៀត កំពុង​បន្ត​ភៀសខ្លួន​ពី​ប្រទេស​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​មួយ​រយៈ ដើម្បី​បញ្ចៀស​ពី​ការ​ចាប់​ខ្លួន ដោយ​ករណី​ណាមួយ ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​កំពុងតែ​ធ្វើ​ទុក​បុក​ម្នេញ​ឥត​ស្រាកស្រាន្ត​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ កាន់តែ​ខិត​ជិត​មកដល់។



អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ឲ្យ​ដឹង​ថា គិត​មក​ទល់​ពេល​នេះ មាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​យ៉ាង​ហោច​ណាស់​ជិត ២០ រូប​ហើយ ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កម្ពុជា ខណៈ​ក្រុម​មន្ត្រី​មួយ​ចំនួន​ទៀត កំពុង​ត្រៀម​នឹង​បន្ត​ចាកចេញ​ជា​បណ្តើរ​ៗ​បន្ថែម​ទៀត។

អ្នកស្រី​ថ្លែង​ឲ្យ​អាស៊ីសេរី​ដឹង​កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា នេះ ក្រោយ​ពេល​អ្នកស្រី​បាន​ចាកចេញ​ផុត​ពី​ទឹកដី​កម្ពុជា​ភ្លាមៗ ថា ក្នុងចំណោម​អ្នក​ភៀសខ្លួន​ទាំងនោះ រួមមាន​រូប​អ្នក​ស្រី​ផ្ទាល់ និង​លោក អេង ឆៃអ៊ាង ដែល​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត។

អ្នកស្រី មូរ សុខហួរ ឲ្យ​ដឹង​បន្ថែម​ទៀត​ថា មិន​មែនមាន​ត្រឹមតែ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណឹង​ទេ ដែល​បាន​ចាកចេញ ឬ​ត្រៀម​នឹង​ចាក​ចេញពី​កម្ពុជា​នោះ ក្នុង​នោះ​គឺ​នៅ​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លេចធ្លោ​ដទៃ​ទៀត​មួយ​ចំនួន​ផង​ដែរ ដែល​កំពុងតែ​រស់​នៅ​ក្នុង​សភាព​ភ័យខ្លាច ក៏​ត្រៀម​នឹង​ចាក​ចេញ​មក​ក្រៅ​ប្រទេស​ជា​បណ្ដើរ​ៗ​ហើយ​ដែរ។

យ៉ាងណាក៏ដោយ អ្នកស្រី​បញ្ជាក់​ដោយ​សម្ភី​សង្កត់​ធ្ងន់ៗ​ថា ការ​ចាក​ចេញ​នេះ​គឺ​ធ្វើ​ឡើង​ដោយ​បង្ខំចិត្ត ដោយ​ភាព​ក្រៀមក្រំ និង​ថា មិនមែន​ជា​ជម្រើស​របស់​ពួកគេ​ឡើយ ត្បិត​ពួកគេ​មានការ​បារម្ភ​ភ័យខ្លាច​ពិតប្រាកដ ជាពិសេស​គឺ​គ្មាន​អ្នកណាម្នាក់​ចង់​ចាកចេញ​ចោល​មាតុភូមិ ឬ​ក្រុម​គ្រួសារ​នោះ​ឡើយ។ អ្នកស្រី​ថា ការភ័យខ្លាច​អំពី​ការ​គំរាម​ចាប់ខ្លួន​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន នេះ គឺ​មិនមែន​ជា​ការភ័យខ្លាច​តែ​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ​តែប៉ុណ្ណោះ​ទេ តែ​គឺជា​ការភ័យខ្លាច និង​កង្វល់​ជាពិសេស​ដើម្បី​បុព្វហេតុ​នៃ​អាយុជីវិត​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ជា​រួម។ អ្នកស្រី​បង្ហើប​ថា ក្រុម​អ្នកតំណាងរាស្ត្រ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​នោះ ធ្វើដំណើរ​ចាកចេញ​ពី​កម្ពុជា ទៅកាន់​ប្រទេស​ផ្សេងៗ​គ្នា ដើម្បី​ដកឃ្លា​មួយ​រយៈ និង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រទេសជាតិ។ បច្ចុប្បន្ន អ្នកស្រី​ថា ពលរដ្ឋ​ក្នុង​ប្រទេសជាតិ​ទាំងមូល កំពុងតែ​រស់នៅ​ដោយ​គ្មាន​អ្នកតំណាង​របស់​ពួកគេ ដែល​ហ៊ាន​ប្រឈម​នឹង​ការភ័យខ្លាច និង​ទុក្ខ​លំបាក​របស់​ម្ចាស់​ឆ្នោត​ទាំងមូល៖ «បើសិនជា​ចាប់​ខ្ញុំ​ម្នាក់ មួយ​រូប មិន​ថ្វី​ទេ​។ បើ​សិន​ជា​មាន​តុលាការ​ពិតប្រាកដ ខ្ញុំ​មិន​ខ្លាច​ទេ គ្មាន​អ្នកណា​គេ​ខ្លាច​ទេ ព្រោះ​យើង​អត់​មាន​ប្រព្រឹត្តិ​អំពើ​ខុសច្បាប់ ឬមួយ​ក៏​យើង​ជា​អ្នក​ជន​ក្បត់ជាតិ។ ក៏ប៉ុន្តែ យើង​ឃើញ​ថា អ្នក​ដែល​ចោទប្រកាន់​យើង អ្នក​ដែល​ដឹកនាំ​ប្រទេស​យើង​សព្វថ្ងៃ ហួស​និស្ស័យ​នឹង​ការ​គិត​ហើយ គឺ​គិតតែ​ឃើញ​តែ​ពី​សត្រូវ​ពេញ​ខ្លួន​ហើយ ជុំ​ខ្លួន​ហើយ​។ ដូច្នេះ នៅ​ពេល​ដែល​អ្នកនោះ​គិតតែ​ពី​ឃើញ​ថា ខ្មែរ​ជាស​ត្រូវ​ហើយ គ្រោះថ្នាក់​ណាស់!»

បន្ទាប់ពី​បាត់​ដំណែង​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​អស់​ប្រមាណ​ជាង ៥​ពាន់​អាសនៈ ទៅ​គណបក្ស​សង្គ្រោះ​នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​៤ មិថុនា កន្លង​ទៅ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់ផ្តើម​យុទ្ធនាការ​ជា​ប្រព័ន្ធ​ដើម្បី​កម្ទេច​គណបក្សប្រឆាំង បិទ​បណ្ដាញ​ផ្សព្វផ្សាយ​ឯករាជ្យ និង​បណ្ដេញ​អង្ក​ការ​អន្តរជាតិ​មួយ​ចំនួន ដែល​ធ្វើការ​លើកស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ ចេញពី​កម្ពុជា​ផង។

លោកនាយក​រដ្ឋមន្ត្រី​ដែល​ធ្លាប់តែ​អះអាង​ថា ដឹកនាំ​ប្រទេស​តាម​យុទ្ធសាស្ត្រ​ឈ្នះៗ ឥឡូវនេះ​ត្រូវ​បាន​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កត់​សម្គាល់​ថា កំពុងតែ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ខ្លាច​ចាញ់ ឬ​យុទ្ធសាស្ត្រ​ចង​ជើង​គូប្រកួត​មុន​មុន​ការ​រត់​ប្រណាំង។

តុលាការ​កម្ពុជា​ដែល​គេ​ដឹង​ថា ធ្វើការ​តាម​ចង្អុល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ​ក្រោម​ការ​ប្រកាន់​ពី​បទ​ក្បត់ជាតិ​ទាំង​កណ្ដាល​អធ្រាត្រ។ មួយ​ខែ​គត់​បន្ទាប់ពី​ការ​ចាប់ខ្លួន​លោក កឹម សុខា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ថា ការ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​នេះ នៅ​មាន​ជា​បន្តបន្ទាប់​ទៀត៖ «យើង​មិន​ផ្ដល់​ឱកាស​ដាច់ខាត​ហើយៗ យើង​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​តទៅទៀត មិនមែន​បញ្ចប់​ត្រឹម​ចាប់​មនុស្ស​ម្នាក់​ទេ។ សុំ​ផ្ដាំ​ឲ្យ​ហើយ​! ព្រោះ​នេះ​ជា​ការ​រៀបចំ និង​ធ្វើ​សកម្ម​ភាពជា​ប្រព័ន្ធ​តែម្ដង​។ ដូច្នេះ ខ្ញុំ​និយាយ​ប៉ុណ្ណេះ​អាច​យល់​បាន​... អ្នកដទៃ​អាច​យល់​បាន ហើយ​កំពុងតែ​ប្រើ​ភាព​ជម្លើយ​នៅ​តំបន់​បី​ខេត្ត​រួចហើយ កំពង់ធំ ព្រះវិហារ និង​ម្សិលមិញ​នៅ​សៀមរាប​ហ្នឹង​តែម្ដង។ ការរៀបចំ​សកម្ម​ភាពជា​ប្រព័ន្ធ យើង​មិន​អនុញ្ញាត​ឲ្យ​អ្នកឯង​បន្ត​នូវ​អំពើ​ក្បត់ និង​បំផ្លាញ​ជាតិ បំផ្លាញ​សន្តិសុខ​នោះ​ទេ»។

ជាទូទៅ​ការ​គំរាម​ទាំងឡាយ​ដែល​ចេញពី​មាត់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​មាន​ឥទ្ធិពល​គ្រប​ដណ្ដប់​លើ​គ្រប់​ស្ថាប័ន​ជាតិ​ទាំងអស់ រាប់ទាំង​ស្ថាប័ន​តុលាការ​ដែល​លោក​អះអាង​ថា ជា​ស្ថាប័ន​ឯករាជ្យ​ផង។

កន្លងមក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ព្រមាន និង​ព្រលយ​ផង​ដែរ​អំពី​ការ​ធ្វើ​បត្យាប័ន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រត់​គេចខ្លួន​ទៅកាន់​ប្រទេស​ថៃ ឲ្យ​ត្រលប់​មកកាន់​កម្ពុជា​វិញ​ផង​ដែរ៖ «ជា​តំណាងរាស្ត្រ​ដែល​រត់​ចេញទៅ​ប្រទេស​ថៃ​ពី​ម្សិលមិញ គួរ​ត្រលប់​មកវិញ​... ខ្លួនឯង​មាននៅ​ក្នុង​បញ្ជី​នៃ​ការចែក​នំប៉័ង​ឆ្នាំ​២០១៣ ហើយ​ក៏​មាន​មួយ​ចំនួន​ចេះតែ​ចាកចេញ។ មាន​អ្នក​ដែល​ខ្លាំង​ក្លាហាន មាន​អ្នក​ក៏​ភ័យ​ដែរ ព្រោះ​រឿង​វា​មិន​តូច។ អ៊ីចឹង​ទេ​កុំ​ស្មានថា ឆ្លងដែន​ពី​ម្សិលមិញ គេ​មិន​ដឹង ... ហើយ​បើសិនជា​គេ​ត្រូវ​ការ​យក យើង​ក៏​អាច​សហការ​ជាមួយ​ប្រទេស​ថៃ ដើម្បី​នាំ​ខ្លួន​ត្រលប់​មកវិញ​បាន​ដែរ»។

ក្រៅពី​ការ​លើក​ឡើង​ពី​ខាង​លើ​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដដែល​នេះ ក៏បាន​ថ្លែង​ទទួលស្គាល់​ផង​ដែរ​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​កាន់អំណាច​របស់​លោក កំពុង​រៀបចំ​សេណារីយូ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​តែម្ដង ពោល​គឺ​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​មកដល់។ អ្នកស្រី​អះអាង​ថា នេះ​គឺជា​ការ​ចំអក​ឡកឡឺយ ជាន់​ឈ្លី និង​ប្លន់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ជាង ៣ លាន​នាក់​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ឆ្នាំ​២០១៣ និង​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ នា​ពេល​កន្លងទៅ៖ «ជា​ការ​ត្រឹមត្រូវ​ណាស់ សំឡេង និង​ឆន្ទៈ​នៃ​ប្រជាពលរដ្ឋ​យើង ដែល​លោក​ខិតខំ​ទៅ​ចុះឈ្មោះ​បោះឆ្នោត លោក​ខិតខំ​ទៅ​បោះឆ្នោត គឺជា​សំឡេង​ដែល​យើង​ត្រូវតែ​គោរព​! មិន​មែន​ជា​ក្រដាស​ដែល​យើង​យក​មក​ហែក​ហើយ រុំ ឬក៏​ដុំ​ស្ករ​ដែល​យើង​យក​មក ចែក​គ្នា​ញាំ​ទេ​។ មិនមែន​អ៊ីចឹង​ទេ។ ជា​ឆន្ទៈ​ពលរដ្ឋ​យើង។ ឥឡូវ​ខ្ញុំ​សួរ ខ្ញុំ​សួរ​ដដែល​ហើយ​ដដែល តើ​សំឡេង​ប្រជាពលរដ្ឋ​ជាង​បី​លាន​នាក់​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ តើ​គណបក្ស​កាន់​អំណាច ហើយ​គណបក្ស​ដទៃ​ទៀត​ដែល​គំរាម​ថា នឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង តើ​បាន​សួរ​មតិ​ប្រជាពលរដ្ឋ​ដែល​មាន​សំឡេង​ជាង ៣​លាន​នាក់​ហ្នឹង​ទេ​? បាន​គោរព​សំឡេង​ជាង ៣​លាន​នាក់​ហ្នឹង​ទេ​? ហើយ​បើសិនជា​សំឡេង​ទាំង​បី​លាន ក្រោក​ឈរ​ឡើង​ទាមទារ តស៊ូ​មតិ បង្កើត​ឲ្យ​មានការ​... អ្វី​ទៀត​ដែល​យើង​មើល​មិន​ឃើញ តើ​ជាតិ​យើង​ទៅដល់​ណា​? ខ្ញុំ​សង្ឃឹមថា មិន​ដល់​ហ្នឹង​ទេ ប៉ុន្តែ ប្រសិនបើ​ធ្វើ​ឲ្យ​ហួសពេក យើង​ត្រូវតែ​គិតពិចារណា​កុំ​ឲ្យ​បញ្ហា​នោះ​ធំ​ទៅៗ»។

យ៉ាងណាក៏ដោយ អ្នកស្រី មូរ សុខ​ហួរ នៅតែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក ជាពិសេស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​ថ្នាក់​មូលដ្ឋាន​ទាំងអស់ មិន​ត្រូវ​អស់សង្ឃឹម​ឡើយ ហើយ​ត្រូវ​បន្ត​បំពេញការងារ​តទៅ​មុខ​ទៀត។ អ្នកស្រី​ថា ពលរដ្ឋ​នៅ​តែ​មាន​ឆន្ទៈ​ខ្ពស់ ចង់​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន និង​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ប្រទេស។

អ្នកស្រី មូរ សុខហួរ បញ្ជាក់​ថា អ្នកស្រី​នឹង​បន្ត​តស៊ូ​មតិ​ដើម្បី​ឲ្យ​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ដែល​ជា​ប្រទេស​ម្ចាស់​ជំនួយ​ដល់​កម្ពុជា ត្រូវ​មាន​ការទទួលខុសត្រូវ​រួមគ្នា​ចំពោះ​ជោគវាសនា​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា៕

1 comment:

Anonymous said...

No Gut, No glory.

Her ( Mu Sochua) cowardice won't help Cambodia.

ALL of the CNRP's MPs should stage a peaceful protest condemning the illegal arrest of Kem Sokha. If Ah Runteas Banh Hun Sen arrests them or kill them, that will be good for Cambodia in the long run.

If Ah Kwack incarcerates all of the CNRP's MPs, the signatory countries of the 1991 Paris Accord will be highly likely forced to reconvene and help Cambodia one more time.

The key is to help ourselves first before other can help us. So, stop fleeing the country. It is time to face the problems head on.

Chhary