Sunday, 29 October 2017
លោក ម៉ៅ មុនីវណ្ណ បដិសេធការចោទប្រកាន់ដែលថា លោកជាជនបង្កប់ក្នុងបក្សប្រឆាំង
29/10/2017 29/10/2017
rfi
លោកម៉ៅ មុនីវណ្ណ ជួបពលរដ្ឋខ្មែរដែលត្រូវវៀតណាមបំផ្លាញដំណាំកន្លងមក
@Mao Monyvann Page
មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បដិសេធ ការចោទប្រកាន់របស់អ្នកគាំទ្រមួយចំនួនរបស់គណបក្សប្រឆាំងនៅក្រៅប្រទេស ដែលថា លោក ម៉ៅ មុនីវណ្ណ គឺជាជនបង្កប់នៅក្នុងគណបក្សសង្រ្គោះជាតិ។ ការបដិសេធនេះធ្វើឡើងបន្ទាប់ពីអ្នកប្រើហ្វេសប៊ុកឈ្មោះថា ឆាំ ឆានី បានហៅ លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ថាជាមេហ្វូងចចក ក្នុងគណបក្សប្រឆាំង ហើយហៅ លោក ឡុង ប៊ុន្នី ដែលប្រកាសចាកចេញនោះថាជាកូនចចក។
ដោយ អ៊ឹង ប៊ុនថន
ពីខេត្តត្បូងឃ្មុំ ខណៈជួបសំណេះសំណាលជាមួយសកម្មជននៅថ្ងៃអាទិត្យនេះ លោក ម៉ៅ មុនីវណ្ណ ដែលបច្ចុប្បន្នជាប្រធានស្តីទីគណកម្មាធិការប្រតិបត្តិគណបក្សសង្រ្គោះជាតិបានសំដែងការសោកស្តាយចំពោះការចោទប្រកាន់រូបលោកថាជាជនបង្កប់នោះ។ លោកចាត់ទុកថាអ្នកដែលចោទប្រកាន់រូបលោកបែបនេះ គឺកំពុងតែធ្លាក់ចូលក្នុងគន្លងបម្រើនយោបាយរបស់គេដើម្បីបំបែកគណបក្សប្រឆាំង។
បើតាម លោក ម៉ៅ មុនីវណ្ណ ការចោទប្រកាន់មកលើរូបលោកថាជនបង្កប់នោះ មិនមែនជារឿងថ្មីទេ។ មិនមែនជារឿងថ្មីដោយលោកថា ឲ្យតែជិតដល់ពេលបោះឆ្នោតម្តងៗ រូបលោកតែងតែរងការប្រកាន់បែបនេះ។
មិនមែនមានតែលោក ម៉ៅ មុនីវណ្ណ ម្នាក់ប៉ុណ្ណោះទេដែលរងការចោទថាជាជនបង្កប់ក្នុងគណបក្សសង្រ្គោះជាតិនោះ។ លោក មុត ចន្ថា ជាប្រធានខុទ្ទកាល័យលោក កឹម សុខា ក៏រងការចោទប្រកាន់ដូចគ្នានេះដែរ។ នេះបើតាមហ្វេសប៊ុក ដែលឈ្មោះ ឆាំ ឆានី ដដែលនេះ។ប៉ុន្តែលោក មុត ចន្ថា មិនអាចទាក់ទងបានទេនៅថ្ងៃអាទិត្យនេះ។
សូមបញ្ជាក់ការចោទប្រកាន់មកលើលោក ម៉ៅ មុនីវណ្ណ និងលោក មុត ចន្ថា ថាជាជនបង្កប់នៅក្នុងគណបក្សសង្រ្គោះជាតិនោះ បានធ្វើឡើងភ្លាមៗក្រោយពីលោក សម រង្ស៊ី បានប្រកាសពីទីក្រុងរ៉ូម មកថា រាល់ការចុះហត្ថលេខាលើលិខិតដោយលោក កឹម សុខា ដែលកំពុងជាប់ឃុំនោះ គឺស្ថិតក្នុងគំនាបមួយដែលលោកពិបាកនឹងបដិសេធ។
ជាមួយគ្នានោះ លោក សម រង្ស៊ី ក៏អះអាងថា គម្រោងរំលាយគណបក្សសង្រ្គោះជាតិ ក៏ត្រូវបានគេបោះបង់ចោលហើយដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment