Tuesday, 24 October 2017
ញត្តិអនឡាញមួយនឹងដាក់ឲ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសជួយស្តារប្រជាធិបតេយ្យខ្មែរ
23 តុលា 2017
កាន់ វិច្ឆិកា
voa
រូបភាពទិដ្ឋភាពទូទៅនៅសន្និសីទស្តីពីសន្តិភាពនៅកម្ពុជាដែលប្រព្រឹត្តធ្វើនៅទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
លោក សេង សោភ័ណ ប្រធានអង្គការគណ:កម្មាធិការដើម្បីការបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស និងជាពលរដ្ឋរស់នៅក្នុងប្រទេសកាណាដា ប្រាប់ VOA ថា ញត្តិនេះបង្កើតឡើងដើម្បីស្នើដល់អង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ទាំងអស់ រួមគ្នាជួយដោះស្រាយបញ្ហានៅកម្ពុជាជាបន្ទាន់។
ភ្នំពេញ —
អង្គការសង្គមស៊ីវិលមួយកំពុងធ្វើយុទ្ធនាការប្រមូលហត្ថលេខាគាំទ្រពីពលរដ្ឋកម្ពុជា ដើម្បីផ្ញើជូនក្រុមប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងឆ្នាំ១៩៩១ អង្គការសហប្រជាជាតិ និងស្ថាប័នអន្តរជាតិធំៗជាច្រើនទៀតឲ្យជួយដោះស្រាយដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរ។
ញត្តិអេឡិចត្រូនិកមួយដែលមានឈ្មោះថា «មួយលានហត្ថលេខាដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសខួបលើកទី២៦» បានចាប់ផ្តើមបង្ហោះលើគេហទំព័រ www.change.org កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ដោយគណ:កម្មាធិការដើម្បីការបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលជាអង្គការមានទីតាំងក្នុងប្រទេសកាណាដា។
លោក សេង សោភ័ណ ប្រធានអង្គការគណ:កម្មាធិការដើម្បីការបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស និងជាពលរដ្ឋរស់នៅក្នុងប្រទេសកាណាដា ប្រាប់ VOA ថា ញត្តិនេះបង្កើតឡើងដើម្បីស្នើដល់អង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ទាំងអស់ រួមគ្នាជួយដោះស្រាយបញ្ហានៅកម្ពុជាជាបន្ទាន់។
លោកបន្ថែមថា ញត្តិនេះនឹងស្នើឲ្យមានការបញ្ឈប់នូវបំណងរបស់បក្សកាន់អំណាចដែលចង់រំលាយគណបក្សសង្គ្រោះជាតិ ជំរុញឲ្យគណបក្សកាន់អំណាច និងគណបក្សប្រឆាំងវិលមករកតុចរចា ដោះលែងអ្នកទោសនយោបាយដែលកំពុងជាប់ឃុំ និងជំរុញឲ្យមានការបោះឆ្នោតប្រកបដោយយុត្តិធម៌ និងគ្មានការគំរាមកំហែង។
លោក សេង សោភ័ណ បញ្ជាក់ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា៖
«សុំឲ្យអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីទាំង១៨ប្រទេស ទាំងអស់ គឺមិនអាចនៅប្រងើយកន្តើយចំពោះដំណើរការថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ ដែលកំពុងកើតមាននៅប្រទេសកម្ពុជាសព្វថ្ងៃនេះទេ»។
ប្រធានអង្គការរូបនេះ បន្ថែមថា ញត្តិដែលប្រមូលបានមានចំនួនជាង៣.០០០ហត្ថលេខា នឹងត្រូវផ្ញើទៅអង្គការសហប្រជាជាតិ និងប្រទេសចំនួន១៨ ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលានេះ។ លោក សេង សោភ័ណ បញ្ជាក់បន្ថែមថា បើទោះបីជាញត្តិនេះត្រូវផ្ញើទៅស្ថាប័នទាំងនោះនៅថ្ងៃទី២៣ ខែតុលានេះក្តី ប៉ុន្តែអ្នកដែលចង់ចូលរួមនៅតែអាចចុះហត្ថលេខាគាំទ្របានជាបន្តបន្ទាប់។
ការរំឭកកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ២៣តុលាឆ្នាំ១៩៩១ បានកើតមានឡើងពេលដែលប្រទេសកម្ពុជា កំពុងធ្លាក់ក្នុងវិបត្តិនយោបាយ និងការឈានទៅរកការរំលាយគណបក្សជំទាស់ដ៏ធំនៅក្នុងប្រទេសកម្ពុជា។ ការណ៍នេះធ្វើឱ្យមានក្តីបារម្ភយ៉ាងខ្លាំងទាក់ទិននឹងដំណើរការប្រជាធិបតេយ្យនិងសេរីពហុបក្សដែលបានមកដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពី២៦ឆ្នាំមុននោះ។
ទោះយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអតីតកម្មាភិបាលខ្មែរក្រហមមួយរូប និងជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ធ្លាប់បានលើកឡើងជាច្រើនដងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានស្លាប់បាត់ទៅហើយ។ លោកបញ្ជាក់ពីមូលហេតុថា ធាតុសំខាន់ៗនៃកិច្ចព្រមព្រៀងនេះត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ហើយភាគីខ្មែរក្រហមដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះក៏បានរលំរលាយ រីឯសហភាពសូវៀតដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ក៏បានជួបការប្រេះស្រាំ និងនាំទៅដល់ការបំបែករដ្ឋជាច្រើនផងដែរ។
ក៏ប៉ុន្តែការលើកឡើងរបស់លោក ហ៊ុន សែន ដែលកាន់អំណាចជាង៣ទសវត្សរ៍ បានត្រូវច្រានចោលដោយអ្នកឃ្លាំមើលការវិវត្តនយោបាយ ដោយអះអាងឡើងថា ដរាបណាកម្ពុជាគ្មានការអនុវត្តលទ្ធិប្រជាធិបតេយ្យពេញលេញ ដរាបនោះកិច្ចព្រមព្រៀងដែលមានប្រទេសចំនួន១៨ជាអ្នកផ្តល់ការគាំទ្រនេះ នឹងនៅតែមានសុពលភាពជានិច្ច៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment