Tuesday, 24 October 2017
លោក កឹម សុខា ស្នើប្រទេសហត្ថលេខីសន្ធិសញ្ញាទីក្រុងប៉ារីសកោះប្រជុំជួយកម្ពុជាជាបន្ទាន់
ដោយ អាស៊ីសេរី
2017-10-23
rfa
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងតាមវីដេអូនៅលើហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧។ Photo courtesy of Kem Sokha's Facebook Page
Photo courtesy of Kem Sokha's Facebook Page
លោក កឹម សុខា ប្រធានគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំនៅពន្ធនាគារ បានសរសេរលិខិតមួយច្បាប់ស្នើសុំទៅប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាពិសេសប្រទេសជាសហប្រធាននៃកិច្ចព្រមព្រៀងនេះ កោះប្រជុំជាបន្ទាន់ ដើម្បីជួយស្រោចស្រង់ស្ថានភាពនយោបាយឡើងវិញ។
ប៉ុន្តែ លោក ហ៊ុន សែន ឆ្លើយតបវិញថា រដ្ឋាភិបាលរបស់កំពុងគោរពកិច្ចព្រមព្រៀងប៉ារីស និងចោទប្រកាន់ថា ដោយសារគណបក្សសង្គ្រោះជាតិ មិនគោរពកិច្ចព្រមព្រៀងនេះហើយ ទើបប្រឈមនឹងការរំលាយចោលនាពេលខាងមុខ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ស្នើសុំទៅក្រុមប្រទេសហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឲ្យជួយកម្ពុជានៅពេលនេះ មិនមែនត្រឹមតែចេញសេចក្ដីថ្លែងការណ៍ទេ ប៉ុន្តែសុំឲ្យមានវិធានការណ៍ជាក់ស្ដែង មកលើរដ្ឋាភិបាលរដ្ឋាភិបាលលោក ហ៊ុន សែន។
លិខិតរបស់លោក កឹម សុខា ដែលចំថ្ងៃខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទទូចសុំប្រទេសហត្ថលេខី ជួយប្រទេសកម្ពុជា និងពលរដ្ឋខ្មែរជាបន្ទាន់ដែលកំពុងរងគ្រោះ។
លិខិតរបស់លោក កឹម សុខា ដែលត្រូវតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ អានក្នុងពេលគណបក្សនេះ ប្រារព្ធខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រៀបរាប់ថា នៅពេលនេះ ប្រទេសកម្ពុជាបានដើរផ្លូវផ្ទុយ ពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលធ្វើឲ្យមានការថ្កោលទោសពីមតិជាតិ និងអន្តរជាតិ។ លោក កឹម សុខា អំពាវនាវដល់ពលរដ្ឋខ្មែរចូលរួមការពារសន្ធិសញ្ញានេះ និងស្នើទៅអ្នកនយោបាយបញ្ឈប់ នូវការលាបពណ៌គ្នា ដើម្បីបំបាត់សំឡេងជំទាស់ ឈប់បំបែកបំបាក់ខ្មែរ និងសុំឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌តាមឆន្ទៈរបស់ពលរដ្ឋម្ចាស់ឆ្នោត៖ «ដូចដែលបានឃើញសព្វថ្ងៃនេះ ជាការរំលោភរដ្ឋធម្មនុញ្ញ និងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមខ្ញុំគណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្ញុំបាទ កឹម សុខា សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ មេត្តាចូលរួមការរដ្ឋធម្មនុញ្ញ និងការពារស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
លោក កឹម សុខា លើកឡើងទៀតថា ប្រសិនបើ មិនរកដំណោះស្រាយឲ្យទាន់ពេលវេលាទេ ប្រទេសកម្ពុជា និងវិលថយក្រោយដែលនាំឲ្យបាត់បង់ប្រយោជន៍ យឺតយ៉ាវក្នុងការអភិវឌ្ឍ ដែលកម្ពុជាធ្លាប់បាត់បង់ពេលវេលាជាង ២០ឆ្នាំនៃសង្គ្រាម មុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ។
ផ្ទុយស្រឡះ ពីលើកឡើងរបស់ កឹម សុខា បែបនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយថា ការទាមទារឲ្យមានកិច្ចប្រជុំនេះឡើងវិញ ជារឿងហួសសម័យ។ លោកថា បើចង់ឲ្យមានកិច្ចប្រជុំ លុះត្រាបង្កើតភាគីកម្ពុជាបួនឡើងវិញ ខណៈលោកថា នៅពេលនេះភាគីទាំងបួន នៅសល់តែមួយទេគឺរដ្ឋាភិបាលរបស់លោក៖ «ដូច្នេះរបស់ដែលហៅថា ឲ្យប្រទេសនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសកោះប្រជុំឡើងវិញ វាហួសសម័យហើយវាធ្វើមិនកើតទៀតផង»។
ខណៈលោក ហ៊ុន សែន និយាយថា កិច្ចព្រមព្រៀងនេះ បានរំលាយបាត់ដោយជំនួសមកវិញនូវរដ្ឋធម្មនុញ្ញក្ដី។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី បែរជាចោទប្រកាន់ថា គណបក្សសង្គ្រោះជាតិដែលនឹងត្រូវរំលាយចោលនាពេលដ៏ខ្លីខាងមុខ ព្រោះមិនគោរពកិច្ចព្រមព្រៀងសន្តិសភាពទីក្រុងប៉ារីស៖ «យើងបាននឹងកំពុងតែ គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយសារតែគេមិនបានគោរពកិច្ចព្រមព្រៀងនឹងហើយ បានជាមានគណបក្សនយោបាយមួយ នឹងអាចត្រូវរំលាយចោល»។
កាលពីនៅឆ្នាំ១៩៩១ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស បានផ្ដល់កំណើតថ្មី ដល់ប្រទេសកម្ពុជា ដោយគ្រប់ភាគីសន្យាថា នាំមកនូវលទ្ធិប្រជាធិបតេយ្យ ក្រោយពីគ្រាំគ្រាដោយសង្គ្រាមជាច្រើនទសវត្ស។ ២៦ឆ្នាំក្រោយកិច្ចព្រមព្រៀង សហគមន៍ជាតិ អន្តរជាតិ និងអ្នកវិភាគបានលើកឡើងថា រដ្ឋាភិបាលកម្ពុជា មិនទាន់អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានពេញលេញនៅឡើយ។
ជាងនេះទៅទៀត ព្រឹត្តិការណ៍នយោបាយចុងក្រោយនេះ រដ្ឋាភិបាលលោក ហ៊ុន សែន រងការចោទប្រកាន់ថា កំពុងដើរផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស រំលោភរដ្ឋធម្មនុញ្ញ និងប្លន់ឆន្ទៈពលរដ្ឋជាង ៣លាននាក់ដែលបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។
ចំណែក អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ផ្អែកលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងស្ថានការណ៍នយោបាយកម្ពុជាកំពុងរងការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យធ្ងន់ធ្ងរ ដូច្នេះភាគីនៃប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងត្រូវបើកកិច្ចប្រជុំដើម្បីចាត់វិធានការ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment