Tuesday, 10 October 2017

កម្មករ​រោងចក្រ​ត្អូញត្អែរ​រឿង​ពេទ្យ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​កាន់​ប័ណ្ណ​ប.ស.ស


ដោយ អាស៊ីសេរី
2017-10-09 

គ្រូពេទ្យ​បញ្ជូន​កម្មករ​រោងចក្រ គ័នថេក (Kuantech) ដែល​ដួល​សន្លប់​ចូល​បន្ទប់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៣១ មីនា ២០១៥។
គ្រូពេទ្យ​បញ្ជូន​កម្មករ​រោងចក្រ គ័នថេក (Kuantech) ដែល​ដួល​សន្លប់​ចូល​បន្ទប់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៣១ មីនា ២០១៥។
Photo: RFA



កម្មករ​ដែល​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ បាន​ត្អូញត្អែរ​ថា ពួកគេ​នៅ​តែ​ទទួល​បាន​ការរើសអើង​ពី​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរពេទ្យ​មួយ​ចំនួន ដែល​ក្រសួង​ការងារ បាន​ចុះហត្ថលេខា​ជាមួយ​ដើម្បី​ពិនិត្យ​សុខភាព កម្មករ កម្មការិនី រោងចក្រ ដោយ​មិន​គិត​ថ្លៃ។ ពួកគេ​ថា ការ​ខ្វះ​ចន្លោះ ឬ​ភាព​ខ្ជីខ្ជា​នេះ គឺជា​កំហុស​របស់​ក្រុម​គ្រូពេទ្យ មិនមែន​ខាង​បេឡាជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) មិន​យកចិត្តទុកដាក់​នោះ​ទេ។



ទោះជា​ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល ធ្លាប់​បាន​ណែនាំ​ឲ្យ​ក្រុម​គ្រូពេទ្យ ឲ្យ​យកចិត្តទុកដាក់​ចំពោះ​សេវា​ពិនិត្យ និង​ព្យាបាល​ដល់​កម្មករ​កាត់ដេរ ដែល​បាន​បង់ថ្លៃ​ព្យាបាល​តាមរយៈ ប.ស.ស ក៏ដោយ ក៏​កម្មករ​ខ្លះ នៅតែ​អះអាង​ថា ពួកគាត់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​រើសអើង ចំពោះ​ការ​ព្យាបាល។

ថ្លែង​នៅ​ក្នុង​កម្មវិធី​ជួប​ប្រជុំ​ជាមួយ​តំណាង និង​សកម្មជន​សហជីព ប្រមាណ​ជិត​៣០០​នាក់ នៅ​ទីស្នាក់ការ​សហភាព​ចលនា​កម្មករ​កម្ពុជា នា​រាជធានី​ភ្នំពេញ លើ​ប្រធានបទ​ចំណាប់​អារម្មណ៍ កម្មករ​ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​១៧០​ដុល្លារ ក្នុង​មួយ​ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​តុលា កម្មករ ម្នាក់ យល់ថា ការ​ដំឡើង​ប្រាក់ខែ​របស់​កម្មករ​ដល់​កម្រិត​១៧០​ដុល្លារ​នេះ គឺជា​ការ​ទាមទារ​របស់​កម្មករ​សុទ្ធសាធ ព្រោះ​កាលពី​ឆ្នាំ​២០១៣ កម្មករ​បាន​តវ៉ា ដើម្បី​ទទួល​បាន​ជីវភាព​សមរម្យ ខណៈ​ដែល​មន្ត្រី​ក្រសួង​ការងារ កន្លងមក​មិនដែល​បាន​អើពើ​ចំពោះ​ប្រាក់ខែ​កម្មករ។ លោក​ក៏បាន​ទទូច​ឲ្យ​មន្ត្រី ប.ស.ស ខិតខំ​ពង្រឹង និង​ជួយ​សម្រួល​ដល់​ឥរិយាបថ​របស់​ក្រុម​គ្រូពេទ្យ ដែល​ទទួល​ព្យាបាល​កម្មករ តាមរយៈ​ការ​បង់ថ្លៃ​សេវា​ដោយ​ប.ស.ស បន្ថែម​ទៀត។

បេឡា​របប​សន្តិសុខ​សង្គម គឺជា​ផ្នែក​មួយ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ តាម​គេហទំព័រ​​នៃ​អង្គភាព​នេះ ប.ស.ស មាន​ភារកិច្ច​ផ្ដល់​នូវ​សន្តិសុខ​សង្គម​ជា​មូលដ្ឋាន​ជូន​កម្មករ​និយោជិក​ទាំងអស់​ដែល​ធ្វើការ​ក្នុង​វិស័យ​ឯកជន។ ប.ស.ស ចុះ​បញ្ជិកា​សមាជិក ទទួល​ភាគទាន​របស់​សមាជិក​នោះ គ្រប់គ្រង​មូលនិធិ​នៃ​របប​ដំណើរការ និង​ផ្ដល់​តាវកាលិក​ដល់​សមាជិក ឬ​អ្នក​នៅ​ក្នុង​បន្ទុក។ បេសកកម្ម​របស់ ប.ស.ស គឺ​ដើម្បី​បម្រើ​សេវា​កម្ម​ផ្នែក​ហានិភ័យ​ការងារ​ដល់​សមាជិក​ទាំ​ង​អស់ ដែល​បាន​ចុះ​បញ្ជិកា​ទាន់​ពេល​វេលា ដើម្បី​ជួយ​បន្ធូរបន្ថយ​បន្ទុក​ក្នុង​សង្គម និង​ជួយ​លើកកម្ពស់​ស្ថិរភាព​សង្គម។

កម្មករ​កាត់ដេរ អះអាង​ថា ពួកគាត់​បាន​បង់​ប្រាក់​ឲ្យ​ទៅ ប.ស.ស ៣​ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​ទទួល​បាន​ប័ណ្ណ​មួយ​ក្នុង​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ​មិន​គិត​ថ្លៃ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ។ តែ​ផ្ទុយ​មកវិញ ពួកគាត់ មើល​ឃើញ​ថា គ្រូពេទ្យ​នៅ​តាម​មន្ទីរពេទ្យ​ដែល​ជា​ដៃគូ​របស់​ប.ស.ស មួយ​ចំនួន មិនសូវ​យកចិត្តទុកដាក់ ចំពោះ​សេវា​សុខភាព​កម្មករ​ដែល​ទៅ​ទទួល​ការ​ព្យាបាល​នោះ​ទេ។

តំណាង​សហជីព​រោងចក្រ​អ៊ីហ្វា លោក គឹម សាវ៉ាត សំដែង​ការ​ខកចិត្ត​ចំពោះ ប.ស.ស ដែល​កាត់​លុយ កម្មករ​ដើម្បី​យក​ទៅ​ឲ្យ​មន្ទីរពេទ្យ តែ​ខាង​មន្ទីរពេទ្យ​វិញ ហាក់​បាន​កេង​ចំណេញ​លុយ​កម្មករ​ដែល ប.ស.ស បង់​ឲ្យ។ លោក​ស្នើ​មន្ត្រី ប.ស.ស ជួយ​កែតម្រូវ​បន្ថែម​ទៀត ដល់​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​ដែល​ប្រើ​អាកប្បកិរិយា​មិនល្អ ចំពោះ​កម្មករ​ដែល​កាន់​ប័ណ្ណ​ប.ស.ស។

កាលពី​ព្រលប់​ថ្ងៃ​ទី​២៨ ខែ​ឧសភា កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ឈ្មោះ ឈា សារិន ហៅ ស្រីមុំ បាន​ស្លាប់​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ នៅ​ពេល​សម្រាល​កូនស្រី​ដែល​ជា​កូន​ទី​៣ នៅ​បន្ទប់​សម្រាលកូន​នៃ​មន្ទីរពេទ្យ​ស្រលាញ់​ទារក ឬ​ហៅ​ពេទ្យ​ជប៉ុន។ ស្វាមី​សព អះអាង​ថា ការណ៍​ដែល​ប្រពន្ធ និង​កូន​ស្លាប់ គឺ​ដោយសារ​ក្រុម​គ្រូពេទ្យ បាន​រើសអើង​ចំពោះ​ប្រពន្ធ​លោក ដែល​កាន់​ប័ណ្ណ ប.ស.ស ដើម្បី​ជួយ​សម្រាល​លុយ​ក្នុង​ការ​សម្រាលកូន។ ជិត​កន្លះ​ឆ្នាំ​មកនេះ ស្វាមី​នៃ​សព្វ​កម្មការិនី ឈា សារិន ប្រាប់​ថា ក្រុម​គ្រួសារ​នៅ​មិនទាន់​ទទួល​បាន​យុត្តិធម៌ ករណី​ប្រពន្ធ និង​កូន​របស់​លោក ស្លាប់​ដោយ​ការ​រើស​អើ​ស​នោះ​នៅឡើយ​ទេ។

ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា យល់ថា ទោះ​ប្រាក់ខែ​កម្មករ​ឡើង​ដល់​កម្រិត​ខ្ពស់​មួយ​ក៏ដោយ ប៉ុន្តែ​កម្មករ​នៅតែ​បាន​ត្អូញត្អែរ​ចំពោះ​សេវា​ផ្នែក​សុខាភិបាល ដែល​កំពុង​ស្ថិត​នៅ​កម្រិត​អន់​សម្រាប់​កម្មករ។ លោក​ថា ខាង​សហជីព​នឹង​យក​សំណើ​របស់​កម្មករ​ដែល​បាន​លើក​ឡើង នៅ​ទីស្នាក់ការ​សហជីព ទៅ​ជជែក និង​ជំរុញ​ឲ្យ​មន្ត្រី​នៅ​ក្រសួង​ការងារ និង​ប.ស.ស ជំរុញ​ទៅ​ក្រសួងសុខាភិបាល ឲ្យ​យកចិត្តទុកដាក់​បន្ថែម​ទៀត លើ​ការ​ត្រួត​ពិនិត្យ​សុខភាព​កម្មករ។

សហជីព​យល់ថា បើ​ទោះ​ជា ប្រាក់ខែ​កម្មករ​ត្រូវ​បាន​ដំឡើង​ដល់​១៧០​ដុល្លារ ប៉ុន្តែ​បញ្ហា​ប្រឈម​របស់​កម្មករ​ដូចជា តម្លៃ​បន្ទប់​ជួល​កម្មករ​នឹង​ត្រៀម​ឡើងថ្លៃ​តាម​ប្រាក់ខែ និង​ការ​ឡើង​ថ្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ជា​រៀងរាល់ថ្ងៃ នៅតែ​ជា​កង្វល់​របស់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ៕

No comments: