Sunday, 8 October 2017

លោក គឹម សុខ ធ្វើ​កូដកម្ម​មិន​ហូប​អាហារ​ដើម្បី​ទាម​ទារ​ដោះលែង​លោក​ កឹម សុខា


ដោយ អេង គីមហុង 08/10/2017 08/10/2017
rfi
media
លោក គឹម សុខ អ្នក​វិភាគ​នយោបាយ​និង​សង្គម ដែល​ជាប់​ពន្ធនាគារ​ដោយ​សារ​បណ្ដឹង​បរិហាកេរ្តិ៍​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន



REUTERS

ជា​ថ្មី​ម្ដង​ទៀត លោក គឹម សុខ អ្នក​វិភាគនយោបាយ បាន​សសេរ​សំបុត្រ​ចេញ​ពី​ពន្ធនា​គារ ទី​ដែល​លោក​កំពុង​ជាប់​ឃុំ ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ ចំពោះ​លោក កឹម សុខ ជន​ក្បត់​ជាតិ ពុំ​មែន​លោក កឹម សុខា ទេ។



នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៦​ខែ​តុលា លោក គឹម សុខ បាន​អះអាង​ថា លោក​នឹង​ធ្វើ​កូដកម្មមិន​ហូប​បាយ និង​សាច់ ឬ​ម្ហូប​អាហារ​មាន​សាច់ នោះ​ទេ ។ ប៉ុន្តែ​លោក​ហូប​ទឹក​បបរស​ជា​មួយ​​​អំបិល និង​បន្លែ​ស្រុះ​ទឹក​ក្ដៅ​ជំនួស​វិញ។ បើ​តាម​លោក គឹម សុខ កូដកម្មនេះ​ឈប់​ទៅ​បាន លុះ​ណា​មាន​ការដោះ​លែង​លោក កឹម សុខា មាន​សេរីភាព និង​មានឱកាស​ប្រ​កួ​ត​​ប្រជែង​ផ្នែក​នយោបាយ​ឡើង​វិញ។

លោក គឹម សុខ មើល​ឃើញ​ថា ទាំង​សកម្មភាព​នយោបាយ និង​ពាក្យ​សម្ដី​គ្មាន​ចំណុច​ណា​​មួយ​បញ្ជាក់​ថា លោក កឹម សុខា ក្បត់​ជាតិ​នោះ​ទេ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​លោក ​កឹម សុខា ជា​អ្នក​នយោបាយ​ដែល​តែង​តែ​រួម​ចំណែក​នាំ​មក​នូវ​សេរីភាព​និង​ប្រជាធិប​តេយ្យ។ នេះ​បើ​តាម​លោក គឹម សុខ។ បន្ថែម​លើ​នេះ​ទៀត លោក គឹម សុខ បាន​គូស​បញ្ជាក់​ថា ប្រសិន​បើ​តុលាការ​ចង់​ឲ្យ​រូប​លោក​បង្ហាញ​ពី​ភាព​ស្អាត​ស្អំ​របស់​លោក កឹម សុខា គឺលោក​រីករាយ​នឹង​សហការ​ជុំវិញ​ការ​បំភ្លឺ​នេះ។

ចំណែក​លោក សុខ ឥសាន អ្នកនាំ​ពាក្យ​គណបក្សប្រជាជន​ថា សកម្មភាព​លោក គឹម សុខ មិន​មែន​ជា​បរិបទ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ ។ ហើយ​ក៏​គ្មាន​ប្រសិទ្ធ​ភាព​មក​លើ​តុលាការ​ដែរ​ពី​ព្រោះ​ថា លោក កឹម សុខា បាន​ប្រព្រឹត្ត​កំហុស​ទាក់​ទង​ទោស​ក្បត់​ជាតិ។ នេះ​បើ​តាម​លោក សុខ ឥសាន។

សូមជម្រាបជូន​ថា នេះ​ជា​លើក​ទី២​ដែល​លោក គឹម សុខ សរសេរ​លិខិត​ចេញ​ពី​ពន្ធនា​គារ។ លើក​ទី​១​លោក​ជម្រុញ​ឲ្យ​ពលរដ្ឋខ្មែរ​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឲ្យ​បាន​គ្រប់ៗ​គ្នា។

សូមរម្លឹកថា លោក គឹម សុខ ជា​អ្នក​វិភាគ​នយោបាយ​និង​សង្គម ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​កាល​ពី ថ្ងៃ​ទី​១៧ ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាថិ៍ និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​។ ការឃុំខ្លួនធ្វើឡើងក្រោយលោក​​ចោទ​បក្ស​កាន់​អំណាច​ថា ​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី​។​ក្រោយមកទៀត លោក គឹម សុខ បានរង​បណ្តឹង​បន្ថែម​ទៀត​ពី​បទ «ចោទ​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​មួយ ដែល​មាន​ការ​សម្លាប់​មនុស្ស​ហើយ ​រក​មុខ​ឃាតករ​មិន​ឃើញ»៕

1 comment:

Anonymous said...

Kim Sok should not do the hunger strike. He needs to keep his health in good condition so that he could help Cambodia when he gets out of jail.