Tuesday, 10 October 2017

អតីត​សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យសព​ ​លោក​ ​កែម ឡី​ សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ថវិកា​បុណ្យសព


09 តុលា 2017
កាន់ វិច្ឆិកា
voa
រូបឯកសារ៖ ស្ត្រី​ម្នាក់​កាន់​រូបភាព​លោក កែម ឡី ខណៈ​ពេល​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​។​
រូបឯកសារ៖ ស្ត្រី​ម្នាក់​កាន់​រូបភាព​លោក កែម ឡី ខណៈ​ពេល​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​។​ 



អតីត​គណៈកម្មការ​រៀបចំ​​បុណ្យសព​ ​លោក​ ​កែម ឡី​ បាន​ដាក់​ពាក្យ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​ បន្ទាប់​ពី​តុលាការ​កោះ​ហៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​បច្ច័យ​បុណ្យ​ ​តាម​បណ្តឹង​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា។


ភ្នំពេញ —


អតីត​សមាជិក​ចំនួន​ពីរ​រូប​នៃ​គណៈ​កម្មការ​រៀបចំ​បុណ្យសព​លោក​ ​កែម ឡី បាន​ដាក់​ពាក្យ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​ ​បន្ទាប់​ពី​តុលាការ​កោះ​ហៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​បច្ច័យ​បុណ្យ​ ​តាម​បណ្តឹង​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ​ដែលប្តឹង​ពី​បទ​រំលោភ​លើ​សេចក្តីទុក​ចិត្ត។​



លោក​ ​កែម ឡី​ ​អ្នក​វិភាគ​សង្គម​ដ៏​ល្បីល្បាញ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ កាល​ពី​ខែ​កក្កដា​ឆ្នាំ​ទៅ​មិញ។​ ​មុន​ពេល​ដង្ហែរ​សព​លោក​ ​កែម ឡី ​ទៅ​កាន់​ផ្ទះ​កំណើត​របស់​លោក​ក្នុង​ខេត្ត​តាកែវ​ ​គណៈ​កម្មការ​រៀបចំ​បុណ្យ​សព​ត្រូវ​បាន​បង្កើត​ឡើង​ ​ដើម្បី​រៀបចំ​បុណ្យ​សព​របស់​លោក​ ​កែម ឡី​ ​ឱ្យ​បាន​អធិកអធម​ក្នុង​វត្ត​មួយ​នៅ​ភ្នំពេញ។​

ប៉ុន្មាន​ខែ​ក្រោយ​មក​ ​គ្រួសារ​របស់​លោក​បាន​ប្រារព្ធ​ខួប​បុណ្យ​នៃ​ការ​ស្លាប់​របស់​លោក​ ​និង​មាន​ព័ត៌មាន​ថា​ ​ខ្វះខាត​ថវិកា​ក្នុង​ការ​ប្រារព្ធ​បុណ្យ​ខួប​សព​លោក​ ​កែម ឡី។​

​លោក​ ​ប៉ា ងួនទៀង​ ​(ឆ្វេង) នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ ​(CCIM)​ ​និង​លោក​ ​មឿន តុលា​ ​(កណ្តាល) នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ ​និង​សិទ្ធិ​មនុស្ស​ ​និងព្រះ​តេជ​ព្រះ​គុណ​ ​ប៊ុត ប៊ុនតិញ​ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១១ ខែ​តុលា។
​លោក​ ​ប៉ា ងួនទៀង​ ​(ឆ្វេង) នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ ​(CCIM)​ ​និង​លោក​ ​មឿន តុលា​ ​(កណ្តាល) នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ ​និង​សិទ្ធិ​មនុស្ស​ ​និងព្រះ​តេជ​ព្រះ​គុណ​ ​ប៊ុត ប៊ុនតិញ​ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១១ ខែ​តុលា។



កាលពី​ថ្ងៃទី​៨​ ​ខែ​កញ្ញា​កន្លងទៅ​ ​លោក​ ​ពេជ ស្រស់​ ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ​ដែល​ទើប​តែ​បង្កើត​ថ្មី​មុន​ពេល​បោះឆ្នោត​ឃុំ-សង្កាត់​ កាល​ពី​ខែ​មិថុនា​ ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​ស្នើ​ឲ្យ​អយ្យការ​ស៊ើប​អង្កេត​ស្វែងរក​ការណ៍​ពិត​ពាក់ព័ន្ធ​នឹង​ថវិកា​ដែល​ប្រជា​ពលរដ្ឋ​ចូល​បុណ្យ​សព​លោក​ ​កែម ឡី​ ក្នុង​ពេល​កន្លង​មក។​

កាលពី​ថ្ងៃទី​២២​ ​ខែ​កញ្ញា​ ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ចេញ​ដីកា​កោះ​ហៅ​អតីត​គណៈកម្មការ​ចំនួន​៣រូប​ ដែល​រៀបចំ​បុណ្យ​សព​របស់​លោក កែម ឡី ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​បទ​រំលោភ​លើ​សេចក្តីទុក​ចិត្ត។​

អ្នក​ទាំង​៣​រូប​មាន​ដូចជា​ ​លោក​ ​ប៉ា ងួនទៀង​ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ ​(CCIM)​ ​និង​លោក​ ​មឿន តុលា​ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ ​និង​សិទ្ធិ​មនុស្ស​ ​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​៩ ​ខែ​តុលា​ ​ព្រមទាំង​ព្រះ​តេជ​ព្រះ​គុណ​ ​ប៊ុត ប៊ុនតិញ​ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ ដែល​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១១ ខែ​តុលា។​

ពាក្យ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​ចេញ​ដោយ​លោក​ ​សំ ចំរើន​ ​ដែល​ជា​មេធាវី​របស់​លោក​ ​ប៉ា ងួនទៀង​ ​ចេញ​កាលពី​ថ្ងៃទី៨​ ​ខែតុលា​ បានបញ្ជាក់​ពី​មូលហេតុ​ថា​ ​ដោយ​សារ​កូន​ក្តី​របស់​ខ្លួន​ពុំ​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​ពិគ្រោះ​យោបល់​ទៅ​លើ​ដំណើរ​រឿង​ដែល​ត្រូវ​ចូល​បំភ្លឺ​ ​និង​មិន​ទាន់​ពិនិត្យ​មើល​ឯកសារ​ពាក្យ​បណ្តឹង​ ​រួមទាំង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត។​

ចំណែក​ពាក្យ​សុំ​លើក​ពេល​ចូល​បំភ្លឺ​របស់​លោក​ ​មឿន តុលា​ ​ចេញ​កាល​ពី​ថ្ងៃ​ទី​៦ ​ខែតុលា​ ​បញ្ជាក់​ពី​មូល​ហេតុ​ថា​ ​លោក​មិនទាន់​ទទួល​បាន​ដីកា​កោះ​ហៅ​របស់​តុលាការ​ដោយ​ផ្ទាល់​ដៃ​ ​ដោយ​សារ​លោក​ទើប​ត្រឡប់​មកពី​បំពេញ​បេសកកម្ម​នៅ​បរទេស​ ​និង​ថា​ ​ដីកា​ដែល​ចេញ​ដោយ​តុលាការ​បាន​សរសេរ​ខុស​អាស័យដ្ឋាន​បច្ចុប្បន្ន​របស់​លោក។​ ​លោក​បាន​បន្ថែម​ក្នុង​ពាក្យ​សុំ​ពន្យារ​នោះ​ដោយ​ស្នើ​ឲ្យ​តុលាការ​ចេញ​ដីកា​កោះ​សារ​ជាថ្មី។​

លោក​ ​មឿន តុលា​ ​បាន​បញ្ជាក់​ក្នុង​លិខិត​នោះដោយ​សម្រង់​ន័យ​ដើម​ថា៖​ ​«ខ្ញុំបាទ​នឹង​ចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ​ ​ប្រសិន​បើ​ខ្ញុំ​បាន​ទទួល​ដីកា​កោះ​សារ​ជាថ្មី​ ​ដោយ​មាន​អាស័យ​ដ្ឋាន​ផ្ទះ​លេខ​៣៥៩​ ផ្លូវ​៦៩ ​BT​ ​សង្កាត់​បឹង​ទំពុន​ ​ខណ្ឌ​មានជ័យ​ ​រាជធានី​ភ្នំពេញ»។​

VOA ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ​លី សុផាណា​ ​និង​លោក​ ​អ៊ី រិន្ទ​ ​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ។​ ​ចំណែក​លោក​ ​មឿន តុលា​ ​និង​លោក​ ​ប៉ា ងួនទៀង​ ​ក៏​វីអូអេ​មិន​អាច​ទាក់ទង​បាន ​ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ដែរ​ រហូត​ដល់​ល្ងាច​ថ្ងៃ​ចន្ទ​នេះ៕

No comments: