Tuesday, 3 October 2017
ខុទ្ទកាល័យលោក ស ខេង ប្រតិកម្មជំទាស់ទៅនឹងអត្ថបទ VOA រឿងពិធីមង្គលការកូនអ្នកធំនៅកម្ពុជា
03 តុលា 2017
VOA Khmer
ឯកឧត្តម ស ខេង ដើរចេញពីវិមានរដ្ឋសភាបន្ទាប់ពី កិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ទី២០ មិថុនា ២០១៧ វិមានរដ្ឋសភា ទីក្រុងភ្នំពេញ។ (កាន់ វិច្ឆិកា/VOA)
ភ្នំពេញ —
ខុទ្ទកាល័យលោក ស ខេង រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ ប្រតិកម្មជំទាស់ទៅនឹងអត្ថបទមួយរបស់ VOA ដែលរិះគន់ការបិទផ្លូវធំមួយចំនួនក្នុងក្រុងភ្នំពេញ ដើម្បីប្រារព្ធអាពាហ៍ពិពាហ៍កូនរបស់លោក កាលពីដើមឆ្នាំ២០១៦។ នេះបើតាមសេចក្តីបំភ្លឺរបស់ខុទ្ទកាល័យ លោក ស ខេងចេញផ្សាយជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍។
ប្រតិកម្មជំទាស់របស់ ខុទ្ទកាល័យលោក ស ខេង ធ្វើឡើងមួយថ្ងៃក្រោយពី VOA ចេញផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា«ការសម្ញែងតាមរយៈអាពាហ៍ពិពាហ៍កូនអ្នកកាន់អំណាច ទទួលបានប្រតិកម្មចម្រុះ»។ អត្ថបទនោះបានពណ៌នាអំពីពីធីរៀបអាពាហ៍ពិពាហ៍ ការបង្អួតភាពមានបានរបស់កូនចៅជំនាន់ក្រោយនៃគណបក្សប្រជាជនកម្ពុជា និងមតិចម្រុះរបស់អ្នកវិភាគនិងពលរដ្ឋខ្មែរ។ ក្នុងអត្ថបទដដែល VOA ក៏បានដកស្រង់សំណេររបស់កាសែត The Cambodia Daily ដែលចុះផ្សាយពីការបិទផ្លូវសារធារណៈ ក្នុងពិធីមង្គលការកូនលោក ស ខេង កាលពីខែមករាឆ្នាំ២០១៦។ ទោះយ៉ាងណាក៏ដោយ អត្ថបទនេះត្រូវបានច្រានចោលភ្លាមៗ ដោយខុទ្ទកាល័យលោក ស ខេង ផងដែរ។
លិខិតរបស់ ខុទ្ទកាល័យលោក ស ខេង រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ ដែលចុះថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០១៧ប្រតិកម្មជំទាស់ទៅនិងអត្ថបទមួយរបស់ VOA ដែលរិះគន់ការបិទផ្លូវធំមួយចំនួនក្នុងក្រុងភ្នំពេញ ដើម្បីប្រារព្វអាពាហ៍ពិពាហ៍កូនរបស់លោក។
លិខិតចំហរមួយដែលចេញផ្សាយតាមសារព័ត៌មានដែលជិតដិតនឹងរដ្ឋាភិបាល Fresh News ឱ្យដឹងថា ខុទ្ទកាល័យលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសបដិសេដថា មិនបានបិទផ្លូវធំមួយចំនួនក្នុងរាជធានីភ្នំពេញនោះទេ ហើយថា ការបិទផ្លូវមួយចំហៀងតូចដែលនៅផ្ទះលោក ស ខេងជិតវិមានឯករាជ្យទៀតសោត ក៏មានការយល់ព្រមពីអ្នកជិតខាង ការអនុញ្ញាតពីអាជ្ញាធរ និងដោយមានការជួយសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន «ដោយមិនបានបង្កការរាំងស្ទះដល់ការប្រកបជីវភាពរស់ប្រចាំថ្ងៃនិងធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅឡើយ»។
លិខិតដដែលបានសរសេរក្នុងន័យដើមថា៖ «ខុទ្ធកាល័យ សម្តេចក្រឡាហោម ស ខេង សូមទាត់ចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានបំផ្លើស ក្នុងចេនាបង្កឱ្យមានការភ័ន្តច្រឡំ និងញុះញង់ឱ្យមានទោមនស្សក្នុងសង្គមខ្មែរ»។
ខុទ្ធកាល័យលោក ស ខេង ក៏បានបញ្ជាក់ផងដែរថា ការបិទផ្លូវម្តងម្កាលសម្រាប់រៀបចំពិធី មង្គលការ ឬពិធីផ្សេងៗ បានក្លាយជាទំនៀមទម្លាប់សម្រាប់ពលរដ្ឋខ្មែរទូទៅ អនុវត្តគ្រប់ទិសទីក្នុងប្រទេសកម្ពុជា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment