ដោយ ជាតិ ចំណាន
2017-12-08
rfa
ប្រជាសហគមន៍ជាច្រើនឃុំនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៨ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦។ Photo LICADHO
Photo LICADHO
ពលរដ្ឋនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើកឡើងថា អាជ្ញាធរមូលដ្ឋានចេះតែបន្តឃ្លាំមើលសកម្មភាពរបស់ពួកគេ និងលាបពណ៌ជាគណបក្សប្រឆាំង បណ្តាលឲ្យពលរដ្ឋបារម្ភពីសុវត្ថិភាព និងប៉ះពាល់ដល់ការរស់នៅឯកជន។ មិនតែប៉ុណ្ណោះ អាជ្ញាធរតែងតែចោទប្រកាន់អ្នកភូមិមួយចំនួនថា ជាក្រុមគណបក្សប្រឆាំងទៀតផង។
ប្រជាសហគមន៍នៅស្រុកមេមត់ លើកឡើងថា សិទ្ធិសេរីភាពរបស់ពួកគាត់ត្រូវបានរឹតត្បិតជាងកាលពីមុខតុលាការមិនទាន់រំលាយគណបក្សប្រឆាំង ហើយពលរដ្ឋក៏មិនហ៊ានបញ្ចេញមតិអ្វីច្រើនដូចកន្លងមកនោះដែរ។ អ្នកភូមិអះអាងថា ក្រៅពីមិនអាចបញ្ចេញមតិអ្វីបានហើយ ពួកគាត់ត្រូវបានអាជ្ញាធរមូលដ្ឋានលាបពណ៌ និងចោទប្រកាន់ថា ជាក្រុមបក្ខពួកគណបក្សប្រឆាំងជាដើម។
ប្រជាសហគមន៍នៅស្រុកមេមត់ ម្នាក់លើកឡើងថា ពួកគាត់កាន់តែព្រួយបារម្ភ ហើយសកម្មភាពផ្សេងៗ ក្នុងសហគមន៍គឺត្រូវមានការប្រុងប្រយ័ត្នជាងពេលមុនៗ។ អ្នកស្រីបញ្ជាក់ថា ស្ថានភាពបែបនេះ កើតឡើងក្រោយពេលសមត្ថកិច្ចចាប់ខ្លួនមេបក្សប្រឆាំង និងចុងក្រោយឈានទៅរំលាយគណបក្សសង្គ្រោះជាតិទាំងស្រុងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា៖ «និយាយពីថាសិទ្ធិរបស់យើងវាធ្លាក់ចុះមែនទែន អត់ដូចពីមុន។ គេចោទប្រកាន់ គេលាបពណ៌ យើងទៅណាក៏គេចាំមើលយើង»។
ប្រភពដដែលបន្ថែមថា ក្នុងសហគមន៍របស់ខ្លួន គឺនៅមានបញ្ហាដីធ្លីមិនទាន់ដោះស្រាយជូនពលរដ្ឋទាំងស្រុងនោះទេ ពោលគឺមានពលរដ្ឋខ្លះមិនទាន់ទទួលបានប្លង់កម្មសិទ្ធិដីធ្លីពីអាជ្ញាធរនៅឡើយ ប៉ុន្តែពលរដ្ឋមិនអាចធ្វើសកម្មភាពបញ្ចេញមតិអ្វីបាន។
ទាក់ទងបញ្ហានេះ មេភូមិខ្នងក្រពើកើត លោក ដោក សុភាព មានប្រសាសន៍នៅថ្ងៃទី៨ ខែធ្នូ ថា គ្មាននរណាទៅហាមឃាត់ ឬបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋទេ ប៉ុន្តែពេលខ្លះអាជ្ញាធរឃ្លាំមើលពួកគាត់ដោយសារខ្លាចក្រុមពលរដ្ឋដែលទទួលបានសំណងផលប៉ះពាល់ដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ រួចហើយ បែរនាំគ្នាមកយកដីដែលនៅសេសសល់ដោយគ្មានការអនុញ្ញាតបន្ថែមទៀត ដែលអាចបណ្ដាលឱ្យមានបញ្ហាកើតឡើង។ ចំណែកពលរដ្ឋដែលបានប្លង់កម្មសិទ្ធិហើយ គ្មាននរណាគេឃ្លាំមើល ឬបិទសិទ្ធិសេរីនោះទេ៖ «គេឃ្លាំមើល គេតាមដានហ្នឹង គឺក្រែងលោបងប្អូនហ្នឹងបានប៉ុណ្ណឹងហើយ ចង់បានបណ្ដុះទៀត។ ក្មួយស្តាប់ឱ្យទាន់ កិច្ចការហ្នឹង។ បាទ! មានប៉ុណ្ណឹងទេ ត្រង់ថាគេបិទសិទ្ធិមិនឱ្យបងប្អូនធ្វើអី គឺគ្មានទេ»។
រដ្ឋធម្មនុញ្ញមាត្រា ៤១ ចែងថា ពលរដ្ឋមានសិទ្ធិសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ភផ្សាយ និងសេរីភាពខាងការជួបប្រជុំជាដើម។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ និងប៉ះពាល់ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងប៉ះពាល់ដល់សន្តិសុខរបស់ជាតិបានឡើយ។
មន្ត្រីផ្នែកអង្កេតជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា តាមផ្លូវច្បាប់ គឺបានធានាដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋដើម្បីការរស់នៅដោយគ្មានការភ័យខ្លាច ពីព្រោះប្រទេសកម្ពុជា បានប្រកាន់របបនយោបាយបែបប្រជាធិបតេយ្យសេរីពហុបក្ស មិនមែនរបបកុម្មុយនីស្តទេ៖ «អ៊ីចឹងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ គឺសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋហ្នឹងត្រូវបានធានា ពិសេសសិទ្ធិដើរហើរ សិទ្ធិជួបជុំ សិទ្ធិប្រមូលផ្តុំដោយសន្តិវិធីតាមផ្លូវច្បាប់ទៅតាមរដ្ឋធម្មនុញ្ញ»។
មន្ត្រីសិទ្ធិមនុស្សដដែលយល់ថា បញ្ហាទាំងនេះ ទាំងប្រជាពលរដ្ឋ និងអាជ្ញាធរ គប្បីស្វែងរកឫសគល់នៃបញ្ហាដើម្បីដោះស្រាយឱ្យបានចប់សព្វគ្រប់ ប្រកបដោយភាពយុត្តិធម៌ នោះសកម្មភាពទាមទារ ឬតវ៉ាណាមួយក៏មិនអាចកើតឡើងបានដែរ៕
No comments:
Post a Comment