Friday, 22 December 2017

"រដ្ឋាភិបាល​កាន់​តែ​ភ័យ​ខ្លាច​ការ​ក្រោក​តវ៉ា​ដោយសារ​អំពើ​អយុត្តិធម៌​ខ្លាំង​មក​លើ​សំឡេង​ប្រឆាំង"


ដោយ មួង ណារ៉េត
2017-12-22 

អ្នក​នយោបាយ​ជើង​ចាស់ ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA
អ្នក​នយោបាយ​ជើង​ចាស់ ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA

Photo: RFA



ក្រោយ​ពី​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ បណ្ដេញ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​អន្តរជាតិ (NDI) និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បាន​សម្រេច រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​បង្កើន​សន្ទុះ​កាន់​តែ​ខ្លាំង​ឡើងៗ ក្នុង​ការ​បង្ក្រាប​រាល់​ការ​ប្រមូល​ផ្តុំ កា​បញ្ចេញ​មតិ​ប្រឆាំង ឬ​ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ក្រោក​តវ៉ា​ទៅ​នឹង​ចំណាត់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទាំង​នេះ។ រដ្ឋាភិបាល​អះអាង​ថា នេះ​ជា​ការ​រក្សាសុខ​សន្តិភាព។ ប៉ុន្តែ អ្នក​វិភាគ​ចាត់​ទុក​ចំណាត់ការ​បែប​នេះ ថា​ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ និង​ចៀស​មិន​ផុត​ពី​ការ​ផ្ទុះ​តវ៉ា បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​សម​ស្រប។



​សារ​ព្រមាន​ខ្លាំងៗ និង​ថ្កោលទោស​ចុង​ក្រោយ​បំផុត​ទៅ​នឹង​ការ​ប៉ុនប៉ង​ទាមទារ​រក​យុត្តិធម៌ គឺ​ចេញ​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារជាតិ ដែល​ចោទ​អ្នក​នយោបាយ​ជើងចាស់​ម្នាក់ គឺ​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថា​មាន​គោលដៅ​ញុះញង់​ឲ្យ​មានការ​បះបោរ។ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាត ប្រាប់​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ថា ការ​លើក​ឡើង​របស់​លោក លឺ ឡាយស្រេង ជា​អំពើ​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល និង​ជា​អំពើ​ពិសពុល ឱ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​កងកម្លាំង​ប្រដាប់​អាវុធ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ឈុំ សុជាត ប្រាប់​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ (The Phnom Penh Post) ថា ក្រសួង​ការពារជាតិ មិនទាន់​សម្រេច​ថា​នឹង​ដាក់​ពាក្យ​ប្ដឹង​លោក លឺ ឡាយស្រេង ឬ​យ៉ាង​ណា​ទេ ដោយ​លោក​ថា "នោះ​ជា​ដំណាក់កាល​បន្ទាប់"។

​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែល​ត្រូវ​និរទេស​ខ្លួន​ចេញ​ពី​ស្រុក​ខ្មែរ ដើម្បី​រួច​ផុត​ពី​ការ​ចាប់ចង​ដោយសារ​បណ្ដឹង​របស់​លោក ហ៊ុន សែន និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ចេញ​វីដេអូ​តាម​ហ្វ៊េសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​ធ្នូ ដោយ​គ្រាន់តែ​ថ្លែង​អំពី​ការ​ព្រួយ​បារម្ភ​របស់​លោក ក្រែង​ចៀស​មិន​ផុត​ពី​ផ្ទុះ​ការ​ក្រោក​តវ៉ា​ពី​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រងគ្រោះ​ដោយសារ​អំពើ​អយុត្តិធម៌ និង​ការ​ស៊ូទ្រាំ​រង​ទុក្ខវេទនា​មិន​បាន ក្រោយ​ពេល​សហគមន៍​អន្តរជាតិ ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។

លោក លឺ ឡាយស្រេង ថ្លែង​ដូច្នេះ៖ «ដល់​ពេល​ហ្នឹង​ហើយ ខ្ញុំ​ក្រែង​ទេ ខ្ញុំ​ក្រែង​ថា បង​ប្អូន​មិន​សុខ​ចិត្ត ងើប​ឈរ​ទាំង​អស់​តវ៉ា​ជាមួយ​នឹង​រដ្ឋាភិបាល ដែល​បង្កើត​ឲ្យ​មាន​បញ្ហា​ធុន​នេះ។ ខ្ញុំ​ថា បើ​សិន​បង​ប្អូន​ងើប​ឈរ​ឡើង​មក បង​ប្អូន​ប៉ូលិស ទាហាន ប្រដាប់​អាវុធ​ទាំង​អស់ តើ​បងប្អូន​ហ៊ាន​កេះកៃ​សម្លាប់​ឈាម​ឯង ឬ​ទេ? យើង​ទើប​ងើប​ពីរ​បប ប៉ុល ពត កាប់​សម្លាប់ ឥឡូវ​ដល់​របប ប៉ុល ពត ទី​២ ហើយ​មក​បញ្ជា​គ្នា​ឲ្យ​មក​សម្លាប់​គ្នា​ឯង​អ៊ីចឹង តើ​បង​ប្អូន​លើកដៃ​សម្លាប់​ទៅ​រួច ឬ​មិន​រួច?»។

វា​ស្ទើរ​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ​ដែល​កងកម្លាំង​ប្រដាប់​អាវុធ ក៏​ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច ចេញ​មុខ​ចោទ​ប្រកាន់ និង​ថ្កោលទោស​ប្រឆាំង​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា មតិ​របស់​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រូប​នេះ វា​មិន​ខុស​ទាស់​អ្វី​នឹង​ច្បាប់​ឡើយ។ អ្នក​វិភាគ​នយោបាយ​ចាស់​វង្សា​រូប​នេះ​ចាត់​ទុក​ថា ផ្អែក​តាម​គោលការណ៍​ច្បាប់ ពលរដ្ឋ​អាច​មាន​សិទ្ធិ​បញ្ចេញ​មតិ​ស្មើៗ​គ្នា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ម្យ៉ាង​វិញ​ទៀត វា​សម​ល្មម​ណាស់​ពេក​ហើយ ដែល​កម្ពុជា ត្រូវ​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​របស់​ខ្លួន​ដែល​កំពុង​ហែកហួរ​នេះ។

​ការ​ភ័យ​ខ្លាច​កម្លាំង​ក្រោក​តវ៉ា​ពី​មហាជន​នេះ ធ្វើ​ឲ្យ​ស្ថាន​ប័ន​យោធា និង​ស៊ីវិល​ដែល​គាំទ្រ​លោក ហ៊ុន សែន ជា​ច្រើន​ផ្សេង​ទៀត ធ្វើ​ញត្តិ​ថ្កោលទោស លោក សម រង្ស៊ី បន្ត​កន្ទុយ​គ្នា។ ខាង​យោធា​បាន​ដាក់​ពាក្យ​ប្តឹង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ដោយ​ចោទ​ពីបទ​ញុះញង់​ឲ្យ​កង​ទ័ព​កុំ​ស្តាប់​បញ្ជា​របស់​មេ ដោយ​លោក សម រង្ស៊ី គ្រាន់​តែ​ស្នើ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ ពលទាហាន និង​នគរបាល កុំ​ធ្វើ​តាម​បញ្ជា​ពី​មេដឹកនាំ​ផ្ដាច់ការ បើ​គេ​បញ្ជា​ឲ្យ​បាញ់​ប្រហារ និង​សម្លាប់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ក្នុង​ករណី​មាន​ការ​ក្រោក​តវ៉ា​ដោយ​អហិង្សា ដើម្បី​ទាមទារ​រក​យុត្តិធម៌​ដោយសារ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ៖ «ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​កងកម្លាំង​ប្រដាប់អាវុធ កុំ​ធ្វើ​តាម​បញ្ជា​មេ​កើយ​ប្តេជ្ញា និង​អមនុស្សធម៌ ដែល​បញ្ជា​ឲ្យ​បាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ដែល​ទាមទារ​សេរីភាព និង​យុត្តិធម៌​ដោយ​សន្តិវិធី»។

​គ្រាន់តែ​សារ​អំពាវនាវ​កុំ​ឲ្យ​ទាហាន​សម្លាប់​មនុស្ស​ស្លូត​ត្រង់​នេះ ធ្វើ​ឲ្យ​បញ្ឆេះ​កំហឹង​លោក ហ៊ុន សែន ខឹង​ច្រឡោត​នឹង​លោក សម រង្ស៊ី ដាច់​ក្បាល​ដាច់​កន្ទុយ រហូត​ឈាន​ដល់​ថ្នាក់​ប្រមាថកាតទាន​ដល់​ពូជ​អម្បូរ​លោក​ថែម​ទៀត​ផង។ នេះ​ហាក់​ដូចជា​បង្ហាញ​ការ​មិន​ប្រាកដ​ក្នុង​ចិត្ត​អំពី​សន្ទុះ​ទឹកចិត្ត​របស់​កងកម្លាំង​ប្រដាប់​អាវុធ ដែល​ឧស្សាហ៍​ស្បថស្បែ​ថា ប្ដេជ្ញា​ការពារ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន ចាត់​ទុក​ការ​អំពាវនាវ​សុំ​មេត្តា​ពី​អ្នក​កងកម្លាំង​ប្រដាប់​អាវុធ​បែប​នេះ​ថា​ជា​អំពើ​ក្បត់​ជាតិ៖ «មាន​ការ​ប្រកាស​សង្គ្រាម​ពី​ជន​ក្បត់​ជាតិ​ដែល​ជា​ការ​ក្បត់​ជាតិ​ត​ជំនាន់។ ឪពុក​ក៏​ក្បត់​ជាតិ ហើយ​ទី​ចុង​បំផុត​ជន​ក្បត់​ជាតិ​នេះ​ក៏​ត្រូវ​ស្លាប់​តៃហោង។ ឥឡូវ​មក​ដល់​កូន ក៏​ត្រូវ​បង្កើត​ឲ្យ​មាន​រឿង​ក្បត់​ជាតិ​នេះ​បន្ត​ទៀត ព្រោះ​មនុស្ស​អស់​នេះ ជា​មនុស្ស​អ្នក​បង្កើត​សង្គ្រាម​តែម្តង។ យើង​កាន់​តែ​មាន​មូលហេតុ​សមស្រប​ដើម្បី​បញ្ជាក់​ថា ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ឈាន​ទៅ​ដល់​ការ​រម្លាយ​បក្ស​នយោបាយ និង​កាត់​ទោស​ជន​ក្បត់​ជាតិ ជា​វិធានការ និង​ចំណាត់​ការ​ត្រឹមត្រូវ ព្រោះ​អំពើ​ក្បត់​ជាតិ​នេះ​ហើយ ដែល​យើង​តែង​និយាយ​ថា បើ​ពួក​នេះ​នៅ គឺ​វា​នឹង​មាន​សង្គ្រាម»។

​ភាព​រសើប​នៃ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ឲ្យ​ថ្នាំងថ្នាក់​ចិត្ត និង​ឲ្យ​ប៉ះពាល់​ដល់​រាស្ត្រ​ម្ចាស់​ឆ្នោត​ជាង​ពាក់​កណ្តាល​នគរ​បែប​នេះ ងាយ​នឹង​មាន​ចលនា​រើ​បម្រះ​ណាស់ ប្រសិនបើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​សមស្រប​ឆាប់ៗ​នោះ​ទេ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចាត់​ទុក​ស្ថានការណ៍​គ្មាន​ការ​តវ៉ា​ក្នុង​ប្រទេស​សព្វថ្ងៃ មិន​មែន​បង្ហាញ​ពី​ភាព​ពេញចិត្ត និង​យល់​ស្រប​តាម​នោះ​ទេ ប៉ុន្តែ​វា​ជា​ស្ថានភាព​រង​សម្ពាធ​ដែល​មិន​ខុស​អ្វី​ពី​ស្ថានភាព​ទឹក​ដាំ​នៅ​លើ​ចង្ក្រាន​មាន​ភ្លើង។ ក្នុង​ស្ថានភាព​បែប​នេះ ផ្ទៃ​ទឹក​មាន​សភាព​នឹង​នៅ​ផ្នែក​ខាងលើ ប៉ុន្តែ​មាន​ចរន្ត​កំពុង​ពុះពោរ​នៅ​ផ្ទៃ​ខាង​ក្រោម ដែល​អាច​ផុល​ឡើង​ជា​យថាហេតុ៖ «មុន​ពេល​ពុះ​កញ្ជ្រោល គឺ​មាន​ពពុះ​បន្តិចៗ ចេញ​មក​ពី​បាត​កំសៀវ ឬ​បាត​ឆ្នាំង​ដែល​ដាំ​ទឹក​នោះ»។

​ដោយសារ​តែ​ភាព​រសើប​នេះ ទើប​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្ត​ចាត់​ការ​បង្ក្រាប និង​រឹត​បន្តឹង​យ៉ាង​ខ្លាំង​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល។

ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ឡេង សេងហុង ក៏​ត្រូវ​បង្ខំចិត្ត​និរទេស​ខ្លួន​ទៅ​ប្រទេស​ក្រៅ​ដើម្បី​សុវត្ថិភាព ក្រោយ​ពី​តុលាការ​បង្គាប់​ឱ្យ​លោក​ចូល​បង្ហាញ​ខ្លួន​ទៅ​បំភ្លឺ​ពី​ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ ការ​ចោទ​ប្រកាន់​នេះ ដោយសារ​យុវជន ឡេង សេងហុង កាល​ពី​ខែ​តុលា បាន​អំពាវនាវ​មហាជន​ខ្មែរ​ទាំង​អស់​ឲ្យ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា តវ៉ា​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

​ការ​បង្ក្រាប​ការ​តវ៉ា​ដោយ​សន្តិវិធី​ណា​មួយ​ប្រឆាំង​អំពើ​អយុត្តិធម៌ ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​រំលោភ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ នីតិរដ្ឋ ព្រមទាំង​រំលោភ​រដ្ឋធម្មនុញ្ញ​ផង​បែប​នេះ ត្រូវ​បាន​អ្នក​វិភាគ​ចាត់​ទុក​ថា ជា​ការ​អង្គុយ​បក់​ផ្សែង​ជា​ជាង​ពន្លត់​ភ្លើង។ លោក​បណ្ឌិត ឡៅ  ម៉ុងហៃ អះអាង​ថា ដំណោះស្រាយ​ដែល​សមស្រប​បំផុត គឺ​ពន្លត់ភ្លើង​នោះ។ លោក​បណ្ឌិត​បន្ត​ថា ប្រភព​ភ្លើង​នោះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​រំលោភ​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣ ដែល​ផ្អែកលើ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​ខ្មែរ​កាល​ពី​ឆ្នាំ​១៩៩៣ បាន​សម្រេច​មូល​មាត់​គ្នា​ច្បាស់លាស់​ហើយ អំពី​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ អំពី​ការ​បែង​ចែង​អំណាច​ឯករាជ្យ​ពីគ្នា​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ និង​ការ​ប្ដេជ្ញា​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ផង​ដែរ៖ «ដូច្នេះ​ការ​គាបសង្កត់ ការ​បង្ក្រាប និង​ការ​ប្រើប្រាស់​យោធា​ខុស​តួនាទី​អី​ហ្នឹង គឺ​វា​ចាក​ចេញ​ពី​រដ្ឋធម្មនុញ្ញ​ហ្នឹង​ហើយ ដូច្នេះ​ត្រូវ​តែ​វិល​មក​រក​ការ​គោរព​អនុវត្ត​រដ្ឋធម្មនុញ្ញ​វិញ»។

​ទោះ​បី​មាត្រា​ច្បាប់​ជា​ច្រើន ទាំង​ច្បាប់​ស្តីពី​បាតុកម្ម​ដោយ​សន្តិវិធី ច្បាប់​រដ្ឋធម្មនុញ្ញ និង​សន្ធិសញ្ញា​អន្តរជាតិ ដែល​ប្រទេស​កម្ពុជា ចុះ​ហត្ថលេខា សុទ្ធតែ​ការពារ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​ប្រមូល​ផ្តុំ​គ្នា ឬ​ដង្ហែ​ក្បួន​តវ៉ា និង​សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​យ៉ាង​ណា សហគមន៍​អន្តរជាតិ​យល់​ឃើញ​ថា សិទ្ធិ​សេរីភាព​ទាំង​នេះ កំពុង​ត្រូវ​បាន​រឹតត្បិត​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ ដោយសារ​តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ខំប្រឹង​ការពារ​អំណាច​បុគ្គល និង​បក្ស ជា​ជាង​ការពារ​អំណាច​ប្រជាពលរដ្ឋ​ទូទៅ។

​ទោះ​បី​ក្នុង​ពេល​បច្ចុប្បន្ន រដ្ឋាភិបាល​អាច​បន្ត​បង្ក្រាប​ការ​តវ៉ា​ណា​មួយ​នៅ​ក្នុង​ស្រុក​បាន​ក៏​ពិត​មែន ប៉ុន្តែ​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ស្រុក រួម​ទាំង​សហគមន៍​អន្តរជាតិ​ផង កំពុង​តែ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​តវ៉ា និង​បញ្ចេញ​មតិ​នេះ​យ៉ាង​ទូលំទូលាយ ដោយ​មិន​រង​ការ​បង្ក្រាប​ណា​មួយ​នោះ​ឡើយ។  សន្ទុះ​នៃ​ការ​តវ៉ា​នៅ​ក្រៅ​ប្រទេស​នេះ ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​កំពុង​ពិចារណា​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថានការណ៍​ប្រទេស​កម្ពុជា ហើយ​រិះរក​វិធានការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បណ្តើរៗ ដែល​អាច​ឈាន​ទៅ​រក​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថែម​ទៀត​ផង ប្រសិនបើ​រដ្ឋាភិបាល​នៅ​តែ​មិន​រក​ដំណោះស្រាយ​សមស្រប ដើម្បី​ស្តារ​ស្ថានការណ៍​បច្ចុប្បន្ន​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ ដើម្បី​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​មួយ​ដែល​មាន​ការ​ចូល​រួម​ស្មើ​ភាព​គ្នា និង​ពេញលេញ​ពី​ភាគី​ដែល​ពាក់ព័ន្ធ​ទាំង​អស់៕

No comments: