Saturday 2 December 2017
គណៈអចិន្ត្រៃយ៍រដ្ឋសភា សម្រេចយកបេក្ខជន៣រូប ទៅជំនួសកៅអីសមាជិក គជប ដែលនៅទំនេរ
ដោយ វ៉ា សំណព្វ 30/11/2017 30/11/2017
rfi
កិច្ចប្រជុំគណៈកម្មាធិការអិចន្ត្រៃយ៍នៃរដ្ឋសភា ដែលធ្វើឡើងក្រោមអធិបតីភាពរបស់លោក ហេង សំរិន កាលពីថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ ២០១៧។
@សហការី
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃទី ៣០ វិច្ឆិកានេះ បានសម្រេចទទួលយកបេក្ខជនចំនួន០៣រូប មកពីគណបក្សនយោបាយចំនួនពីរ និងមន្ត្រីសាលាក្តីខ្មែរក្រហមម្នាក់ ដើម្បីបំពេញកៅអីជាសមាជិក គ.ជ.ប ដែលនៅទំនេរ។ ក្រៅពីនេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ក៏បានសម្រេចលើបញ្ជីបេក្ខជនតំណាងរាស្ត្រថ្មីចំនួន១៦រូបមកពីគណបក្សប្រជាជនកម្ពុជាដើម្បីប្រកាសសុពលភាព។
ដូចតាមការគ្រោងទុក គណៈកម្មាធិការអិចន្ត្រៃយ៍នៃរដ្ឋសភា នៅថ្ងៃទី ៣០ វិច្ឆិកា នេះ បានបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីអនុម័តទៅលើរបៀបវារៈសំខាន់ៗចំនួនពីរ។ ទី១. ការសម្រេចលើបញ្ជីឈ្មោះបេក្ខជនជាតំណាងរាស្ត្រចំនួន១៦រូប មកពីគណបក្សប្រជាជនកម្ពុជា ដែលសម្រេចដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ បេក្ខជនតំណាងរាស្ត្រទាំង១៦រូបនេះ គឺមាន១១រូប ជាបេក្ខជនតំណាងរាស្ត្រថ្មី ដែលបានមកពីការបែងចែកអាសនៈ របស់គណបក្សសង្គ្រោះជាតិនៅជុំទី២ ក្រោយពីការរំលាយ និងបេក្ខជនតំណាងរាស្ត្រ៥រូបទៀត ដែលគណបក្សប្រជាជនកម្ពុជាបានស្នើថ្មី បន្ទាប់ពីអតីតតំណាងរាស្ត្ររបស់ខ្លួនបានលាឈប់។ បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការអិចន្ត្រៃយ៍នៃរដ្ឋសភា នៅថ្ងៃទី ៣០ វិច្ឆិកា នេះ បានលើកឡើងថា តំណាងរាស្ត្រថ្មីទាំង១៦រូប នឹងត្រូវប្រកាសសុពលភាពនៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៥ ដែលនឹងធ្វើឡើងនៅពេលខាងមុខ។
ទី២.កិច្ចប្រជុំគណៈកម្មាធិការអិចន្ត្រៃយ៍នៃរដ្ឋសភា ដែលធ្វើឡើងក្រោមអធិបតីភាពរបស់លោក ហេង សំរិន ក៏បានអនុម័តលើបេក្ខជនចំនួន០៣រូប ឲ្យធ្វើជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ដែលនៅទំនេរផងដែរ។ បេក្ខជនទាំង០៣រូប ដែលរដ្ឋសភាចាត់ទុកថា ជាអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងចំណោមបេក្ខជនដែលបានដាក់ពាក្យសុំឈរឈ្មោះជាបេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនេះ រួមមាន លោក នុត សុខុម កូតាមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលអាចនឹងក្លាយជាអនុប្រធាន គជប, លោក ហ៊ែល សារ៉ាត់ កូតាមកពីគណបក្សសញ្ជាតិកម្ពុជា និងលោក ឌឹម សុវណ្ណារុំ ជាមន្ត្រីទំនាក់ទំនងកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម។ លោក ឌឹម សុវណ្ណារុំ ដែល បច្ចុប្បន្នមានតួនាទីសមាជិកក្រុមប្រឹក្សាភិបាលនៃវេទិការសម្ព័ន្ធសង្គមស៊ីវិលកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា នៅមិនទាន់ធ្វើអត្ថាធិប្បាយណាមួយនៅឡើយ ខណៈដែលរដ្ឋសភានៅមិនទាន់សម្រេចជាផ្លូវការ។ ប៉ុន្តែលោក បានគូសបញ្ជាក់ថា លោកគឺជាបេក្ខជនសេរី ដែលមិនស្ថិតនៅក្រោមគណបក្សនយោបាយណាមួយនោះឡើយ។
សូមបញ្ជាក់ថា បេក្ខជនទាំង៣រូប នឹងត្រូវរដ្ឋសភា ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នៅក្នុងកិច្ចប្រជុំពេញអង្គ នៅពេលខាងមុខនេះ ដើម្បីកាន់តំណែងជាអនុប្រធាន និងសមាជិកគ.ជ.ប ជំនួសលោក គួច ប៊ុនរឿន, លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង ដែលបានប្រកាសលាឈប់ កាលពីថ្ងៃទី ២០ វិច្ឆិកា ក្រោមហេតុផលនយោបាយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment