Tuesday, 19 December 2017
អនុប្រធានគណបក្សប្រឆាំងប្រកាសមិនទទួលគំនិតលោក ហ៊ុន សែន បង្កើតបក្សថ្មី
ដោយ តាំង សារ៉ាដា
2017-12-18
rfa
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងទៅកាន់អ្នកគាំទ្រ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
Photo: RFA
អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រកាសមិនទទួលយក គំនិតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលស្នើឲ្យបក្សប្រឆាំង បង្កើតបក្សថ្មី សម្រាប់ប្រកួតប្រជែងនៅឆ្នាំ២០១៨នោះទេ។ បក្សសង្គ្រោះជាតិ យល់ថា បើទទួលយកគំនិតនេះ នឹងធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្លាយជាមេដឹកនាំផ្ដាច់ការលើពិភពលោក។
លោក អេង ឆៃអ៊ាង ហៅគំនិតថ្មីដែលលោក ហ៊ុន សែន ផ្ដល់ឲ្យ ជាយុទ្ធសាស្ត្រនយោបាយដើម្បីដោះស្រាយសម្ពាធអន្តរជាតិរបស់ លោក ហ៊ុន សែន ហើយក៏ជាផ្លូវដែលលោក ហ៊ុន សែន ចង់ដើរ និងគូសវាសឲ្យបក្សប្រឆាំងដើរតាម ក្រោយពីការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ។
អនុប្រធានបក្សប្រឆាំងរូបនេះ អះអាងថា បក្សប្រឆាំងមិនដើរលើផ្លូវ ដែលលោក ហ៊ុន សែន ចង់បាននោះទេ ព្រោះផ្លូវនេះ នាំឲ្យលោក ហ៊ុន សែន ក្លាយជាមេដឹកនាំផ្ដាច់ការ ហើយកម្ពុជានឹងស្ថិតនៅ ឯកោពីសហគមន៍អន្តរជាតិ ហើយពលរដ្ឋខ្មែរដែលរស់នៅក្នុងភាពក្រីក្រ នឹងភ័យខ្លាច។
ការប្រកាសបដិសេធតាមហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង គឺជាការឆ្លើយតបនឹងសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី១៧ ធ្នូ ដែលសរសេរថា គណបក្សសង្គ្រោះជាតិ គ្មានថ្ងៃកើតឡើងសាជាថ្មីទៀតឡើយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់ជម្រើសថា មានតែវិធីមួយគត់ គឺការបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតខាងមុខ ប្រសើរជាងដើរនិយាយឃោសនាមិនពិត ហើយខាតបង់ពេលវេលាកាន់តែច្រើន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺធ្វើឡើងទៅតាមនីតិរដ្ឋត្រឹមត្រូវ ដូច្នេះគណបក្សប្រឆាំងមួយនេះមិនអាចរស់ឡើងវិញឡើយ។ លោកអះអាងថា បើទោះបីជា មន្ត្រីគណបក្សប្រឆាំងខិតខំរកកិច្ចអន្តរាគមន៍ ពីខាងណាមកក៏ដោយ ក៏មិនអាចត្រឡប់ក្រោយបានដែរ ពីព្រោះជាសាលដីកាសម្រេច និងបិទផ្លូវតវ៉ា៖ «អ៊ីចឹងខ្ញុំយល់ថា អាស្រ័យលើឆន្ទៈរបស់បងប្អូនទេ។ បងប្អូនចង់បង្កើតគណបក្សច្បាប់គេស្វាគមន៍តើ ព្រោះសិទ្ធិពលរដ្ឋយើងមាន។ អ៊ីចឹងទេ យើងបង្កើតគណបក្សនយោបាយសិទ្ធិធំៗយើងមាន។ បើថាមិនបង្កើតទេ រង់ចាំឲ្យគណបក្សប្រឆាំងដែលត្រូវបានរំលាយហើយរស់ឡើងវិញ ក៏រង់ចាំទៅ»។
ទោះជាយ៉ាងណាក៏ដោយអនុប្រធានបក្សប្រឆាំង បញ្ជាក់ថា ដំណោះស្រាយនយោបាយនៅកម្ពុជាអាចមានទៅបាន លុះត្រា មានការលុបចោលនូវសេចក្ដីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ដោះលែង ប្រធានបក្សប្រឆាំង លោក កឹម សុខា ដោះលែងអ្នកទោសមនសិការទាំងអស់ ទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើអ្នកនយោបាយ មន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ហើយត្រូវអនុញ្ញាតឲ្យអង្គការ សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ធ្វើសកម្មភាពដូចប្រក្រតី ឡើងវិញ។
លោក អេង ឆៃអ៊ាង អះអាងថា ដំណោះស្រាយនយោបាយបែបនេះ គឺអាចនាំឲ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរមានស្ថិរភាព សន្តិភាព និងមានការអភិវឌ្ឍពិតប្រាកដ ហើយទទួលបាន ផលប្រយោជន៍យ៉ាងធំធេងពីសហគមន៍អន្តរជាតិ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គម លោក សន ជ័យ យល់ថា ការបង្កើតគណបក្សថ្មី មិនមែនជាជម្រើសល្អសម្រាប់ពលរដ្ឋកម្ពុជា សព្វថ្ងៃនោះទេ។ លោកបន្តថា បើបក្សប្រឆាំង បង្កើតគណបក្សថ្មី នឹងធ្វើឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមិនសប្បាយចិត្ត ហើយគណបក្សថ្មីនោះ នឹងរងឥទ្ធិពលពីប្រធានគណបក្សកាន់អំណាចដដែល៖ «ជួបឧបសគ្គទី១ គេហៅថា ការមើលឃើញ ឬការជឿទុកចិត្តពីអ្នកគាំទ្រ ទី២គឺឥទ្ធិពល ក្នុងការប្រកួតប្រជែងតាមរយៈការបោះឆ្នោតនេះ អាចនឹងជួបប្រទះបញ្ហាដែរ។ នេះមិនរាប់ចូលនូវ ដំណើរការនៃការចុះឈ្មោះ និងដំណើរនៃការដាក់បេក្ខភាពនៅក្នុងរចនាសម្ព័ន្ធនៃការដឹកនាំនោះដែរ»។
លោក សន ជ័យ អះអាងថា ការជជែកគ្នាដើម្បីរកដំណោះស្រាយរួមគ្នា ប្រសើរជាជាងការចង្អុលបង្ហាញឲ្យបង្កើតបក្សថ្មី៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment