ដោយ តាំង សារ៉ាដា
2017-12-05
rfa
ទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ខែត្រកែប និងបដាស្នើដោះលែងលោក កឹម សុខា ដែលត្រូវបានជនមិនស្គាល់មុខលួចវះកាលពីដើមខែតុលា ឆ្នាំ២០១៧។
Photo provided
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ នៅខេត្តកែប អោយដឹងថា មានមន្ត្រីនគរបាល និងមនុស្សមិនស្គាល់មុខតែងតាមដានពួកគាត់ និងក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ដែលមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច។ អ្នកឃ្លាំមើលសិទ្ធិមនុស្សហៅសកម្មភាពឃ្លាំមើលពីក្រុមនគរបាល និងមនុស្សមិនស្គាល់មុខថា ជាការរំលោភលើសិទ្ធិមនុស្សរបស់ពលរដ្ឋ។
លោក នន់ តារា សម្ដែងការព្រួយបារម្ភថា សេរីភាពដើរហើរ ឬការជួបជជែកគ្នាលេងជាមួយក្រុមប្រឹក្សា ឬសកម្មជនរបស់គណបក្សសង្គ្រោះជាតិ នៅក្នុងខេត្តកែប មិនអាចល្អដូចកាលពីមុននោះទេ ដោយសារពួកគេតែងស្ថិតក្រោមការតាមដានពីក្រុមមនុស្សមិនស្គាល់មុខ ឬពីសំណាក់សមត្ថកិច្ចតែម្ដង។ ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកែបរូបនេះអះអាងថា បើទោះជាបច្ចុប្បន្នពួកគាត់បានដាច់ទំនាក់ទំនងទាំងស្រុងជាមួយថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិហើយក៏ដោយ ក៏ពួកគាត់នៅតែមានមនុស្សតាមដានពួកគាត់ដែរ៖ «»។
ខេត្តកែប មិនមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ស្រុកក្រុង ឬក្រុមប្រឹក្សាខេត្ត ដែលជាប់ឆ្នោតដោយឆន្ទៈពលរដ្ឋណាម្នាក់របស់គណបក្សសង្គ្រោះជាតិ ចុះចូលជាមួយគណបក្សកាន់អំណាចឡើយ គិតត្រឹមថ្ងៃផុតឱសានវាទដែលប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ដាក់កំហិតឲ្យចុះចូល។
ប្រធានប្រតិបត្តិខេត្តនេះ លោក នន់ តារា អះអាងថា មានតែសកម្មជនគ្មានឈ្មោះបោះសំឡេងដែលរង់ចាំឱកាសទទួលបានលាភសក្ការៈមួយចំនួនតូចប៉ុណ្ណោះបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបន្តថា ក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងខេត្តកែប ដែលជាប់ឆ្នោតដោយឆន្ទៈពលរដ្ឋមិនទាន់មាននរណាម្នាក់ចុះចូលជាមួយនឹងបក្សកាន់អំណាចនោះឡើយ ទោះរងការគំរាមគ្រប់រូបភាពពីមន្ត្រីបក្សកាន់អំណាចក៏ដោយ។
បើទោះជាថ្ងៃឱសានវាទដែលលោក ហ៊ុន សែន បញ្ឈប់ឲ្យមានការចុះចូលត្រឹមម៉ោង ៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ក៏នៅតែមានមន្ត្រីនៅថ្នាក់ក្រោមរបស់គណបក្សប្រជាជនកម្ពុជា បន្តដើរអូសទាញ និងទិញទឹកចិត្តក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ ដែលមិនទាន់ចុះចូលដដែល។
សារបែកធ្លាយរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលព្យាយាមល្បួងលួងលោមប្រធានក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សប្រឆាំងនៅខេត្តសៀមរាប ត្រូវបានគេចែកចាយយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាភស្តុតាងស្រាប់ដែលបានបញ្ជាក់អំពីការសន្ទនាតាមទូរស័ព្ទរបស់មន្ត្រីបក្សកាន់អំណាច ហ៊ានទិញទឹកចិត្តមន្ត្រីបក្សប្រឆាំងដោយអោយតម្លៃខ្លួនរហូតដល់ ២ពាន់ដុល្លារ ឬអាចមានមុខតំណែងជាទីប្រឹក្សារបស់លោក ហ៊ុន សែន ប្រសិនបើពួកគេបន្តចុះចូលជាមួយបក្សកាន់អំណាច។
ជាមួយគ្នានោះ ក៏មានសារបែកធ្លាយរបស់លោក ហ៊ុន សែន ដែលទំនងមើលទៅអាចធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងសម្ងាត់របស់គណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះ ក៏បានរៀបរាប់ពីផែនការអូសទាញមន្ត្រីថ្នាក់ក្រោមរបស់បក្សប្រឆាំងក្រោយពេលរំលាយរួច។ លោក ហ៊ុន សែន បានបង្គាប់ឲ្យមន្ត្រីរបស់ខ្លួនត្រូវធ្វើកិច្ចការដោយម៉ត់ចត់ ហើយបើរកឃើញថា អ្នកដែលគណបក្សប្រជាជនកម្ពុជា អូសទាញបានហើយ ហើយជននោះក្បត់បក្សរបស់លោកវិញ គឺត្រូវតែកម្ចាត់ចេញ។
ព្រះសង្ឃដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ព្រះតេជព្រះគុណ លួន សុវ៉ាត មានព្រះថេរដីកាថា ការដាក់នគរបាល ដាក់មនុស្សឲ្យឃ្លាំមើលសកម្មភាពរបស់បក្សប្រឆាំង ដែលមិនព្រមចុះចូលបក្សកាន់អំណាច កើតមានស្ទើរគ្រប់ឃុំ គ្រប់ខែត្រ ក្នុងប្រទេសកម្ពុជា។ ព្រះអង្គថា មិនមែនតែក្រុមប្រឹក្សាដែលមិនចុះចូលទេដែលគេតាមដាន សូម្បីព្រះអង្គជាព្រះសង្ឃដែលសកម្មក្នុងរឿងសិទ្ធិមនុស្ស ក៏រងការតាមដានពីក្រុមសមត្ថកិច្ចដែរ៖ «»។
ចំណែកខាងផ្លូវព្រះពុទ្ធសាសនាវិញ ព្រះតេជព្រះគុណ លួន សុវ៉ាត សម្ដែងថា អ្នកដែលតាមដានគេ ឬអ្នកបញ្ជាឲ្យមានការតាមដានគេ រងផលបាបធ្ងន់ណាស់។ ព្រះអង្គហៅសកម្មភាពដែលធ្វើឲ្យគេខ្លាច ជាអំពើបាបដែលមានចែងនៅក្នុងព្រះពុទ្ធសាសនា។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីការចោទប្រកាន់ថា មានសមត្ថកិច្ចតាមដានក្រុមប្រឹក្សារបស់គណបក្សសង្គ្រោះជាតិ ពីស្នងការខែត្រកែប លោក អ៊ីង សំអុល និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ នៅថ្ងៃទី៥ ធ្នូ។ ប៉ុន្តែកន្លងមក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បំភ្លឺថា ការអូសទាញក្រុមប្រឹក្សាបក្សប្រឆាំងឲ្យចុះចូល គឺជាការផ្ដល់ឱកាសការងារឲ្យអ្នកទាំងអស់នោះ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខែត្រកែប លោក នន់ តារា ហៅការតាមដានសកម្មភាពក្រុមប្រឹក្សាបក្សប្រឆាំងនៅខែត្រកែប ថាជាក្ដីបារម្ភពីសុវត្ថិភាពរបស់ពួកគាត់។ លោក នន់ តារា ស្នើឲ្យរដ្ឋអំណាចបញ្ឈប់ការបំភិតបំភ័យពួកគាត់គ្រប់រូបភាព៕
No comments:
Post a Comment