Saturday 2 December 2017

សហគមន៍​ការពារ​ព្រៃឈើ​នៅ​ខែត្រ​ក្រចេះ​ថា​អាជ្ញាធរ​កាង​បទល្មើស​និង​គំរាម​អ្នក​ការពារ​ព្រៃ​ឈើ


ដោយ ជាតិ ចំណាន
2017-12-01 
ដើម​ឈើ​ដែល​ត្រូវ​គេ​កាប់​រំលំ​ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ព្រៃ​ឡង់ ក្បែរ​ចំណុច​ភូមិ​ត្រពាំងទា ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៧។ ដើម​ឈើ​ដែល​ត្រូវ​គេ​កាប់​រំលំ​ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ព្រៃ​ឡង់ ក្បែរ​ចំណុច​ភូមិ​ត្រពាំងទា ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៧។

Photo: RFA



សហគមន៍​ការពារ​ព្រៃឡង់ រស់​នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ បង្ខំ​ចិត្ត​រស់​ភៀសខ្លួន ព្រោះ​បារម្ភ​ពី​សុវត្ថិភាព នៅ​គ្រា​ដែល​មេ​ឃុំ​មក​ពី​បក្ស​កាន់​អំណាច គំរាមកំហែង​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​។ ពួកគេ​អះអាង​ថា មេ​ឃុំ​មក​ពី​បក្ស​ប្រជាជន​កម្ពុជា ពុំបាន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ឈឺឆ្អាល​រឿង​បទល្មើស​ព្រៃ​ឈើ​នោះ​ទេ ផ្ទុយទៅវិញ​ពួកគេ​បា​នរក​វិធី​ស្តី​បន្ទោស និង​ចាប់​កំហុស​បំបាក់​ស្មារតី​អ្នក​ការពារ​ព្រៃឈើ​ទៅ​វិញ។



​សកម្មជន​ការពារ​ព្រៃឡង់ រស់​នៅ​ឃុំ​បឹងចារ ស្រុក​សំបូរ ខែត្រ​ក្រចេះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ធ្នូ ថា អាជ្ញាធរ​ឃុំ​មក​ពី​បក្ស​កាន់​អំណាច មិន​ត្រឹមតែ​មិន​បាន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​តាម​បញ្ជា​របស់​រដ្ឋាភិបាល​នោះ​ទេ ថែមទាំង​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​កាប់​ឈើ​ខុស​ច្បាប់។

​សកម្មជន​ការពារ​ព្រៃឡង់ រស់​នៅ​ឃុំ​បឹងចារ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​អះអាង​ថា ឈើ​មូល​ធំៗ នៅ​តំបន់​ព្រៃឡង់ និង​ព្រៃ​មួយ​ចំនួន​នៅ​ក្បែរ​នោះ នឹង​រលាយ​ហិនហោច​ទាំង​ស្រុង ប្រសិន​ពុំ​មាន​ការ​ទប់ស្កាត់ ត្បិត​បច្ចុប្បន្ន សកម្មភាព​លួច​កាប់​រំលំ​ឈើមូល​ធំៗ កើត​មាន​គគ្រឹកគគ្រេង។ លោក​ថា សកម្មជន​ព្រៃឡង់​ខ្លះ បាន​ថត​បទល្មើស​ព្រៃឈើ​បង្ហោះ​តាម​បណ្ដាញ​សង្គម ជំរុញ​ឲ្យ​មាន​ការ​ទប់ស្កាត់ តែ​ត្រូវ​បាន​មេឃុំ​កំពង់ចាម លោក ឈិន លាង គំរាម​ចាប់​ដាក់​គុក ដោយ​លើក​ហេតុផល​ថា ពលរដ្ឋ​គ្មាន​តួនាទី​ការពារ​ព្រៃ​ឈើ​នោះ​ទេ ហើយ​កាតព្វកិច្ច​អភិរក្ស​ព្រៃឈើ​ជា​ដែន​សមត្ថកិច្ច​របស់​មន្ត្រី​ជំនាញ។ លោក​ថា ក្នុង​មួយថ្ងៃ​ឈើ​មូល​ត្រូវ​គេ​អារ​ច្រៀក​ជា​ជ្រុង​ដឹក​តាម​គោយន្ត និង​ម៉ូតូ​ចេញ​ពី​ព្រៃ ដោយ​មាន​រថយន្ត​ធំៗ​ត្រៀម​ដឹក​ឆ្លងទន្លេ​មេគង្គ​ឆ្ពោះ​ទៅ​ទី​រួម​ខែត្រ​ក្រចេះ ចាប់​ពី ៦​គ្រឿង ទៅ ១០​គ្រឿង។ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​នោះ ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ស៊ី.បាយ.អូ.ថេច (Ci-Biotech) និង​ឈ្មួញ​មក​ពី​ក្រៅ​សហគមន៍ ដោយ​មាន​ពលរដ្ឋ​នៅ​មូលដ្ឋាន​ជា​អ្នក​ស៊ី​ឈ្នួល​ចូល​ព្រៃ​អារ​ឈើ៖  «»។

​បុរស​ដដែល​បន្ត​ថា ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន បាន​ក្លាយ​ជា​ឆ្អឹង​ទទឹង​ក​របស់​មេ​ឃុំ និង​មន្ត្រី​យោធា​ប្រចាំ​ការ​នៅ​តំបន់​នោះ ស្រប​ពេល​ដែល​មន្ត្រី​បរិស្ថាន​តែង​បង្ក្រាប​បទល្មើស តែ​ត្រូវ​មេ​ឃុំ​រារាំង និង​គំរាម​ដក​តំណែង​មន្ត្រី​បរិស្ថាន​មួយ​ចំនួន​តាម​អំណាច​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ថា មក​ទល់​ពេល​នេះ ដើម​ឈើ​ផលិត​ជ័រទឹក​រាប់​ម៉ឺន​ដើម​របស់​ជនជាតិដើម​ភាគតិច និង​ពលរដ្ឋ​នៅ​តំបន់​នោះ​ត្រូវបាន​គេ​កាប់​ធ្វើ​អាជីវកម្ម​ស្ទើរ​ទាំង​ស្រុង៖ «»។

​មេ​ឃុំ​កំពង់ចាម លោក ឈិន លាង បដិសេធ​ថា អាជ្ញាធរ​ឃុំ​មិន​បាន​គំរាមកំហែង​ពលរដ្ឋ​ដែល​ក្នុង​រឿង​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​នោះ​ទេ តែ​បើ​ពលរដ្ឋ​ប្រទះឃើញ​បទល្មើស​ព្រៃឈើ ត្រូវ​កំណត់​មុខ​សញ្ញា​ឲ្យ​ច្បាស់ រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​អនុវត្ត​ច្បាប់៖ «»។

​ថ្មីៗ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ និង​លុបបំបាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ ក្នុង​បំណង​រក្សា​សំឡេង​ឆ្នោត​របស់​បក្ស​កាន់​អំណាច បន្ទាប់​ពី​លោក​រំលាយ​បក្ស​សង្គ្រោះ​ជាតិ ដោយ​ជោគជ័យ។  ប៉ុន្តែ​ដូច​ពេល​មុនៗ​ដែរ សម្ដី​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ដូច​ចាក់​ទឹក​លើ​ក្បាល​ទា នៅ​ពេល​លោក​បញ្ជា​អោយ​មន្ត្រី​ថ្នាក់ក្រោម​ធ្វើ​សកម្មភាព​ការពារ​ព្រៃឈើ​ពោល​គឺ​ព្រៃឈើ​នៅតែ​ត្រូវ​កាប់រំលំ​កាន់​តែ​ច្រើន​ឡើង។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា នៅ​ពេល​លោក ហ៊ុន សែន បញ្ជា​អោយ​ចាប់ និង​បង្ក្រាប​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​វិញ មន្ត្រី​ថ្នាក់ក្រោម​ទទួល​អនុវត្ត​បទបញ្ជា​បាន​លឿន​ណាស់។

មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ចាត់​ទុក​ការ​យក​តួនាទី​ជា​មេ​ឃុំ​គំរាម​ពលរដ្ឋ​រឿង​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ គឺជា​រឿង​ខុសច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស។ លោក​ពន្យល់​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ពេញលេញ​ការពារ​សម្បត្តិ​ធម្មជាតិ​អនុលោម​តាមច្បាប់ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ផ្តល់​កិច្ចសហការ​បង្ក្រាប​បទ​ល្មើស។ លើសពីនេះ ប្រសិន​ពលរដ្ឋ​ប្រទះ​ឃើញ​បទល្មើស​ព្រៃឈើ ផ្ដល់​ដំណឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ក៏ប៉ុន្តែ​អាជ្ញាធរ​ពុំ​ផ្ដល់​កិច្ចសហការ​បង្ក្រាប​ទេ​នោះ វា​ជា​កំហុស​ដ៏​ធំ​មួយ ហើយ​ពលរដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​ប្ដឹង​បរិហារ​មន្ត្រី​អាជ្ញាធរ។ លោក​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​គំរាមកំហែង បំភិតបំភ័យ​ទៅ​លើ​ពលរដ្ឋ​ជា​អ្នក​ចូល​រួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ស្រប​តាម​ការ​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «»។

​សហគមន៍​ការពារ​ព្រៃឈើ​ឲ្យ​ដឹង​ថា សកម្មជន​ព្រៃឡង់ មួយ​ចំនួន​មិន​ហ៊ាន​រស់​នៅ​ក្នុង​ភូមិ​នោះ​ទេ ដោយ​ខ្លាច​ក្រែង​មេ​ឃុំ និង​យោធា​នៅ​មូលដ្ឋាន​ចាប់​ដាក់​គុក៕

No comments: