Friday, 15 December 2017

អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​ដល់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ​២០១៨


Khmer Circle: No worries, my bigger brothers in the East, and even bigger ones in the North, have given me their word that they will back me to the end of Campuchia...

ដោយ តាំង សារ៉ាដា
2017-12-14

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦។
Photo: RFA


ក្រុម​អ្នកច្បាប់​សហរដ្ឋ​អាមេរិក​គ្រោង​ដាក់​ចេញ​នូវ​វិធានការ​ធ្ងន់ធ្ងរ​ជាក់លាក់ ក្នុង​ការ​ដាក់ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។ វិធានការ​ថ្មី​នេះ ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ។



តំណាងរាស្ត្រ​សហព័ន្ធ​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ ប្រចាំ​រដ្ឋ​ហ្វ្លរីដា (Florida) និង​ជា​ប្រធាន​អនុគណៈកម្មការ​កិច្ច​បរទេស​សភា​អាមេរិក លោក ថិត យ៉ូហូ (Ted Yoho) បាន​ប្រាប់ អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ថា វិធានការ​ថ្មី​ដែល​រដ្ឋសភា​អាមេរិក​គ្រោង​ដាក់​ទណ្ឌកម្ម​បន្ថែម​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះ​នឹង​ចេញ​ជា​លទ្ធផល នៅ​ខែ​មករា ខាងមុខ​យ៉ាង​យូរ​បំផុត៖ «គណៈកម្មការ​របស់​យើង​ធ្វើ​កិច្ចការ​លឿន​ណាស់ អ្នកឯង​នឹង​បាន​ដឹង អំពី​ដំណឹង​នេះ​ប្រហែល​នៅ​ខែ​មករា ឬ​ខែ​កុម្ភៈ។ យើង​ក៏​ចង់​ឲ្យ​ពលរដ្ឋ ខ្មែរ​ទាំងអស់​ដឹង​ដែរ​ថា យើង​នឹង​ឈរ​ជាមួយ​ពួកគេ​ទាំងអស់​គ្នា ហើយ​តស៊ូ​ទាមទារ​សេរីភាព​របស់​ពួកគេ​មកវិញ​ឲ្យ​ទាល់តែ​បាន។ យើង​ក៏​ចង់​ប្រាប់​លោក ហ៊ុន សែន ដែរ​ថា ផ្លូវ​ដែល​លោក​កំពុង​ដើរ​នេះ មិនមែន​ជា ជម្រើស​ល្អ​នោះ​ទេ ហើយ​ផ្លូវ​របៀប​នេះ​ធ្លាប់​នាំ​អោយ​ប្រទេស​របស់​ខ្លួន​មាន​ជម្លោះ ម្ដង​រួច​មក​ហើយ។ ដូច្នេះ​លោក ហ៊ុន សែន គួរ ផ្ដោត​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការ​លើក​កម្ពស់​ពលរដ្ឋ​របស់​ខ្លួន​វិញ​ប្រសើរ​ជាង។ ការ​លើក​កម្ពស់ សិទ្ធិ​ពលរដ្ឋ​របស់​នឹង​នាំ​ឲ្យ សេដ្ឋកិច្ច​របស់​ប្រទេស​មាន​ភាព​រុងរឿង»។

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​រូប​នេះ​អះអាង​ថា អាមេរិក​មាន​ទណ្ឌកម្ម​ជាច្រើន​ដែល​អាច​ធ្វើ​ទៅលើ​រដ្ឋាភិបាល​កម្ពុជា។ លោក​បន្ត​ថា សហរដ្ឋអាមេរិក​បញ្ជាក់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​របស់​ខ្លួន​រួច​គឺ​គាំ​ទ្រ ពលរដ្ឋ​ខ្មែរ​ឥត​ងាករេ ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​អោយ​ទាល់តែ​បាន។

ការ​អះអាង​របស់​លោក ថិត យ៉ូហូ ធ្វើឡើង​នៅ​ក្រោយ​សវនាការ​សួរដេញដោល​គ្នា​មួយ​របស់​អនុគណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​បរទេស នៃ​រដ្ឋសភា​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ដែល​មាន​កូនស្រី ច្បង​របស់​លោក កឹម សុខា លោក ឃែននេត វ័រឡាក់ (Kenneth Wallace) ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI និង អ្នកស្រី អូលីវៀ អ៊ីណូស (Olivia Enos) មន្ត្រី​ជាន់ខ្ពស់ នៃ​អង្គការ​មូលនិធិ កេរ្តិ៍​ដំណែល​ពិភពលោក​ចូលរួម​ធ្វើ​សក្ខីកម្ម។

នៅ​ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១២ ធ្នូ នោះ ក្រុម​តំណាងរាស្ត្រ​អាមេរិក បាន​ស្នើ​ឲ្យ​សាក្សី​ជួយ​ស្រាវជ្រាវ និង​រៀបចំ​បញ្ជី​ឈ្មោះ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​សង្គ្រោះជាតិ អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា។

ជាង​នេះ​ទៅ​ទៀត សមាជិកសភា​ពី​ខាង​គណបក្ស​សាធារណរដ្ឋ លោក ដេណា រ៉ូរ៉ាបាឃើរ (Dana Rohrabacher) ព្រមាន​ថា អាមេរិក​នឹង​អាច​ប្រើ​ច្បាប់ ក្លូបល មែកនីតស្គី (Global Magnitsky) ដើម្បី​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​បុគ្គល​ក្នុង​ជួរ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាជីវកម្ម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​ទទួល​ផល​ពី​អំពើពុករលួយ​ក្នុង​របប ដឹកនាំ​របស់​លោក ហ៊ុន សែន។

ច្បាប់​នេះ​ឥទ្ធិពល​បង្កក​ទ្រព្យ រឹបអូស​ទ្រព្យសម្បត្តិ ហាមឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក និង​ហាមឃាត់​ការ​ធ្វើ​ដំណើរ​មកកាន់​សហរដ្ឋ​អាមេរិក​ថែមទៀត។

ទោះជា​យ៉ាងណា​ក៏​ដោយ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ហៅ​វិធានការ​ថ្មីៗ របស់​សហរដ្ឋអាមេរិក​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ថា ជា​វិធានការ​ព្រៃផ្សៃ​ធ្វើ​តាមតែ​អំពើ​ចិត្ត​ទៅតាម​មហិច្ឆតា​របស់​ខ្លួន​ប៉ុណ្ណោះ៖ «វា​បង្ហាញ​មហិច្ឆតា​ចង់​គាបសង្កត់​មក​លើ​រដ្ឋាភិបាល​ដោយសារតែ​កាន់ជើង​អាយ៉ង​របស់​ខ្លួន ក្នុង​ការ​ដែល​ដាក់ខ្លួន​ដាក់​កាយ​បម្រើ​ជនបរទេស ក្នុង​សតិអារម្មណ៍​បម្រើ​ចក្រពត្តិ​និយម​តទៅទៀត​ក្នុង​សង្គ្រាម​មនោគមន៍​វិជ្ជា​នៅ​លើ​ពិភពលោក​តែ​ប៉ុណ្ណោះ។ ខ្ញុំ​យល់ថា​បញ្ហា​ហ្នឹង​វា​សាហាវ ព្រៃផ្សៃ​ខ្លាំង​ណាស់​ក្នុង​ការ​លើក​វិធានការ​ដែល​មិន​មាន​ការ​ផ្អែកលើ​គោលការណ៍​ច្បាប់​អី​ច្បាស់លាស់​ទេ»។

ក្រោយ​ពី​គ្មាន​ដំណោះស្រាយ​លើ​វិបត្តិ​គោលការណ៍​ប្រជាធិបតេយ្យ នៅ​កម្ពុជា សហរដ្ឋអាមេរិក​បាន​បោះ​ជំហាន​ដំបូង​របស់​ខ្លួន ក្នុង​ការ​កាត់​ផ្ដាច់​ជំនួយ​ផ្នែក​បោះឆ្នោត​ទៅ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា។ ជំហាន​បន្ទាប់​មក​ទៀត គឺ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន បាន​សម្រេច​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល កម្ពុជា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិមនុស្ស និង​ការបំផ្លាញ លទ្ធិប្រជាធិបតេយ្យ មិន​អោយ​ជាន់​ដី​សហរដ្ឋអាមេរិក។

ហើយ​ជំហាន​បន្តបន្ទាប់​ទៅទៀត អ្នកស្រី អូលីវៀ អ៊ីណូស មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​មូលនិធិ​កេរ្តិ៍​ដំណែល បាន​ផ្ដល់​អនុសាសន៍ ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​ជាន់ខ្ពស់ នៃ​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដាក់​តម្កល់​នៅ​បរទេស និង​កៀរគរ ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​កោះ​ប្រជុំ​អំពី​បញ្ហា​កម្ពុជា​ឡើងវិញ។

ចំណែក​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក ផាតទ្រីក មើសហ្វី ក៏​បាន​ទាមទារ​អោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន បង្វែរ​ស្ថានការណ៍​របស់​ប្រទេស​វិល​មក​រក​ភាព​ប្រក្រតី​វិញ គឺ​មាន​ការ​ដោះលែង លោក កឹម សុខា ដោះលែង​រាល់​អ្នកទោស​នយោបាយ បើក​អោយ​សង្គម​ស៊ីវិល និង​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ​ដំណើរការ​ឡើងវិញ និង​លប់​ចោល​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

មន្ត្រី​ការបរទេស​ជាន់ខ្ពស់​របស់​អាមេរិក​រូប​នេះ ក៏បាន​បដិសេធ​ទាំងស្រុង​ចំពោះ​ព័ត៌មាន​មិន​ពិត​ដែល​ថា សហរដ្ឋអាមេរិក​នៅ​ក្រោយ​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា៕

No comments: