Saturday 2 December 2017

តុលាការ​មិន​ទាន់​សម្រេច​ឱ្យ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីរ​រូប​នៅ​ក្រៅ​ឃុំ


ដោយ ហេង សកល
2017-12-01 

អតីត​បុគ្គលិក​អាស៊ីសេរី លោក យាង សុជាមេត្តា ក្នុង​ពេល​ចុះ​បំពេញ​ការងារ​កាល​ពី​អំឡុង​ឆ្នាំ​២០១៦។
អតីត​បុគ្គលិក​អាស៊ីសេរី លោក យាង សុជាមេត្តា ក្នុង​ពេល​ចុះ​បំពេញ​ការងារ​កាល​ពី​អំឡុង​ឆ្នាំ​២០១៦។
Photo: RFA



ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ទាន់​សម្រេច​ចិត្ត​លើ​សំណើ​សុំ​របស់​មេធាវី​ឱ្យ​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី ពីរ​រូប​នៅ​ក្រៅ​ឃុំ​នៅ​ឡើយ​ទេ រហូត​មក​ទល់​នឹង​ថ្ងៃ​សុក្រ ទី​១ ខែ​ធ្នូ នេះ។



​មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​បុគ្គលិក​អាស៊ីសេរី គឺ​លោក កែវ វ៉ាន់នី បាន​ឱ្យ​ដឹង​ថា លោក​បាន​សុំ​ឱ្យ​តុលាការ​ដោះលែង​កូន​ក្ដី​របស់​លោក​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ប៉ុន្តែ​នៅ​មិនទាន់​ទទួល​បាន​ចម្លើយ​ពី​តុលាការ​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​ចៅក្រម​ស៊ើបអង្កេត​សន្យា​នឹង​ផ្ដល់​ចម្លើយ​នៅ​ចុង​សប្ដាហ៍​នេះ​ក៏ដោយ។

​លោក កែវ វ៉ាន់នី អះអាង​ថា គ្មាន​ហេតុផល​ចាំបាច់​ណា​មួយ​ដែល​ចៅក្រម​ស៊ើបសួរ​ត្រូវ​ឃុំ​ខ្លួន​កូន​ក្ដី​លោក​ទាល់តែសោះ ដោយ​ហេតុ​ថា កូន​ក្តី​របស់​លោក​ទាំង​ពីរ​មាន​ទីលំនៅ​ច្បាស់លាស់។ លោក​អះអាង​ថា កូន​ក្ដី​របស់​លោក​នៅ​ក្រៅ​ឃុំ​នឹង​មិន​បង្ក​បញ្ហា​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ឱ្យ​មាន​ការ​ច្របូកច្របល់​ឡើយ។ លោក​មេធាវី​បញ្ជាក់​ថា ជា​គោលការណ៍​ច្បាប់​ជន​ត្រូវ​ចោទ​ត្រូវ​តែ​មាន​សេរីភាព។

​លោក​មេធាវី កែវ វ៉ាន់នី អះអាង​ថា កូន​ក្ដី​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ឡើយ។ លោ​មេធាវី​បញ្ជាក់​ថា អង្គ​ហេតុ​នេះ គ្មាន​ធាតុ​ផ្សំ​បទល្មើស​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ចោទ​ប្រកាន់​កូន​ក្តី​លោក​ឡើយ៖ «តាំង​ពី​ដំណាក់កាល​ដំបូង​មក​ដែល​ខ្ញុំ​បាន​ចូល​រួម គឺ​ខ្ញុំ​នៅ​តែ​យល់​ឃើញ​ថា កូន​ក្ដី​ខ្ញុំ​អត់​មាន​បាន​ប្រព្រឹត្ត​បទល្មើស​ណា​មួយ​ដែល​អាច​ចោទ​ប្រកាន់​គាត់​បាន​ទេ»។


អ៊ួន ឈិន ៦២២
អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន ក្នុង​ពេល​ចុះ​បំពេញ​ការងារ​កាល​ពី​អំឡុង​ឆ្នាំ​២០១៥។ Photo: RFA ​


លោ​មេធាវី កែវ វ៉ានើនី ឱ្យ​ដឹង​ថា លោក​បាន​ទៅ​ជួប​កូន​ក្ដី​ទាំង​ពីរ​របស់​លោក​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​សុក្រ​នេះ។ លោក​បាន​ឱ្យ​ដឹង​បន្ត​ថា កូន​ក្ដី​ទាំង​ពីរ​របស់​លោក​មាន​សុខភាព​ល្អ​ធម្មតា មិន​មាន​ជំងឺតម្កាត់​អ្វី​ឡើយ។ លោក​បញ្ជាក់​ថា កូន​ក្ដី​ទាំង​ពីរ​របស់​លោក​បាន​ស្នើ​ជួប​រូប​លោក​ក្នុង​មួយ​សប្ដាហ៍​១​ដង ដើម្បី​ឱ្យ​មាន​ភាព​កក់ក្ដៅ។ លោក​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា កូន​ក្ដី​ទាំង​ពីរ​របស់​លោក​ត្រូវ​មន្ត្រី​ពន្ធនាគារ​ឃុំ​ខ្លួន​នៅ​ក្នុង​អគារ​ជាមួយ​គ្នា ប៉ុន្តែ​នៅ​បន្ទប់​ផ្សេង​គ្នា។

​លោក អ៊ួន ឈិន និង​លោក យាង សុធារិន ឬ​ហៅ​ក្រៅ យាង សុជាមេត្តា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ឃុំ​​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​លួច​ផលិត​ព័ត៌មាន​បញ្ជូន​មក​រដ្ឋធានី​វ៉ាស៊ីនតុន តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ។ អ្នក​ទាំង​ពីរ​អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី ៧ ទៅ ១៥​ឆ្នាំ។

​លោក អ៊ួន ឈិន និង​លោក យាង សុធារិន បាន​បដិសេធ​ការ​ចោទ​ប្រកាន់ ពីព្រោះ​លោក​បាន​លា​ឈប់​ពី​ការងារ​ហើយ​ចាប់​តាំង​ពី​ខែ​កញ្ញា មក៕

No comments: