Tuesday, 12 December 2017

អ្នកស្រី រ៉ូណា ស្មីត អំពាវ​ដល់​រដ្ឋាភិបាល​ត្រូវ​ធានា​នូវ​សេរីភាព​ឱ្យ​ពេញលេញ


ដោយ តាំង សារ៉ាដា
2017-12-11 

អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Cheu Sideth



មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​ទាមទារ​អោយ​រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ប្រទេស វិលត្រឡប់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ធានា​ឲ្យ​មាន​សេរីភាព​ពេញលេញ​សម្រាប់​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​អោយ​ដំណើរការ​ឡើងវិញ។



ការ​ទាមទារ​នេះ​ធ្វើឡើង​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ ធ្នូ។

អ្នករាយការណ៍​ពិសេស​របស់ អង្គការ ប្រជាជាតិ​ទទួលបន្ទុក សិទ្ធិមនុស្ស នៅ​កម្ពុជា អ្នកស្រី រូណា ស្មីត (Rona Smith) បាន​ថ្លែង តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​មួយ កាលពី​ថ្ងៃ​ទី១១ ធ្នូ អោយ​ដឹង​ថា អ្នកស្រី​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ហាមឃាត់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ និង​ការបែងចែក​អាសនៈ​ទាំង ៥៥ របស់​គណបក្សប្រឆាំង​ទៅ​អោយ​គណបក្ស​ដ៏ទៃ​ទៀត ដែល​ពលរដ្ឋ​មិនបាន​បោះឆ្នោត​ឲ្យ។

អ្នករាយការណ៍​ពិសេស​រូប​នេះ​អំពាវនាវ​អោយ​មាន​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៨ ខាងមុខ​មានការ​ចូលរួម​ដោយ​គ្មាន​ការភ័យខ្លាច ឬ​ការ​បំភិតបំភ័យ និង​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។

អ្នកស្រី រូណា ស្មីត អះអាង​ថា ការ​រឹតត្បិត​សំឡេង​របស់​ពលរដ្ឋ​ខ្មែរ​គឺ ជា​ការ​គំរាមកំហែង​ដល់​ស្ថិរភាព​នយោបាយ​រដ្ឋាភិបាល​និង​ប្រជាជន​ខ្មែរ​ទូទៅ​បាន​ខំ​ប្រឹងប្រែង​កសាង​កន្លង។ អ្នកស្រី​បន្ត​ថា​កំណើន សេដ្ឋកិច្ច​របស់​កម្ពុជា​កន្លងមក​បាន​ជួយ​មនុស្ស​ជាច្រើន​ឱ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ និង​បាន​ផ្ដល់​ជា​មូលដ្ឋាន​ដើម្បី​លើកកម្ពស់​ការ​ការពារ​សង្គម និង​ការ​ទទួល​បាន​ការអប់រំ ការងារ​សមរម្យ និង​ការថែទាំ​សុខភាព។

អ្នកស្រី​បន្ត​ថា ដើម្បី​ឲ្យ​ទទួល​បាន​ផល​ប្រយោជន៍​ខាង​សេដ្ឋកិច្ច និង​សង្គម​វា​ជា​ការ​សំខាន់​ណាស់​ដែល​រដ្ឋាភិបាល​ត្រូវ​គោរព​សិទ្ធិ​មនុស្ស និង​នយោបាយ ដូចជា​សេរីភាព​សារព័ត៌មាន សេរីភាព​នៃ ការ​បញ្ចេញមតិ សេរីភាព​នៃ​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​សេរីភាព ក្នុង​ការ​បង្កើត អង្គការ សមាគម៕

No comments: