Thursday, 28 December 2017
"កម្ពុជាមិនគាំទ្រសេចក្ដីសម្រេចរបស់អ.ស.បប្រឆាំងមីយ៉ាន់ម៉ាស្មើនឹងគាំទ្រការរំលោភសិទ្ធិមនុស្ស"
ដោយ មាន ឫទ្ធិ
2017-12-26
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ RFA
Photo: RFA
រដ្ឋាភិបាលកម្ពុជា បានដើរតាមគន្លងប្លុកកុម្មុយនិស្តចិន និងរុស្ស៊ី បោះឆ្នោតមិនគាំទ្រសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ដែលជំរុញឲ្យប្រទេសមីយ៉ាន់ម៉ា ឬភូមា បញ្ឈប់ប្រតិបត្តិការយោធាប្រឆាំងនឹងជនជាតិមូស្លីមរ៉ូហ៊ីនយ៉ា។ អ្នកវិភាគយល់ថា កម្ពុជាកំពុងគាំទ្រឲ្យមាននូវការរំលោភសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា យ៉ាងដូច្នោះដែរ។
សេចក្ដីសម្រេចនេះ ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ ទី២៤ ធ្នូ ដោយសំឡេងឆ្នោតគាំទ្រ ១២២ ទល់នឹងសំឡេងប្រឆាំងចំនួន ១០សំឡេង និងសំឡេងអនុប្បវាទចំនួន ២៤សំឡេង។ ប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងប្លុកកុម្មុយនិស្ត រួមមានប្រទេសចិន រុស្ស៊ី និងវៀតណាម បានបោះឆ្នោតមិនគាំទ្រសេចក្ដីសម្រេចនេះ។ ក្នុងនោះដែរ ប្រទេសមីយ៉ាន់ម៉ា ខ្លួនឯងដែលជាប់ពាក់ព័ន្ធ និងផុងខ្លួនយ៉ាងជ្រៅក្នុងវិបត្តិជនភៀសខ្លួនរ៉ូហ៊ីនយ៉ា នេះ រួមនឹងប្រទេស ៥ ទៃទៀត ដែលល្បីឈ្មោះខាងមិនសូវអើពើរឿងរំលោភសិទ្ធិមនុស្សនៅជុំវិញពិភពលោក គឺប្រទេសឡាវ ហ្វីលីពីន បេឡារូស ស៊ីរី និងប្រទេសហ្ស៊ីមបាវ៉េ បានរួមគ្នាបោះឆ្នោតប្រឆាំងនឹងវិធានការស្នើឡើងដោយសេចក្ដីសម្រេចអង្គការសហប្រជាជាតិមួយនេះ។
សេចក្ដីសម្រេចនេះ អំពាវនាវឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា អនុញ្ញាតឲ្យក្រុមអ្នកធ្វើការផ្នែកមនុស្សធម៌ អាចមានលទ្ធភាពចូលទៅជួប និងជួយជនជាតិមូស្លីមរ៉ូហ៊ីនយ៉ា ដែលកំពុងទទួលរងនូវការធ្វើទុក្ខបុកម្នេញយ៉ាងធ្ងន់ធ្ងរ និឥតស្រាកស្រាន្តពីសំណាក់ក្រុមយោធាមីយ៉ាន់ម៉ា ក៏ដូចជាធ្វើការធានានូវការធ្វើមាតុភូមិនិវត្តជនភៀសខ្លួនរ៉ូហ៊ីនយ៉ា ទាំងនេះ ពីប្រទេសបង់ក្លាដេស មកកាន់ប្រទេសមីយ៉ាន់ម៉ា វិញ ព្រមទាំងផ្ដល់សិទ្ធិឲ្យជនជាតិមូស្លីមរ៉ូហ៊ីនយ៉ា ទាំងនេះ អាចទទួលបានសញ្ជាតិមីយ៉ាន់ម៉ា ពេញលេញ។ សេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិដដែលនេះ ក៏ស្នើឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរេស (Antonio Guterres) តែងតាំងអ្នករាយការណ៍ពិសេសមួយ ដើម្បីសង្កេតការណ៍ករណីជនជាតិមូស្លីមរ៉ូហ៊ីនយ៉ា នៅប្រទេសមីយ៉ាន់ម៉ា នេះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ប្រាប់សារព័ត៌មានក្នុងស្រុកថា ករណីដែលប្រទេសកម្ពុជា សម្រេចបោះឆ្នោតមិនគាំទ្រសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិនេះ គឺដោយសារតែកម្ពុជា ប្រកាន់យកជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ ដោយព្យាយាមមិនប្រើពាក្យ «វិបត្តិរ៉ូហ៊ីនយ៉ា» ដូចតាមការចង់បានរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា លោក ជុំ សុន្ទរី ថ្លែងថា «បញ្ហាវិបត្តិនៅរដ្ឋរ៉ាក់ឃីន» គឺជាបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។
យ៉ាងណាក៏ដោយ កាលពីដើមខែធ្នូ កន្លងទៅនេះ ក្នុងជំនួបពិភាក្សាទ្វេភាគីមួយនៅឯវិមានសន្តិភាពជាមួយនាយករដ្ឋមន្ត្រីបង់ក្លាដេស អ្នកស្រី សេក ហាស៊ីណា (Sheikh Hasina) លោក ហ៊ុន សែន បានពិភាក្សាជាមួយអ្នកស្រី សេក ហាស៊ីណា អំពីបញ្ហាវិបត្តិជនភៀសខ្លួនរ៉ូហ៊ីនយ៉ានេះ ដែលគ្រានោះលោក ហ៊ុន សែន ថ្លែងសរសើរប្រទេសបង់ក្លាដេស ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះប្រទេសនេះ ដែលបើទោះបីជាមានប្រជាជនសរុបរហូតដល់ទៅ ១៦០លាននាក់ ក៏ប្រទេសបង់ក្លាដេស សុខចិត្តទទួលបន្ទុកចិញ្ចឹមជនភៀសខ្លួនរ៉ូហ៊ីនយ៉ា របស់ប្រទេសមីយ៉ាន់ម៉ា ប្រមាណជិត ១លាននាក់បន្ថែមទៀត។ លើសពីនេះទៀត ភាគីទាំងពីរក៏បានពិចារណារួមគ្នាទៅលើកិច្ចការខិតខំធ្វើឲ្យមានឡើងនូវការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរ៉ូហ៊ីនយ៉ា ទាំងនេះ ត្រឡប់មកកាន់ប្រទេសមីយ៉ាន់ម៉ា វិញ។ លោក ហ៊ុន សែន បានស្នើឲ្យភាគីប្រទេសបង់ក្លាដេស និងប្រទេសមីយ៉ាន់ម៉ា ព្យាយាមស្វែងរកនូវដំណោះស្រាយចំពោះបញ្ហានេះ ដើម្បីអាចឲ្យជនភៀសខ្លួនទាំងនេះធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសមីយ៉ាន់ម៉ា វិញប្រកបដោយសុវត្ថិភាព។
អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី មើលឃើញថា ការណ៍ដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានដើរតាមគន្លងប្លុកកុម្មុយនិស្ត រួមមានប្រទេសចិន រុស្ស៊ី និងវៀតណាម ជាដើម ក្នុងការបោះឆ្នោតប្រឆាំងនឹងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិនេះ គឺមានន័យស្មើនឹងការគាំទ្រឲ្យមាននូវការបង្ក្រាបយ៉ាងសាហាវឃោរឃៅដែលជាករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅក្នុងប្រទេសមីយ៉ាន់ម៉ា យ៉ាងដូច្នោះដែរ។
លោកបណ្ឌិត មាស នី៖ «បាទ! បើយើងមើលពីបញ្ហារ៉ូហ៊ីនយ៉ា នេះ វាជាករណីដែលមានការសម្លាប់រង្គាល ឬក៏យើងហៅថា ធ្វើទុក្ខបុកម្នេញដល់ជនជាតិភាគតិច រ៉ូហ៊ីនយ៉ា ហ្នឹង។ អ៊ីចឹងកាលណាបើសិនជាយើងបោះឆ្នោតប្រឆាំងជាមួយនឹងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិនេះ អាហ្នឹងវាបានន័យថា យើងហាក់ដូចជា ឬទំនងជាគាំទ្រនូវអំពើហិង្សាហ្នឹងឲ្យវាមានជាបន្តទៅទៀត»។
លោកបណ្ឌិត មាស នី បន្តថា នៅក្នុងសហគមន៍អន្តរជាតិ ប្រទេសកម្ពុជា គួរពិចារណាលើបញ្ហាសីលធម៌ និងគុណតម្លៃពិតប្រាកដរបស់ខ្លួន ដើម្បីធ្វើឲ្យកុំឲ្យមានការប៉ះពាល់បន្ថែមដល់កិត្តិនាមរបស់ប្រទេសកម្ពុជា ខណៈដែលប្រទេសនេះ កំពុងជួបនូវវិបត្តិនយោបាយស្រាប់ ដែលទទួលរងនូវការថ្កោលទោសស្ទើរតែពីគ្រប់ទិសទីជុំវិញពិភពលោក។
លោកបណ្ឌិត មាស នី ថ្លែងបញ្ជាក់ថា ក្នុងនាមលោកជាជនជាតិខ្មែរម្នាក់ លោកមិនចង់ឃើញប្រទេសកម្ពុជា ធ្វើតាមរណបរបស់ប្រទេសមហាអំណាចណាមួយនោះឡើយ។ លោកចង់ឃើញប្រទេសកម្ពុជា មួយដែលឈរលើគោលការណ៍ឯករាជ្យច្បាស់ការ ដោយមានគុណតម្លៃច្បាស់លាស់ ដើម្បីរក្សាកិត្យានុភាព និងកិត្តិយសរបស់ជាតិ៖ «ការប្រឆាំងជាមួយនឹងអ្នកនេះដាច់ក្បាល ហើយទៅស្រលាញ់ជាមួយអ្នកនោះឱបដៃឱបជើងនោះ វាមិនមែនជាកិត្តិយសរបស់ប្រទេសមួយនៅលើពិភពលោកដែលយើងតែងអះអាងថា ជាប្រទេសឯករាជ្យ ហើយមិនមានចូលទៅក្នុងក្រុមមនោគមវិជ្ជាសង្គ្រាមត្រជាក់ណាមួយនោះ...។ យើងមើលទៅប្រទេសវៀតណាម ប្រទេសថៃ ដែលគេជឿនលឿនជាងយើង របៀបដែលគេគ្រប់គ្រងកិច្ចការនយោបាយបរទេសរបស់គេ គឺគេមានភាពរលូនស្រួល។ សម្រាប់យើងវិញ គឺយើងហាក់ដូចជាបានទទួលបរាជ័យជាបន្តបន្ទាប់ រឿងនយោបាយការបរទេសដែលធ្វើឲ្យយើងតែងតែទទួលរងនូវការដាក់ទណ្ឌកម្មពីអន្តរជាតិ ស្ទើរតែរៀងរាល់ ១៥ឆ្នាំម្ដង ហើយអាហ្នឹងវាមិនមែនជាកិត្តិយសមួយល្អសម្រាប់ប្រទេសមួយក្នុងពិភពលោកនោះទេ»។
យ៉ាងហោចណាស់ មានជនជាតិមូស្លីមរ៉ូហ៊ីនយ៉ា ជាង ៦៥ ម៉ឺននាក់ បានរត់គេចខ្លួនពីប្រទេសមីយ៉ាន់ម៉ា ដែលប្រទេសប្រកាន់ពុទ្ធសាសនាទៅកាន់ប្រទេសបង់ក្លាដេស ដោយសារតែក្រុមយោធាមីយ៉ាន់ម៉ា បានបើកយុទ្ធនាការបង្ក្រាបយ៉ាងចាស់ដៃលើជនជាតិមូស្លីមរ៉ូហ៊ីនយ៉ា ទាំងនេះ ចាប់តាំងពីចុងខែសីហា ឆ្នាំ២០១៧ មកនេះ។ រដ្ឋាភិបាលមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) អតីតជយលាភីពានរង្វាន់ណូបែលសន្តិភាព ទទួលរងនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់សហគមន៍អន្តរជាតិ ពីករណីមិនអើពើលើវិបត្តិជនភៀសខ្លួនរ៉ូហ៊ីនយ៉ានេះ។ អង្គការសហប្រជាជាតិ បានហៅការសម្លាប់រង្គាលលើជនជាតិមូស្លីមរ៉ូហ៊ីនយ៉ានេះ ពីសំណាក់ក្រុមយោធាមីយ៉ាន់ម៉ា ថាជាគំរូមួយនៃអំពើ «បោសសម្អាតពូជសាសន៍»។
ក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២១ ធ្នូ កន្លងទៅ បានបោះឆ្នោតគាំទ្រសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលប្រកាសមិនគាំទ្រការទទួលស្គាល់របស់សហរដ្ឋអាមេរិកថា ទីក្រុងជេរូហ្សាឡឹម ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល។ ការបោះឆ្នោតរបស់កម្ពុជានេះ គឺជាការចំអកមួយចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលធ្លាប់ព្រមានថា នឹងកត់ត្រាទុកនូវឈ្មោះរបស់ប្រទេសទាំងឡាយណាដែលបោះឆ្នោតប្រឆាំងនឹងខ្លួននៅអង្គការសហប្រជាជាតិ ហើយថា ប្រទេសទាំងនោះអាចនឹងត្រូវប្រឈមនឹងការកាត់ផ្ដាច់ជំនួយពីសហរដ្ឋអាមេរិក នៅពេលខាងមុខ។ មានប្រទេសចំនួន ១២៨ប្រទេស រួមទាំងកម្ពុជា បានបោះឆ្នោតប្រឆាំងនឹងការទទួលស្គាល់របស់អាមេរិកថា ក្រុងជេរូហ្សាឡឹម ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល ខណៈដែលមានប្រទេសចំនួនតែ ៩ប្រទេសប៉ុណ្ណោះ បានបោះឆ្នោតគាំទ្រអាមេរិក ហើយប្រទេសចំនួន ៣៥ទៀតបោះឆ្នោតអនុប្បវាទ។ បច្ចុប្បន្ន ការដណ្ដើមគ្រប់គ្រងទឹកដីជេរូហ្សាឡឹម កំពុងស្ថិតក្នុងភាពប្រទាញប្រទង់ ដោយសារសង្គ្រាមរ៉ាំរ៉ៃដែលបានអូសបន្លាយជាច្រើនទសវត្សរវាងប្រទេសអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីន៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment