ដោយ វ៉ែន សុមេធ
2017-12-07
rfa
ឈើលេខមួយប្រភេទសុក្រំ ដែលមន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ចាប់ពីឈ្មួញ និងរក្សាទុកនៅវត្តពោធិ៍ការាម ហៅវត្តក្បាលរមាស ភូមិក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីខែឧសភា ឆ្នាំ២០១៥។
រូបភាពសហគមន៍
ពលរដ្ឋរស់នៅឃុំស្តៅ ស្រុកសេសានខែត្រស្ទឹងត្រែង ចោទអាជ្ញាធរ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើថា ឃុបឃិតជាមួយឈ្មួញដោះលែងរថយន្តដឹកឈើខុសច្បាប់ ដែលសហគមន៍ឃាត់បានកាលពីចុងខែវិច្ឆិកា។ ការចោទប្រកាន់នេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងអាជ្ញាធរស្រុក អមដោយកងកម្លាំងប្រដាប់អាវុធ បានលួចរំដោះរថយន្តដឹងឈើរបស់ជនល្មើស និងវត្ថុតាងមួយចំនួន។
ពលរដ្ឋរស់នៅឃុំស្តៅ ស្រុកសេសាន ខែត្រស្ទឹងត្រែង ចាត់ទុកការ ឃុបឃិតគ្នាជាមួយជនល្មើស ដោះលែងរយន្តដឹកឈើខុសច្បាប់របស់អាជ្ញាធររដ្ឋាភិបាលថា គឺជាទង្វើខុសច្បាប់ ដែលទាមទារឲ្យរដ្ឋាភិបាលលប់បំបាត់ និងដាក់ទណ្ឌកម្មដល់មន្ត្រីខិលខូចណា យកតួនាទីការពារប្រយោជន៍របស់ឈ្មួញរកស៊ីឈើខុសច្បាប់។
ពលរដ្ឋរស់នៅឃុំស្តៅ ថ្លែងសុំមិនបញ្ចេញឈ្មោះ រំឭកថា កាលពីចុងខែវិច្ឆិកា ពលរដ្ឋប្រមាណ ៤០នាក់ បាននាំគ្នាឃាត់រថយន្តប៉ាងកុង ៣គ្រឿង និងឈើមូលប្រហែល ៤ម៉ែត្រគូប រក្សាទុក ក្នុងបំណងឲ្យសមត្ថកិច្ចអនុវត្តច្បាប់ ក៏ប៉ុន្តែបែរជាអាជ្ញាធរឃុបឃិតជាប្រព័ន្ធដោះលែងរថយន្តរបស់ជនល្មើសទៅវិញ។ លោកចាត់ទុកករណីនេះ ជាទង្វើល្មើសបទបញ្ជាប្រមុខរដ្ឋាភិបាល និងមិនបានលើកទឹកចិត្តដល់កិច្ចគាំពារធនធានព្រៃឈើរបស់ពលរដ្ឋ។ «»
បុរសដដែលបន្តថា រថយន្តដឹកឈើដែលពលរដ្ឋឃាត់នោះ គឺជារបស់ឈ្មួញដឹកឈើមូលពីតំបន់ព្រៃ នៅឃុំស្តៅ ចូលទៅតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដើម្បីបម្លែងជាឈើស្របច្បាប់រួចដឹកចេញក្រៅ។ លោកថា បច្ចុប្បន្នក្រុមឈ្មួញបានយករថយន្តដឹកឈើប្រមាណជាង ២០គ្រឿង រួមទាំងម៉ាស៊ីនអារឈើជាច្រើនគ្រឿងទៀត ចូលព្រៃអារឈើខុសច្បាប់ នៅឃុំស្តៅ ពុំមានការបង្ក្រាប។ «»
កាលពីថ្ងៃទី២៧ វិច្ឆិកា អភិបាលរងស្រុកសេសានមួយរួប និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ អមដោយកងកម្លាំងប្រដាប់អាវុធចម្រុះ បានរំដោះរថយន្តដឹកឈើ ៣គ្រឿង ជាប្រភេទរថយន្តប៉ាកុងដែលឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ចេញពីតំបន់ព្រៃក្បែរសហគមន៍រស់នៅ។ អ្នកភូមិថា ការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ ឋិតក្នុងឃុំស្តៅ កើតមានច្រើនឆ្នាំមកហើយ រហូតមកទល់ពេលនេះ បង្កប៉ះពាល់ ជីវភាព និង ជីវិតរស់នៅរបស់សហគមន៍នៅតំបន់នោះ។
អាស៊ីសេរីមិនអាចទាក់ទង មេឃុំស្តៅ លោក នួយ ប៊ុនសួយ ដើម្បីសុំការអធិប្បាយរឿងនេះបានទេនៅថ្ងៃទី៧ ធ្នូ។
ជំទប់ទី២ ឃុំស្តៅ លោក បុំ ចាន់ធី ដែលទើបរដ្ឋាភិបាលដកតំណែងថ្មីៗនេះ ឲ្យដឹងថា អាជ្ញាធររដ្ឋាភិបាល និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើមិនបានយកចិត្តទុកដាក់ការពារធនធានធម្មជាតិតាមបញ្ជារបស់ប្រមុខរដ្ឋាភិបាលនោះទេ បង្កឲ្យបទល្មើសព្រៃឈើបានកើតឡើងដោយបើកចំហ កម្រមានការបង្ក្រាបច្រើនឆ្នាំណាស់មកហើយ។ លោកថា ការដឹកជញ្ជូនឈើ និងការលួចកាប់ឈើមានតម្លៃនៅតែបន្តកើតមាន គ្មានទីបញ្ចប់ បើទោះបីជារដ្ឋាភិបាលប្ដេជ្ញាចិត្តដដែលៗច្រើនសាក្ដី។ «»
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល ពន្យល់ថា អាជ្ញាធររដ្ឋាភិបាល ជាពិសេសមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មានកាតព្វកិច្ចអនុវត្តច្បាប់ព្រៃឈើ ក៏ប៉ុន្តែបែរជាយកតួនាទីសម្របសម្រួលដោះលែងបទល្មើសឈើ ជាទង្វើល្មើសច្បាប់។ លើសពីនេះ ការបណ្ដោយឲ្យកើតមានបទល្មើសព្រៃឈើទ្រង់ទ្រាយធំ និងតូច គឺជាទម្រង់នៃអំពើពុករលួយជាប្រព័ន្ធផង។ អំពើពុករលួយនេះ មិនត្រឹមតែសំដៅតែប្រាក់ដែលបង់ឲ្យសមត្ថកិច្ចពាក់ព័ន្ធទេ ភាពព្រងើយកន្តើយរបស់អាជ្ញាធររដ្ឋាភិបាល ក៏ជាប្រភេទនៃបទល្មើសពុករលួយដែរ។ លោកបញ្ជាក់ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ការពារសម្បត្តិធម្មជាតិដែលធានាដោយរដ្ឋធម្មនុញ្ញ ហើយអាជ្ញាធរពាក់ព័ន្ធត្រូវផ្ដល់កិច្ចសហការ និងលើកទឹកចិត្ត។ «»
ច្បាប់ព្រៃឈើឆ្នាំ២០០២ មាត្រា១០០ ចែងថា សកម្មភាពទាំងឡាយដែលធ្វើឡើងដោយមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាលកងកម្លាំងប្រដាប់អាវុធដែលបានអន្តរាគមន៍ ឬផ្ដល់ការអនុញ្ញាតដោយផ្ទាល់ ឬប្រយោលជួយដល់អាជីវកម្មព្រៃឈើ និងគំរាមកំហែងមន្ត្រីរដ្ឋបាលព្រៃឈើ ឬរារាំងកិច្ចការរបស់មន្ត្រីរដ្ឋបាលព្រៃឈើ គឺចាត់ទុកជាបទល្មើស ដោយត្រូវផ្ដន្ទាទោសពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ដល់១០០លានរៀល៕
No comments:
Post a Comment