ដោយ ទីន ហ្សាការីយ៉ា
2017-12-17
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (ឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ថ្លែងទៅកាន់អ្នកកាសែតនៅវិមានរដ្ឋសភា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥។ RFA/Tin Zakariya
RFA/Tin Zakariya
រដ្ឋាភិបាលកម្ពុជាកំពុងត្រូវបានប្រទេសលោកសេរីខាងលិច និងកុម្មុយនិស្តចិន ប្រទាញប្រទង់ដណ្ដើមគ្នា ដើម្បីធ្វើជាភូមិសាស្ត្រនយោបាយរបស់ខ្លួន។ ខណៈអាមេរិកចង់បានកម្ពុជាដើម្បីពង្រឹងឥទ្ធិពលនៅអាស៊ីអាគ្នេយ៍ ហើយមេដឹកនាំកម្ពុជាកំពុងងាកទៅរកកុម្មុយនិស្តចិនដោយសារតែជំនួយគ្មានចំណង។
អ្នកជំនាញកិច្ចការបរទេសព្រមានថា បើសិនជារដ្ឋាភិបាលសម្រេចងាកទៅចាប់មហាយក្សចិនទាំងស្រុងនោះ កម្ពុជានឹងមានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ហើយចលនាបះបោរប្រឆាំងរដ្ឋាភិបាល ពីម្ចាស់ឆ្នោត ក៏នឹងអាចកើតមានឡើងជាមិនខាន។
អ្នកជំនាញខាងកិច្ចការបរទេសលើកឡើងថា ជម្លោះនយោបាយនៅកម្ពុជា មិនអាចដោះស្រាយបញ្ចប់បានទេ បើសិនជាមេដឹកនាំបក្សកាន់អំណាច និងបក្សប្រឆាំង ពឹងផ្អែកលើប្រទេសមហាអំណាចលោកខាងលិច និងមហាអំណាចកុម្មុយនិស្តចិននោះ លុះណាមេដឹកនាំទាំងពីរងាកមករកតុចរចារវាងខ្មែរ នឹងខ្មែរ។
អ្នកស្រាវជ្រាវនៃវិទ្យាស្ថានអាយស៊ីស ( ISEAS-Yusof Ishak Institute) លោក ឈាង វណ្ណារិទ្ធិ និងជាអ្នកជំនាញខាងកិច្ចការបរទេស មានប្រសាសន៍ថា ប្រទេសនៅក្នុងតំបន់អាស៊ានមានភូមា និងថៃ ក៏ជាប្រទេសដែលមិនដើរលើគន្លងប្រជាធិបតេយ្យមិនច្បាស់លាស់ដែរកន្លងមក ក៏ប៉ុន្តែសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបមិនមានប្រតិកម្មនឹងការប្រកាសដាក់ទណ្ឌកម្មខ្លាំងក្លាដូចនៅកម្ពុជានាពេលបច្ចុប្បន្នទេ។ លោកបញ្ជាក់ថា ការប្រកាសរបស់អាមេរិក និងសហគមន៍អាមេរិក ពីការដាក់ទណ្ឌកម្មបិទវីសា និងការប្រកាសរបស់សភាសហភាពអឺរ៉ុបបញ្ឈប់អនុគ្រោះពន្ធមកកាន់ទីផ្សារអឺរ៉ុបទាំង ២៧ប្រទេស និងអាមេរិកនោះ ក៏ព្រោះតែប្រទេសមហាអំណាចលោកខាងលិចទាំងនេះ មិនចង់ឲ្យកម្ពុជាក្លាយជាកូននាគរបស់ចិនផ្ដាច់មុខ។ «»
សភាអឺរ៉ុបកាលពីថ្ងៃទី១៤ ខែធ្នូ បានបោះឆ្នោតដោយឯកច្ឆន្ទលើសេចក្ដីសម្រេចចាត់វិធានការទណ្ឌកម្មធ្ងន់ៗ លើរដ្ឋាភិបាលលោក ហ៊ុន សែន ដែលរំលោភសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។ ក្នុងសេចក្ដីសម្រេចនេះ គឺសភាអឺរ៉ុប ស្នើឲ្យរដ្ឋាភិបាលសហគមន៍អឺរ៉ុបទាំងអស់ ដកប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា រួមទាំងការនាំចេញផលិតផលពីវិស័យរោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើង និងទំនិញដទៃទៀតជាបណ្ដោះអាសន្នសិន។ សេចក្ដីសម្រេចនេះសង្កត់ធ្ងន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវចងចាំថា កិច្ចព្រមព្រៀងនៃការអនុគ្រោះពន្ធនាំចេញផលិតផលពីកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបនេះ អាចបន្តទៅទៀតបានតែក្នុងករណីដែលរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យតែប៉ុណ្ណោះ។
លើសពីនេះទៅទៀត ស្ថាប័នកិច្ចការបរទេសសហភាពអឺរ៉ុបនៅក្រៅប្រទេសទាំងអស់ រួមទាំងគណៈកម្មការផ្សេងៗដែលពាក់ព័ន្ធផង ត្រូវរៀបចំបញ្ជីឈ្មោះជនទាំងឡាយដែលចូលដៃក្នុងការរំលាយគណបក្សសង្គ្រោះជាតិ និងរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរ ដើម្បីបង្កកទ្រព្យសម្បត្តិ និងហាមឃាត់មិនឲ្យចូលសហគមន៍អឺរ៉ុប និងបង្គាប់ឲ្យប្រធានសភាអឺរ៉ុប បញ្ជូនសេចក្ដីសម្រេចនេះទៅគណៈកម្មការ ក្រុមប្រឹក្សា ស្ថាប័នកិច្ចការបរទេសសហភាពអឺរ៉ុប នៅក្រៅប្រទេសទាំងអស់ រដ្ឋជាសមាជិករដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា និងរដ្ឋាភិបាលប្រទេសអាស៊ានទាំងអស់ដែរ។
ឆ្លើយតបនឹងការសម្រេចនេះ លោក ហ៊ុន សែន ថ្លែងហាក់មិនខ្វល់ពីការដាក់សម្រេចដាក់ទណ្ឌកម្មនេះឡើយ។ លោក ហ៊ុន សែន អះអាងថា លោក មិនមានជំនឿថា ការសម្រេចរបស់សភាអឺរ៉ុបនេះ មិនអាចចាប់បង្ខំឲ្យរដ្ឋាភិបាលអឺរ៉ុបអនុវត្តបានដែរ។ «»
លោក ឈាង វណ្ណារិទ្ធិ បន្ថែមថា រដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អាងមហាអំណាចកុម្មុយនិស្តចិននៅពីក្រោយខ្នង ដែលប្រកាសជំហរមិនអើពើទៅនឹងការប្រកាសដាក់ទណ្ឌកម្មទាំងឡាយរបស់សហគមន៍អឺរ៉ុប និងអាមេរិកនោះ។ លោកបានហៅការធ្វើនយោបាយរបស់មេដឹកនាំខ្មែរ ជាការធ្វើនយោបាយប្រើអារម្មណ៍ជាងប្រើយុទ្ធសាស្ត្រ។ «»
អ្នកជំនាញសេដ្ឋកិច្ច អះអាងថា រដ្ឋាភិបាលអឺរ៉ុប នឹងអាចអនុវត្តតាមការស្នើសុំរបស់សភាសហភាពអឺរ៉ុប ដរាបណាលោក ហ៊ុន សែន មិនងាកមកគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេនោះ។ ហើយបើសិនជាសហភាពអឺរ៉ុប ដាក់សម្រេចដាក់ទណ្ឌកម្មមែននោះ រដ្ឋាភិបាលកម្ពុជានឹងប្រឈមបញ្ហាជាច្រើន ពិសេសកម្មកររោងចក្រជិត ១លាននាក់ នឹងបាត់បង់ការងារធ្វើ។ ក្រៅពីនេះទៀត អឺរ៉ុបក្រៅពីទីផ្សារសំលៀកបំពាក់នោះ ក៏មានទីផ្សារអង្កររបស់កម្ពុជដែរ។ ចំពោះក្រុមឈ្មួញរបស់កម្ពុជាដែលជាមនុស្សជិតស្និតរបស់រដ្ឋាភិបាលក៏ធ្វើជំនួញនៅអឺរ៉ុប ដែលមានទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ជាដើម។
អ្នកជំនាញខាងវិទ្យាសាស្ត្រ នយោបាយ លោក ហេង ស្រ៊ាង មានប្រសាសន៍ថា លោក ហ៊ុន សែន មើលស្រាលសភាសហភាពអឺរ៉ុបមិនបានទេ ព្រោះសភាសហភាពអឺរ៉ុបមានឥទ្ធិពលទៅលើរដ្ឋាភិបាល មិនមែនដូចសភាកម្ពុជាដែលនៅក្រោមឥទ្ធិពលរដ្ឋាភិបាលនោះឡើយ។ «»
ក្រៅពីនេះទៀត ស្ថានបេសកកម្មអចិន្ត្រៃយ៍សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ប្រចាំនៅអង្គការសហប្រជាជាតិ នៅថ្ងៃទី១៩ ខែធ្នូ ខាងមុខនេះ នឹងបើកកិច្ចប្រជុំមួយ ស្ដីពីបញ្ហាការរំលាយគណបក្សសង្គ្រោះជាតិ នៅស្ថានបេសកកម្មអចិន្ត្រៃយ៍នៅបុរីញ៉ូវយក ក្នុងនោះក៏មានការចូលរួមពីប្រទេសជប៉ុន និងបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរ។
គិតចាប់តាំងពីថ្ងៃទី១៦ វិច្ឆិកា ជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់កម្ពុជាដែលលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិនោះ គឺសហគមន៍អន្តរជាតិ បានដាក់ទណ្ឌកម្ម លើរដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់ដែរ ដូចជា នៅមុនចេញសេចក្ដីសម្រេចដាក់ទណ្ឌកម្មបន្ថែមរបស់សភាសហភាពអឺរ៉ុប សហភាពអឺរ៉ុប ទើបតែបានកាត់ផ្ដាច់ជំនួយទាំងអស់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ចំណែកឯសហរដ្ឋអាមេរិកវិញ ដែលបានកាត់ផ្ដាច់ជំនួយផ្នែកបោះឆ្នោតនេះដែរ ក៏ពន្លឿនចំណាត់ការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា បន្ថែមទៀតដែរ។ ក្រោយកាត់ផ្ដាច់ជំនួយផ្នែកបោះឆ្នោត ជំហានបន្ទាប់មកទៀត គឺរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានសម្រេចបិទទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារ ដែលមានជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ មិនអោយជាន់ដីសហរដ្ឋអាមេរិក។ ឥឡូវនេះ សហរដ្ឋអាមេរិក កំពុងស្រង់បញ្ជីឈ្មោះបុគ្គល មន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្ម ដើម្បីឈានទៅបង្កក និងរឹបអូសទ្រព្យសម្បត្តិ និងបញ្ឈប់កិច្ចសន្យាពាណិជ្ជកម្ម ព្រមទាំងផ្អាកការអនុគ្រោះពន្ធនាំចេញផលិតផលពីកម្ពុជា ទៅទីផ្សារអាមេរិកដែរ។
ទាំងអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ ទាំងជំនាញខាងកិច្ចការបរទេស លើកឡើងដូចគ្នា ទោះបីជារដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលមិនខ្វល់ពីប្រទេសមហាអំណាចខាងលិច ដោយរដ្ឋាភិបាលធ្លាប់បានដឹកនាំប្រទេសដែលត្រូវហ៊ុំព័ន្ធសេដ្ឋកិច្ចនៅក្នុងសម័យសង្គ្រាមត្រជាក់ក្ដី ប៉ុន្តែសម្រាប់ស្ថានភាពនយោបាយបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានការយល់ដឹង ពិសេសក្រុមយុវជនដែលអាចនឹងមិនគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាល នៅពេលនោះ វិបត្តិសេដ្ឋកិច្ច និងភាពចលាចលក្នុងសង្គម ផ្ទុះការតវ៉ាងប្រឆាំងនិងរដ្ឋាភិបាលលោក ហ៊ុន សែន នឹងកើតឡើងជាមិនខាន៕
No comments:
Post a Comment