Saturday, 30 December 2017
លោក ម៉ម សូណង់ដូ បដិសេធមិនចូលបំភ្លឺនៅតុលាការ ក្នុងសំណុំរឿងក្បត់ជាតិរបស់មេបក្សប្រឆាំង
29 ធ្នូ 2017
ហ៊ុល រស្មី
voa
រូបឯកសារ៖ លោក ម៉ម សុណង់ដូ (កណ្តាល) អ្នកការពារសិទ្ធិមនុស្សដ៏ល្បីឈ្មោះមួយរូបនៅប្រទេសកម្ពុជាដឹកនាំបាតុកម្មមួយ ដើម្បីទាមទារឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យលោកបើកស្ថានីយ៍ទូរទស្សន៍ថ្មីមួយនៅខាងមុខក្រសួងព័ត៌មានក្នុងទីក្រុងភ្នំពេញនៅថ្ងៃច័ន្ទទី ២៧ ខែមករា ឆ្នាំ២០១៤។
សំណុំរឿងនយោបាយរបស់ប្រធានគណបក្សសង្គ្រោះជាតិរាលដាលដល់លោកម៉ម សូណង់ដូ ម្ចាស់វិទ្យុសំបុកឃ្មុំ ដែលបដិសេធមិនចូលបំភ្លឺក្នុងនាមជាសាក្សី ព្រោះបញ្ហាសុខភាព។
ភ្នំពេញ —
សំណុំរឿងប្រព្រឹត្ត អំពើក្បត់ជាតិរបស់លោក កឹម សុខា បានរាលដាលដល់អ្នក រិះគន់រដ្ឋាភិបាលមួយរូបទៀត គឺលោក ម៉ម សូណង់ដូ ដែលធ្លាប់ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីបានកោះហៅលោក ម៉ម សូណង់ដូ ជាលើកទីបី ឲ្យចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សី ទាក់ទងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា។ តែប្រធានវិទ្យុសំបុកឃ្មុំរូបនេះ ឆ្លើយថា លោកមិនដែលទទួលបានដីកាកោះម្តងណាសោះ ហើយបដិសេធមិនចូលខ្លួន ដោយសារមានបញ្ហាសុខភាព។ អ្នកវិភាគលើកឡើងថា ក្តីក្តាំលោក កឹម សុខា មិនអាចបញ្ចប់បានឡើយ ប្រសិនបើគ្មានការស្រុះស្រួលខាងនយោបាយនោះ។
លោក ម៉ម សូណង់ដូ អតីតប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានប្រកាសប្រាប់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញថា លោកមិនអាចចូលទៅបំភ្លឺនៅតុលាការក្នុងនាមជាសាក្សី ឱ្យសំណុំរឿងក្បត់របស់លោក កឹម សុខានោះទេ ដោយហេតុថា លោកមានបញ្ហាសុខភាព។ នេះបើយោងតាមលិខិតរបស់លោកអ្នកនយោបាយរូបនេះ ដែលបានបង្ហោះលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រនេះ។
យោងតាមលិខិតរបស់លោក ម៉ម សូណង់ដូ ធ្វើនៅទីក្រុងប៉ារីស ប្រទេសបារាំង ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ អ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់រូបនេះ បានជម្រាបលោក គី ឫទី្ធថា ខ្ញុំ ម៉ម សូណង់ដូបានទទួលព័ត៌មានពីបណ្តាញសង្គមហ្វេសប៊ុក អំពីដីការកោះ លើកទីបីរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៧ ពីដំណើរសន្ទិដ្ឋិភាព។ លោក ម៉ម សូណង់ដូ បានបញ្ជាក់ឲ្យដឹងបន្តថា លោកមិនដែលបានទទួលដីកាកោះហៅណាមួយសោះឡើយ។
លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ដែលធ្លាប់ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានសរសេរក្នុងលិខិតរបស់លោកបញ្ជាក់ពីការមិនអាចចូលខ្លួនទៅបំភ្លឺនៅតុលាការ ក្នុងន័យដើមថា៖
«ខ្ញុំមានកិត្តិយសសូមបញ្ជាក់ និងជម្រាបជូនលោកចៅក្រមឲ្យបានជ្រាបថា ខ្ញុំមិនដែលបានទទួលដីកាកោះហៅណាមួយសោះឡើយ។ ខ្ញុំសូមជម្រាបលោកចៅក្រមមេត្តាជ្រាបថា ខ្ញុំមិនអាចចូលឆ្លើយបំភ្លឺតាមការកំណត់បានទេ ព្រោះខ្ញុំកំពុងនៅប្រទេសបារាំង ដើម្បីពិនិត្យបញ្ហាសុខភាព»។
ការកោះហៅឲ្យលោក ម៉ម សូណង់ដូ ចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានី ក្នុងសំណុំរឿងកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយនោះ បានធ្វើឡើងក្រោយពេលអ្នកនយោបាយវ័យចំណាស់រូបនេះប្រកាសលាលែងពីតំណែងជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ កាលពីខែសីហាឆ្នាំ ២០១៧។ លោកបានផ្តល់ហេតុផលថា ការលាលែងរបស់លោកនេះកើតមានឡើង ក្រោយពីគណបក្សរបស់លោកមិនអាចរកបានអាសនៈជាមេឃុំ និងក្រុមប្រឹក្សាឃុំសង្កាត់ក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនាឆ្នាំ ២០១៧។
VOA ព្យាយាមសុំការអធិប្បាយពីលោក គី ឫទ្ធី ចៅក្រមស៊ើបសួរ តែទូរសព្ទរបស់លោករោទិ៍ គ្មានអ្នកលើក។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោលតាមអំណាចតុលាការកំពូល ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចូលចាប់ខ្លួនក្នុងគេហដ្ឋានរបស់លោកយ៉ាងកំរោល កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ អាជ្ញាធរបានចោទថា លោកបានរៀបចំផែនការសម្ងាត់ ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បទល្មើសនេះ គឺស្មើនឹងការប្រព្រឹត្តអំពើក្បត់ជាតិ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ យល់ថា ករណីរបស់លោកកឹម សុខានេះនឹងមិនអាចបញ្ចប់បានឡើយ ប្រសិនបើមិនមានការស្រុះស្រួលគ្នាខាងនយោបាយ។ លោកសុំមិនអធិប្បាយអំពីការកោះហៅលោក ម៉ម សូណង់ដូទេ តែលោកថា រឿងក្តីលោក កឹម សុខា ដែលបានអូសបន្លាយពេលមកជាច្រើនខែនេះ គឺជាយុទ្ធសាស្ត្រគូបដិបក្ខនៃគណបក្សប្រឆាំងក្នុងការបន្សាបឥទ្ធិពលរបស់លោក កឹម សុខា។
«នែព្រោះគឺគេមិនចង់ឲ្យ ដែលគេចាត់វិធានការហ្នឹងបាទ ហើយដល់បទចោទប្រកាន់ហ្នឹងគឺធ្វើឲ្យគាត់នៅក្នុងគុកហ្នឹងរយៈពេលយូរ ដើម្បីកុំឲ្យគាត់ហ្នឹងគឺមានឥទ្ធិពលបាទ ទៅលើប្រជាពលរដ្ឋ»។
លោកបានថ្លែងបន្ថែមថា៖
«បើសិនជាគាត់នៅក្រៅ គឺនែ គឺគាត់អាចមានឥទ្ធិពលទៅលើប្រជាពលរដ្ឋ ដោយសារប្រជាប្រិយភាពរបស់គាត់ ដោយសារការគំាទ្ររបស់ប្រជាពលរដ្ឋ បាទ ដែលគាត់មានបាទ អីចេះ»។
VOA ព្យាយាមសុំការអធិប្បាយពីលោក ម៉ម សូណង់ដូ តាមសារឆ្លើយឆ្លងរបស់បណ្តាញសង្គមហ្វេសប៊ុក តែនៅមិនទាន់អាចទាក់ទងលោកបានទេ។ យ៉ាងណាការកោះហៅលោក ម៉ម សូណង់ដូ ត្រូវគេដឹងថា មិនមែនជារឿងថ្មីនោះទេ ដោយសារតែអ្នកនយោបាយរូបនេះត្រូវប្រឈមនឹងក្តីក្តាំមួយចំនួនរួចមកហើយ។
ក្នុងឆ្នាំ២០១២ លោក ម៉ម សូណង់ដូ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ក្នុងពន្ធនាគាររយៈពេល២០ឆ្នាំ ពីបទញុះញង់បង្កឲ្យមានការបះបោរមួយ នៅក្នុងទំនាស់ដីធ្លីមួយកើតឡើងនៅខេត្តក្រចេះ។ តែដោយមានការដាក់សម្ពាធពីអង្គការសង្គមស៊ីវិលអន្តរជាតិខាងការពារសិទ្ធិមនុស្ស លោកត្រូវបានដោះលែងនៅខែមីនា ឆ្នាំ២០១៣។
ក្រោយការបង្កើតគណបក្សនយោបាយសារជាថ្មីនៅមុនការការបោះឆ្នោតឃុំ-សង្កាត់ លោក ម៉ម សូណង់ដូ ដែលកាន់សញ្ជាតិខ្មែរ-បារាំង បានបើកការវាយប្រហារមកលើលោក កឹម សុខា និងលោក សម រង្ស៊ី ដែលជាស្ថាបនិកគណបក្សសង្គ្រោះជាតិ។ លោកអះអាងថា លោកទាំងពីរជាអ្នកនយោបាយដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ជាជាងប្រយោជន៍ជាតិ ខណៈដែលគណបក្សនេះបានធ្វើឲ្យលោកខកចិត្ត នៅពេលដែលមេដឹកនាំគណបក្សប្រឆាំងដ៏ធំមួយនេះសម្រេចចូលធ្វើការនៅក្នុងសភាជាតិជាមួយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលពិភពលោកស្គាល់ថា ជាបុរសខ្លាំងរបស់កម្ពុជា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment