ដោយ ទីន ហ្សាការីយ៉ា
2017-12-13
ក្បួនដង្ហែបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅតាមផ្លូវព្រះមុនីវង្ស នៅរសៀលថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៣។
RFA
អ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា ប្រជាពលរដ្ឋជាច្រើនលាននាក់ អាចនឹងងើបបះបោរប្រឆាំងនឹងការបោះឆ្នោតជាតិអាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខ បើសិនជាអវត្តមានបក្សប្រឆាំងដ៏ធំជាងគេ ទោះបីជារដ្ឋាភិបាលអះអាងថា នៅតែរៀបដំណើរការរៀបចំបោះឆ្នោតបានក្ដី។
ការលើកឡើងនេះ នៅស្របពេលលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសនៅថ្ងៃទី១៣ ធ្នូ ថា ការបោះឆ្នោតនៅតែដំណើរការទៅបាន ទោះបីជាគ្មានវត្តមានបក្សប្រឆាំងក្ដី។
អ្នកឃ្លាំមើលការបោះឆ្នោត លើកឡើងថា ការបោះឆ្នោតអាចដំណើរការទៅបានដូចការអះអាងរបស់លោក ហ៊ុន សែន ក៏ប៉ុន្តែពុំមែនជាការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមានការទទួលស្គាល់ពីសហគមន៍ជាតិ-អន្តរជាតិឡើយ។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា ទោះបីជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅតែរៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨បានក្ដី ប៉ុន្តែបើសិនជា គ្មានបក្សប្រឆាំងចូលរួមនោះ រដ្ឋាភិបាល ឬគ.ជ.ប នឹងប្រឈមបញ្ហាជាច្រើននៅមុនពេលបោះឆ្នោត ក្នុងនោះ មានការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ការកាត់ផ្ដាច់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដូចជាសហភាពអឺរ៉ុប បានប្រកាសផ្អាកជំនួយជាផ្លូវការ ហើយជប៉ុនក៏នឹងពិចារណាចំពោះជំនួយដល់គ.ជ.បដែរ។ «»
នៅក្នុងពិធីជួបកម្មករនៅថ្ងៃទី១៣ធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអង្វរឲ្យកម្មករជួយបោះឆ្នោតឲ្យលោកទៀត ទោះបីជាការចូលរួមការបោះឆ្នោតពីគណបក្សប្រឆាំងក្ដី តែលោកអះអាងថា ការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ នៅតែដំណើរការទៅបាន។ «»
ទន្ទឹមនឹងនេះ គ.ជ.បបានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបទៅនឹងការផ្ដាច់ជំនួយដល់គ.ជ.ប នៅថ្ងៃទី១៣ ធ្នូ ថា គ.ជ.ប មានការសោកស្ដាយដែលសភាពអឺរ៉ុបសម្រេចព្យួរជំនួយដោយមូលហេតុចំនួន៣គឺ ទី១ មិនត្រូវយករឿងរបស់តុលាការ និងបញ្ហានយោបាយមកដោះស្រាយជាមួយនឹងការងារបច្ចេកទេសរបស់គ.ជ.ប ទី២ គ.ជ.បនៅតែរក្សាគោលដៅចម្បងពីរដែលគ.ជ.បបានអនុវត្តក្នុងការបោះឆ្នោតឆ្នាំ២០១៧ ដដែល ទោះក្នុងកាលៈទេសៈណាក៏ដោយ គឺពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងសិទ្ធិសំដែងមតិតាមរយៈសន្លឹកឆ្នោតត្រូវតែបានរាប់យ៉ាងត្រឹមត្រូវជាទីបំផុត គ្មានលម្អៀងទៅរកគណបក្សនយោបាយណាមួយឡើយ និងទី៣ សហប្រតិបត្តិការរបស់គ.ជ.បកន្លងមក ជាមួយគ្រប់ភាគីពាក់ព័ន្ធ គឺប្រកបដោយសុឆន្ទៈ បង្ហាញឲ្យភាគីពាក់ព័ន្ធឃើញផ្ទាល់ពីតម្លាភាពដែលគ.ជ.ប រៀបចំការបោះឆ្នោត ហើយលទ្ធផលក៏បង្ហាញយ៉ាងច្បាស់ពីសាធារណមតិជាតិ អន្តរជាតិហើយដែរ។ គ.ជ.បសូមបញ្ជាក់ថា គ.ជ.ប បានគ្រោងថវិកាគ្រប់គ្រាន់សម្រាប់រៀបចំការបោះឆ្នោតនេះរួចរាល់ហើយដែរ។
ទោះបីជាគ.ជ.បអះអាងបែបនេះក្ដី ស្ថាប័នគ.ជ.បនៅពេលនេះ ខុសកាលពីមុន ដែលមានអតីតបេក្ខជនមកពីគណបក្សសង្គ្រោះជាតិចូលរួម ដែលត្រូវបានជ្រើសតាំងដោយសភា តែក្រោយពីរដ្ឋាភិបាលលោក ហ៊ុន សែន បានរំលាយគណបក្សប្រឆាំង គឺអនុប្រធានគ.ជ.ប រួមនឹងថ្នាក់ដឹកនាំពីររួបទៀតបានលាលែង ហើយស្ថាប័នគ.ជ.ប ត្រូវបានគេមើលឃើញលែងប្រកាន់ជំហរឯករាជ្យ និងធ្វើអ្វីៗតាមការចង្អុលបង្ហាញរបស់បក្សកាន់អំណាច លោក ហ៊ុន សែន ដូចជាការផ្លាស់ប្ដូរតែងតាំងថ្នាក់ដឹកនាំគ.ជ.បថ្មីជំនួស ថ្នាក់ដឹកនាំ ៣រួបដែលបានលាលែង និងការទទួលស្គាល់រំលាយគណបក្សប្រឆាំងជាដើម។
សហភាពអឺរ៉ុប បានសម្រេចជាផ្លូវការ ប្រកាសផ្អាកផ្ដល់ជំនួយហិរញ្ញវត្ថុដល់គ.ជ.ប។ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បញ្ជាក់ថា មូលហេតុនៃការសម្រេចផ្អាកជំនួយហិរញ្ញវត្ថុនេះ គឺដោយសារតែសេចក្ដីសម្រេចរបស់តុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ ក្នុងការរម្លាយគណបក្សសង្គ្រោះជាតិ ដែលសហភាពអឺរ៉ុប សង្កត់ធ្ងន់ៗថា ដំណើរការបោះឆ្នោតមួយដែលគណបក្សប្រឆាំង ត្រូវបានផាត់ចេញតាមទំនើងចិត្តយ៉ាងដូច្នេះ លទ្ធផលនៃការបោះឆ្នោតនេះ នឹងមិនត្រូវមើលឃើញថា មានភាពស្របច្បាប់នោះឡើយ។
សេចក្ដីប្រកាសព័ត៌មានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាផ្សាយ នៅថ្ងៃទី១២ ខែធ្នូ គូសបញ្ជាក់ថា បើទោះជាសហភាពអឺរ៉ុប រីករាយក្នុងការគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់របស់ប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅក៏ដោយ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលកម្ពុជា បានចាត់ចំណាត់ការជាបន្តបន្ទាប់ ទៅលើគណបក្សប្រឆាំងធំជាងគេដែលទទួលបានសំឡេងឆ្នោតចំនួន ៤៤,៥% នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០១៣ និងចំនួន ៤៣,៨% ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧។ សហភាពអឺរ៉ុប សង្កត់ធ្ងន់ៗថា សេចក្ដីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងការបែងចែកអាសនៈរដ្ឋសភា និងក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សនេះទៅឲ្យគណបក្សដទៃទៀត គឺជាការបដិសេធចោលនូវការជ្រើសរើសរបស់ពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ ក្នុងឆ្នាំ២០១៣ និង២០១៧។
លោក ហ៊ុន សែន ក៏ប្រកាសពន្យល់អំពីច្បាប់ហាក់បីដូចជាអ្នកឯកទេសខាងច្បាប់ថា រដ្ឋសភាមិនអាចរំលាយបានទេ ក្រោយការបោះឆ្នោត ទោះបីជាសភាខ្លួនឯង ឬរដ្ឋាភិបាលក៏មិនអាចរំលាយបានដែរ នេះបើយោងតាមរដ្ឋធម្មនុញ្ញ។ «»
ការអះអាងរបស់លោក ហ៊ុន សែន នេះ ត្រូវបានអ្នកច្បាប់ពន្យល់ថា ជារឿងត្រូវត្រឹមត្រូវ ក៏ប៉ុន្តែអ្នកច្បាប់ចោទសំណួរថា បើសិនជាលោក ហ៊ុន សែន យល់ពីច្បាប់ដូច្នេះ ហេតុអីបក្សកាន់អំណាច ឬតុលាការរបស់លោករំលាយគណបក្សប្រឆាំង ហើយយកៅអីសភាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលពលរដ្ឋបោះឆ្នោតជូនយកទៅគណបក្សដែលប្រជាពលរដ្ឋមិនបោះឆ្នោតជូន និងយកអាសនៈមួយចំនួនសម្រាប់ខ្លួនឯងទៅវិញ? តើលោក ហ៊ុន សែន កំពុងរំលោភរដ្ឋធម្មនុញ្ញ ឬកំពុងគោរពរដ្ឋធម្មនុញ្ញ?។
មាត្រា៧៨ នៃរដ្ឋធម្មនុញ្ញចែងថា នីតិកាលរដ្ឋសភាមានកំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល ១២ខែ។ ក្នុងករណីនេះព្រះមហាក្សត្រត្រូវរំលាយរដ្ឋសភា ក្រោយពីព្រះអង្គទ្រង់ទទួលបានសំណើពីនាយករដ្ឋមន្ត្រី និងបន្ទាប់ពីទ្រង់ទទួលបានការយល់ពីប្រធានសភា។
អ្នកវិភាគនយោបាយលើកឡើងថា លោក ហ៊ុន សែន រំលាយគណបក្សប្រឆាំងនេះ គឺជាការរំលោភរដ្ឋធម្មនុញ្ញ និងជាការភ័យខ្លាចចាញ់ការបោះឆ្នោតឆ្នាំ២០១៨ ដែលជំរុញរដ្ឋាភិបាលរបស់លោករំលាយគណបក្សសង្គ្រោះជាតិ និងចោទប្រកាន់ពីបទប៉ុនប៉ុងផ្ដួលរំលំរដ្ឋាភិបាល ឬបដិវត្តន៍ពណ៌ជាដើម៕
No comments:
Post a Comment