Wednesday, 20 December 2017
អ្នកនាំពាក្យ៖ការស្នើចង់ឲ្យព្យួរអាសនៈកម្ពុជានៅUNរបស់កូនស្រីលោកកឹម សុខា ជារឿងស្រមើស្រមៃ
ដោយ វណ្ណ សុគន្ធា 20/12/2017 20/12/2017
rfi
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
@សហការី
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា ការស្នើសុំរបស់កញ្ញាកឹម មនោវិទ្យា កូនស្រីលោកកឹម សុខា ឲ្យអង្គការសហប្រជាជាតិ(អ.ស.ប) ពិចារណាដកអាសនៈកម្ពុជានោះ គឺជារឿងស្រមើស្រមៃ ពោលគឺមិនអាចទៅរួចនោះទេ។ ការអះអាងរបស់លោកសុខ ឥសាននេះ ធ្វើឡើងបន្ទាប់ពីកញ្ញាកឹម មនោវិទ្យា បានផ្តល់សក្ខីកម្មស្តីពីបញ្ហាកម្ពុជានៅអង្គការសហប្រជាជាតិដែលរៀបចំឡើងដោយស្ថានបេសកកម្មអឺរ៉ុប និងអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិនៅយប់មិញនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានគូសបញ្ជាក់ថាការទៅពឹងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិឲ្យកោះប្រជុំដើម្បីដោះស្រាយបញ្ហាកម្ពុជារបស់កញ្ញាកឹម មនោវិទ្យា ពាក់ព័ន្ធនឹងការចាប់ខ្លួនលោកកឹម សុខា មិនមែនជាភារកិច្ចរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិទេ។ ម៉្យាងទៀត ការចង់ឲ្យអង្គការសហប្រជាជាតិដកសមាជិកភាពរបស់កម្ពុជាចេញពី អ.ស.ប កាន់តែហួសពីជើងមេឃទៅទៀត។
ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះ គឺជាការឆ្លើយតបទៅនឹងកញ្ញាកឹម មនោវិទ្យា កូនស្រីលោកកឹម សុខា ដែលបានស្នើឲ្យមានការបញ្ចូលរបៀបវារៈស្តីពីបញ្ហាកម្ពុជាទៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិដែលនឹងធ្វើឡើងខែមករា ឆ្នាំ២០១៨ខាងមុខ។ ជាមួយគ្នានេះ កូនស្រីលោកកឹម សុខា ដែលជាអគ្គនាយករងកិច្ចការសាធារណៈរបស់អតីតគណបក្សសង្រ្គោះជាតិក៏បានស្នើសុំគិតគូរឡើងវិញអំពីអាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិ។ ការស្នើសុំរបស់កញ្ញាកឹម មនោវិទ្យានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនៅអង្គការសហប្រជាជាតិដែលរៀបចំឡើងដោយស្ថានបេសកកម្មរបស់សហភាពអឺរ៉ុប និងអាមេរិកប្រចាំនៅអ.ស.ប កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៩ ធ្នូ ត្រូវនឹងវេលាយប់មិញនៅក្នុងប្រទេសកម្ពុជា។
សម្រាប់លោកសុខ ឥសាន ការស្នើឡើងនេះ គឺគ្រាន់ជាការស្រមើស្រមៃប៉ុណ្ណោះ។ លោកសុខ ឥសាន ថ្លែងបែបចំអកដាក់កញ្ញាកឹម មនោវិទ្យាថា ជាការគួរឲ្យខ្មាស់អៀនណាស់ដែលមិនយល់ដឹងបន្តិចសោះពីតួនាទីរបស់អង្គការសហប្រជាជាតិដែលគ្មានសិទ្ធិលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់បណ្តាប្រទេសជាសមាជិកនោះ។ បើតាមលោកសុខ ឥសាន អង្គការសហប្រជាជាតិមានភារកិច្ចច្រើនរាប់មិនអស់ដែលដោះស្រាយមិនបានផង ដូច្នេះហើយ តើមានពេលឯណាមកដោះស្រាយរឿងដែលជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជាសុទ្ធសាធនេះកើត។
បន្ថែមពីនេះ លោកសុខ ឥសាន ក៏បានចាត់ទុកតំណាងស្ថានបេសកកម្មអាមេរិក និងសហភាពអឺរ៉ុបប្រចាំនៅ អង្គការសហប្រជាជាតិដែលរៀបចំកិច្ចពិភាក្សាជាមួយកញ្ញាកឹម មនោវិទ្យានេះដែរថា បានឆ្លុះបញ្ចាំងពីការចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។ ការលើកឡើងនេះ ដូចគ្នាទៅនឹងស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះដែលកិច្ចពិភាក្សានេះ គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយថាធ្វើឡើងក្នុងហេតុផលនយោបាយ និងមានចេតនាបំភាន់សាធារណមតិអន្តរជាតិ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment