Monday, 1 January 2018

ឆ្នាំ​២០១៨៖ អតីត​​បក្ស​​ប្រឆាំង​​ប្តេជ្ញា​​ពង្រឹង​​ការ​​តស៊ូ​​ទល់​​នឹង​​រដ្ឋាភិបាល​​កម្ពុជា​ ខណៈ​​បក្សកាន់​​អំណាច​​ប្តេជ្ញា​​ការពារ​​សន្តិភាព​


ដោយ សឿង ភារៈ 01/01/2018 01/01/2018
media

media
លោក​ហ៊ុន សែន​ និង​លោកសម រង្ស៊ី​ ​ក្នុង​កិច្ច​ប្រជុំ​លើ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ នៅ​​រដ្ឋសភាជាតិ​នា​​ព្រឹក​​ថ្ងៃ​ទី០៩ ខែមេសានេះ។។
RFI/ Siv Channa



តាម​រយៈ​សារ​ជូន​ពរ​ឆ្នាំ​សកល ឆ្នាំ​២០១៨ នៅ​ថ្ងៃទី១ ខែ​មករា​នេះ អតីត​មេដឹក​នាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ប្តេជ្ញា​ពង្រីក​ និង​ពង្រឹង​ការ​តស៊ូ​របស់​ខ្លួន ទាំង​នៅ​ក្នុង​ស្រុក ទាំង​នៅ​ក្រៅ​ប្រទេស ទល់​នឹង​រដ្ឋាភិបាល​កម្ពុជា ដោយ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចួល​រួម​ក្នុង​ការ​ផ្សះ​ផ្សាជាតិ និង​លើក​ស្ទូយ​ប្រជាធិប​តេយ្យ។ ចំណែក​បក្ស​កាន់​អំណាច​វិញ​បាន​ប្តេជ្ញា​ដែរ​ថា នឹង​បន្ត​ការពារ​សន្តិភាព និង​ថែ​រក្សា​ស្ថេរភាព​នយោបាយ​សង្គម​អោយ​បាន​ល្អ។



លោក សម រង្ស៊ី អតីត​មេដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​សារ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ថា រូប​លោក និង​សហការី​ក្នុង​ជួរ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ខិតខំ ធ្វើ​ខ្លួន​យ៉ាង​ណា​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ ចាប់​ផ្តើម​បាន​ឃើញ​នូវ​ពន្លឺ​ប្រជាធិបតេយ្យ និង​យុត្តិធម៌ យ៉ាង​ពិត​ប្រាកដ​ក្នុង​ឆ្នាំ​ថ្មី ២០១៨ នេះ​។

លោក​ សម រង្ស៊ី បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ទៀត​ថា ក្នុង​កិច្ចការ​ចំពោះ​មុខ បក្ស នឹង​ពង្រីក និង​ពង្រឹង​ការ​តស៊ូ​របស់​ខ្លួន ទាំង​នៅ​ក្នុង​ស្រុក និង​ទាំង​នៅ​ក្រៅ​ប្រទេស ដើម្បី​ធ្វើ​ឲ្យ​នយោបាយ​គាប​សង្កត់ និង​បង្ក្រាប​របស់​រដ្ឋាភិបាល​សព្វ​ថ្ងៃ ទទួល​បរាជ័យ ហើយ​ត្រូវ​វិល​បក​ថយ​ក្រោយ​វិញ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដំណើរ​ការ​ឡើង​វិញ​ជា​ប្រក្រតី ហើយ​នឹង​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ នៅ​ខែ​កក្កដា ឆ្នាំ​២០១៨​នេះ​។

សូម​ជម្រាប​ជូន​ថា​ កាល​ពី​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល និង​ហាម​មន្ត្រី​១១៨រូប​របស់​បក្ស​នេះ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ។​ ជា​ការ​រំលាយ​គណបក្ស​ប្រឆាំង ដែល​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរ​ជាតិ រហូត​ធ្វើ​ឲ្យ​មាន​ការ​កាត់​ជំនួយ​ឧបត្ថម​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ក្នុង​២០១៨ ផង​ដែរ។

ក្រៅ​ពី​លោក សម រង្ស៊ី, លោក កឹម សុខ ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ឯណោះ​វិញ ក៏​បាន​ចេញសារ​លិខិត ជូន​ពរ​ដល់​ប្រជាពល​រដ្ឋ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ​ដែរ។ តាម​រយៈលិខិត​កម្រាស់​ពីរ​ទំព័រ លោក កឹម សុខា បាន​លើក​ឡើង​ភាគ​ច្រើន​ពី​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ​ចាស់​កន្លង​ទៅ ថា​បាន​បន្សល់​ទុក​នូវ​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​នា​ពេល​បច្ចុប្បន្ន ដោយ​ធ្វើ​ឲ្យ​លំហ​ប្រជាធិប​តេយ្យ និង​ការ​អនុវត្ត​ប្រជា​ធិបតេយ្យ​ដើរថយ​ក្រោយ បន្ទាប់​ពី​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង​។

ប្រធាន​អតីត​បក្ស​ប្រឆាំង​រូប​នេះ ក៏​បាន​ឆ្លៀត អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត ដល់​អ្នក​នយោបាយ​ខ្មែរ​គ្រប់​និន្នាការ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ រួម​គ្នា​ប្រកាន់​យក​គោលការណ៍​អហិង្សា និង​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​ផ្សះផ្សា​ជាតិ​ លើក​ស្ទួយ​ប្រជាធិប​តេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ផ្ទុយ​ពី​ការ​លើក​ឡើង​ខាង​លើ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃទី១ ខែ​មករា ឆ្នាំ​២០១៨​នេះ​វិញ បាន​សរសេរ​សារ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ តាម​រយៈ​បណ្តាញ​សង្គម​របស់​លោក​ថា “សន្តិភាព”បាន​ផ្តល់​ឱកាស​កាន់​តែ​ច្រើន​ឡើង​ដល់​ពលរដ្ឋ​ក្នុង​ការ​ចូល​រួម​ប្រារព្ឋ​ពិធីបុណ្យ​ជាតិ និង​អន្តរជាតិ​នានា ទោះ​បី​នៅ​ពេល​យប់ ឬ​ពេល​ថ្ងៃ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ឡើយ​។ លោក​បញ្ជាក់​ថា នឹង​រួម​គ្នា​បន្ត​ការពារ​សន្តិភាព និងថែ​រក្សាស្ថេរភាព​នយោបាយ​សង្គម​អោយ​បាន​ល្អ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​អោយ​កាន់​តែ​រីក​ចម្រើន។

ក្រៅ​ពី​សារ​នយោបាយ​ក្នុង​ឱកាស​ឆ្នាំ​សកល​ថ្មី ២០១៨​នេះ ទាំង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទាំង​លោក សម រង្ស៊ី និង​ទាំង​លោក កឹម សុខា បាន​ជូន​ពរ​ប្រជាពល​រដ្ឋ​ឲ្យ​មាន​សេច​ក្តី​សុខ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ សុខ​ភាព​ល្អ និង​មាន​លាភ​សំណាង​ល្អ​គ្រប់ៗ​គ្នា និង​ទទួល​បាន​ជោគជ័យ ក្នុង​កិច្ចការ និង​មុខ​របរ​ទាំង​អស់៕

No comments: