Wednesday 24 January 2018

មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​រក្សា​ជំហរ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ទោះ​បី​មាន​ការ​គំរាម


ដោយ សេក បណ្ឌិត
2018-01-23

​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​កម្មវិធី​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៣ មករា ឆ្នាំ​២០១៨ នា​រដ្ឋធានី​វ៉ាស៊ីនតុន។
​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​កម្មវិធី​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៣ មករា ឆ្នាំ​២០១៨ នា​រដ្ឋធានី​វ៉ាស៊ីនតុន។
RFA



មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ជា​ផ្លូវ​ការ​នៅ​ចុង​ខែ​មករា ខាង​មុខ​នេះ បើ​ទោះ​បី​ជា​មាន​ការ​គំរាម​កម្ទេច​ចោល​ពី​មេទ័ព​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន យ៉ាង​ណា​ក្តី។



​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ចលនា​សង្គ្រោះ​ជាតិ បង្កើត​ឡើង​ដើម្បី​បំផុស​សកម្មភាព​ថ្មី បេសកកម្ម​ថ្មី របស់​គណបក្ស​ប្រឆាំង សំដៅ​រំដោះ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បាន​ចូល​រួម​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​២៣ មករា លោក​ពន្យល់​ថា បើ​គណបក្ស​ប្រឆាំង​មិន​ធ្វើ​អ្វី​ថ្មី ឬ​រក​យុទ្ធសាស្ត្រ​ថ្មី​នោះ​ទេ នោះ​អ្នក​ប្រជាធិបតេយ្យ​នឹង​មិន​មាន​កម្លាំង​ត​ទល់​ជាមួយ​របប​ផ្ដាច់ការ រំលោភ​សិទ្ធិ​មនុស្ស​របស់​លោក ហ៊ុន សែន បាន​ទេ៖ «អ៊ីចឹង តើ​យើង​អាច​ឱប​ដៃ​ដេក​ចាំ​ឥសី​មក​ប្រោស​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​រស់​ឡើង​វិញ​នោះ ឬ​ក៏​យ៉ាង​ណា...? បើ​យើង​នៅ​ស្ងៀម​តើ​លោក ហ៊ុន សែន ព្រម​ប្រគល់​សេរីភាព​ឲ្យ​យើង​ទេ…? ក្រោយ​លោក កឹម សុខា ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ  គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន រំលាយ​ចោល កម្លាំង​យើង​រប៉ាត់រប៉ាយ ដូច្នេះ​យើង​ត្រូវ​រក​វិធី​ប្រមូល​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ឡើង​វិញ»។

​ចលនា​សង្គ្រោះ​ជាតិ គឺ​ជា​ចលនា​ថ្មី​មួយ​ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី  និង​អនុ​ប្រធាន​បក្ស រួម​ទាំង​សមាជិក​មួយ​ចំនួន​ទៀត កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​ចលនា​ថ្មី​នេះ នឹង​ប្រកាស​បង្កើត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា នៅ​ទីក្រុង​ឡុងប៊ិច។ លោក សម រង្ស៊ី ក៏​បាន​ព្យាយាម​ពន្យល់​ទៅ​កាន់​សមាជិក​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស និង​ក្នុង​ប្រទេស​ឲ្យ​យល់​ពី​វត្ថុបំណង​នៃ​ចលនា​ថ្មី​នេះ គឺ​ដើម្បី​ជ្រោមជ្រែង​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ ទាមទារ​ឱ្យ​ដោះលែង លោក កឹម សុខា និង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០១៨។

​លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​សមាជិក និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ចូលរួម​ជា​សម្ងាត់ និង​អហិង្សា​ជាមួយ​ចលនា​ថ្មី​មួយ​នេះ ហើយ​លោក​បាន​បញ្ជាក់​ពី​គោល​បំណង​របស់​ចលនា​ថ្មី​នេះ មិន​ខុស​ពី​លោក អេង ឆៃអ៊ាង ពន្យល់​នៅ​ពេល​នេះ​ឡើយ។

អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង តាម​រយៈ​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​២៣ មករា លោក​បាន​ពន្យល់​ពី​វិធីសាស្ត្រ​ជា​ច្រើន​ក្នុង​ការ​ចូលរួម​ជា​សម្ងាត់ និង​ដោយ​សន្តិវិធី​ជាមួយ​ចលនា​ថ្មី​មួយ​នេះ មាន​ដូចជា​ពហិការ​មិន​ទិញ​ទំនិញ ឬ​គាំទ្រ​មុខ​ជំនួញ​ទាំង​ឡាយ​ណា​ដែល​ជា​របស់​ក្រុមហ៊ុន​មួយ​ចំនួន​របស់​ក្រុម​គ្រួសារ​មន្ត្រី​ធំៗ​ពុករលួយ  ឬ​របស់​ក្រុម​គ្រួសារ​មេដឹកនាំ​រដ្ឋាភិបាល​ផ្ដាច់ការ លោក ហ៊ុន សែន៖ «ពួក​កាន់​អំណាច​ផ្ដាច់ការ គឺ​មាន​មុខ​ជំនួញ​រក​ស៊ី​ច្រើន​ណាស់ ដោយ​កា​កេងប្រវ័ញ្ច ជញ្ជក់​ឈាម​ប្រជាពលរដ្ឋ​ខ្មែរ អ៊ីចឹង​បើ​បង​ប្អូន​ទាំង​អស់​គ្នា​ឈប់​ទិញ​របស់​ពួក​ជន​ផ្ដាច់ការ នោះ​ហើយ​ជា​ការ​ចូលរួម​ចំណែក​ជួយ​សង្គ្រោះ​ជាតិ យើង​ពី​របប​ជន​ផ្ដាច់ការ ជួយ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា... ជា​ការ​ចូលរួម​ដោយ​អហិង្សា»។

​ប្រតិកម្ម​ភ្លាមៗ ទៅ​ការ​អំពាវនាវ​របស់​លោក អេង ឆៃអ៊ាង នោះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រិះគន់​ថា ការ​ឱ្យ​ក្រុមហ៊ុន​អន្តរជាតិ​ឈប់​ទិញ​ទំនិញ​កម្ពុជា គឺ​សកម្មភាព​ប្រឆាំង​នឹង​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់។

​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​ដែល​ជា​ឧបករណ៍​បំពង​សំឡេង​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៨ បាន​ស្រង់​សម្ដី​លោក ហោ ណាំហុង ថា ការ​អំពាវនាវ​របៀប​នេះ​គឺ​ជា​អំពើ​ក្បត់​ជាតិ​មួយ​ទៀត​របស់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង។ លោក​​ក៏​បាន​លើក​ជា​សំណួរ​ថា ក្នុង​លោក​នេះ ក្នុង​សង្គម​ប្រជាធិបតេយ្យ​ផ្សេង​ទៀត តើ​មាន​គណបក្ស​ប្រឆាំង​ណា​គេ​ធ្វើ​របៀប​នេះ...?

ចំណែក​បញ្ហា​ផ្ទៃ​ក្នុង​នៃ​គណបក្ស​ប្រឆាំង​ខ្លួន​ឯង​វិញ ក៏​កំពុង​មាន​បញ្ហា​ខ្វែង​គំនិត​គ្នា​ខ្លះ​ដែរ។ មាន​មន្ត្រី និង​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​មិន​ទាន់​គាំទ្រ​ចលនា​ថ្មី​នេះ​នៅ​ឡើយ ដោយ​លើក​ទឹក​ចិត្ត​ឲ្យ​សកម្មភាព ឬ​យុទ្ធសាស្ត្រ​អ្វី​មួយ​ត្រូវ​ជ្រក​ក្រោម​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ និង​ព្រមាន​ថា សូម​កុំ​ឲ្យ​ភ្លេច​ដើម​កំណើត​ដើម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​ខ្លះ​ព្រមាន​ថា បើ​នៅ​តែ​ចចេស​បង្កើត​ចលនា​ផ្សេង ក្រៅ​ពី​រួមគ្នា​ធ្វើ​សកម្មភាព​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ បក្ស​នេះ​នឹង​ជួប​ការ​បែក​បាក់​ធ្ងន់ធ្ងរ​តាម​ក្តី​ប្រាថ្នា​របស់​គណបក្ស​កាន់​អំណាច​ជា​មិន​ខាន។

ទន្ទឹម​គ្នា​នេះ​ដែរ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ហៅ​ចលនា​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​នោះ​ថា ជា​ចលនា​ឧទ្ទាម​ក្រៅ​ច្បាប់ និង​ត្រៀម​កម្ទេច​ចោល ទោះ​ទៅ​តម្លៃ​ណា​ក៏​ដោយ។

​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ព្រមាន​ថា យោធា​របស់​លោក​នឹង​កម្ទេច​ចលនា​សង្គ្រោះ​ជាតិ ចោល​តែម្ដង ប្រសិន​បើ​ចលនា​នោះ​មាន​វត្តមាន​នៅ​កម្ពុជា។

​ការ​អះអាង​របស់​លោក ទៀ បាញ់ ធ្វើ​ឡើង​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​នៅ​ក្នុង​សន្និបាត​ការងារ​ប្រចាំ​ឆ្នាំ​របស់​កងរាជអាវុធហត្ថ ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​បន្ត​ទៅ​មុខ​ទៀត កាល​ពី​ថ្ងៃ​អង្គារ ទី​២៣ ខែ​មករា។ លោក​បន្ត​ទៀត​ថា ប្រសិន​ទង្វើ​របស់​ចលនា​សង្គ្រោះ​ជាតិ ជា​អំពើ​ខុស​ច្បាប់ ទោះ​ត្រូវ​ការ​ប្រើ​កម្លាំង​ប៉ុន្មាន ឬ​មធ្យោបាយ​ណា​ក៏ដោយ មិន​ថា​ប្រើ​យន្តហោះ ឬ​ប្រើ​កាំភ្លើង​ធំ​ទេ គឺ​ត្រូវ​ប្រើ​ទាំង​អស់។ ចំណែក​លោក សៅ សុខា ដែល​ជា​អគ្គ​មេបញ្ជាការ​រង​យោធា និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បញ្ជាក់​ថា កងរាជអាវុធហត្ថ​បាន​ត្រៀម​លក្ខណៈ​ជានិច្ច​ដើម្បី​បង្ក្រាប​រាល់​បទល្មើស​ទាំង​អស់​ដែល​ខុស​ច្បាប់​ដើម្បី​រក្សា​សន្តិភាព និង​សន្តិសុខ​សណ្ដាប់ធ្នាប់។

​ចំណែក​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​មករា ក៏​បាន​ព្រមាន​ធ្ងន់ៗ​ដែរ​ថា ជន​ទាំង​ឡាយ​ណា​ដែល​ចូលរួម ឬ​មាន​ការ​ពាក់ព័ន្ធ​នឹង​ចលនា​សង្គ្រោះ​ជាតិ នឹង​មិន​អាច​រួច​ខ្លួន​ឡើយ។

​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា បាន​ដក​ស្រង់​សម្ដី​លោក  ខៀវ សុភ័គ ចុះ​ផ្សាយ​ថា សមត្ថកិច្ច​កំពុង​ប្រមូល​ភស្តុតាង និង​ឯកសារ​ពាក់ព័ន្ធ​ចំពោះ​អ្នក​ចូលរួម​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ​ថ្មី​នេះ​ដើម្បី​ចាត់​វិធានការ។

​លោក អេង ឆៃអ៊ាង ថ្លែង​ថា ការ​គំរាមកំហែង​បែប​នេះ គឺ​ជា​វប្បធម៌​របស់​បក្ស​កាន់​អំណាច ប៉ុន្តែ​មិន​អាច​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​រុញរា​ក្នុង​ការ​ទាមទារ​សេរីភាព និង​យុត្តិធម៌​សង្គម​នោះ​បាន​ឡើយ។

​លោក​បញ្ជាក់​ថា ចលនា​សង្គ្រោះ​ជាតិ ដែល​នឹង​កើត​ឡើង​ជា​ផ្លូវ​ការ​នៅ​ពេល​ខាង​មុខ​នេះ ហើយ​នៅ​តែ​តម្កល់​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ ប្រជាពលរដ្ឋ ហើយ​លោក កឹម សុខា នៅ​តែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ លោក អេង ឆៃអ៊ាង អះអាង​ជា​ថ្មី​ថា លោក កឹម សុខា និង​លោក សម រង្ស៊ី នៅ​តែ​និមិត្តរូប​នៃ​ការ​រួបរួម​កម្លាំង​ប្រជាធិបតេយ្យ​ដ៏​ធំ​មួយ​ដើម្បី​សង្គ្រោះ​ជាតិ ទាមទារ​យក​ប្រជាធិបតេយ្យ​ពី​របប​ផ្ដាច់ការ​ឲ្យ​បាន៕

No comments: