Sunday, 14 January 2018
ខ្មែរអូស្ត្រាលីនឹងធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត នៅទីក្រុងម៉ែលប៊ន
ដោយ ទីន ហ្សាការីយ៉ា
2018-01-14
ព្រះសង្ឃនិងពលរដ្ឋខ្មែររស់នៅអូស្ត្រាលីតវ៉ាប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត នាទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។
RFA/Chun Chanboth
ពលរដ្ឋខ្មែរអូស្ត្រាលី គ្រោងនឹងធ្វើបាតុកម្មប្រឆាំងវត្តមាន លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន និងមន្ត្រីបក្សប្រជាជនផ្សេងទៀត ដែលគ្រោងនឹងធ្វើពិធីជួបជុំគ្នានៅមុខភោជនីយដ្ឋាន Maxim Springvale នៅទីក្រុងម៉ែលប៊ន (Melbourne) វេលាម៉ោង ៥.៣០ ល្ងាច ថ្ងៃអាទិត្យទី១៤ ខែមករា នេះ។
អ្នកដឹកនាំធ្វើបាតុកម្ម និងតំណាងរាស្ត្រអូស្ត្រាលី លោក ហុង លីម ឲ្យដឹងកាលពីថ្ងៃទី១៣ មករា ថា មូលហេតុសំខាន់ដែលពលរដ្ឋខ្មែរនៅអូស្ត្រាលី ធ្វើបាតុកម្មប្រឆាំងកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺដោយសារតែលោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការ បានធ្វើទុក្ខបុកម្នេញបក្សប្រឆាំង បិទសិទ្ធិសេរីភាពប្រជាពលរដ្ឋសព្វបែបយ៉ាង។ ពិសេសទៅទៀតនោះ លោក ហ៊ុន សែន ថែម ទាំង ជំរុញឲ្យសភាកម្ពុជា ដែលលោក ហុង លីម ហៅថា រដ្ឋសភាទីងមោងរបស់គណបក្សកាន់អំណាច ធ្វើច្បាប់ និងវិសោធនកម្មរដ្ឋធម្មនុញ្ញជាបន្តបន្ទាប់ ដើម្បីចាត់ការបក្សប្រឆាំង និងរំលាយគណបក្សសង្គ្រោះជាតិ ក្នុងហេតុផលអនុវត្តច្បាប់ ដែលលោក ហុង លីម ហៅ ថា ជាច្បាប់ព្រៃ៖ «ពួកយើងបានតាំងចិត្តជាយូរមកហើយ ដោយសារតែសកម្មភាពផ្ដាច់ការរបស់លោក ហ៊ុន សែន ធ្វើបាបបក្សប្រឆាំង ចាប់លោក កឹម សុខា ដាក់គុកយ៉ាងព្រៃផ្សៃ និងធ្វើឲ្យហិនហោចធនធានធម្មជាតិ គ្រប់យ៉ាងទាំងអស់»។
លោក ហុង លីម បន្ថែមថា រដ្ឋបាលគ្រប់គ្រងរបស់លោក ហ៊ុន សែន បានក្លាយទៅជារដ្ឋាភិបាលខុសច្បាប់ ហើយតែងតែបង្ក្រាបក្រុមសង្គមស៊ីវិល អ្នកសារព័ត៌មាន ប្រជាពលរដ្ឋដីធ្លី មិនឲ្យជួបជុំគ្នាតវ៉ា ហើយចោទពីរឿងបដិវត្តន៍ពណ៌ ដើម្បីធ្វើជាលេសដើម្បីទប់ស្កាត់និងបង្ក្រាប។
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម កន្លងមកធ្លាប់ប្រកាសប្ដេជ្ញាថា កងទ័ពនឹងការពារមិនឲ្យមានបដិវត្តន៍ពណ៌កើតឡើងនៅកម្ពុជាជាដាច់ខាត។ លោក ហ៊ុន ម៉ាណែត និយាយថា បដិវត្តពណ៌នឹងធ្វើឲ្យបែកបាក់ជាតិ បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍ ដូច្នេះកងទ័ពមិនឲ្យកើតមានបដិវត្តពណ៌នៅលើទឹកដីកម្ពុជាទេ។
មូលហេតុនៃដំណើរ លោក ហ៊ុន ម៉ាណែត កូនប្រុសអតីតមេទាហានខ្មែរក្រហមទៅអូស្ត្រាលីលើកនេះ នៅមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ។ នៅថ្ងៃអាទិត្យទី១៤ មករានេះ ជាខួបលើកទី៣៣ឆ្នាំ នៃការឡើងកាន់អំណាចរបស់ឪពុកលោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន សែនត្រូវបានរដ្ឋសភាក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាជ្រើសរើសជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ១៤ មករា ឆ្នាំ ១៩៨៥។ លោកបានដឹកនាំកម្ពុជាតាំងពីរបបកុម្មុយនិស្តឯកបក្ស រហូតប្រទេសមានលទ្ធិប្រជាធិបតេយ្យពហុបក្ស រហូតក្លាយជារបបផ្ដាច់ការឯកបក្ស៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment