Tuesday, 16 January 2018
តុលាការកំពូលបង្គាប់ឲ្យលោក សម រង្ស៊ី សងជំងឺចិត្តលោក ហេង សំរិន ៦ម៉ឺនដុល្លារ
ដោយ អាស៊ីសេរី
2018-01-16
ប្រធានរដ្ឋសភា លោក ហេង សំរិន (ឆ្វេង) និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ RFA
Photo: RFA
តុលាការកំពូលទើបចេញសាលដីកាសម្រេចឲ្យលោក សម រង្ស៊ី សងជំងឺចិត្តលោក ហេង សំរិន ប្រធានរដ្ឋសភា ចំនួន ៦ម៉ឺនដុល្លារពីបទបរិហារកេរ្តិ៍។
តុលាការកំពូល ចេញសាលដីកាសម្រេចពិន័យចំនួន ១០.០០០.០០០រៀល (ដប់លានរៀល) ចូលថវិការដ្ឋ និងប្រាក់សងជំងឺចិត្តដល់លោក ហេង សំរិន ដែលជាដើមបណ្ដឹងចំនួន ២៥០.000.000រៀល (២៥០លានរៀល) ស្មើប្រមាណ ៦ម៉ឺនដុល្លារ ពាក់ព័ន្ធករណីបទបរិហារកេរ្តិ៍លោក ហេង សំរិន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីចុងឆ្នាំ២០១៥ ដោយចោទលោក ហេង សំ រិន ថាជាអ្នកកាត់ទោសសម្ដេច សីហនុ ជាជនក្បត់ជាតិ។
តុលាការកំពូលបានសម្រេចឲ្យលោក សម រង្ស៊ី ចាញ់ក្ដីនេះតាំងពីចុងឆ្នាំ២០១៧ ប៉ុន្តែមិនទាន់បានចេញសាលដីកា ហើយទើបត្រូវបានសារព័ត៌មានរបស់លោក ហ៊ុន សែន យកមកផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមករា នេះ។
មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី លោកមេធាវី សំ សុគង់ ឲ្យអាស៊ីសេរី ដឹងថា លោកមិនទាន់ទទួលបានសាលដីកាពីតុលាការកំពូលទាក់ទងសំណុំរឿងនេះដែរ។ លោកយល់ថា ការដែលតុលាការកំពូលទើបចេញសាលដីកានៅពេលនេះ គឺជាការយឺតយ៉ាវនៃកិច្ចការរដ្ឋបាលរបស់តុលាការកំពូល។
ក្រៅពីបណ្ដឹងនេះ លោក សម រង្ស៊ី បានហ៊ុមព័ទ្ធដោយបណ្ដឹងជាច្រើនផ្សេងទៀតនៅតុលាការ។
លោក សម រង្ស៊ី រងការប្ដឹងយ៉ាងហោចណាស់ចំនួន ៨បណ្ដឹង គឺបណ្ដឹងបទបរិហារកេរ្តិ៍ លោក ហោ ណាំហុង សំណុំរឿងទាក់ទងបណ្ដឹងបរិហារកេរ្តិ៍ពាក់ព័ន្ធការចោទប្រកាន់ថា លោក ហ៊ុន សែន បានទិញចំនួនឡៃ (Like) ហ្វេសប៊ុកពីបរទេស បណ្ដឹងពីបទបរិហារកេរ្តិ៍ដែលថា រដ្ឋាភិបាលជាអ្នកនៅពីក្រោយខ្នងនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី បណ្ដឹងពាក់ព័ន្ធលោក ហុង សុខហួរ រឿងបង្ហោះផែនទីក្លែងក្លាយ និងបណ្ដឹងចំនួន ២ករណីទៀត ប្ដឹងដោយមនុស្ស ២នាក់ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាង ធី សុវណ្ណថា ដែលប្ដឹងពីបទបរិហារកេរ្តិ៍ដែលថា លោក ហ៊ុន សែន សូកប៉ាន់នាង ធី សុវណ្ណថា ចំនួនទឹកប្រាក់ ១លានដុល្លារ ជាថ្នូរនឹងការវាយប្រហារបក្សប្រឆាំង។ ចំណែកចុងក្រោយ គឺជាបណ្ដឹងរបស់មេទ័ពពីបទថា លោក សម រង្ស៊ី ញុះញង់កងទ័ពមិនឲ្យស្ដាប់បញ្ជាមេកើយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment