Friday 26 January 2018

អាជ្ញាធរ​គំរាម​ពលរដ្ឋ​រឿង​ឈឺឆ្អាល​ការពារ​ព្រៃឈើ​និង​ចោទ​ថា​ជា​ក្រុម​បក្ស​ប្រឆាំង​និង​បដិវត្តន៍​ពណ៌


ដោយ វ៉ែន សុមេធ
2018-01-25 

សហគមន៍​ការពារ​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ខេត្ត​ព្រះវិហារ ចុះ​ល្បាត​ព្រៃ​ឡង់​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr
សហគមន៍​ការពារ​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ខេត្ត​ព្រះវិហារ ចុះ​ល្បាត​ព្រៃ​ឡង់​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr
 RFA/Men Sothyr



ជនជាតិ​ដើម​ភាគតិច​រស់នៅ​ខែត្រ​ភាគ​ឦសាន ភ័យ​ព្រួយ​រឿង​សុវត្ថិភាព នៅ​គ្រា​ដែល​ពួកគាត់​បាន​លាតត្រដាង​ពី​បទ​ល្មើស​ព្រៃឈើ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ប្ដឹង​អាជ្ញាធរ​រដ្ឋាភិបាល​មួយ​ចំនួន ទៅ​តុលាការ ក្នុង​បំណង​សង្គ្រោះ​ធនធានធម្មជាតិ ក៏ប៉ុន្តែ​បែរជា​អាជ្ញាធរ​មូលដ្ឋាន គំរាម​ពួកគេ​ចាប់​ដាក់គុក និង​ដាក់​កម្លាំង​សមត្ថកិច្ច​ឃ្លាំមើល។ លើស​ពី​នេះ អាជ្ញាធរ​រដ្ឋាភិបាល​ហាក់​រើសអើង​ពលរដ្ឋ ឈឺឆ្អាល​ពី​បទ​ល្មើស​ព្រៃឈើ និង​ចាត់​ទុក​ពលរដ្ឋ​ទាំងនោះ ជា​ក្រុម​បក្ស​ប្រឆាំង និង​បដិវត្តន៍​ពណ៌។



ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ខែត្រ​ស្ទឹងត្រែង ក្រចេះ និង​ខែត្រ​រតនគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ មករា​ថា ពួកគាត់​នៅតែ​ស្ម័គ្រចិត្ត​បំពេញ​កាតព្វកិច្ច ការពារ​ធនធានធម្មជាតិ​ដោយ​រាយការណ៍​ពី​បទ​ល្មើស​ព្រៃឈើ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ប្ដឹង​មន្ត្រី​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល​ណា ដែល​អនុគ្រោះ​ឲ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​គ្រប់​រូបភាព ក្នុង​បំណង​ឲ្យ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ បើ​ទោះ​បី​មានការ​គំរាមកំហែង​ពី​អាជ្ញាធរ​រដ្ឋាភិបាល​ក្ដី។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំ​សេដា ស្រុក​លំផាត់ ខែត្រ​រតនគិរី លោក ចយ ផល្លា ឲ្យ​ដឹង​ថា អភិបាលស្រុក​លំផាត់ លោក នូ ថេរ បាន​គំរាម​លោក​ចាប់​ដាក់គុក នៅ​គ្រា​ដែល​សហគមន៍​ការពារ​ព្រៃឈើ ៤​នាក់ និង​មន្ត្រី​នៃ​សមាគម​អាដហុក (Adhoc) មួយ​រួប បាន​ឯកភាព​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​មេឃុំ អភិបាលស្រុក និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ទៅ​តុលាការ​កាលពី​ចុង​ឆ្នាំ២០១៧។ លោក​ចាត់​ទុក ការ​គំរាម​នេះ ជា​ការ​បំបាក់​ស្មារតី​ពលរដ្ឋ​មិន​ឲ្យ​ឈឺឆ្អាល​អំពី​បទល្មើស​ព្រៃឈើ៖ «ប្រជាពលរដ្ឋ​បាន​ផ្ដិត​មេដៃ​គាំទ្រ​ការពារ​ព្រៃឈើ តែ​គាត់​មក​គំរាម​ខ្ញុំ ឲ្យ​ពួក​ខ្ញុំ​ធ្វើ​កម្លាំង​គាត់​តាមដាន ចាត់​វិធានការ​ចាប់​ខ្ញុំ​ដាក់គុក​តែម្ដង»។

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក ថាន់ វ៉ន ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៣ មករា​ថា អាជ្ញាធរ​រដ្ឋាភិបាល​បាន​ដាក់​កម្លាំង​ប្រដាប់​អាវុធ​តាមដាន​លោក នៅ​គ្រា​ដែល​លោក​បាន​រាយការណ៍​ពី​ភាព​អសកម្ម​របស់​អាជ្ញាធរ​រដ្ឋ​រឿង​មិន​អើ​ពើង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ។ លោក​ថា សហគមន៍​មូលដ្ឋាន​ក៏​ធ្លាប់​ដាក់ពាក្យ​ប្ដឹង​មេភូមិ និង​មេឃុំ​ទៅ​តុលាការ​ពី​បទ​ឃុបឃិត​គ្នា​កាប់​រាន​ដី​ព្រៃ​សហគមន៍ បម្លែង​ជា​សម្បត្តិ​ឯកជន ជាង​៤​ឆ្នាំ​មក​ហើយ មក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​លទ្ធផល​នៅឡើយ។ លោក​មើល​ឃើញ​ថា អាជ្ញាធរ​រដ្ឋាភិបាល​មិន​រក​មធ្យោបាយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ តាម​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​ពលរដ្ឋ​កក់ក្ដៅ​ឡើយ បែរជា​មក​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ដែល​ឈឺឆ្អាល​បទល្មើស​ព្រៃឈើ និង​ចោទ​ពលរដ្ឋ​ថា ជា​ក្រុម​បក្ស​ប្រឆាំង​ទៅវិញ៖ «អត់​ទទួល​ទោស​ខ្លួនឯង បែរ​ជា​មក​គំរាម​ស៊ើបអង្កេត​ពលរដ្ឋ​ទៅវិញ នេះ​ជា​សត្វ​មនុស្ស។ ដូច​មាន់​នោះ បែរជា​ទៅកាត់​ទោស​មាន់​វិញ ទៅ​អារ​ក​យក​ឈាម ទៅ​សាច់​ទៅ​ស៊ី។ ខ្ញុំ​មើល​ទៅ​សម័យ​នេះ​ពិបាក​តិច។ អ៊ីចឹង​បាន​ខ្ញុំ​ថា ពាក្យ​ដែរ​គេ​ចាំ​មើល​អ្នកការពារ​ព្រៃឈើ បាន​តែ​ខំ​មើល សម្លាប់​មាន់​នេះ​វិញ។ គេ​ចាត់​ទុក​ពលរដ្ឋ​ប្រៀប​ដូច​មាន់ គេ​ចង់​ធ្វើ​ម៉េច​ក៏​​​​​​បាន»។

លោក ថាន់ វ៉ន បន្ថែម​ថា ពលរដ្ឋ​ស្ម័គ្រចិត្ត​ការពារ​សម្បត្តិ​ធម្មជាតិ គួរតែ​អាជ្ញាធរ​លើកទឹកចិត្ត និង ផ្តក់​កិច្ចសហការ មិន​គួរ​គំរាមកំហែង និង​ចោទ​ពលរដ្ឋ​ជា​ក្រុម​បក្ស​ប្រឆាំង​នោះ​ទេ ម្យ៉ាង​បក្ស​ប្រឆាំង​ក៏​ត្រូវ​រដ្ឋាភិបាល​រំលាយ​ចោល​រួច​ហើយ​ដែរ។ លោក​កត់សម្គាល់​ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ច្រើន​មើល​រំលង​រឿង​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់ និង​ការ​ដឹក​​ជញ្ជូន​ឈើ ហើយ​អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ខុសច្បាប់​ទាំងនោះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ហាក់​មិនបាន​ស៊ើបអង្កេត​ឲ្យ​មក​ទទួលខុសត្រូវ​ផ្លូវច្បាប់​ទេ បែរជា​ទម្លាក់​ការទទួលខុសត្រូវ​ដាក់​គ្នា​ទៅវិញទៅមក និង​ធ្វើទុក្ខបុកម្នេញ​អ្នក​ការពារ​បរិស្ថាន​ទៅវិញ៖ «ខ្ញុំ​អត់​ឈឺឆ្អាល​ទេ ឯង​ធ្វើ​អី​ធ្វើ​ទៅ ខ្ញុំ​អត់​ធ្វើ​ខុស​ទេ។ ចុះបើ​អ្នក​ខុស​នៅតែ​ដឹក​ឈើ​រហូត ពួក​ខ្ញុំ​ធ្វើ​ត្រូវ​បែរជា​ខុស។ ខ្ញុំ​ស្ដាយ​សាលារៀន​បញ្ជូន​ពលរដ្ឋ​ឲ្យ​ចេះ តែ​ក្រោយ​មក​ពលរដ្ឋ​ចេះ​ហើយ មើល​ការខុសត្រូវ​ជួយ​ហើយ​ប្រែជា​ខុស ស្ដាយ​លុយ​ធ្វើ​សាលារៀន​វិញ»។

កាលពី​ចុង​ឆ្នាំ​២០១៧ ពលរដ្ឋ​រស់នៅ​ឃុំ​ស្ដៅ ស្រុក​សេសាន ប្រមាណ​៤០​នាក់ ឃាត់​រថយន្ត​ប្រភេទ​បាកុង ៤​គ្រឿង ដែល​ផ្ទុក​ឈើ​មូល​ចូល​ក្នុង​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ក៏ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ដោះលែង​វិញ រួច​ចោទ​ពលរដ្ឋ​ថា ជា​ក្រុម​បក្ស​ប្រឆាំង និង​បដិវត្តន៍​ពណ៌។

ចំណែក​សហគមន៍​ការពារ​ព្រៃឡង់​ម្នាក់ រស់នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា លោក​បាន​បង្ខំចិត្ត​ភៀសខ្លួន ព្រោះ​បារម្ភ​ពី​សុវត្ថិភាព នៅ​គ្រា​ដែល​មេឃុំ​មកពី​បក្ស​កាន់​អំណាច គំរាមកំហែង​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ។ ពួកគាត់​អះអាង​ថា មេឃុំ​មកពី​បក្ស​ប្រជាជន​កម្ពុជា មិន​បាន​ឲ្យ​តម្លៃ​លើ​ពលរដ្ឋ​ឈឺឆ្អាល​រឿង​បទល្មើស​ព្រៃឈើ​នោះ​ទេ ផ្ទុយទៅវិញ​ពួកគេ​បាន​រក​វិធី​ស្ដីបន្ទោស និង​ចាប់​កំហុស​បំបាក់​ស្មារតី​អ្នកការពារ​ព្រៃឈើ​ទៅវិញ៖ «សព្វថ្ងៃ​នេះ​គេ​ស្រលាញ់​រឿង​បក្ស​ទេ គេ​មិន​ស្រឡាញ់​រឿង​ការពារ​ព្រៃឈើ​ទេ»។

កាលពី​ចុង​ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ព្រៃឈើ និង​លប់​បំបាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ ក្នុង​បំណង​រក្សា​សំឡេងឆ្នោត​របស់​បក្ស​កាន់​អំណាច បន្ទាប់ពី​រដ្ឋាភិបាល​រំលាយ​បក្ស​សង្គ្រោះជាតិ​ដោយ​ជោគជ័យ។ ទោះ​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​វាយតម្លៃ​ថា បញ្ជា​របស់​លោក ហ៊ុន សែន មិន​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ស្រោចស្រង់​ព្រៃឈើ​នោះ​ទេ។

មេឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក លូន ណាន អះអាង​ថា អាជ្ញាធរ​មិន​ដែល​រារាំង និង​ហាមឃាត់​ពលរដ្ឋ​ណា​ដែល​ឈឺឆ្អាល​រឿង​បទល្មើស​ព្រៃឈើ​នោះ​ទេ តែ​ពលរដ្ឋ​ទៅវិញ​ទេ ដែល​នាំគ្នា​លួច​កាប់​ឈើ​រាន​យក​ដី និង​លក់​ដើមឈើ​ផលិត​ជ័រទឹក​ឲ្យ​ឈ្មួញ ដើម្បី​យក​ប្រាក់​បង្វិល​សង់​ធនាគារ។ លោក​បន្ថែម​ថា អាជ្ញាធរ​ឃុំ​នឹង​ផ្ដល់​ការ​គាំទ្រ​ជូន​ពលរដ្ឋ ក្នុង​ការ​ផ្ដល់​ព័ត៌មាន​នានា​ពី​ស្ថានភាព​បទល្មើស​ព្រៃឈើ​គ្រប់​រូបភាព៖ «គាត់​ជំពាក់​លុយកាក់ គាត់​លក់​ដើម​ច្បោះ ហើយ​បន្ទោស​អាជ្ញាធរ​ថា អត់​មើល តែ​គាត់​លក់​អត់​មាន​គិត​ផ្លូវច្បាប់​ផង»។

សង្គម​ស៊ីវិល​លើក​ឡើង​ថា ប្រសិនបើ​អាជ្ញាធរ​ឃាត់ឃាំង​ពលរដ្ឋ​មិន​ឲ្យ​ប្ដឹង​ករណី​ឈើ​ល្មើសច្បាប់ សមត្ថកិច្ច​អាច​មាន​ទោស។

មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា ពលរដ្ឋ​គ្រប់រូប​មាន​កាតព្វកិច្ច​ការពារ​ព្រៃឈើ ដោយ​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​បរិហារ​ទៅ​តុលាការ និង រាយការណ៍​ពី​បទ​ល្មើស​ព្រៃឈើ ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​អនុវត្ត​ច្បាប់ ក៏​ប៉ុន្តែ បែរ​ជា​មាន​បុគ្គល​ណា​មួយ គំរាមកំហែង​មិន​ឲ្យ​ប្ដឹង មានន័យថា​បុគ្គល​នោះ​នឹង​ត្រូវ​ជាប់ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៣​ឆ្នាំ។ លោក​បញ្ជាក់​ថា ការ​ដាក់​ពាក្យ​បណ្ដឹង​បរិហារ​រឿង​បទល្មើស​ព្រៃឈើ គឺជា​រឿង​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ រីឯ​មន្ត្រី​ពាក់ព័ន្ធ​ណា ផ្ដល់​ការ​អនុគ្រោះ​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ ឋិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៖ «តាម​ផ្លូវ​ច្បាប់​ពលរដ្ឋ​មាន​កាតព្វកិច្ច មិន​ត្រឹមតែ​ដាក់​បណ្ដឹង​ទេ បើ​មិន​ដាក់​ត្រូវ​មានទោស ប្រសិនបើ​មានការ​គំរាមកំហែង អ្នក​ដែល​គំរាមកំហែង​ត្រូវ​មាន​ទោស»។

លោក ប៉ែន ប៊ុណ្ណារ៍ ចាត់​ទុក​ការ​យក​តួនាទី​ជា​អាជ្ញាធរ​រដ្ឋ គំរាម​ពលរដ្ឋ​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ គឺជា​រឿង​ខុសច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស។ លោក​ពន្យល់​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ពេញលេញ​ថែរក្សា​សម្បត្តិ​ធម្មជាតិ​អនុលោម​តាមច្បាប់ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ផ្ដល់​កិច្ចសហការ​បង្ក្រាប​បទល្មើស។ លើស​ពី​នេះ ប្រសិន​ពលរដ្ឋ​ប្រទះឃើញ​បទល្មើស​ព្រៃឈើ ផ្ដល់​ដំណឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ក៏ប៉ុន្តែ​អាជ្ញាធរ​មិន​ផ្ដល់​កិច្ចសហការ​បង្ក្រាប​ទេ​នោះ វា​ជា​កំហុស​ដ៏​ធំ​មួយ ហើយ​ពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិ​ប្ដឹង​បរិហារ​មន្ត្រី​អាជ្ញាធរ។

ច្បាប់ព្រហ្មទណ្ឌ​មាត្រា​២៣៣ ចែងថា ការ​គំរាមកំហែង និង​សម្លាប់​សម្ដែង​ចេញ​តាម​លិខិត រូបភាព ឬ​វត្ថុ​អ្វីមួយ ត្រូវ​ផ្ដន្ទាទោស​ពី ៦​ខែ​ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល​ទៅ ៤​លាន​រៀល។

រដ្ឋធម្មនុញ្ញ​មាត្រា​៣៥ ចែងថា ពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេសជាតិ។ សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕

1 comment:

Anonymous said...

Thlang Neung Samleng Ah Chos Kauot James Sok Dol Kor Heuy !!