22 មករា 2018
សាយ មុន្នី
voa

លោក ហ៊ុន វណ្ណៈ (ឆ្វេង) និងលោក ឌឹម គុនឌី (ស្តាំ) ជាសកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ ដែលបានរងការចោទប្រកាន់ពីបទ «រំលោភកម្មសិទ្ធិឯកជន» និង «ញុះញង់ឲ្យប្រព្រឹត្តបទល្មើស» តាមមាត្រា៣០២ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ (រូបថតដោយចលនាមាតាធម្មជាតិ)
លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានពាក្យបណ្ដឹងពីក្រុមហ៊ុន LYP របស់សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា គឺលោក លី យ៉ុងផាត់។
វ៉ាស៊ីនតោន —
សាលាដំបូងខេត្តកោះកុង គ្រោងនឹងបើកសវនាការលើសំណុំរឿងពាក់ព័ន្ធនឹងសកម្មជនបរិស្ថានពីររូបនៃអង្គការមាតាធម្មជាតិ នៅថ្ងៃទី២៥ ខែមករាឆ្នាំ២០១៨ នេះ វេលាម៉ោង៨ព្រឹក បន្ទាប់ពីសកម្មជនទាំងពីរនាក់ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេលជាង៤ខែមកហើយនោះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃច័ន្ទនេះ។

សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពីកាលបរិច្ឆេទសវនការរបស់សកម្មជនមាតាធម្មជាតិកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៨។ (រូបថត៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា)
សកម្មជនបរិស្ថានទាំងពីររូប គឺលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី បានរងការចោទប្រកាន់ពីបទ «រំលោភកម្មសិទ្ធិឯកជន» និង «ញុះញង់ឲ្យប្រព្រឹត្តបទល្មើស» តាមមាត្រា៣០២ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ក្រោយពីពួកគេទាំងពីរនាក់ បានថតវីដេអូកប៉ាល់ពីរគ្រឿងដែលគេសង្ស័យថា កំពុងតែដឹកជញ្ជូនខ្សាច់ស៊ីលីការសម្រាប់នាំចេញដោយខុសច្បាប់ នៅតាមបណ្ដោយឆ្នេរព្រែកខ្សាច់ ក្នុងខេត្តកោះកុងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។
អ្នកទាំងពីរ ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានពាក្យបណ្ដឹងពីក្រុមហ៊ុន LYP របស់សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា គឺលោក លី យ៉ុងផាត់។ ពាក្យបណ្ដឹងនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីអង្គការមាតុធម្មជាតិ បានចេញផ្សាយខ្សែអាត់វីដេអូមួយ ដែលបង្ហាញពីភាពខុសគ្នានៃទិន្នន័យនៃការនាំចេញខ្សាច់របស់រដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដដែល។
តួលេខនៃបរិមាណខ្សាច់នាំចេញពីកម្ពុជាដែលបង្ហាញដោយអង្គការមាតាធម្មជាតិនោះ បង្ហាញពីការបាត់បង់ប្រាក់ចំណូលរាប់រយលានដុល្លារ ដែលរដ្ឋាភិបាល អះអាងថា ជារឿងមិនពិត។
យ៉ាងណាក៏ដោយ ប្រសិនបើត្រូវបានរកឃើញថាមានទោសមែន នោះសកម្មជនបរិស្ថានទាំងពីរនាក់នេះ អាចត្រូវប្រឈមនឹងការជាប់ពន្ធនាគារ២ឆ្នាំ និងត្រូវពិន័យជាប្រាក់ក្នុងម្នាក់ ចំនួន៤លានរៀល៕
No comments:
Post a Comment